ពលរដ្ឋមួយចំនួនបង្ហាញការមិនទុកចិត្តលើការអនុវត្តការងាររបស់សមត្ថកិច្ចនៅក្នុងការចាប់ជនល្មើស និងស្វែងរកទ្រព្យ ពេលមានករណីចោរឆក់និងប្លន់ដែលកើតឡើងក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានោះ អ្នកតាមដានសង្គមជំរុញឲ្យអាជ្ញាធរមានយន្តការដោះស្រាយអំពើចោរកម្មបន្ថែមទៀត។
ការបង្ហាញការខកចិត្តរបស់ប្រជាពលរដ្ឋតាមបណ្តាញសង្គមហ្វេសប៊ុកបានកើតមានឡើង បន្ទាប់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហោះសារឲ្យជនរងគ្រោះដែលជាម្ចាស់ម៉ូតូក្នុងករណីចោរប្លន់មួយ ដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចធ្វើការងារជូន។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហោះសារលើទំព័រហ្វេសប៊ុក កាលពីថ្ងៃ ៩ ខែកុម្ភៈ ថា៖ «ការបង្ហោះតាមបណ្តាញសង្គមអាខោនហ្វេសប៊ុកឈ្មោះ ខាត់ សុឃីម ថាមានចោរប្លន់ម៉ូតូ១គ្រឿងរបស់អ្នកលេងភ្លេងខ្មែរ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីព្រឹកមិញ សូមឲ្យម្ចាស់ម៉ូតូសហការជាមួយសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសមត្ថកិច្ចធ្វើការងារជូន ពីព្រោះសមត្ថកិច្ចមិនទាន់ទទួលពាក្យបណ្តឹងពីជនរងគ្រោះដែលជាម្ចាស់ម៉ូតូនៅឡើយទេ»។
បន្ទាប់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហោះសារបែបនោះ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិនៅខាងក្រោមសារដែលបង្ហោះនោះ ក្នុងចំនួនប្រមាណជាជិត ៣.០០០ មតិ។ អ្នកប្រើបណ្តាញសង្គមខ្លះបានអះអាងថា ពួកគេធ្លាប់ជាជនរងគ្រោះ ហើយបានទៅដាក់ពាក្យបណ្តឹង តែនៅតែរករបស់ទ្រព្យដែលបាត់មិនឃើញ ហើយខាតពេលវេលានិងប្រាក់កាស។ អ្នកប្រើបណ្តាញសង្គមខ្លះទៀតបានបញ្ចេញមតិដូចជា៖ «ជនរងគ្រោះឆាប់មកដាក់ពាក្យបណ្តឹងទៅ ដឹងតែរកឃើញវិញហើយ»។ «ប៉ូលិសស្រុកខ្មែរពូកែៗណាស់ មិនខាតពេលវេលា មិនអស់ថ្លៃទឹកប៊ិច មិនហត់នឿយចិត្តទេ ទុកចិត្ត ១០០០%»ជាដើម។
ក្រោយមានការបង្ហោះសាររបស់អ្នកប្រើបណ្តាញសង្គមពាក់ព័ន្ធនឹងករណីឆក់និងប្លន់ជារឿយៗ អ្នកតាមដានសង្គមក៏បានកត់សម្គាល់ថា ករណីចោរកម្មនៅតែជាបញ្ហាចម្បងមួយដែលបានកើតឡើងក្នុងសង្គមកម្ពុជា ហើយជំរុញឲ្យមានយន្តការដោះស្រាយបន្ថែមទៀត។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ប្រាប់វីអូអេថា ការដោះស្រាយបញ្ហាចោរកម្មអាចមានភាពសកម្ម លុះត្រាតែសមត្ថកិច្ចចាត់ទុកអំពើចោរកម្មថាជាបទល្មើសព្រហ្មទណ្ឌដែលត្រូវតែស្រាវជ្រាវ ស៊ើបអង្កេត និងចាប់អ្នកប្រព្រឹត្តបទល្មើសយកមកផ្តន្ទាទោស។
លោកថា ករណីចោរកម្មនេះក៏បានធ្វើឲ្យភ្ញៀវទេសចរណ៍បរទេសដែលមកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជាមួយចំនួនរងគ្រោះផងដែរ។
លោក អ៊ូ វីរៈ ថ្លែងបន្ថែមថា ដើម្បីឈានទៅបង្ការនិងកាត់បន្ថយអំពើចោរកម្មក្នុងសង្គមកម្ពុជា អាជ្ញាធរត្រូវតែលុបបំបាត់ទីផ្សារចោរកម្មដោយផ្តន្ទាទោសឲ្យធ្ងន់ធ្ងរចំពោះអ្នកទទួលផលពីចោរកម្ម ហើយអាជ្ញាធរគួរផ្តល់រង្វាន់លើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលហ៊ានរាយការណ៍អំពីករណីចោរកម្មនេះ។
លោក អ៊ូ វីរៈ ថ្លែងថា៖ «កាលខ្ញុំធ្វើការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គេលួចម៉ូតូទៅអ៊ីចឹង យើងប្តឹងទៅ អត់បានការអីទេ។ យើងដាក់ទៅ យើងជូនដំណឹងទៅ អត់មានការស៊ើបអង្កេត។ ពាក្យថាប្តឹង លុះត្រាតែមានយន្តការក្នុងការស៊ើបអង្កេត ហើយក្នុងការស៊ើបអង្កេតនេះ លុះត្រាតែប៉ូលិសគាត់ចាត់ទុកថាជារឿងព្រហ្មទណ្ឌ។ ទោះបីជាជនរងគ្រោះមិនប្តឹងក៏ដោយ ក៏ត្រូវមានការប្រឹងប្រែងក្នុងការស្វែងរកយុត្តិធម៌ និងការពារដល់ប្រជាពលរដ្ឋ»។
ប្រធានវេទិកាអនាគតរូបនេះលើកឡើងទៀតថា អាជ្ញាធរគួរតែរៀបចំយន្តការប្តឹងជាប្រព័ន្ធ ហើយអាជ្ញាធរមិនអាចបន្ទោសពលរដ្ឋដែលមិនប្តឹងនោះទេ តែត្រូវតែរកមូលហេតុថា ហេតុអ្វីបានជាពលរដ្ឋសម្រេចចិត្តមិនប្តឹង នៅពេលពួកគេក្លាយជាជនរងគ្រោះដោយសារករណីចោរកម្មនេះ។
បើតាមលោក អ៊ូ វីរៈ ក្រសួងមហាផ្ទៃគឺជាស្ថាប័នវាយតម្លៃនិងឃ្លាំមើលប្រសិទ្ធភាពការងាររបស់ថ្នាក់ក្រោម។ ដូច្នេះក្រសួងត្រូវតែបែងចែង និងកំណត់តួនាទីឲ្យបានច្បាស់លាស់ ដើម្បីឲ្យថ្នាក់ក្រោមទទួលខុសត្រូវចំពោះតួនាទីភារកិច្ចទាំងនោះ។ លោកថា ក្រសួងមហាផ្ទៃក៏ត្រូវតែហ៊ានវះកាត់ចំពោះមន្ត្រីនគរបាល ឬមេប៉ុស្តិ៍ដែលបំពេញការងារមិនបានល្អ និងត្រូវគិតគូរអំពីសេដ្ឋកិច្ចរបស់មន្ត្រីនគរបាលឲ្យមានជីវភាពសមរម្យផងដែរ។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវ កត់សម្គាល់ដែរថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋរងគ្រោះខ្លះមិនចង់ពឹងសមត្ថកិច្ច ដោយសារមន្ត្រីនគរបាលមួយចំនួនមានគំនិតទាញយកប្រយោជន៍ពីជនរងគ្រោះ ក្រោមរូបភាពពុករលួយ។
លោកប្រាប់វីអូអេថា៖ «ក្នុងករណីខ្លះ ឃើញប្រជាពលរដ្ឋគាត់បានលើកឡើងដោយត្រង់ៗតែម្តង [ថា] ការទៅពឹងអាស្រ័យទៅលើសមត្ថកិច្ចហាក់បីដូចជាពិបាក ដោយសារតែពួកគាត់ពេលខ្លះទាមទារ និងធ្វើឲ្យប្រជាពលរដ្ឋមិនមានបំណង ហើយមិនចង់ដោះស្រាយបញ្ហាទៅតាមផ្លូវសមត្ថកិច្ច។ ជាពិសេសទាក់ទងជាមួយហ្នឹងអំពើពុករលួយ ហើយមន្ត្រីមិននិយាយត្រង់ ដែលធ្វើឲ្យពួកគាត់មានការលំបាក»។
បើតាមលោក សេក សុជាតិ ដើម្បីដោះស្រាយបញ្ហាចោរកម្មក្នុងសង្គម និងដើម្បីធ្វើឲ្យពលរដ្ឋមានទំនុកចិត្តនោះ សមត្ថកិច្ចត្រូវបង្ហាញអំពីតម្លាភាពនៃការអនុវត្តការងាររបស់ខ្លួន និងកំណត់ចំនួនថ្ងៃ និងមូលហេតុជាក់លាក់ថា តើអាចចាប់ជនល្មើសបាន ឬមិនបាន។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននៅឡើយទេ។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ នៅក្នុងពិធីជួបសំណេះសំណាងជាមួយអាចារ្យ អាចារិនីលើកទី ៩ កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា រដ្ឋាភិបាលអាណត្តិទី ៧ បានផ្តោតលើការងារអាទិភាពចម្បងៗ ជាពិសេសគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលរួមមានការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត គ្មានបទល្មើសលួចឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសង បទល្មើសខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋានជាដើម៕
វេទិកាបញ្ចេញមតិ