ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ លោក​ សម រង្ស៊ី​ មាន​សុទិដ្ឋិនិយម​លើ​វប្បធម៌​សន្ទនា​និង​គ.ជ.ប​ថ្មី


លោក​សម​រង្ស៊ី​ជឿជាក់​លើ​វប្បធម៌​សន្ទនា​និង​គ.ជ.ប.​ថ្មី
សូម​រង់ចាំ

No media source currently available

0:00 0:17:50 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

បទសម្ភាសន៍ VOA៖ លោក​សម​រង្ស៊ី​ជឿជាក់​លើ​វប្បធម៌​សន្ទនា​និង​គ.ជ.ប.​ថ្មី

មេដឹកនាំ​គណបក្ស​ប្រឆាំង​និយាយ​ថា​ នយោបាយ​ប្រទេស​កម្ពុជា​បាន​ដើរ​មក​ដល់​ «របត់​ថ្មី​មួយ‍»​ដែល​ទាមទារ​ឱ្យ​មាន​ការ​សន្ទនា​រវាង​គណបក្ស​របស់​លោក​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច។​

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង ​VOA​ ខេមរភាសា​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ពុធ​ លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ថា​ការ​សន្ទនា​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ធានា​ឱ្យ​មាន​សុវត្ថិភាព ភាព​ថ្លៃថ្នូរ និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​សម្រាប់​អ្នក​នយោបាយ។​

លោក​ សម រង្ស៊ី​ បាន​បន្ថែម​ថា៖

«មិន​ត្រូវ​ធ្វើ​ទុក្ខបុកម្នេញ​គ្រាន់តែ​គេ​មាន​យោបល់​ខុស​ពី​យើង។​ មិន​ត្រូវ​ទៅ​រក​រឿង​ទៅ​គំរាមកំហែង​សំឡុត​ចាប់​ដាក់​គុក​។ ពីមុន​ឈាន​ទៅ​ដល់​ការ​លួច​សម្លាប់​ គឺ​ហ្នឹង​ជា​វប្បធម៌​កាប់​សម្លាប់​គ្នា​ហ្នឹង​យើង​ត្រូវ​តែ បញ្ឈប់​ដោយ​យើង​ចាប់​យក​វប្បធម៌​ថ្មី គឺ វប្បធម៌​សន្ទនា​ដែល​ជា​វប្បធម៌ សន្តិភាព​ហើយ​វប្បធម៌​ប្រជាធិបតេយ្យ​ពិត​ប្រាកដ‍»។​

លោក​ សម រង្ស៊ី​ កំពុង​ស្ថិត​នៅ ក្នុង​សហរដ្ឋ​អាមេរិក​ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ។ មាន​អ្នក​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក​ខ្លះ​បាន​រិះគន់​ដល់​ការ​ដោះស្រាយ​នយោបាយ​របស់​គាត់​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នក​រិះគន់​ខ្លះ​ទៀត​ថា​វិធី​របស់​គាត់​អាច​ធ្វើ​ឱ្យ​ខូច​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ ក្នុង​ប្រទេស​កម្ពុជា។​

ប៉ុន្តែ​លោក​ សម រង្ស៊ី​ បាន​និយាយ​ថា​ដំណើរការ​នេះ​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ ហើយ​«វប្បធម៌​នៃ​ការ​សន្ទនា»ត្រូវ​ការ​ផ្សព្វផ្សាយ​ឱ្យ​ដល់​ថ្នាក់​មូលដ្ឋាន​ផង​ដែរ។​

«ឥឡូវនេះ​វប្បធម៌​សន្ទនា​នេះ​មិន​ទាន់​រឹងមាំ​នៅ ឡើយ​ទេ​ពីព្រោះ​យើង​ទើប​តែ​ចាប់​ផ្តើម​តែ​យើង​ត្រូវ​តែ ខិតខំ ខិតខំ​ឱ្យ​វប្បធម៌​សន្ទនា​នេះ​ជ្រួតជ្រាប​ទៅដល់​មូលដ្ឋាន​ឱ្យ​រីក​ដុះ​ដាល​ឱ្យ​ក្លាយ​ទៅ​ជា​ទម្លាប់​ថ្មី មួយ​ផ្នត់​គំនិត​ថ្មី​ដែល​ជំនួស​ផ្នត់​គំនិត​ចាស់​ ជំនួស​វប្បធម៌ ចាស់​គឺ​សង្គ្រាម​ឈ្លោះ​គ្នា​ច្បាំង​គ្នា​សម្លាប់​គ្នា។ ហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​ប្រទេស​យើង​ហិនហោច​។ អញ្ចឹង​ខ្មែរ​ទាំងអស់​យើង​ត្រូវ​យល់​ពី​ផលប្រយោជន៍​ប្រទេស​ជាតិ​យើង‍»។​

លោក សម រង្ស៊ី ​និយាយ​ថា​លោក​មាន​សុទិដ្ឋិនិយម​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ដែល​មាន​សមាសភាព​៩នាក់​ជ្រើសរើស​ដោយ​គណបក្ស​របស់​លោក​ចំនួន​បួន​នាក់​នឹង​ធ្វើ​ការ​ងារ​បាន​ល្អ​ជាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចាស់។

«យើង​អត់​ត្រូវ​ការ​ឱ្យ​សមាជិក​គ.ជ.ប​ណា​មក​គាំទ្រ​យើង​ទេ​ យើង​សុំ​តែមួយ​សុំ​ឱ្យ​តែ​យុត្តិធម៌ សុំ​ឱ្យ​តែ​សុក្រឹត​និង​សុចរិត‍»។​

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​និង​ការ​បោះឆ្នោត​ជាតិ​នៅ ខែ​កុម្ភៈ​ឆ្នាំ​២០១៨៕

XS
SM
MD
LG