មេដឹកនាំមនោគមវិជ្ជារបស់ខ្មែរក្រហមនិងបងធំទី២ នួនជាបានទទួលមរណភាពក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតកាលពីថ្ងៃអាទិត្យ(៤ សីហា)ក្នុងជន្មាយុ៩៣ឆ្នាំនៅពេលដំណើរការកាត់ទោសរបស់លោកនៅមិនទាន់ចប់។
អ្នកនាំពាក្យតុលាការបានឲ្យដឹងថា លោកនួន ជាមេដឹកនាំមនោគមវិជ្ជារបស់ខ្មែរក្រហមនិងជា«បងធំទី ២»បានទទួលមរណភាពកាលពីល្ងាចម៉ោងប្រមាណ៦ល្ងាចថ្ងៃអាទិត្យ ក្នុងជន្មាយុ៩៣ឆ្នាំ។ តុលាការដែលគាំទ្រដោយអ.ស.ប.បានរកឃើញថា លោកនួនជាមានពិរុទ្ធពីបទប្រល័យពូជសាសន៍ ហើយបានកាត់ទោសឱ្យគាត់ជាប់ពន្ធនាគារមួយជីវិតកាលពីឆ្នាំមុនគឺជិតបួនទសវត្សរ៍ បន្ទាប់ពីរបបម៉ៅនិយមនេះដែលបានបង្កើត« វាលពិឃាត» ត្រូវបានផ្ដួលរំលំដោយកងទ័ពវៀតណាមកាលពីខែមករា។ ភាគច្រើននៃជនរងគ្រោះក្នុងរបប១៩៧៥-៧៩នេះបានស្លាប់ដោយអត់អាហារ ការធ្វើទារុណកម្មការនឿយហត់ឬជំងឺនៅក្នុងការដ្ឋានការងារឬត្រូវបានគេវាយធ្វើបាបរហូតដល់ស្លាប់ក្នុងពេលមានការសម្លាប់រង្គាល។ លោកនេត្រ ភក្ត្រា អ្នកនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ. វ. ត.ក.) បាននិយាយថា «យើងអាចបញ្ជាក់បានថា ជនជាប់ចោទនួន ជា អាយុ៩៣ឆ្នាំបានទទួលមរណភាពនៅល្ងាចថ្ងៃទី៤ ខែសីហាឆ្នាំ២០១៩នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ក្រុមគ្រួសារលោកនួន ជាត្រូវបានគេជូនដំណឹងហើយ»។
ប្រជាជនខ្មែរប្រមាណ១លាន៧សែននាក់ដែលស្ទើរតែមួយភាគបួននៃចំនួនប្រជាជនសរុបបានស្លាប់ក្នុងអំឡុងរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ បច្ចុប្បន្នមានតែលោកខៀវ សំផនអតីតប្រមុខរដ្ឋមន្ត្រីអត់អំណាចនិងលោកកាំងហ្គេកអ៊ាវហៅឌុចប៉ុណ្ណោះកំពុងមានទោសជាប់ពន្ធនាគារអស់មួយជីវិតបន្ទាប់ពីត្រូវបានផ្តន្ទាទោសពីបទប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ លោកនួន ជាក៏ដូចជាមេដឹកនាំខ្មែរក្រហមជាច្រើនដែរមានឈ្មោះច្រើនរួមមានឡុង ប៊ុនរួតឬនួន ជាឬរហស្សនាមអ៊ុំទី២។
លោកនួន ជាធំដឹងក្តីនៅខេត្តបាត់ដំបងក្នុងគ្រួសារមួយដែលគេគិតថា សែសាឡាយចិន។
ខុសពីមេដឹកនាំខ្មែរក្រហមផ្សេងទៀត លោកនួន ជាមិនបានទៅសិក្សានៅទីក្រុងប៉ារីសប្រទេសបារាំង ដូចជាលោកប៉ុល ពត លោកខៀវ សំផង លោកអៀង សារីជាដើមនោះទេ។ លោកទៅរៀនច្បាប់នៅសកលវិទ្យាល័យធម្មាសាធដ៏ល្បីល្បាញនៅទីក្រុងបាងកកដែលគាត់បានក្លាយជាសមាជិកនៃគណបក្សកុម្មុយនិស្តថៃ។ លោកនួនជាត្រូវបានតែងតាំងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជារបស់ខ្មែរក្រហមក្នុងឆ្នាំ១៩៦០ជាមុខតំណែងដែលទទួលបន្ទុកសន្តិសុខបក្សនិងរដ្ឋ រាប់បញ្ចូលទាំងមន្ទីរស-២១នៅវិទ្យាល័យទួលស្លែង។
នៅថ្ងៃទី៥ខែមករាឆ្នាំ១៩៧៩ពីរថ្ងៃមុនកងទ័ពវៀតណាមវាយដណ្តើមកាន់កាប់ទីក្រុងភ្នំពេញ លោកនួនជាត្រូវបានចោទថា បានបញ្ជាឲ្យប្រធានមន្ទីរស-២១គឺកាំងហ្គេកអ៊ាវហៅសមមិត្តឌុច សម្លាប់អ្នកទោសដែលនៅសេសសល់ទាំងអស់។មនុស្ស១ម៉ឺន៤ពាន់ នាក់ត្រូវបានធ្វើទារុណកម្មនិងសម្លាប់នៅទីនោះ។
បន្ទាប់ពីបានធ្វើកិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាលកម្ពុជា កាលពីខែធ្នូឆ្នាំ១៩៩៨ ក្រោយពីប៉ុល ពតស្លាប់ លោកនួនជាបានរស់នៅក្នុងផ្ទះឈើតូចមួយក្នុងព្រៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃរហូតដល់មានការចាប់ខ្លួនគាត់នៅឆ្នាំ ២០០៧។ ក្នុងអំឡុងពេលជំនុំជម្រះដែលបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកាឆ្នាំ២០១១ លោកនួនជាបានសារភាពថា លោកមានការទទួលខុសត្រូវខាងសីលធម៌ចំពោះ ការស្លាប់របស់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ កាលពីខែសីហាឆ្នាំ២០១៤ ទាំងលោកនួន ជា និងលោកខៀវសំផនត្រូវបានសម្រេចថា មានពិរុទ្ធភាពពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត។ បណ្តឹងឧទ្ធរណ៍របស់ពួកគេត្រូវបានបដិសេធ។
នៅក្នុងការជំនុំជម្រះក្តីលើកទី២ដែលបានចាប់ផ្តើមនៅក្នុងខែតុលាឆ្នាំ២០១៤ តុលាការបានបើកសវនាការលើការចោទប្រកាន់បន្ថែមទៀតលើអ្នកទាំងពីររួមទាំងការប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាមនិងជនជាតិវៀតណាម។ ពួកគេត្រូវបានរកឃើញថា មានពិរុទ្ធភាព៕