ពលរដ្ឋខ្មែរអាមេរិកាំងជាធម្មតាដាក់ក្តីសង្ឃឹមលើគណបក្សសាធារណរដ្ឋ ថាអាចជួយ ប្រទេសកំណើតរបស់ពួកគេដើម្បីកែទម្រង់ការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ តែក្រោយពេលលោក ដូណាល់ ត្រាំ បានជាប់ឆ្នោតនោះ ក្តីរំពឹងដូច្នោះ ពិបាកនឹងទស្សន៍ទាយបាន ដោយសារគោលនយោបាយស.រ.អាថ្មីដំបូងៗរបស់លោក ដូណាល់ ត្រាំ អាចផ្តោតខ្លាំងទៅលើបញ្ហាសេដ្ឋកិច្ចជាង។
នៅមុនតែប៉ុន្មានសប្តាហ៍ដែល ដូណាល់ ត្រាំ មហាសេដ្ឋីអចលនៈទ្រព្យ នឹងចូលកាន់មុខតំណែង ជាប្រធានាធិបតីសរអា លើក ទី៤៥ ក្រោយពីបានជាប់ឆ្នោតនោះ ក្រុម ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរខ្លះ បានបង្ហាញថា ពួកគេនៅមានក្តីសង្ឃឹមតិចតួច ថាប្រធានាធិបតីសរអាថ្មីនឹងផ្តោតការយកចិត្តទុកដាក់លើបញ្ហាគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ដូចជាបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្មដែលហាក់ធៀបនឹងបានកំណត់ទុក ជាមុនទៅហើយនោះ។
លោក មុយ ចំរើន ជាអតីតទាហ៊ានអាមេរិកាំងម្នាក់ ដែលរស់នៅក្នុងរដ្ឋធានីវ៉ាស៊ីន តោនបានថ្លែងថាមានការប៉ាន់ស្មានខុសៗគ្នាជាច្រើនមុនពេលដែលលោក ត្រាំចូលកាន់តំណែង។ តែសម្រាប់លោកវិញ លោកគិតថា គោលនយោបាយរបស់លោក ត្រាំដែលលោកបានឮពេលឃោសនាគឺផ្តោតលើសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
«គណបក្សសាធារណរដ្ឋនេះនឹងអាចជួយបានទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស។ ប៉ុន្តែសិទ្ធិមនុស្សសង្ឃឹមក្នុងពាណិជ្ជកម្ម។ គណបក្សសាធារណរដ្ឋចង់ជួយបញ្ហាសិទ្ធិមនុស្ស តែការចង់ជួយនោះ បើតាមតែលោក ត្រាំនិយាយគឺវាតិចជាងគណបក្សប្រជាធិបតេយ្យនៃលោកប្រធានាធិបតីអូបាម៉ា ចង់ជួយ»។
លោកថា ចាំមើលលោកត្រាំចូលធ្វើការសិន ទើបអាចដឹងច្បាស់បាន ដោយសារតែ លោក កំពុងជ្រើសរើសសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក ដូចជារដ្ឋមន្ត្រីក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងស្ថាប័នដ៏ទៃទៀតនៅឡើយ។ ទោះជាយ៉ាងណាលោកថាក្នុងនាមជាជនជាតិខ្មែរម្នាក់ លោកចង់ឃើញលោក ត្រាំជួយដល់កម្ពុជាផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយពលរដ្ឋខ្មែរជាយុវជន ត្រូវខំរៀនសូត្រឲ្យមានចំណេះដើម្បីជួយដល់ប្រទេសខ្លួន ហើយមិនគួរពឹងតែជំនួយបរទេសទៀតនោះទេ ដែលលោកចាត់ទុកថាជារឿងពិបាក។
លោក គុជ ច័ន្ទលី ពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងរដ្ឋម៉ារីលែនដែលតាមដានការវិវត្តន៍ នយោបាយសរអានិងកម្ពុជា បានថ្លែងថានៅក្នុងដំណាក់កាលរៀបចំគណៈរដ្ឋមន្ត្រី របស់លោកដូណាល់ ត្រាំ គេពិបាកនឹងដឹងបានថាតើគាត់នឹងមានគោលនយោបាយ យ៉ាងណា អំពីបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យជាពិសេសសម្រាប់ប្រទេសកម្ពុជាដ៏តូច និងមិនសូវមានផលប្រយោជន៍ដល់សរអានោះ។ ប៉ុន្តែបើតាមអ្វីដែលលោកធ្លាប់ តាមដានពីគំនិតរបស់លោក ត្រាំដែលជាអ្នកជំនួញនោះ ទំនងជាលោកនឹងផ្តោតការយកចិត្តទុកដាក់ខ្លាំងលើបញ្ហាជំនួញជាជាងបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។
«ចំណែកខាងមនុស្សធម៌ ខាងប្រជាធិបតេយ្យ ខ្ញុំយល់ថាដូចជាពុំមានសង្ឃឹមទេ។ ដល់អញ្ចឹងទៅរូបភាពនយោបាយរវាងសរអាទៅនឹងប្រទេសខ្មែរយើង ខ្ញុំពុំមានសង្ឃឹមថានឹង មានការចាប់អារម្មណ៍ខ្លាំងពីសរអានេះទេព្រោះថាប្រទេសខ្មែរយើងពុំមានកត្តាសេដ្ឋកិច្ច ច្រើនជួយដល់សរអាទេ»។
ទោះជាយ៉ាងណាលោក គុជ ច័ន្ទលីបានដាក់ការព្រួយបារម្ភខ្លាំងទៅលើគោលនយោបាយរបស់ ត្រាំ ដែលចង់ធ្វើការជាមួយជនផ្តាច់ការមួយចំនួនលើពិភពលោក ដែលមានប្រវត្តិរំលោភសិទ្ធិមនុស្សដ៏ឃោរឃៅ ខណៈពេលដែលលោកចង់បញ្ចប់ក្រុមរដ្ឋ ឥស្លាមអៃស៊ីសដែលគំរាមសន្តិសុខតំបន់និងពិភពលោក។ ហើយម្យ៉ាងទៀតលោក ច័ន្ទលី អះអាងបន្តថាការគ្រប់គ្រងក្នុងប្រទេសកម្ពុជា នៅពេលដែលគ្មានជំនួយលើបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ពេលនោះកម្ពុជាអាចនឹងងាកទៅរកចិន និងគ្រប់គ្រងតាមបែបកុម្មុយនិស្តបន្ត។
«ដូច្នេះទៅ វាជាការគួរឲ្យសោកស្តាយ ជាការគួរឲ្យបារម្ភម្យ៉ាងដែរ បើសិនជាយើងបាត់ បង់ការគាំទ្រពីសរអា។ យើងចង់ឲ្យសរអាជួយប្រទេសខ្មែរយើង ជួយប្រជាពលរដ្ឋខ្មែរយើង ផ្នែកខាងប្រជាធិបតេយ្យ ផ្នែកខាងសិទ្ធិមនុស្សជាដើម។ នេះជាការត្រូវការចាំបាច់ នៅក្នុងប្រទេសខ្មែរយើងព្រោះអីប្រជាពលរដ្ឋខ្មែរយើងក្រីក្រលំបាក ហើយឈឺចុកចាប់ ច្រើនប្រការណាស់»។
ប្រទេសកម្ពុជាត្រូវគេចាត់ទុកថាជាប្រទេសក្រីក្រមួយ ហើយពោរពេញដោយអំពើពុក រលួយធ្លាក់ដល់កម្រិតប្រទេសទី១៥០ ក្នុងចំណោមប្រទេស១៦៨។ នេះបើយោងតាមក្នុងរបាយការណ៍ប្រចាំឆ្នាំចុងក្រោយរបស់អង្គការតម្លាភាពអន្តរជាតិ Transparency International។ ប្រទេសកម្ពុជា ត្រូវគេចាត់បញ្ចូលថាជាប្រទេសមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងររួមទាំងការបំបិតសេរីភាពបញ្ចេញមតិ សិទ្ធិជួបប្រជុំ ការធ្វើទុក្ខបុកម្នេញ លើក្រុមជំទាស់និងក្រុមអង្គការសង្គមស៊ីវិលឯករាជ្យ ហើយនឹងការរំលោភសិទ្ធិ លំនៅដ្ឋាន និងដីធ្លីជាដើម។
មិនខុសគ្នាប៉ុន្មានដែរលោក យ័ប គឹមទឹង ពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងរដ្ឋវីជីនៀ បានថ្លែងថាអ្វីដែលលោកឃើញគឺលោក ដូណាល់ ត្រាំអាចនឹងគិតគូរពីបញ្ហាសេដ្ឋកិច្ច សហរដ្ឋអាមេរិកមុននឹងគិតពីបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ តែលោកជឿលើសមាជិកសភាខាងគណបក្សសាធារណរដ្ឋដែលមិនចូលចិត្តការដឹកនាំដូចនៅក្នុងប្រទេសកម្ពុជា។ លោកថាអ្វីដែលលោកចង់បានជាបឋមពីប្រធានាធិបតីដូណាល់ ត្រាំគឺធានាការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវនៅកម្ពុជា។
«ខ្ញុំមិនចង់សុំអ្វីច្រើនទេ ចង់សុំតែឲ្យជួយមើលការបោះឆ្នោតនៅស្រុកខ្មែរនឹង ឲ្យបានត្រឹមត្រូវ។ បើសិនជាគណបក្សនៅស្រុកខ្មែរណាឈ្នះ ដោយការបោះឆ្នោតត្រឹមត្រូវ ខ្ញុំអត់មានការជំទាស់នៅក្នុងលទ្ធផលអីទេ»។
លោកប្រធានាធិបតីជាប់ឆ្នោតថ្មីគឺលោក ដូណាល់ ត្រាំ ដែលឈ្នះ លោកស្រី ហ៊ីលឡារី គ្លីនតុន តាមសម្លេងឆ្នោតប្រភូតាមរដ្ឋទាំង៥០ លើស ២៧០ សម្លេងដែលច្បាប់តម្រូវនោះ នឹងត្រូវចូលកាន់មុខតំណែងនៅថ្ងៃទី២០ ខែមករាខាងមុខ បន្តពី ប្រធានាធិបតីចេញពីមុខតំណែងគឺលោក បារ៉ាក់ អូបាម៉ា ដែលចប់អាណតិ្តទី២ រយៈ ពេល៨ឆ្នាំរបស់លោក៕