ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​​​ឱសថ​ឯកជន​​​អាច​នាំ​ចូល​វ៉ាក់​សាំងបង្ការ​ជំងឺ​កូវីដ​១៩ ដែល​ទទួល​ស្គាល់​ដោយ​ WHO


រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់រៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកាសហការជាមួយសាកលវិទ្យាល័យ Oxford នៅកន្លែងចាក់វ៉ាក់សាំងស្ថិតក្នុងទីលានពហុកីឡដ្ឋាន Wanda ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់រៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកាសហការជាមួយសាកលវិទ្យាល័យ Oxford នៅកន្លែងចាក់វ៉ាក់សាំងស្ថិតក្នុងទីលានពហុកីឡដ្ឋាន Wanda ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១។

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ឱសថ​ឯកជន​អាច​បញ្ជា​ទិញ​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO)​ មក​លក់​ក្នុង​ប្រទេស​បាន។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១។

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ​លោក ​ម៉ម ប៊ុនហេង ​បាន​ឲ្យ​ដឹងក្នុង​សេចក្តី​ជូន​ដំណឹង​ថារដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឱសថ​ឯកជន​អាច​ស្នើ​សុំ​នាំ​ចូល​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ចូល​ប្រទេស​បាន ប៉ុន្តែ​ជា​វ៉ាក់​សាំង​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ ​WHO។ វ៉ាក់​សាំង​នេះ​អាច​ចែក​ចាយ​ចាក់​តាម​ទី​កន្លែង​ផ្តល់​សេវា​សុខាភិបាល​ឯក​ជន​ស្រប​ច្បាប់​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ដោយ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ស្តង់​ដារ​បច្ចេក​ទេស​ក្នុង​ការ​ដឹក​ជញ្ជូន ការ​ថែ​រក្សា និង​ការ​ស្តុក​វ៉ាក់​សាំង​កូវីដ​១៩ នៅ​ក្នុង​ឃ្លាំង ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព និង​ប្រសិទ្ធ​ភាព​ខ្ពស់។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា​ក្រុមហ៊ុន​ដែល​មាន​បំណង​នាំ​ចូល​វ៉ាក់​សាំង​កូវីដ​១៩ ត្រូវ​រៀប​ចំ​ឯក​សារ​សុំ​នាំ​ចូល​តាម​បែប​បទ​បច្ចេក​ទេស​របស់​ក្រសួង​សុខាភិបាល។

រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រុក​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ដោយ​ប្រើ​ប្រាស់​កម្លាំង​ពេទ្យ​រដ្ឋ​តែ​ប៉ុណ្ណោះ។ រដ្ឋាភិបាល​មិន​ទាន់​អនុញ្ញាត​ឲ្យពេទ្យ​ឯកជន​ណា​មួយ​អាច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ ដល់​ពលរដ្ឋ​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ចន្ទ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ប្រមាណ​៦​លាន​៩​សែន​នាក់​ ដែល​ស្មើ​នឹង​ប្រមាណ​៦៨%​នៃ​ប្រជាជន​១០​លាន​នាក់​ដែល​ជា​គោលដៅ​នៃ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​រួច​រាល់​ត្រឹម​ខែ​តុលា​នេះ។ វ៉ាក់សាំង​ដែល​ចាក់​ដល់​ពលរដ្ឋ​យ៉ាង​ច្រើន​នេះ ភាគ​ច្រើន​ជា​វ៉ាក់សាំង​ចិន​ស៊ីណូ​ហ្វាម​ (Sinophar​m) និង​ស៊ីណូវ៉ាក់​(Sinovac) ដែល​កម្ពុជា​ទទួល​បាន តាមរយៈ​ជំនួយ​ឥត​សំណង និង​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ចិន៕

XS
SM
MD
LG