ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពី​កុមារ​កំព្រាកម្ពុជា ទៅ​ជា​កីឡាករ​លោត​​ទឹក​ជាប់​ពាន​រង្វាន់​ថ្នាក់​ជាតិ​ Jordan Pisey Windleសង្ឃឹម​លើក​ទឹក​ចិត្ត​កុមារ​កំព្រា​នៅ​កម្ពុជា


Jordan Pisey Windle ​អាយុ​១៧ឆ្នាំ គឺជា​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិកាំង ដែល​ជា​កីឡា​ករ​លោត​ទឹក​ថ្នាក់​ជាតិ​វ័យ​ក្មេង​ដ៏​ឆ្នើម​ម្នាក់​របស់​សហរដ្ឋ​អាមេរិក។ (រូបថត​ដោយ Michael Thomas)

កាលពី​អាយុ​១២ឆ្នាំ កីឡាករ​រូប​នេះ បាន​ប្រកួត​ឈ្នះ​ពានរង្វាន់​ថ្នាក់ជាតិ​សម្រាប់​វិញ្ញាសារ​កីឡា​លោត​ទឹក​​កម្ពស់​​១០ម៉ែត្រ។ ក្នុង​ឆ្នាំ​បន្តបន្ទាប់​មក​ទៀត គាត់​ក៏​បាន​ឈ្នះ​មេដាយមាស​សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​នៅ​រដ្ឋ​ Arizona និង​មេដាយ​ប្រាក់ និង​ស្ពាន់​សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​ពីរ​ផ្សេង​ទៀត។

ក្មេង​កំព្រា​របស់​កម្ពុជា​ម្នាក់ គឺជា​កីឡាករ​លោតទឹក​ថ្នាក់​ជាតិ​ដ៏ឆ្នើម​របស់​សហរដ្ឋ​អាមេរិក​នា​ពេល​បច្ចុប្បន្ន​នេះ។ ក្នុង​សប្តាហ៍​ក្រោយ​នេះ Jordan Pisey Windle និង​ក្រុម​គ្រួសារ​របស់​គេ នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង ដើម្បី​ផ្តល់​កី្តសង្ឃឹម​ដល់​កុមារ​កំព្រា​ឯទៀត។

Jordan Pisey Windle អាយុ១៧ឆ្នាំ បាន​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ថ្នាក់​ជាតិ​ប្រាំបីលើក សម្រាប់​ក្រុម​កីឡាករលោត​ទឹក​វ័យ​ជំទង់​នៅ​សហរដ្ឋ​អាមេរិក។ បច្ចុប្បន្ន​នេះ Jordan គឺជា​កីឡាករ​ជាប់​លំដាប់​ថ្នាក់​ជាតិ​លេខ​៥ ​ហើយ​កំពុង​ព្យាយាម​ហ្វឹកហាត់ និង​ចូលរួម​ប្រកួត​ជម្រើស​ថ្នាក់​ជាតិ​ជា​បន្តបន្ទាប់ ដើម្បី​បាន​ទៅ​ប្រកួត​នៅ​ក្នុង​កម្មវិធី​កីឡា​អូឡាំពិក​លំដាប់​ពិភពលោក​នៅ​ទីក្រុង Rio នៃ​ប្រទេស​ប្រេស៊ីល នៅខែ​សីហា​ខាង​មុខ​នេះ និង​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន នៅ​ឆ្នាំ២០២០។

Jordan Pisey Windle ​អាយុ​១៧ឆ្នាំ គឺជា​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិកាំង ដែល​ជា​កីឡា​ករ​ជ្រមុជ​ទឹក​ថ្នាក់​ជាតិ​វ័យ​ក្មេង​ដ៏​ឆ្នើម​ម្នាក់​របស់​សហរដ្ឋ​អាមេរិក។ Jordan Pisey Windle គឺជា​ក្មេងកំព្រា​ម្នាក់ ដែល​ត្រូវបាន​យក​ធ្វើ​ជា​កូន​ចិញ្ចឹម​ដោយ​ជនជាតិ​អាមេរិកាំង​ម្នាក់​គឺលោក Jerry Windle។ (រូបថត​ផ្តល់​ឲ្យ)
Jordan Pisey Windle ​អាយុ​១៧ឆ្នាំ គឺជា​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិកាំង ដែល​ជា​កីឡា​ករ​ជ្រមុជ​ទឹក​ថ្នាក់​ជាតិ​វ័យ​ក្មេង​ដ៏​ឆ្នើម​ម្នាក់​របស់​សហរដ្ឋ​អាមេរិក។ Jordan Pisey Windle គឺជា​ក្មេងកំព្រា​ម្នាក់ ដែល​ត្រូវបាន​យក​ធ្វើ​ជា​កូន​ចិញ្ចឹម​ដោយ​ជនជាតិ​អាមេរិកាំង​ម្នាក់​គឺលោក Jerry Windle។ (រូបថត​ផ្តល់​ឲ្យ)

កាលពី​អាយុ​១២ឆ្នាំ កីឡាករ​រូប​នេះ បាន​ប្រកួត​ឈ្នះ​ពានរង្វាន់​ថ្នាក់ជាតិ​សម្រាប់​វិញ្ញាសារ​កីឡា​លោត​ទឹកកម្ពស់១០ម៉ែត្រ។ ក្នុង​ឆ្នាំ​បន្តបន្ទាប់​មក​ទៀត គាត់​ក៏​បាន​ឈ្នះ​មេដាយមាស​សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​នៅ​រដ្ឋ​ Arizona និង​មេដាយ​ប្រាក់ និង​ស្ពាន់​សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​ពីរ​ផ្សេង​ទៀត។

Jordan Pisey Windle បាន​ហែល​ឆ្លង​កាត់​ដំណើរ​ជីវិត​ដ៏​វែង​ឆ្ងាយ មុន​នឹង​ក្លាយ​ជា​កីឡាករ​លោត​ទឹក​វ័យក្មេង​ដ៏​ឆ្នើម​ម្នាក់ ដែល​ប្រកួត​បាន​ពានរង្វាន់​ថ្នាក់​ជាតិ​ជា​ច្រើន​លើក​នៅ​សហរដ្ឋ​អាមេរិក​នេះ។ Jordan គឺជា​កុមារ​កំព្រា​នៅ​ខេត្ត​ព្រៃវែង​នៃ​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​រស់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ ក្រោយ​ពេល​ដែល​ឪពុក​ម្តាយ​បង្កើត​របស់​គេ​បាន​ទទួល​មរណភាព។ Jordan ​ត្រូវបាន​ទទួល​យក​ទៅ​ចិញ្ចឹម និង​រស់នៅ​សហរដ្ឋ​អាមេរិក​ តាំងពី​មាន​អាយុ​ត្រឹមតែ​ជិត​ពីរឆ្នាំ​ប៉ុណ្ណោះ។

លោក Jerry Windle ដែល​ជា​ឪពុក​ចិញ្ចឹម​ជនជាតិ​អាមេរិកាំង​របស់ Jordan បាន​ប្រាប់ VOA ថា ជោគជ័យ​របស់​កីឡាករ​ដ៏​ឆ្នើម​រូប​នេះ គឺ​កើត​ចេញ​ពី​ទេពកោសល្យ​ពី​កំណើត​របស់​គេ ដែល​ផ្សារភ្ជាប់​យ៉ាង​ជិតស្និត​នឹង​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​កំណើត​របស់​គេ។

«‍អ្វី​ដែល​យើង​ចង់​ចែករំលែក​ជាមួយ​នឹង​មនុស្ស​គ្រប់​រូប​គឺថា ជោគជ័យ​របស់ Jordan ​គឺ​កើត​ចេញ​ពី​ស្រុក​កំណើត​របស់​គាត់​នៅ​ប្រទេស​កម្ពុជា។ ហើយ​យើង​បាន​ជួយ​ឲ្យ​គាត់​សម្រេច​ជោគជ័យ​របស់​គាត់​បាន តាមរយៈ​ការ​ផ្តល់​ឱកាស​ឲ្យ​គាត់»។

Jordan Pisey Windle ដែល​ជា​កីឡា​ករ​ជ្រមុជ​ទឹក​ថ្នាក់​ជាតិ​វ័យ​ក្មេង​ដ៏​ឆ្នើម​ម្នាក់​របស់​សហរដ្ឋ​អាមេរិក ថតរូប​ជាមួយ​ឪពុក​ទាំង​ពីរនាក់​របស់​ខ្លួន គឺលោក Jerry Windle និង​លោក Andres Rodriguez ក្រោយ​ពី​ការ​ប្រកួត។ (រូបថត​ផ្តល់​ឲ្យ)
Jordan Pisey Windle ដែល​ជា​កីឡា​ករ​ជ្រមុជ​ទឹក​ថ្នាក់​ជាតិ​វ័យ​ក្មេង​ដ៏​ឆ្នើម​ម្នាក់​របស់​សហរដ្ឋ​អាមេរិក ថតរូប​ជាមួយ​ឪពុក​ទាំង​ពីរនាក់​របស់​ខ្លួន គឺលោក Jerry Windle និង​លោក Andres Rodriguez ក្រោយ​ពី​ការ​ប្រកួត។ (រូបថត​ផ្តល់​ឲ្យ)

លោក Jerry Windle បាន​សម្រេច​ចិត្ត​ទទួល​យក Jordan Pisey Windle មក​ចិញ្ចឹម​កាលពី​ខែ​មិថុនា ឆ្នាំ២០០០ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ អំពីការ​ដាក់​ពាក្យ​សុំ​កុមារ​ពី​ប្រទេស​កម្ពុជា​មក​ចិញ្ចឹម តាមរយៈ​ទស្សនាវដ្តី​មួយ​នៅ​ការិយាល័យ​របស់​គាត់។ បច្ចុប្បន្ន​នេះ លោក Jerry និង​ដៃគូ​របស់​គាត់​ដែល​ជា​បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា គឺ​លោក Andres Rodriguez កំពុង​តែ​រៀបចំ​នាំ Jordan ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​នៅ​សប្តាហ៍​ក្រោយ​នេះ។

«‍ខ្ញុំ​ចង់​រង់ចាំ​ដល់​ពេល​ដែល Jordan ធំដឹង​ក្តី​បន្តិច មុន​នឹង​នាំ​គាត់​ទៅ​ប្រទេស​កំណើត​របស់​គាត់​វិញ ដើម្បី​ឲ្យ​គាត់​អាច​ស្វែង​យល់ ​ស្គាល់ និង​ចងចាំ​ដំណើរ​ទៅ​ប្រទេស​កំណើត​របស់​គាត់​បាន​កាន់​តែ​ច្រើន»។

នា​ពេល​នេះ Jordan Pisey Windle កំពុង​ស្ថិតនៅ​ទីក្រុង Los Angeles ជាមួយ​នឹង​ក្រុម​កីឡាករលោត​ទឹក​ថ្នាក់​ជាតិ ដើម្បី​ហ្វឹកហាត់។ កីឡាករ​វ័យ​ក្មេង​រូប​នេះ បាន​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា គេ​ពិត​ជា​ទន្ទឹង​រង់ចាំ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កំណើត​របស់​គេ​ក្នុង​ពេល​ឆាប់ៗ​នេះ។

‍‍«‍ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា មាន​មោទនភាព​ ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្ញុំ ដែល​ខ្ញុំ​មិន​ដែល​ធ្លាប់​បាន​ទៅ​ពី​មុន​ទាល់​តែ​សោះ តាំង​ពី​ខ្ញុំ​ត្រូវបាន​យក​មក​ចិញ្ចឹម។ ខ្ញុំ​គិត​ថា នេះ​គឺជា​បទ​ពិសោធន៍​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ពិត​ជា​រំភើប​ក្នុង​ចិត្ត»។​

ពេល​ទៅ​ដល់​ប្រទេស​កម្ពុជា កីឡាករ​ជា​ក្មេង​កំព្រា​រូប​នេះ​ នឹង​ជួប​ជាមួយ​នឹង​កេ្មង​កំព្រា​ដូច​ខ្លួន​ជា​ច្រើន​ទៀត ហើយ​សង្ឃឹម​ថា នឹង​ផ្សព្វផ្សាយ​សារ​នៃ​កី្ត​សង្ឃឹម​ទៅ​កាន់​ក្មេងៗ​កំព្រា​ទាំង​នោះ។

«‍សារ​របស់​ខ្ញុំ​គឺថា ខ្ញុំ​ក៏​ដូច​គ្នា​នឹង​កុមារ​ទាំង​នោះ​ដែរ គឺ​យើង​ទាំង​អស់​គ្នា​គឺជា​កុមារ​កំព្រា។ គ្រាន់តែ​ថា ខ្ញុំ​មាន​សំណាង​ត្រូវ​បាន​ទទួល​យក​ទៅ​ចិញ្ចឹម ហើយ​សព្វថ្ងៃ ជីវិត​របស់​ខ្ញុំ​មាន​ស្ថានភាព​ប្រសើរ។ ប៉ុន្តែ ខ្ញុំ​ចង់​ប្រាប់​ទៅ​ពួកគេ​ថា បើ​សិន​ជា​យើង​ត្រូវបាន​ប្រគល់​ឱកាស​មួយ ទោះបី​ជា​ឱកាស​នោះ​តូច​ក្តី យើង​អាច​ប្រែក្លាយ​ឱកាស​នោះ ដើម្បី​សម្រេច​បាន​ជោគជ័យ​ដែល​យើង​ចង់​បាន ហើយ​បង្ហាញ​ទៅ​កាន់​ពិភពលោក​ថា យើង​ក៏​អាច​មាន​ជីវិត​ដ៏​ល្អ​មួយ​ដែរ»។

Jordan Pisey Windle និង​ក្រុមគ្រួសារ​របស់​ខ្លួន ក៏​នឹង​ទទួល​បាន​កិត្តិយសចូល​គាល់​ព្រះ​មហាក្សត្រ​ខ្មែរ​គឺ​ព្រះបាទ​នរោត្តម សីហមុន្នី និង​ជួប​សំណេះ​សំណាល់​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។ កីឡាករ​លោត​ទឹក​ដ៏​ឆ្នើម​រូប​នេះ នឹង​ធ្វើ​ពិព័រណ៍លោតទឹក ដើម្បី​បង្ហាញ​ទេពកោសល្យ​របស់​ខ្លួន ដោយ​សង្ឃឹម​ថា​ នឹង​លើក​ទឹក​ចិត្ត​ដល់​យុវជន​កម្ពុជា​ផ្សេងៗ​ទៀត ឲ្យ​ស្វែងរក​ទេពកោសល្យ​របស់​ខ្លួន។

លោក Jerry Windle ដែល​ជា​ឪពុក បាន​ប្រាប់ VOA ថា​ Jordan មិន​អាច​និយាយ​ភាសា​ខ្មែរ ដែល​ជា​ភាសា​កំណើត​របស់​ខ្លួន​បាន​ទេ។ លោក Jerry បាន​បន្ថែម​ទៀត​ថា ទោះ​ជា​យ៉ាង​ណា​ក្តី កីឡាករ​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក​រូប​នេះ បាន​ស្វែងយល់ និង​ដឹង​ពី​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា តាមរយៈ​ការ​អាន​សៀវភៅ​រឿង និង​ការ​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ក្នុង​ថ្នាក់​រៀន។

«‍បើ​ទោះបី​ជា​គាត់​មាន​សញ្ជាតិ​អាមេរិកាំង​ក្តី ក៏​ការពិត​គឺថា គាត់​គឺជា​កូន​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា ហើយ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​កំណើត​របស់​គាត់។ គាត់​ពិត​ជា​ទទួល​ស្គាល់​ការ​ពិត​នេះ​មែន»។

ព្រះសង្ឃ​ម្នាក់​កំពុង​ឲ្យពរជ័យដល់ Jordan Pisey Windle មុន​ពេល​ចេញ​ដំណើរ​មក​រស់នៅ​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ឪពុក​ចិញ្ចឹម​របស់​ខ្លួន​គឺលោក Jerry Windle។ (រូបថត​ផ្តល់​ឲ្យ)
ព្រះសង្ឃ​ម្នាក់​កំពុង​ឲ្យពរជ័យដល់ Jordan Pisey Windle មុន​ពេល​ចេញ​ដំណើរ​មក​រស់នៅ​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ឪពុក​ចិញ្ចឹម​របស់​ខ្លួន​គឺលោក Jerry Windle។ (រូបថត​ផ្តល់​ឲ្យ)

សម្រាប់​កីឡាករ​រូប​នេះ ការ​ធំដឹង​ក្តី​ឡើង​ដោយ​ទទួល​បាន​ការ​ឧបត្ថម្ភ គាំទ្រ និង​ក្តី​ស្រឡាញ់​ពី​ឪពុក​ទាំង​ពីរ​ដែល​ជា​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​នេះ ពិតជា​បាន​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​យល់ដឹង និង​គាំទ្រ​តម្លៃ និង​លក្ខណៈ​ពិសេស​នៃ​វប្បធម៌ចម្រុះ។

កីឡាករ​វ័យ​ក្មេង​រូបនេះបាន​ប្រាប់ VOA ថា៖ «‍ខ្ញុំ​ពិត​ជា​ស្រឡាញ់​ឪពុក​ទាំង​ពីរ​របស់​ខ្ញុំ​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​អាច​សម្រេច​បាន​ជោគជ័យ​ទាំង​អស់​នេះ គឺ​ដោយ​សារ​តែ​ការ​លះបង់​របស់​ពួក​គាត់។ ដូច្នេះ សារ​របស់​ខ្ញុំ​គឺថា បើ​សិន​ជា​អ្នក​ចង់​បាន​គ្រួសារ​មួយ ហើយ​បើ​ទោះ​បី​ជា​អ្នក​ជា​មនុស្ស​ខុស​ប្រក្រតីក្តី ក៏​វា​មិន​ផ្លាស់ប្តូរ​អ្វីៗ​គ្រប់យ៉ាង​នោះ​ទេ ដរាប​ណា​គ្រួសារ​របស់​អ្នក​គាំទ្រ យក​ចិត្ត​ទុក​ដាក់ និង​ស្រឡាញ់​អ្នក»។

បើ​តាម​លោក Jerry Windle ដែល​ជា​ឪពុក​ចិញ្ចឹម កីឡាករ​លោត​ទឹក​ដ៏​ឆ្នើម​រូប​នេះ មាន​ទេពកោសល្យលោតទឹក​តាំង​ពី​នៅ​តូច។ ក្រោយ​ពី​បាន​រកឃើញ​ទេពកោសល្យ​របស់​ខ្លួន​មក Jordan Pisey Windle បាន​ទទួល​ការ​បង្ហាត់បង្រៀន​ជា​បន្តបន្ទាប់​ពី​គ្រូបង្វឹក​លំដាប់​ថ្នាក់​ជាតិ និង​ដ៏​មាន​ជំនាញ​ជា​ច្រើន​នាក់​របស់​អាមេរិក ដូចជា​គ្រូបង្វឹក Tim O'Brien, Evan Linette, Sean McCarthy និង Greg Louganis។ នៅ​ពេល​មាន​អាយុ១២ឆ្នាំ Jordan បាន​ក្លាយ​ជា​កីឡាករលោត​ទឹក​ដ៏​វ័យ​ក្មេង​ជាង​គេ​បង្អស់​ម្នាក់ ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ជម្រើស​ជាតិ​ដើម្បី​ទៅ​ប្រកួត​ក្នុង​កម្មវិធី​កីឡា​អូឡាំពិក បើ​ទោះ​បី​ជា​គេ​មិន​បាន​ឈ្នះ​ការ​ប្រកួត​នោះ​ក៏​ដោយ។

នាពេល​បច្ចុប្បន្ន​នេះ កីឡាករ​លោត​ទឹក​ដែល​ជាជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិកាំង​រូប​នេះ កំពុង​រៀន​ថ្នាក់​វិទ្យាល័យ​ផង និង​ហ្វឹកហាត់​ជាមួយ​នឹង​ក្រុម​កីឡាករ​ថ្នាក់ជាតិ​របស់​អាមេរិក​ជា​ប្រចាំ​ផង។ Jordan Pisey Windle នឹង​រៀន​ចប់​ថ្នាក់​វិទ្យាល័យ​នៅ​ចុង​ឆ្នាំ២០១៦​នេះ ហើយ​នឹង​ចូលរៀន​ថ្នាក់​មហាវិទ្យាល័យ​នៅ​ដើម​ឆ្នាំ២០១៧​ខាង​មុខ​នេះ៕

XS
SM
MD
LG