ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រវត្តិរូប​សង្ខេប​មេខ្មែរក្រហម ​នួន ជា​ បង្ហាញ​ពី​ជំនឿ​កុម្មុយនិស្ត​ឆ្អិនឆ្អៅ


រូបឯកសារ​​៖ ទេសចរ​មួយ​រូប​មើល​រូបថត​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ នួន ជា ឬ «បង​ធំ​ទី​២» នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៤។​ (REUTERS/Samrang Pring)
រូបឯកសារ​​៖ ទេសចរ​មួយ​រូប​មើល​រូបថត​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ នួន ជា ឬ «បង​ធំ​ទី​២» នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៤។​ (REUTERS/Samrang Pring)

នៅឆ្នាំ​១៩៥០​ នួន ជាបាន​វិលមក​កាន់​ប្រទេស​កម្ពុជា​ ដើម្បី​ចូលរួម​ចលនា​ប្រឆាំង​នឹង​បារាំង​ ហើយ​ត្រូវ​​បានផ្ទេរ​​ចេញពី​គណបក្ស​សហគមន៍​ថៃ ​មកចូល​រួម​គណបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​ និងត្រូវបាន​ចាត់ចែង​ឲ្យ​ទទួល​បន្ទុក​ការបណ្តុះបណ្តាល​ខាង​មនោគមវិជ្ជា។

នួន ជា​ វ័យ​៩៣ឆ្នាំ​ ជា​អតីតប្រធាន​រដ្ឋសភា​នៃរបប​កម្ពុជា​ប្រជាធិបតេយ្យរបស់​ខ្មែរ​ក្រហម​ បានស្លាប់​ក្នុង​មន្ទីរពេទ្យមិត្ត​ភាព​កម្ពុជា​ សូវៀត ​នៅ​រាជធានី​ភ្នំពេញ កាលពីល្ងាច​ថ្ងៃ​អាទិត្យ​ទី​៤​ ខែ​សីហា​ ឆ្នាំ​២០១៩។

លោក​បាន​ស្លាប់​ក្រោយ​ពី​ស្ថិត​ក្នុង​ការ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​អស់​រយៈ​ពេល​៣៣​ថ្ងៃ។

តាមការអះអាង​របស់​លោក​លីវ សុវណ្ណា​ មេធាវីការពារ​នួន ជា​ គឺ​កូនក្តី​របស់​លោក​បានស្លាប់​ដោយ​ជំងឺ​រ៉ាំរ៉ៃ​ពាក់ព័ន្ធ​នឹង​ថ្លើម​និង​តម្រងនោម​បូករួម​និង​ជរាភាព។ ​

នួន ជា​ កើត​នៅ​ថ្ងៃទី​៧​ខែកក្កដា ​ឆ្នាំ១៩២៦​ក្នុងភូមិ​វត្ត​គរ ​ខេត្ត​បាត់​ដំបង ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា។

ក្នុង​ត្រកូល​គ្រួសារ​ខ្មែរ​កាត់​ចិន​ នួន ជា​ បាន​សិក្សាផ្នែក​ច្បាប់នៅ​សាកល​វិទ្យាល័យ​ធម្មាសាធ ​ដែល​ជា​សាកល​វិទ្យាល័យ​ល្បី​ឈ្មោះ​មួយ​នៅ​ប្រទេស​ថៃ​នៅ​ឆ្នាំ​១៩៤៤ ។

យោង​តាមឯកសារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​លោកនួន ជា ​បាន​ចូលរួម​ចលនា​យុវជន​ដើម្បី​ប្រជា​ធិប​តេយ្យ​ ដែល​ស្ថិត​ក្រោម​ស្លាក​គណបក្ស​ Community Party of Thailand (CPT) ឬ​គណបក្ស​សហគមន៍​ថៃនៅ​ឆ្នាំដដែល​នោះ។

ក្នុងពេល​រស់​នៅ​ប្រទេស​ថៃ​ពីឆ្នាំ​១៩៤៤​ ដល់​ឆ្នាំ​១៩៥០​ នួន​ ជា​ ធ្លាប់​ជាក្មេង​វត្ត​នៅប្រទេស​ថៃ​ និង​បួស​ជាសង្ឃ​នៅវត្ត​ក្នុង​ខេត្តមួយ ​ស្ថិត​នៅ​ភាគ​ខាង​កើត​ទី​ក្រុង​បាងកក។

នៅឆ្នាំ​១៩៥០​ លោក​បាន​វិលមក​កាន់​ប្រទេស​កម្ពុជា​ ដើម្បី​ចូលរួម​ចលនា​ប្រឆាំង​នឹង​បារាំង​ ហើយ​ត្រូវបានផ្ទេរចេញពី​គណបក្ស​សហគមន៍​ថៃ ​មកចូល​រួម​គណបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​ និងត្រូវបាន​ចាត់ចែង​ឲ្យ​ទទួល​បន្ទុក​ការបណ្តុះបណ្តាល​ខាង​មនោគមវិជ្ជា។ លោក​បាន​ទៅទទួលការបណ្តុះ​បណ្តាល​នៅ​ប្រទេស​វៀតណាម​ក្នុងឆ្នាំ​១៩៥៤។

ក្រោយការ​បង្កើត​របស់​គណបក្ស​កុម្មុយនិស្ត​កម្ពុជា​ ហៅកាត់​ថា​ (CPK)នៅ​ឆ្នាំ​១៩៦០​ នួន ជា​ បាន​តំណែង​ជាន់​ខ្ពស់​ជាបន្តបន្ទាប់។

នួន​ ជា បាន​កាន់​តួនាទី​ជា​ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការមជ្ឈឹម​បក្ស​កុម្មុយនិស្ត​កម្ពុជា​ និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​គណបក្ស​ដដែល​នេះ​ ដែល​ទទួល​បន្ទុកខាង​កិច្ចការ​នយោបាយ។ លោក​ក៏ជា​ប្រធាន​សភា​តំណាង​ប្រជាជន​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យក្រោយ​ពេល​ដែល​ពួក​កងទ័ព​ព្រៃ​ខោអាវ​ខ្មៅ​ខ្មែរ​ក្រហម​ទទួល​ជ័យ​ជម្នះ​កាល​ពី​ថ្ងៃទី​១៧​ខែមេសា ឆ្នាំ​១៩៧៥។

របប​កម្ពុជា​ប្រជាធិបតេយ្យបាន​កាប់​សម្លាប់​ប្រជាពល​រដ្ឋខ្មែរ​និង​បណ្តាល​ឲ្យ​ពល​រដ្ឋ​ខ្មែរ​ដែល​គ្មាន​កំហុស​ស្លាប់​យ៉ាង​តិច​១,៧​លាននាក់​ ក្នុង​រយៈ​ពេល​ជិត​បួន​ឆ្នាំ។

ក្រោយការ​ដួលរលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅឆ្នាំ​១៩៧៩ ​នួន ជា​ និងខៀវ សំផន​ អតីត​ប្រមុខ​រដ្ឋ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដដែលនោះ​ ​បាន​ចុះចូល​ជាមួយរដ្ឋាភិបាល​នៅឆ្នាំ​១៩៩៨។ តែក្រោយមក​ ពោល​គឺនៅថ្ងៃ​ទី​១៩ ខែ​កញ្ញា​ ឆ្នាំ​២០០៧ គាត់ត្រូវបាន​ចាប់​ខ្លួននិង​ចោទ​ប្រកាន់​ដោយ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែល​ជា​តុលាការកូន​កាត់​កម្ពុជា​និង​អន្តរជាតិ​។ លោកជាប់​ចោទ​ពី​បទ​ប្រល័យ​ពូជសាសន៍ ​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។

តុលាការ​ចម្រុះ​នេះ​បាន​ផ្តន្ទាទោស​រូប​លោក​រួម​ជាមួយ​ខៀវ សំផន ​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឧក្រិដ្ឋកម្ម​ជាច្រើន​ រួមទាំង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ជាដើម។

ប៉ុន្តែ​នួន ជា ​ក៏ដូច​ខៀវ សំផន​ ដែរ ​មិន​ដែល​ធ្លាប់​បាន​សារភាព​ពី​ការ​ទទួល​ខុស​ត្រូវ​នៃ​ការ​ស្លាប់​និង​ការ​សម្លាប់​ប្រជាពល​រដ្ឋ​កម្ពុជា​ក្នុង​ពេល​ដែល​ពួក​គាត់​កាន់​កាប់​អំណាច​នោះទេ។

សព​របស់​នួន​ ជា​ កំពុង​តម្កល់​ទុកធ្វើបុណ្យ​តាមប្រពៃណី​ខ្មែរ​ នៅ​ផ្ទះ​របស់​លោក ​ក្បែរ​ផ្សារព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​ ជាប់​ព្រំប្រទល់​ជាមួយប្រទេស​ថៃ៕

XS
SM
MD
LG