ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កីឡាករ​លោតទឹក​អាមេរិកាំង​ដើម​កំណើត​ខ្មែរ Jordan Pisey Windle នឹង​ប្រកួត​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍


លោក Jordan Pisey Windle អាយុ​ ២២​ឆ្នាំ ​អត្តពលិក​អូឡាំពិក​លោតទឹក​​អាមេរិក​ដើម​កំណើត​ខ្មែរ នឹងប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​សម្រាប់​វិញ្ញាសា​លោតទឹក​ផ្នែក​បុរស​ កម្ពស់​ ១០ម៉ែត្រ ក្នុងការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ។ (រូបថត៖ Jordan Pisey Windle)

នៅ​ក្នុង​ការ​ប្រកួត​នា​ថ្ងៃ​សុក្រ​នេះ អត្តពលិក​អូឡាំពិក​លោតទឹកអាមេរិក​ដើម​កំណើត​ខ្មែរ លោក Jordan Pisey Windle បាន​ទៅ​ប្រកួត​ក្នុង​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​សម្រាប់​វិញ្ញាសា​លោតទឹក​ផ្នែក​បុរស​កម្ពស់​ ១០ម៉ែត្រ។

ក្នុង​ការ​ប្រកួតកីឡា​លោត​ទឹក​៦ក្បាច់ លោក Jordan បាន​ប្រជែង​ជាមួយ​កីឡាករ​ ២៨ នាក់​ផ្សេង​ទៀត មក​ពី​ប្រទេស​ចំនួន ១៧ ដោយ​បានពិន្ទុ​សរុប ៣៩០.០៥ ដោយ​ធ្វើ​ឲ្យ​លោក​ជាប់​លំដាប់​ថ្នាក់​លេខ ១៥ ក្នុង​ចំណោម​កីឡាករ​ ១៨​នាក់ ដែល​អាច​ប្រកួត​ក្នុង​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។

ក្នុង​ចំណោម​ការ​លោត​ទឹក ៦ក្បាច់​ទាំង​នោះ លោក Jordan បាន​ទទួល​ពិន្ទុ​ល្អ​ប្រសើរ​គឺ ៨១.៦០ និង ៨២.៨០ សម្រាប់​ការ​ប្រកួត​ថ្ងៃ​នេះ​របស់​លោក នៅ​ពេល​លោក​បាន​លោត​ទឹក​ក្បាច់​ទី ៥ និង​ទី ៦ ជា​ក្បាច់​លោត​បង្វិល​ខ្លួន ​៣៦០ដឺក្រេ​ បែប​បកក្រោយ។

ក្នុងវគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​សម្រាប់​វិញ្ញាសា​លោតទឹក​ផ្នែក​បុរស​កម្ពស់​ ១០ម៉ែត្រ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ លោក Jordan Pisey Windle កី​ឡាករ​លោត​ទឹក​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​អាយុ ២២​ ឆ្នាំរូប​នេះ នឹង​ត្រូវប្រឈម​នឹង​កីឡាករ​ឆ្នើមៗ​ដទៃ​ទៀត ដើម្បីបាន​ពិន្ទុ​ខ្ពស់​មួយ​ដែល​អនុញ្ញាត​ឲ្យ​លោក​អាច​ចូល​ប្រកួត​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ៕

XS
SM
MD
LG