ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​ស ខេង​ ​ច្រានចោល​ការ​លើក​ឡើង​របស់​​លោក​ ​សម រង្ស៊ី​ រឿង​ការ​វិល​ចូល​ស្រុក​វិញ


លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ថ្លែងក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាលើកទី២ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

នៅ​សប្ដាហ៍​នេះ ​លោក​ ​សម រង្ស៊ី​ ​មេដឹកនាំ​គណបក្ស​ប្រឆាំង​មួយ​រូប​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ថា​កាលពី​ឆ្នាំ​២០១៥​ ​លោក​ ​ស ខេង​ ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ​បាន​ប្រាប់​លោក​កុំ​ឱ្យ​ចូល​មក​កម្ពុជា​ ​ដោយ​​ថា​ខ្លាច​មាន​ស្ថានភាព​​ណាមួយ​ដែល​មិន​អាច​គ្រប់គ្រង​បាន។ ប៉ុន្តែ លោក​ ​ស ខេង​ ​បាន​ហៅ​ការ​ថ្លែង​បែប​នេះ ​ថា​ជា​ការ​មួល​បង្កាច់​ប៉ុណ្ណោះ។

លោក​ ​ស ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​នៅ​សប្ដាហ៍​នេះ​ ​បាន​ប្រកាស​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​គឺ​លោក​ ​សម រង្ស៊ី​ ​ដែលអះអាង​ថា​ លោក​បាន​ព្យាយាម​ហាមឃាត់​មិន​ឲ្យ​លោក សម រង្ស៊ី វិលចូល​កម្ពុជា​វិញ​ដោយ​ខ្លាច​មាន​ស្ថានការណ៍​មិន​អាច​គ្រប់​គ្រង​បាន។​

​លោក​ ​ស ខេង​ ​ហៅការ​ថ្លែង​របស់​លោក សម រង្ស៊ី បែប​នេះ​ថា​គឺ​ជា​ការ​ «មួល​បង្កាច់»​ ​ដើម្បី​បិត​បាំង​ភាព​កំសាករបស់​ខ្លួន​ប៉ុណ្ណោះ។​

ក្នុង​សារ​មួយ​ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​ស ខេង​ ​នៅ​ល្ងាចថ្ងៃទី​២៤​ ​ខែ​មករា​ ​ឆ្នាំ​២០១៩​នេះ ​លោក​ ​ស ខេង​ ​បាន​ថ្លែង​ថា​ ​ថ្មីៗ​នេះ​លោក​ ​សម រង្ស៊ី​ ​បាន​និយាយ​ចោទ​ប្រកាន់​ ​មួល​បង្កាច់​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច ជាពិសេស​លើ​រូប​លោក​ ​អំពី​ដំណើរ​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​កម្ពុជា​ ​នា​ពេល​កន្លង​មក។​

​លោក​បន្ថែម​ថា​ ​ការ​ដែល​លោក​ ​សម រង្ស៊ី​ ​និយាយ​ថាលោក​បាន​ប្រាប់​កុំ​ឲ្យ​លោក​ សម រង្ស៊ី ចូល​មក​កម្ពុជា​កាលពី​ឆ្នាំ​២០១៥​ ​ដោយខ្លាច​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ណា​មួយ​កើត​ឡើង គឺ​ជា​ការ​មួល​បង្កាច់​រដ្ឋាភិបាល​ប៉ុណ្ណោះ។​

រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​បារាំង អង្គុយ​នៅ​រានហាល​នៃ​គេហដ្ឋាន​របស់​លោក​ក្នុង​ប្រទេស​បារាំង​នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។ (REUTERS/Philippe Wojazer)
រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​បារាំង អង្គុយ​នៅ​រានហាល​នៃ​គេហដ្ឋាន​របស់​លោក​ក្នុង​ប្រទេស​បារាំង​នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។ (REUTERS/Philippe Wojazer)

លោក​ ​ស ខេង​ ​សរសេរ​បញ្ជាក់​តាម​ន័យ​ដើម​ថា៖​

«ការ​លើកឡើង​របស់​លោក​ ​សម រង្ស៊ី​ ​ដែល​និយាយ​ថា​ខ្ញុំ​បាន​ហាមឃាត់​គាត់​មិន​ឲ្យ​វិល​ត្រឡប់​មក​ប្រទេស​វិញ នោះ​គឺជា​ពាក្យ​សម្ដី​មួល​បង្កាច់ ដើម្បី​បិទបាំង​ភាព​កំសាក រត់​គេច​ចេញ​ពី​សំណាញ់​ច្បាប់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។​ ​ក្នុង​នាម​ជា​អ្នក​ដែល​ចូលរួម​ក្នុង​ឆាក​នយោបាយ​ ​ខ្ញុំ​ដូចជា​មិន​ដល់​ថ្នាក់​ឆោត​ល្ងង់​ប្រាប់ សម រង្ស៊ី មិន​ឲ្យ​វិល​ចូល​ស្រុក​នោះ​ទេ»។​

លោក ស ខេង បន្ថែម​ក្នុង​សារ​នោះ​ថា ការដែល​លោក​ សម រង្ស៊ី និយាយ​ថា​ លោក​ ស ខេង មាន​ការ​លំបាក​ធ្វើការ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន គឺជា​ល្បិច​កល​នយោបាយ និង​ជា​ការ​ភូត​កុហក​បោកប្រាស់​របស់​លោក​ សម រង្ស៊ី ដើម្បី​ធ្វើឲ្យ​សាធារណៈ​មតិ​មាន​ការ​ភ័ន្តច្រឡំ​ប៉ុណ្ណោះ។​

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា​ ​ឆ្នាំ២០១៩ លោក​ ​សម រង្ស៊ី​ ​មេដឹកនាំ​គណបក្ស​ប្រឆាំង​មួយ​រូប​ដែល​កំពុង​ស្ថិត​នៅ​បរទេស បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ជា​ភាសា​អង់គ្លេស​ថា កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥ លោក​បាន​រៀប​គម្រោង​វិល​ត្រឡប់​មក​កម្ពុ​ជា​វិញ ប៉ុន្តែ​លោក​ថា គម្រោង​នេះ​ត្រូវ​បាន​លុប​ចោល​ បន្ទាប់​ពី​លោក​ទទួល​បានសារ​ពី​ស្ថាន​ទូត​អាមេរិក​ថា​ លោក​អាច​ប្រឈម​នឹង​ស្ថាន​ភាព​ដែល​មិន​អាច​គ្រប់​គ្រង​បាន។

លោក​ថ្លែង​ថា៖​

«ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​ បាន​ទាក់​ទង​មក​ខ្ញុំ​ ដោយ​បាន​ប្រាប់​ខ្ញុំ​ដោយ​សម្ងាត់​នូវ​សារ​មួយ​ពី​លោក​ ​ស ខេង​ ​ដែល​ទំនង​ជា​មិន​យល់​ស្រប​នឹង​ការអនុវត្ត​របស់ ​ហ៊ុន​ សែន​ ចំពោះ​រូប​ខ្ញុំ។​ ​លោក​ ​ស ខេង​ បាន​អង្វរ​ខ្ញុំ​កុំ​វិល​ត្រឡប់​មក​វិញ​នៅ​យប់​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ពី​ព្រោះ​ស្ថាន​ការណ៍​នឹង​មិន​អាច​គ្រប់​គ្រង​បាន​ ​ហើយ​គាត់​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ស្វែង​រក​ការ​សម្រុះ​សម្រួល​នៅ​ក្នុង​គណបក្ស​ប្រជា​ជន​ដើម្បី​ធានា​ថា​ ការ​វិល​ត្រឡប់​មក​វិញ​របស់​ខ្ញុំ​នឹង​ប្រព្រឹត្តទៅ​ដោយ​រលូន ​និង​មាន​សុវត្ថិ​ភាព»។

លោក​ ​Arend Zwartjes​ ​មន្ត្រី​ទំនាក់​ទំនង​កិច្ច​ការ​សាធារណៈ​នៃ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។​

យ៉ាង​ណា​ក្តី លោក សម រង្ស៊ី ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស ​បាន​ប្រាប់ VOA តាមរយៈ​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល​ក្នុង​ន័យ​ដើម​យ៉ាង​ខ្លី​ថា៖

«ខ្ញុំ​សោក​ស្ដាយ​ដែល​ធ្វើ​ឱ្យ​ ​លោក​ ​ស ខេង​ ស្ថិត​ក្នុង​ភាព​អាម៉ាស់​ ​ទាក់ទង​នឹង​រឿង​ ​លោក​ ​ហ៊ុន សែន​ ​ ​ដោយ​សារ​តែ​ការ​បង្ហាញ​ព័ត៌មាន​របស់​ខ្ញុំ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពីព្រឹក​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។​ ​ប៉ុន្តែ​វា​គ្រាន់តែ​ជា​ការណ៍​ពិត​ដែល​ខ្ញុំ​អាច​បង្ហាញ​បន្ថែម​ដោយ​ការ​រៀប​រាប់​លម្អិត​នៃ​សារ​ដែល​ខ្ញុំ​ទទួល​បាន​នៅ​ថ្ងៃ​នោះ​ពី​ភ្នំពេញ»។

រូបឯកសារ៖​ លោក​ ប៉ូ​ អេង ទីប្រឹក្សា EducationUSA ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ លោក Arend Zwartjes មន្រ្តី​ទំនាក់ទំនង​កិច្ច​ការ​សាធារណៈ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​និង​លោក Christopher Degnan មន្រ្តី​គ្រប់គ្រង​គម្រោង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ក្រសួង​ការបរទេស​អាមេរិក​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ អំឡុង​ការ​សម្ពោធ​មជ្ឈមណ្ឌល​អាមេរិកាំង​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុងរាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖​ លោក​ ប៉ូ​ អេង ទីប្រឹក្សា EducationUSA ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ លោក Arend Zwartjes មន្រ្តី​ទំនាក់ទំនង​កិច្ច​ការ​សាធារណៈ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​និង​លោក Christopher Degnan មន្រ្តី​គ្រប់គ្រង​គម្រោង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ក្រសួង​ការបរទេស​អាមេរិក​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ អំឡុង​ការ​សម្ពោធ​មជ្ឈមណ្ឌល​អាមេរិកាំង​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុងរាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)

លោក​ ​សម រង្ស៊ី​ ​បាន​សម្រេច​និរទេស​ខ្លួន​ឯង​ទៅ​រស់នៅ​ក្រៅ​ប្រទេស​ម្ដង​ទៀត​កាលពី​ឆ្នាំ​២០១៦​ ​បន្ទាប់​ពីរដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ចោទ​ប្រកាន់​លោក​ពី​បទ​ល្មើស​ផ្សេងៗ​ជា​បន្ត​បន្ទាប់។

ការ​ថ្លែង​ឆ្លើយ​តប​គ្នា​ទៅវិញ​ទៅ​មក​រវាង​លោក​ ​សម រង្ស៊ី​ ​និង​លោក​ ​ស ខេង​ ​កើត​ឡើង​ខណៈ​ដែល​លោក​ ​សម រង្ស៊ី​ ​កំពុង​ត្រៀម​គម្រោង​របស់​ខ្លួន​ដើម្បី​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះ​ ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ជាច្រើន​ដង​ថា​ ​សមត្ថកិច្ច​ទទួល​បានដីកា​ចាប់ខ្លួន​ពី​តុលាការ​ និង​ត្រៀមរួច​ជា​ស្រេច​ដើម្បី​ចាប់​ខ្លួន​លោក​ ព្រម​ទាំង​អ្នក​ដែល​អម​ដំណើរ​លោក​ផង​ដែរ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG