ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រឆាំង​នឹង​លោក Trump ពង្រឹង​ការ​គាំទ្រ​របស់​ពួក​ប្រជាធិបតេយ្យ​ចំពោះ​លោក Biden


រូបឯកសារ៖ អតីត​អនុប្រធានាធិបតី​អាមេរិក លោក Joe Biden និង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ថ្លែង​អំពី​ស្ថានភាព​ជំងឺ​កូវីដ១៩ ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង Wilmington រដ្ឋ Delaware កាល​ពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២០។

ការ​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី Donald Trump បាន​ពង្រឹង​ការ​គាំទ្រ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ចំពោះ​លោក Joe Biden ដែល​ត្រូវ​បាន​គេ​សន្មត់​ថា​ជា​អ្នក​ទទួល​បាន​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិតេយ្យ​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​នឹង​ចូល​មក​ដល់​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

នៅ​ក្នុង​ការគាំទ្រ​ដល់​លោក​អតីត​អនុ​ប្រធានាធិបតី Joe Biden សម្រាប់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Vermont បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គណបក្ស​ប្រជាធិបតេយ្យ​ត្រូវតែ​រួបរួមគ្នា​ដើម្បី​យក​ជ័យជម្នះ​លើ​លោក​ប្រធានាធិបតី​ Donald Trump នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ខែ​វិច្ឆិកា​ខាងមុខ​នេះ។

លោក Bernie Sanders និយាយ​ដូច្នេះ​ថា៖ «[គណបក្ស​ប្រជាធិបតេយ្យ​ត្រូវតែ​រួបរួម​គ្នា] ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា យើង​អាច​យក​ជ័យជម្នះ​លើ​ប្រធានាធិបតី​ម្នាក់​ដែល​ខ្ញុំ​ជឿ​ថា​ជា​ប្រធានាធិបតី​ដ៏​គ្រោះថ្នាក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​សហរដ្ឋ​អាមេរិក»។

ប៉ុន្តែ មេដឹកនាំ​ខាង​វិវឌ្ឍ​និយម​ដូចជា​អ្នកស្រី​សមាជិក​រដ្ឋសភា Alexandria Ocasio-Cortez ជា​ដើម នៅតែ​មិន​ស្រប​ជាមួយ​ការ​ជំទាស់​របស់​លោក Biden ទៅ​នឹង​សំណើ​របស់​លោក Sanders ទាក់ទិន​នឹង​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល និង​កម្មវិធី​ជំនួយ​ផ្សេង​ទៀត​សម្រាប់​ជា​ពិសេស​ពលរដ្ឋ​អាមេរិកាំង​ដែល​ធ្វើ​ការ​ជា​កម្មករ។

អ្នកស្រី Alexandria Ocasio-Cortez និយាយ​ថា៖ «អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ​ក្នុង​កម្រិត​ទាប​បំផុត គឺ​ផែនការ​មួយ​ដែល​ជួយ​បន្ត​ការ​ធានា​រ៉ាប់រង​សុខភាព​ដល់​ក្រុម​មនុស្ស​វ័យ​ក្មេង»។

ការ​ឆ្លង​រាតត្បាត​នៃជំងឺ​កូវីដ១៩ ដែល​នៅ​ពេល​នេះ​បាន​ធ្វើ​ឱ្យ​មន្ទីរពេទ្យ​នានា​មាន​បន្ទុក​ហួស​កម្រិត បាន​បង្ខំ​ឱ្យ​មាន​ការ​បិទ​ដំណើរការ​អាជីវកម្ម​មិន​ចាំបាច់​នានា​នៅ​ទូទាំង​ប្រទេស និង​បាន​ធ្វើ​ឱ្យ​មនុស្ស​រាប់​លាន​នាក់​គ្មាន​ការងារ​ធ្វើ បាន​ធ្វើឱ្យ​មាន​ការ​ស្រពិច​ស្រពិល​អំពី​ការ​ខ្វែង​គំនិត​គ្នា​ផ្នែក​គោល​នយោបាយ​រវាង​ក្រុម​សាធារណរដ្ឋ​ដែល​មាន​ទំនោរ​ទៅ​ខាង​អាជីវកម្ម និង​ក្រុម​ប្រជាធិបតេយ្យ​ដែល​មាន​ទំនោរ​ទៅ​ខាង​ក្រុម​ពលករ។

នៅ​ពេល​នេះ ភាគី​ទាំង​ពីរ​នេះ​បាន​រួបរួម​គ្នា​គាំទ្រ​លើ​កម្មវិធី​ជួយ​សេដ្ឋកិច្ច​ក្នុង​ទឹក​ប្រាក់​លាន​លាន​ដុល្លារ សម្រាប់​ជួយ​ដល់​អាជីវកម្ម​នានា និង​អ្នក​ដែល​បាត់បង់​ការងារ​ធ្វើ។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា ការ​ផ្ដោត​ខាង​នយោបាយ​បាន​ងាក​ទៅ​ខាង​ឆ្វេង​និយម​ទាក់ទិន​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ ហើយ​លោក Biden ប្រហែលជា​ត្រូវ​ប្រកាន់​យក​គោល​នយោបាយ​ជឿនលឿន​ជាង​មុន​ដើម្បី​រក្សា​ការ​គាំទ្រ​រួមគ្នា​នេះ។

លោក Mark Schmitt ដែល​ជាអ្នក​វិភាគ​នយោបាយ​នៃ​អង្គការ New America និយាយ​ដូច្នេះ​ថា៖ «លោក Biden ត្រូវតែ​បង្ហាញ​ការ​ទទួល​ស្គាល់​ថា ប្រទេស​ជាតិ និង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ងាក​ទៅរក​ខាង​ឆ្វេង​និយម។ យើង​ឃើញ​ថា​មាន​ប្រយោជន៍​ពិត​ប្រាកដ នៅ​ក្នុង​ការ​ស្វែងរក​ដំណោះ ស្រាយ​បែប​វិវឌ្ឍ​និយម​ពោរពេញ​ដោយ​មហិច្ឆតា​ជាង​មុន»។

ការ​ចោទ​ប្រកាន់​កាល​ពី​ពេល​ថ្មីៗ​នេះ​លើ​លោក Biden ទាក់ទិន​នឹង​ការ​បៀត​បៀន​ផ្លូវ​ភេទ ក៏​អាច​បណ្តាល​ឱ្យមានការ​បែកបាក់​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាធិបតេយ្យ​ផង​ដែរ។ លោក Biden បាន​បដិសេធ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អ្នកស្រី Tara Reade ដែល​ជា​អតីត​បុគ្គលិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក។

អ្នកស្រី Reade បាន​និយាយ​ថា លោក Biden បាន​បំពាន​លើ​អ្នកស្រី​កាល​ពី​ទសវត្សរ៍ ១៩៩០។ ពួក​អ្នក​រិះគន់​និយាយ​ថា ភាព​មិន​ស៊ី​សង្វាក់​គ្នា​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​របស់​អ្នកស្រី Reade ធ្វើ​ឲ្យ​ការ​ចោទ​ប្រកាន់​នេះ​មិន​ភាព​ភាព​ខ្លាំងក្លា ហើយ​សហការី​របស់​លោក Biden ក៏​បាន​និយាយ​ការពារ​លោក Biden ផង​ដែរ។

អ្នកស្រី Moe Vela អតីត​ទីប្រឹក្សា​របស់​លោក Biden នៅ​ពេល​ដែល​លោក Biden ធ្វើ​ជា​អនុ​ប្រធានាធិបតី បាន​និយាយថា៖ «ខ្ញុំ​ស្គាល់​លោក Joe Biden ដោយ​ផ្ទាល់។ ខ្ញុំ​ចាត់ទុក​លោក​ថា​ជា​មិត្តភ័ក្តិ​ម្នាក់។ លោក​ជា​បុរស​មាន​អាកប្បកិរិយា និង​សេចក្ដី​សុចរិត​ល្អ​បំផុត។ ការ​ចោទ​ប្រកាន់​មិន​ត្រឹមត្រូវ​របស់​អ្នកស្រី Reade គឺ​ជា​ការ​ផ្ទុយ​ស្រឡះ​ពី​អត្តចរិត​ពិត​ប្រាកដ​របស់​លោក Joe Biden»។

ក៏​ប៉ុន្តែ​ពួក​អ្នក​គាំទ្រ​នៃ​ចលនា #Metoo បារម្ភ​ថា ការ​ច្រានចោល​នូវ​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក Biden នេះ អាច​បង្អាក់​ទឹក​ចិត្ត​ដល់​ស្ត្រី​ផ្សេង​ទៀត​នៅ​ក្នុង​ការ​ហ៊ាន​និយាយ​អំពី​រឿង​បំពាន​នានា។

ពួក​អ្នកវិភាគ​ទស្សន៍ទាយ​ថា លោក Trump ទំនង​ជា​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ក្នុង​ចំណោម​ក្រុម​ប្រជាធិបតេយ្យ​ដើម្បី​ឱ្យ​បាន​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ទី​ពីរ​បន្ត​ទៀត ទោះបីជា​នៅ​ពេល​បច្ចុប្បន្ន​នេះ សហរដ្ឋ​អាមេរិក​ជួប​ប្រទះ​វិបត្តិ​ជំងឺ​កូវីដ១៩ និង​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ក៏​ដោយ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG