ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមត្ថកិច្ច​ចាប់បញ្ជូន​ខ្លួន​លោក​មួង ឃីម​ និង​អ្នក​ជំនួញ​ម្នាក់​ទៅ​តុលាការ​ពាក់​ព័ន្ធរឿងឆបោក


រូបឯកសារ៖ ស្រ្តី​ម្នាក់​អង្គុយ​និយាយ​ទូរស័ព្ទ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ​​២០១៦។
រូបឯកសារ៖ ស្រ្តី​ម្នាក់​អង្គុយ​និយាយ​ទូរស័ព្ទ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ​​២០១៦។

អតីត​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​លោក ​មួង ឃីម ​និង​លោក ​អ៊ុត ធី ​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​រាយ​ការណ៍​ថា​ ជា​អ្នក​ជំនួញ​ម្នាក់​ក្នុង​វិស័យ​សំណង់​ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៨​ ខែ​វិច្ឆិកា។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។​

អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ លោក​សយ ចាន់វិចិត្រ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា អង្គភាព​បាន​ ឃាត់​ខ្លួន​លោក​ មួង ឃីម​ និង​លោក ​អ៊ុត ធី​ កាល​ពី​ ២​ថ្ងៃ​មុន​ និង​ថា​ មក​ដល់​ថ្ងៃ​ចន្ទ​នេះ ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​បន្ត​នីតិវិធី។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​នឹង​ចែក​រំលែក​ព័ត៌មាន​បន្ថែម​ទៀត​ ដែល​ខ្ញុំ​អាច​ចែក​ជូន​បាន​នៅ​ពេល​ដែល​នីតិវិធី​ខាង​អយ្យការ​លោក​បាន​បញ្ចប់។​ ឥឡូវ​នេះ​អ្នក​ទាំង​ពីរ​ហ្នឹង​កំពុង​ស្ថិត​ក្នុង​នីតិវិធី​របស់​អយ្យការ។ អ៊ីចឹង​សុំ​ការ​យោគយល់​ផង​ អរគុណ»។​

នៅ​ពេល​អ្នក​យក​ព័ត៌មាន​សួរ​ថា​ តើ​ការ​ឃាត់​ខ្លួន​លោក​មួង ឃីម​ និង​លោក​ អ៊ុត ធី រួច​បញ្ជូន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​អ្វី​នោះ​ លោក​សយ ចាន់វិចិត្រ ​ថា​ លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ ដោយ​រង់​ចាំ​ឱ្យ​ចំណាត់​ការ​នីតិវិធី​អយ្យការ​បញ្ចប់​សិន។​

បើតាម​ Fresh News ​អង្គភាព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ការ​ឃាត់​ខ្លួន​ខាង​លើ​នេះ​ធ្វើ​ឡើង​ក្រោយ​មាន​ការ​បែក​ធ្លាយ​លិខិត​មួយ​ដែល​បង្ហាញ​ពី​ ការ​ជាប់​ពាក់ព័ន្ធ​នឹង​លោក​លី សាម៉េត​ ហៅ​គ្រូមា​ លោក​ ដួង តារា ​និង​លោក​ ឡាច សំរោង​ ក្នុង​អំពើ​ឆបោក។​

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​អ៊ី រិន្ទ ​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​លោក ​ប្លង់ សុផល​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។​

លោក​ លី សាម៉េត ​ដែល​ជា​អតីត​ទីប្រឹក្សា​ផ្ទាល់​របស់​អតីត​នាយក​រដ្ឋមន្ត្រី ​លោក ​ហ៊ុន សែន​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពីបទ​ឆបោក​ និង​សម្រេច​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១​ កាល​ពី​ថ្ងៃ​ទី ​៥​ ខែ​វិច្ឆិកា ​បន្ទាប់​ពី​លោក​បាន​ចេញ​វីដេអូ​សារភាព​ទទួល​កំហុស​ និង​សុំទោស​ចំពោះ​ការ​យក​ឈ្មោះ​លោក​ ហ៊ុន សែន ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​ ទៅ​ប្រើ​ប្រាស់​ដើម្បី​យក​លុយ​គេ។

ចំណែក​លោក​ដួង តារា​ ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​បញ្ចប់​មុខ​តំណែង​រដ្ឋ​លេខាធិការ​ ទីស្តីការ​គណៈរដ្ឋ​មន្រ្តី​កាល​ពី​ថ្ងៃ​ទី ​៦ ខែ​វិច្ឆិកា។​

មុន​ពេល​ចាប់​ខ្លួន​ លោក​លី សាម៉េត​ តែង​តែ​ចេញ​មុខ​ជា​មួយ​លោក​ដួង តារា ​ដែល​ជា​អតីត​ជំនួយ​ការ​ផ្ទាល់​របស់​លោក ​ហ៊ុន សែន​ ក្នុង​ភាព​ជា​តំណាង​របស់​លោក​ ហ៊ុន សែន ​នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា​លោក​ ប៉ិច ពិសី ​ យល់​ឃើញ​ថា​ ការ​ទទួល​បាន​តំណែង​ធំៗ​តាម​រយៈ​ការ​សូកប៉ាន់​អាច​មាន​ច្រើន ​ហើយ​ក៏​អាច​មាន​ការ​ជាប់​ពាក់ព័ន្ធ​គ្នា​ជា​ប្រព័ន្ធ​ដើម្បី​ទទួល​បាន​តំណែង​នីមួយៗ។​

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា​ ការ​ឃាត់​ខ្លួន​មនុស្ស​ដែល​សង្ស័យ​ថា​ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លោក​ លី សាម៉េត ​និង​លោក​ដួង តារា ​គឺ​ជា​ជំហាន​មួយ​វិជ្ជមាន​ដែល​ពលរដ្ឋ​ចង់​ឃើញ​ និង​ថា​ រដ្ឋាភិបាល​គួរ​អនុវត្ត​ច្បាប់​ឱ្យ​ស្មើ​ភាព​នឹង​ករណី​ផ្សេង​ទៀត​ ដោយ​មិន​សំដៅ​តែ​ទៅ​លើ​ករណី​លោក​លី សាម៉េត​នោះ​ឡើយ។

លោក​ប្រាប់​វីអូអេនៅ​ថ្ងៃ​ចន្ទ​ថា៖​ «រឿង​សំខាន់​ពីរ​ដែល​រដ្ឋាភិបាល​ត្រូវ​ដោះ​ជូន​ពលរដ្ឋ​ហ្នឹង​គឺ​ទីមួយ​គឺ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​និង​ការធានា​ថា​ ថវិកា​លុយ​របស់​ពលរដ្ឋ​វិនិយោគ​ហ្នឹង​ត្រូវ​បាន​សង​ទៅ​គាត់​វិញ​តាម​វិធី​ណា​មួយ​ ហើយ​វិធី​សំខាន់​គឺ​រដ្ឋាភិបាល​អាច​រៀបចំ​នូវ​យន្តការ​ធ្វើការ​ជាមួយ​និង​ក្រុម​ការងារ​ក្រុមហ៊ុន​ដែល​បោក​គេ​ហ្នឹង​ស្រាប់​ ដើម្បី​ចាប់​យក​ទ្រព្យ​ឬ​បង្កក​ទ្រព្យ​ដែល​មាន​ ហើយ​ប្រើ​វិធីសាស្រ្ត​ក្នុង​ការ​ផ្ទេរ​ទ្រព្យ​ទៅ​ដល់​អ្នក​ដែល​រងគ្រោះ»។​

លោក​បន្ថែម​ថា៖​ «ទីពីរ​គឺ​ការ​អនុវត្ត​ច្បាប់​ចំពោះ​អ្នក​ឆបោក​គឺ​យើង​មាន​ច្បាប់​គ្រប់គ្រាន់​ហើយ​បទ​ព្រហ្ម​ទណ្ឌ​ក៏​មាន​ ហើយ​បើ​គាត់​មាន​ជាប់​សង្ស័យ​ទៅ​នឹង​ការ​សូកប៉ាន់​ទៀត​គឺ​យើង​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ»។​

បើតាម​លោក ប៉ិច ពិសី ​ រដ្ឋាភិបាល​គួរ​តែ​ផ្ដល់​មុខ​តំណែង​ឱ្យ​យុវជន​ដែល​មាន​សមត្ថភាព​ បទ​ពិសោធន៍​ ចំណេះ​ជំនាញ​ ដើម្បី​ឱ្យ​ពួកគេ​ចូល​រួម​បម្រើ​ជាតិ​ រាជការ​ ហើយ​រដ្ឋាភិបាល​ក៏​ត្រូវ​កាត់​បន្ថយ​ទំនាស់​ផល​ប្រយោជន៍​នៅ​ក្នុង​ការ​អនុវត្ត​កិច្ចការ​សាធារណៈ​ ដើម្បី​លុប​បំបាត់​អំពើ​ពុករលួយ​ផង​ដែរ។

គួរ​បញ្ជាក់​ថា ​លោក​ មួង ឃីម​ ជា​អតីត​មន្រ្តី​នគរបាល​ពាក់​ផ្កាយ​ ៣ ​មាន​តួនាទី​ជា​អនុ​ប្រធាន​នាយក​ដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌។ ​ដោយ​ឡែក​លោក​ឧកញ៉ា​អ៊ុត ធី​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អ្នក​រកស៊ី​ខាង​វាយថ្ម​ និង​ធ្វើផ្លូវ។ ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា​ អ្នក​ទាំង​ពីរ​មាន​ការ​ពាក់​ព័ន្ធ​ កម្រិត​ណា​ក្នុង​សំណុំ​រឿង​លោក​លី សាម៉េត៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG