ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកសៀមរាប​ខ្លះមាន​យោបល់​ចម្រុះ​គ្នា​ទៅ​លើ​មរណភាព នួន ជា


នួន​ ​ជា​ ​អំឡុង​ពេល​ដំណើរការ​សវនាការ​មួយ​ ​នៅ​សាលាក្ដី​ខ្មែរក្រហម​ ​កាលពី​ឆ្នាំ២០១១​។​ ​(សាលាក្ដី​ខ្មែរក្រហម)
នួន​ ​ជា​ ​អំឡុង​ពេល​ដំណើរការ​សវនាការ​មួយ​ ​នៅ​សាលាក្ដី​ខ្មែរក្រហម​ ​កាលពី​ឆ្នាំ២០១១​។​ ​(សាលាក្ដី​ខ្មែរក្រហម)

នៅពេល​ទទួល​ដំណឹង​ពី​ការ​ស្លាប់​របស់​លោក​ ​នួន​ ​ជា​ ​កាលពី​ព្រលប់​ថ្ងៃអាទិត្យ​ ​អ្នកស្រី​ ​ស៊ុន​ ​ស៊ី​ថា​ ​បាន​នឹក​រឭក​មុនគេ​ដល់​លោកឪពុក​ ​និង​បងប្អូន​បង្កើត​ដែល​បាន​ស្លាប់​។​

ទោះបី​ពេញ​មួយ​ជីវិត​របស់​លោក​ ​នួន​ ​ជា​ ​មិនធ្លាប់​មាន​ប្រវត្តិ​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ផ្សា​ភ្ជាប់នឹង​ខេត្តសៀមរាប​ ​បណ្ដា​ប្រជាជន​មួយចំនួន​ដែល​រស់នៅ​ខេត្ត​នេះ​សុទ្ធតែ​បាន​បង្ហាញ​នូវ​ប្រវត្តិ​ដែល​រស់​នូវ​រងទុក្ខ​វេទនា​ ​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ដែល​លោក​ ​នួន​ ​ជា​ ​និង​សហការី​ក្នុង​បក្ស​កុម្មុយ​និ​ស្ដ​កម្ពុជា​របស់​លោក​ទទួល​គ្រប់គ្រង។​

អ្នកសៀមរាប​ខ្លះមាន​យោបល់​ចម្រុះ​គ្នា​ទៅ​លើ​មរណភាព នួន ជា
សូម​រង់ចាំ

No media source currently available

0:00 0:05:23 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពួកគេ​ក៏បាន​បញ្ចេញមតិ​យោបល់​ទាក់ទង​នឹង​ការ​ស្លាប់​បាត់បង់ជីវិត​របស់​មេដឹកនាំ​ខ្មែរក្រហម​រូប​នេះ​ផង​ដែរ​។​

លោក​ ​នួន​ ​ជា​ ​អតីត​បងធំ​ទីពីរ​នៃ​របប​ខ្មែរក្រហម​ ​បាន​ទទួលមរណភាព​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ ​ក្នុង​អាយុ៩៣ឆ្នាំ​ ​ខណៈ​ដែល​លោក​កំពុង​ទទួលទោស​ ​ដែល​សម្រេច​ដោយសា​លា​ក្ដី​ខ្មែរក្រហម​ ​ឱ្យ​លោក​ជាប់ពន្ធ​នា​គារ​អស់មួយជីវិត​ជុំវិញ​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត​របស់​លោក​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​

ឆ្អឹង​លលាដ៍ក្បាលរបស់​ជនរងគ្រោះ​នៃ​សម័យ​ខ្មែរក្រហម​ ​ដែល​ត្រូវ​បាន​តម្កល់​នៅ​វត្ត​ទេព​ពោធិ​វង្ស​ ​សង្កាត់​គោកចក​ ​ក្រុង​សៀមរាប​ ​កាលពី​ថ្ងៃទី០៥​ ​ខែសីហា​ ​ឆ្នាំ២០១៩។​ ​(​អូន​ ​ឆេង​ប៉រ​/​VOA​)
ឆ្អឹង​លលាដ៍ក្បាលរបស់​ជនរងគ្រោះ​នៃ​សម័យ​ខ្មែរក្រហម​ ​ដែល​ត្រូវ​បាន​តម្កល់​នៅ​វត្ត​ទេព​ពោធិ​វង្ស​ ​សង្កាត់​គោកចក​ ​ក្រុង​សៀមរាប​ ​កាលពី​ថ្ងៃទី០៥​ ​ខែសីហា​ ​ឆ្នាំ២០១៩។​ ​(​អូន​ ​ឆេង​ប៉រ​/​VOA​)

គេ​បាន​ប៉ាន់ប្រមាណ​ថា​ ​ការ​ធ្វើទុក្ខ​បុកម្នេញ​ ​ការ​បង្អត់អាហារ​ ​ការ​បង្ខំ​ឱ្យធ្វើ​ការ​លើស​កម្លាំង​ ​និង​ការសម្លាប់រង្គាល​ប្រហារជីវិត​ ​បាន​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ ​១,៧​លាន​នាក់​ ​បាន​ស្លាប់​បាត់បង់ជីវិត​ ​អំឡុង​ការ​កាន់អំណាច​របស់​ខ្មែរក្រហម​ពីឆ្នាំ១៩៧៥​ ​ដល់​ដើមឆ្នាំ១៩៧៩​។​

សាលាក្ដី​ខ្មែរក្រហម​បាន​ប្រកាស​ពី​ការ​ស្លាប់​របស់​ ​លោក​ ​នួន​ ​ជា​ ​កាលពី​ព្រលប់​ថ្ងៃអាទិត្យ​ ​ហើយ​ថា​សព​របស់​លោក​នឹង​ត្រូវ​ប្រគល់​យក​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​បែប​សាសនា​ ​នៅ​ខេត្ត​ប៉ៃលិន​។​ ​មិនទាន់​មានកាល​បរិច្ឆេទ​នៃ​ការ​គ្រោង​រំលាយ​ ​ឬ​បញ្ចុះសព​របស់​លោក​ថា​ធ្វើឡើង​នៅពេល​ណា​នោះ​ទេ​។​

ខណៈ​ដែល​សព​របស់​លោកនួន ជា ​និង​មេដឹកនាំ​ខ្មែរក្រហម​ដទៃទៀត​ ​លើកលែងតែ​ ​ប៉ុល​ ​ពត​ ​សុទ្ធតែ​បាន​ទទួលការ​រៀបចំ​ទុកដាក់​ ​និង​បញ្ជូន​បុណ្យ​កុសល​ត្រឹមត្រូវ​តាម​ប្រពៃណី​ ​បណ្ដា​អ្នករងគ្រោះ​ដែល​បាត់បង់ជីវិត​ក្នុង​របបគ្រប់គ្រង​របស់​រដ្ឋការ​ខ្មែរក្រហម​ ​មិនបាន​បញ្ចុះ​ ​និង​ធ្វើបុណ្យ​អ្វី​ត្រឹមត្រូវ​ទេ​។​

ជាក់ស្ដែង​នៅក្នុង​សង្កាត់​គោកចក​ ​ក្រុង​សៀមរាប​ ​វត្ត​ទេព​ពោធិ​វង្ស​ ​ហៅ​វត្ត​ថ្មី​ ​ត្រូវ​បាន​គេ​ដឹង​ថា​ជាទី​តាំង​ប្រហារជីវិត​ប្រជាជន​ដែល​ដឹក​មក​ពី​តំបន់​ផ្សេង​ៗ​ក្នុង​ខេត្តសៀមរាប​ ​មក​ប្រល័យជីវិត​ ​និង​កប់​គរ​ជើង​គ្នា​ក្នុង​បណ្ដា​រណ្ដៅ​សាកសព​រួម​។​ ​បច្ចុប្បន្ន​ទីតាំង​នេះ​ ​ត្រូវ​បាន​រៀបចំ​ជា​បូជនីយដ្ឋាន​មួយ​ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ ​ដែល​ឆ្អឹង​សាកសព​មួយចំនួន​ដែល​ត្រូវ​បាន​គេ​កាយ​បាន​ ​ត្រូវ​បាន​រៀបចំ​ដាក់​ក្នុង​ស្តូប​មួយ​ស្ថិត​ក្នុង​បរិវេណ​វត្ត​នេះ​។​

ព្រះភិក្ខុ​ ​ឡាត់​ ​ឡន​ ​ផ្ដល់​បទ​សម្ភាស​ដល់VOA​ ​នៅ​វត្ត​ទេព​ពោធិ​វង្ស​ ​សង្កាត់​គោកចក​ ​ក្រុង​សៀមរាប​ ​កាលពី​ថ្ងៃទី០៥​ ​ខែសីហា​ ​ឆ្នាំ២០១៩​។​ ​(អូន​ ​ឆេង​ប៉រ​/​VOA)
ព្រះភិក្ខុ​ ​ឡាត់​ ​ឡន​ ​ផ្ដល់​បទ​សម្ភាស​ដល់VOA​ ​នៅ​វត្ត​ទេព​ពោធិ​វង្ស​ ​សង្កាត់​គោកចក​ ​ក្រុង​សៀមរាប​ ​កាលពី​ថ្ងៃទី០៥​ ​ខែសីហា​ ​ឆ្នាំ២០១៩​។​ ​(អូន​ ​ឆេង​ប៉រ​/​VOA)

ព្រះភិក្ខុ​ ​ឡាត់​ ​ឡន​ ​ព្រះជន្ម៧៣ព្រះវស្សា​ ​និង​ដែល​បាន​មក​សាងផ្នួស​នៅ​វត្ត​ខាងលើ​កាលពី​បួន​ឆ្នាំមុន​ ​ដ្បិតអី​ព្រះ​តេជគុណ​នៅ​នឹក​រឭក​ ​និង​ចង់​បង្សុកូល​សន្សំ​បុណ្យ​កុសល​ ​ជូន​ដល់​សហការី​នៅ​បណ្ដា​ជំរុំ​ការងារ​ក្នុង​ស្រុក​ស្ទោង​ ​ខេត្តកំពង់ធំ​ ​និង​ស្រុក​ជីក្រែង​ ​ខេត្តសៀមរាប​ ​ដែល​ព្រះភិក្ខុ​អង្គ​នេះ​ជឿ​ថា​ ​ត្រូវ​បាន​ប្រមូល​មក​សម្លាប់​នៅ​ទីនេះ​។​

អំឡុង​ពេល​ទទួល​ដំណឹង​ពី​មរណភាព​ ​លោក​ ​នួន​ ​ជា​ ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ព្រះភិក្ខុ​ ​ឡាត់​ ​ឡន​ ​បាន​មាន​ថេរ​ដីកា​ថា​៖​

«ងាប់​(​ស្លាប់​)​តែ​មនុស្ស​ប៉ុណ្ណឹង​ឯង​ ​ដូច​ថា​ឈ្មោះ​សំឡេង​គឺ​នៅតែ​មាន​ ​ដក់​នៅតែ​ក្នុង​ដើមទ្រូង​ ​និង​នៅតែ​ក្នុងចិត្ត​ ​ទោះបីជា​នរណា​ក៏​មិន​បំភ្លេច​ ​ក៏​មិន​ស្ងប់​ ​បើ​យើង​កម្សត់​កំរ​។​ ​អ្នក​ដែល​ធ្វើទុក្ខទោស​ឱ្យ​ប្រជាជន​ក៏​ប្រជាជន​កាត់ទោស​។​ ​ប្រជាជន​សមតែ​បាន​ស្ងប់​ ​បាន​សុខ​ ​បាន​សប្បាយ​»​។​

លោក​ ​នួន​ ​ជា​ ​ធ្លាប់​បាន​ប្រាប់​អ្នកសារព័ត៌មាន​មុន​ពេល​ចាប់ខ្លួន​នៅ​ឆ្នាំ២០០៧​ ​និង​បន្ត​និយាយ​ទៀត​ក្នុង​សក្ខីកម្ម​ផ្ដល់​ជូន​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​(អ.វ.ត.ក​.​)​ ​អំឡុង​ពេល​លោក​នៅ​មាន​ជីវិត​ថា​ ​រូបលោក​ ​និង​បណ្ដា​អ្នកដឹកនាំ​បក្ស​កុម្មុយ​និ​ស្ដ​កម្ពុជា​ដទៃទៀត​ ​មិនបាន​ដឹង ឮ​ ថា​មានការ​អនុវត្ត​ការ​សម្លាប់​នៅ​ថ្នាក់ក្រោម​ឡើយ​។​

តែ​ព្រះ​តេជគុណ​ ​ឡាត់​ ​ឡន​ ​បាន​មាន​ថេរ​ដីកា​លើ​ចំណុច​នេះ​ ​ប្រាប់VOAថា​៖​

«ធ្វើការ​ក្នុង​រដ្ឋបាល​ទាំងអស់​ ​ត្រូវតែ​ទទួលខុសត្រូវ​ ​ប្រជាជន​គេ​ដឹង​ ​ដល់​ថ្នាក់​រដ្ឋមន្ត្រី​ហើយ​ ​ប្រជាជន​គេ​ដឹង​ ​លំបាក​ពីណា​បង្រៀន​សូត្រ​គេ​ដឹង​ ​នៅក្នុងចំណោម​មន្ត្រី​ទាំងអស់​ ​គេ​ដឹង​ថា​ឯង​ចូលរួម​កាប់សម្លាប់​ ​បើ​មិន​ចឹង​ស្មាន​តែ​អស់​ប្រជាជន​រាប់​លាន​ហ្អេស​?​ ​ឆ្លើយ​ដោះ​សារ​រួចពី​ប្រជាជន​»​។​

ព្រះភិក្ខុ​អង្គ​នេះ​បាន​បន្ថែម​ថា​ ​ទោះបី​ ​នួន​ ​ជា​ ​និង​មេដឹកនាំ​ដទៃទៀត​ ​ត្រូវ​បាន​កាត់ទោស​ ​និង​បាន​បាត់បង់ជីវិត​ដោយ​ជរាពាធ​ជាបន្តបន្ទាប់​ ​ព្រលឹង​អ្នក​ស្លាប់​ ​និង​អ្ន​ក​រស់​រាន​មានជីវិត​ពី​ការ​កាប់សម្លាប់​ក្នុង​របប​នេះ​នឹង​មិន​អាច​មាន​ថ្ងៃ​ស្ងប់ចិត្ត​ឡើយ។​

«អត់​ស្ងប់​ទេ​!​ ​គាត់​មិន​ស្ងប់​ទេ​!​ ​គាត់​ស្ដាយស្រណោះ​កូនចៅ​គាត់​ ​ធ្វើ​ម្ដេច​ព្រលឹង​គាត់​ស្ងប់​?​ ​តាម​ធម៌ព្រះ​មក​ ​ប្រជាជនទូទៅ​គេ​នឹក​កូនចៅ​គេ​ ​គេ​មិនទាន់​ស្ងប់​ ​ព្រោះ​កូនចៅ​គេ​ ​យក​ម៉ែឪ​គេ​មក​សម្លាប់​ច្រើន​ ​រាប់​រយ​ ​រាប់ពាន់​ ​នាក់​ ​ធ្វើ​ម៉េច​គេ​ស្ងប់​!​?​»​។​

អ្នកស្រី​ ​ស៊ុន​ ​ស៊ី​ថា​ ​ប្រជាជន​សង្កាត់​នគរធំ​ ​ក្រុង​សៀមរាប​ ​ផ្ដល់​បទ​សម្ភាស​ដល់VOA​ ​កាលពី​ថ្ងៃទី០៥​ ​ខែសីហា​ ​ឆ្នាំ២០១៩។​ ​(អូន​ ​ឆេង​ប៉រ​/​VOA)
អ្នកស្រី​ ​ស៊ុន​ ​ស៊ី​ថា​ ​ប្រជាជន​សង្កាត់​នគរធំ​ ​ក្រុង​សៀមរាប​ ​ផ្ដល់​បទ​សម្ភាស​ដល់VOA​ ​កាលពី​ថ្ងៃទី០៥​ ​ខែសីហា​ ​ឆ្នាំ២០១៩។​ ​(អូន​ ​ឆេង​ប៉រ​/​VOA)

អ្នកស្រី​ ​ស៊ុន​ ​ស៊ី​ថា​ ​មាន​លោកឪពុក​ដែល​ជា​អតីត​ទាហាន​បម្រើការ​ឱ្យ​របប​សាធារណរដ្ឋ​ខ្មែរ​ ​និង​បងប្អូន​បី​នាក់​ផ្សេងទៀត​ដែល​បាត់បង់ជីវិត​អំឡុង​របប​ខ្មែរក្រហម​ ​អំឡុង​ពេល​ត្រូវ​បាន​ជម្លៀ​សទៅ​រស់នៅ​តំបន់​កំពង់ក្ដី​ ​ខេត្តសៀមរាប​។​

នៅពេល​ទទួល​ដំណឹង​ពី​ការ​ស្លាប់​របស់​លោក​ ​នួន​ ​ជា​ ​កាលពី​ព្រលប់​ថ្ងៃអាទិត្យ​ ​ស្រី្ត​វ័យ៥៨ឆ្នាំ​រូប​នេះ​ ​បាន​នឹក​រឭក​មុនគេ​ដល់​លោកឪពុក​ ​និង​បងប្អូន​បង្កើត​ដែល​បាន​ស្លាប់​។​

«[នួន​ ​ជា​]​គាត់​ប៉ុណ្ណេះ​ ​ដូច​ថា​គាត់​[​ស្លាប់​]​ដូច​គេ​ ​ប៉ុន្តែ​គាត់​ធ្វើ​ឱ្យ​គេ​ឈឺចាប់​ជាង​គាត់​ទៅទៀត​ ​ដែល​គាត់​ធ្វើ​ណា​ ​ឈឺ​ដូចជា​ពុក​ម្ដាយ​គេ​ព្រាត់​ប្រាស់​ច្រើន​ ​ដែល​ត្រូវតែ​គាត់​ ​ចំពោះតែ​បុគ្គល​គាត់​តែ​ប៉ុន្មាន​នាក់​អាច​ធ្វើ​ឱ្យ​គេ​បាត់បង់​ច្រើន​។​ ​បុគ្គល​គាត់​តិច​ ​ប៉ុន្តែ​ធ្វើ​ឱ្យ​យើង​រងគ្រោះ​ច្រើន​ ​ណា​អូន​!​»​។​

និយាយ​បណ្ដើរ​យក​ក្រមា​ជូត​ទឹកភ្នែក​បណ្ដើរ​ ​ស្ត្រី​ដែល​មាន​ទីលំនៅ​ក្នុង​សង្កាត់​នគរធំ​ ​ក្រុង​សៀមរាប​រូប​នេះ​ ​បាន​ប្រាប់ VOA ថា​ ​ការ​កាត់ទោស​លោក​ ​នួន​ ​ជា​ ​និង​រហូតមកដល់​មរណកាល​របស់​លោក​នេះ​ ​បាន​នាំ​ឱ្យ​អ្នកស្រី​ស្ងប់ចិត្ត​។​

«ការបាត់បង់​របស់​គាត់​សមស្រប​ ​សមនឹង​ច្បាប់​ដែលគេ​ធ្វើ​ឱ្យ​ល្អ​នឹង​ ​ចំពោះមុខ​ប្រជាជន​ទាំងអស់គ្នា​ហ្នឹង​ ​ចាស៎!​»។​

អ្នកស្រី​ ​យុទ្ធ​ ​គន្ធា​ ​ប្រជាជន​សង្កាត់​នគរធំ​ ​ក្រុង​សៀមរាប​ ​ផ្ដល់​បទ​សម្ភាស​ដល់ VOA​ ​កាលពី​ថ្ងៃទី០៥​ ​ខែសីហា​ ​ឆ្នាំ២០១៩។​ ​(អូន​ ​ឆេង​ប៉រ​/​VOA)
អ្នកស្រី​ ​យុទ្ធ​ ​គន្ធា​ ​ប្រជាជន​សង្កាត់​នគរធំ​ ​ក្រុង​សៀមរាប​ ​ផ្ដល់​បទ​សម្ភាស​ដល់ VOA​ ​កាលពី​ថ្ងៃទី០៥​ ​ខែសីហា​ ​ឆ្នាំ២០១៩។​ ​(អូន​ ​ឆេង​ប៉រ​/​VOA)

កូន​ម្នាក់​ក្នុងចំណោម​កូន​ទាំង១១នាក់​របស់​អ្នកស្រី​ ​ស៊ុន​ ​ស៊ី​ថា​ ​គឺ​អ្នកស្រី​ ​យុទ្ធ​ ​គន្ធា​ ​អាយុ២៥ឆ្នាំ​ ​មិនបាន​កើត​ទាន់​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទេ​ ​តែ​បាន​លើកឡើង​ថា​អ្នកស្រី​បាន​ស្គាល់​លោក​ ​នួន​ ​ជា​ ​ថា​ជា​មេដឹកនាំ​ខ្មែរក្រហម​ ​តាមរយៈ​ការសិក្សា​រៀនសូត្រ​នៅ​សាលា​។​

ទោះបី​យល់ស្រប​ជាមួយ​ម្ដាយ​ថា​ ​ការណ៍​ដែល​ ​នួន​ ​ជា​ ​និង​អតីតប្រធាន​រដ្ឋ​ ​ខៀវ​ ​សំ​ផន​ ​ត្រូវ​បាន​កាត់ទោស​ជាប់ពន្ធ​នា​គារ​អស់មួយជីវិត​ ​ជា​ប្រការ​មួយ​រក​យុត្តិធម៌​សម្រាប់​អ្នករងគ្រោះ​ ​អ្នកស្រី​ ​យុទ្ធ​ ​គន្ធា​ ​មិន​ជឿ​ឡើយ​ថា​ ​មរណភាព​ ​និង​ការ​កាត់ទោស​នេះ​នឹង​ធ្វើ​ឱ្យ​មនុស្ស​គ្រប់គ្នា​បាន​ស្ងប់ចិត្ត​។​

«ដូច​អត់​ស្ងប់ចិត្ត​ទេ​!​ ​ព្រោះអី​បាត់បង់​ខ្មែរ​អស់​ច្រើន​ទៀត​!​ ​.​.​.​ ​អារម្មណ៍​ធម្មតា​អត់​សោកស្ដាយ​ទេ​ ​ព្រោះ​[​លោក​ ​នួន​ ​ជា​]​ ​ធ្វើ​ឱ្យ​ខ្មែរ​រាប់​ម៉ឺន​ ​រាប់​សែន​ ​ស្លាប់​ ​ឈឺចាប់​ ​បែកបាក់​គ្រួសារ​ ​បាត់បង់​ខ្មែ​រល្អៗ​ជាច្រើន​»​។​ ​

ឈរ​ផ្ដល់​បទ​សម្ភាស​ផង​ ​និង​ពរ​កូនស្រី​តូច​នៅនឹង​ចង្កេះ​ផង​ ​អ្នកស្រី​ ​យុទ្ធ​ ​គន្ធា​ ​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​បន្ត​និទាន​ទូន្មាន​រឿងរ៉ាវ​ខ្មែរក្រហម​ដល់​កូនប្រុស​ស្រី​ ​និង​ជំនាន់​ក្រោយ​ ​ដូចដែល​អ្នកស្រី​ ​ស៊ុន​ ​ស៊ី​ថា​ ​ជា​ម្ដាយ​បាន​ធ្លាប់​និទាន​ប្រាប់​អ្នកស្រី​ជា​កូន​ដូច្នេះ​ដែរ​។​

លោក​ ​ចាន់​ ​សុខ​ ​ប្រជាពលរដ្ឋ​ឃុំ​ព្រះ​ដា​ក​ ​ស្រុក​បន្ទាយស្រី​ ​ខេត្តសៀមរាប​ ​ផ្ដល់​បទ​សម្ភាស​ដល់VOA​ ​កាលពី​ថ្ងៃទី០៥​ ​ខែសីហា​ ​ឆ្នាំ២០១៩។​ (អូន​ ​ឆេង​ប៉រ/VOA)​
លោក​ ​ចាន់​ ​សុខ​ ​ប្រជាពលរដ្ឋ​ឃុំ​ព្រះ​ដា​ក​ ​ស្រុក​បន្ទាយស្រី​ ​ខេត្តសៀមរាប​ ​ផ្ដល់​បទ​សម្ភាស​ដល់VOA​ ​កាលពី​ថ្ងៃទី០៥​ ​ខែសីហា​ ​ឆ្នាំ២០១៩។​ (អូន​ ​ឆេង​ប៉រ/VOA)​

នៅ​ឃុំ​ព្រះ​ដា​ក​ ​ស្រុក​បន្ទាយស្រី​ដែល​នៅ​ក្បែរ​នោះ​ ​លោក​ ​ចាន់​ ​សុខ​ ​អាយុ៥០ឆ្នាំ​ ​ជា​អ្នក​រត់​ម៉ូតូឌុប​ ​បាន​រំឭក​ថា​ ​ក្នុង​វ័យ​កុមារ​ ​លោក​ត្រូវ​បាន​ខ្មែរក្រហម​ដែល​ជម្លៀសរូប​លោក​ ​និង​ក្រុម​គ្រួសារ​ទៅ​រស់នៅ​សហករណ៍​ក្នុង​ស្រុក​ជីក្រែង​។​ ​

ការ​ហូប​មិន​គ្រប់​ ​និង​ការ​បង្ខំ​ឱ្យធ្វើ​ការ​ ​បាន​នាំ​ឱ្យ​រូបលោក​លួច​យក​កសិផល​រួម​ដើម្បី​បរិភោគ​បន្តជីវិត​រស់នៅ​មកដល់​សព្វថ្ងៃ​។​ ​លោក​ថា​ ​ការ​កាត់ទោស​ជាប់ពន្ធ​នា​គារ​ ​និង​មរណភាព​របស់​លោក​ ​នួន​ ​ជា​ ​នាំ​ឱ្យ​ស្ងប់ចិត្ត​ហើយ​។​ ​លោក​ ​ចាន់​ ​សុខ​ ​ដែល​លើកឡើង​ថា​លោក​មិនសូវ​មាន​ចំណាប់​អារម្មណ៍​ ​រវីរវល់​ពេក​នឹង​ដំណើរការ​កាត់ក្ដី​ខ្មែរក្រហម​។​

«បើសិនជា​គាត់​ហ្នឹង​ធ្វើល្អ​ ​ឱ្យ​គាត់​ចែកឋាន​ទៅមុខ​ទៀត​ទៅ​ ​ឱ្យ​គាត់​ល្អ​ទៅណា​ ​បើ​ថា​គាត់​អាក្រក់​ទៅ​ ​ធ្វើ​ម៉េច​?​ ​តាម​នោះ​ទៅ​ទៀ​ត​ហ្អា​!​»​។​

លោក​ ​នួន​ ​ជា​ ​ត្រូវ​បាន​កាត់ទោស​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​។​ ​លោក​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ឆ្នាំ២០០៧​ ​នៅ​គេហដ្ឋាន​របស់​លោក​ ​ក្នុង​តំបន់​ផ្សារ​ព្រំ​ ​ស្រុក​សាលាក្រៅ​ ​ខេត្ត​ប៉ៃលិន​ ​ទី​ដែល​លោក​រស់នៅ​ជាមួយ​ភរិយា​តាំងពី​ចូលខ្លួន​ទម្លាក់អាវុធ​នឹង​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​កាលពី​ចុង​ឆ្នាំ​១៩៩៨​មក៕

XS
SM
MD
LG