ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​ ត្រាំ ឈ្លោះប្រកែក​ជាមួយ​អាជ្ញាធរ​រដ្ឋ Michigan ពី​រឿង​បោះឆ្នោត​តាម​ប្រៃសណីយ៍


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ នៅ​សេតវិមាន ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០។

ខណៈជំងឺកូវីដ១៩​បន្តរាតត្បាត​នៅ​សហរដ្ឋ​អាមេរិក លោក​ប្រធានាធិបតី Donald Trump កាល​ពី​ថ្ងៃ​ពុធ​ បាន​ឈ្លោះ​ប្រកែក​ជាមួយ​នឹង​អាជ្ញាធរ​នៅ​រដ្ឋ​ Michigan ដែល​ជា​រដ្ឋ​សំខាន់​មួយ អំពី​ផែនការ​របស់​រដ្ឋ​នេះ​ក្នុង​ការ​អនុញ្ញា​ឲ្យ​ពលរដ្ឋ​កាន់​តែ​ច្រើន​អាច​បោះឆ្នោតដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍បាន នៅ​ក្នុង​ការ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ។

មន្ត្រី​ទទួល​បន្ទុក​បោះឆ្នោតនៅ​រដ្ឋ​ Michigan ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក គឺ​រដ្ឋលេខាធិការ​រដ្ឋ ​លោកស្រី​ Jocelyn Benson បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា អាជ្ញាធរ​បាន​ផ្ញើ​ពាក្យ​សុំ​បោះឆ្នោត​អវត្តមានដល់​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំង​អស់​៧​លាន ៧ សែន ​នាក់ ដែល​នេះ​នឹង​អនុញ្ញាត​ឲ្យ​ពួក​គេ​មាន​ជម្រើស​អាច​បោះឆ្នោត​ផ្ញើតាម​ប្រៃសណីយ៍​បាន​ក្នុង​ការ​បោះឆ្នោត​បឋម​ក្នុង​ខែ​សីហា និង​ការ​បោះឆ្នោត​ជាតិ​ក្នុង​ខែ​វិច្ឆិកា ក្នុង​អំឡុង​មាន​វិបត្តិ​កូវីដ១៩។

លោក​ត្រាំ​ ដែល​កាល​ពី​ដើម​ឆ្នាំ​នេះ​បាន​បោះឆ្នោតក្នុងរដ្ឋ Florida ដោយ​ផ្ញើ​តាម​ប្រៃសណីយ៍​ផ្ទាល់ បាន​ប្រឆាំង​ភ្លាមៗ​ទៅ​នឹង​ផែនការ​ពង្រីក​ការ​បោះឆ្នោត​បែប​អវត្តមាន​របស់​រដ្ឋ Michigan ដោយ​លោក​បាន​សរសេរ​តាម​ Twitter ថា សកម្មភាព​នេះ​ជា​រឿង​ខុស​ច្បាប់។

រដ្ឋលេខាធិការ​រដ្ឋ​ Michigan បាន​ឆ្លើយ​តប​វិញ​ថា​អាជ្ញាធរ​រដ្ឋ​គ្រាន់​តែ​បាន​ផ្ញើ​ពាក្យ​សុំ​ប៉ុណ្ណោះ ហើយ​មិន​មែន​ផ្ញើ​សន្លឹក​ឆ្នោត​ទេ។

កាល​ពី​អំឡុង​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធីបតី​ឆ្នាំ​២០១៦ លោក ដូណាល់​ ត្រាំ បាន​ឈ្នះ​ឆ្នោត​នៅ​រដ្ឋ Michigan ដោយ​ទទួល​សំឡេង​ឆ្នោត​ចំនួន​១០.០០០​សំឡេង​លើស​គូ​ប្រជែង​របស់​លោក​នៅ​ពេល​នោះ​គឺ លោកស្រី Hillary Clinton ដោយ​ការ​ឈ្នះ​នេះ​បាន​ជួយ​ឲ្យ​លោក​ដណ្តើម​តំណែង​ប្រធានាធិបតី​អាណត្តិ​៤​ឆ្នាំ​បាន។ រដ្ឋ Michigan នេះ​ត្រូវ​គេ​គិត​ថា​នឹង​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ខ្លាំងនៅ​ក្នុងការ​បោះឆ្នោតជាតិ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ រវាង​លោក​ត្រាំ និង​អតីត​អនុប្រធានាធិបតី​ Joe Biden ដែល​ទំនង​នឹង​ក្លាយ​ជាគូប្រជែង​របស់​លោក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG