ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ស៊ុត ឌីណា ត្រូវ​ឃុំ​ខ្លួន​ក្រោយ​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​លុយ​៣លាន​ដុល្លារ


លោក​ ឱម​ យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ការប្រកាន់​លើ​លោក​ ស៊ុត​ ឌីណា​ ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េ​ខាង​ត្បូង​ ថា​បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ នៅ​ថ្ងៃ​ទី​៧ ខែ​មេសា​ ឆ្នាំ​២០១៦។​ (នៅ​ វណ្ណារិន/VOA
លោក​ ឱម​ យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ការប្រកាន់​លើ​លោក​ ស៊ុត​ ឌីណា​ ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េ​ខាង​ត្បូង​ ថា​បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ នៅ​ថ្ងៃ​ទី​៧ ខែ​មេសា​ ឆ្នាំ​២០១៦។​ (នៅ​ វណ្ណារិន/VOA

អង្គភាព​ប្រឆំាង​អំពើ​ពុក​រលួយ​អះអាង​ថា លោក​ ស៊ុត ឌីណា បាន​លាក់​លុយ​ជាង​៧លាន​ដុល្លារ​អាមេរិក និង​វត្ថុ​មាន​តម្លៃ​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​សង្ស័យ​ថា​បាន​មក​ពី​អំពើ​ពុក​រលួយ​នា​ប្រទេស​កូរ៉េ​ខាង​ត្បូង​នោះ។

អតីត​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​លោក​ ស៊ុត ឌីណា​ ត្រូវ​បាន​តុលាការ​ចោទ ​និង​ឃុំ​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ។ ​អង្គភាព​ប្រឆំាង​អំពើ​ពុក​រលួយ​អះអាង​ថា លោក​ ស៊ុត ឌីណា បាន​លាក់​លុយ​ជាង​៧លាន​ដុល្លារ​អាមេរិក និង​វត្ថុ​មាន​តម្លៃ​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​សង្ស័យ​ថា​បាន​មក​ពី​អំពើ​ពុក​រលួយ​នា​ប្រទេស​កូរ៉េ​ខាង​ត្បូង​នោះ។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​លើ​លោក​ ស៊ុត ឌីណា​ អំពី​ការ​«រំលោភ​អំណាច​ដោយ​មាន​លទ្ធផល» និង​«ការ​កេង​យក​ផល​ប្រយោជន៍​ដោយ​ខុស​ច្បាប់»។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ប្រធាន​អង្គភាព​ប្រឆំាង​អំពើ​ពុក​រលួយ​លោក ឱម យ៉ិនទៀង។

ក្នុង​សន្និសីទ​សារព័ត៌មាន​ពិសេស​មួយ​ក្រោយ​ពេល​តុលាការ​ចោទ​ប្រកាន់​លោក​ ស៊ុត ឌីណា​ រួច​មក លោក ​ឱម យ៉ិនទៀង​ ថ្លែង​ទៅ​កាន់​អ្នក​សារព័តមាន​នៅ​ទី​ស្តី​ការ​អង្គភាព​ប្រឆំាង​អំពើ​ពុក​រលួយ ដោយ​បាន​អះអាង​ថា​ អង្គភាព​របស់​លោក​មាន​ភស្តុតាង​គ្រប់​គ្រាន់​អំពី​បទល្មើស​ធំៗ​ពីរ ​ដែល​តុលាការ​ទើប​តែ​ចោទ​ជា​ផ្លូវការ​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ។

លោក​ថា ​អង្គភាព​ប្រឆំាង​អំពើ​ពុក​រលួយ​បាន​រក​ឃើញ​ថា​ លោក ​ស៊ុត ឌីណា​ មាន​លុយ​សុទ្ធ​ប្រមាណ​ជាង​៧លាន​ដុល្លាររ​អាមេរិក មាន​មាស​សុទ្ធ​ចំនួន​៣៣៩​តម្លឹង និង​រួម​ទាំង​គ្រឿង​អលង្គារ​មួយ​ចំនួន​ទៀត​ ដែល​ទុក​នៅ​ប្រទេស​កូរ៉េ។ នៅ​ក្នុង​នោះ​ សាច់​ប្រាក់​សុទ្ធ​ជាង​៧លាន​ដុល្លារ សាច់​ប្រាក់​«កំណើន​៣​លាន​ដុល្លារ» ​ដោយ​មិន​ប្រក្រតី​ក្នុង​ពេល​រយៈពេល​ត្រឹម​២៥ខែ​ អំឡុង​ពេល​លោក​ ស៊ុត ឌីណា​ កាន់​តំណែង។

​ការ​ឃាត់​ខ្លួន​ និង​បញ្ចូន​ទៅ​តុលាការ​នេះ​គឺ​ធ្វើ​ឡើង ក្រោយ​ពេល​ការ​ស៊ើប​អង្កេត​របស់​ ACU អស់​រយៈពេល​ជាង១ឆ្នាំ តាម​ពាក្យ​បណ្តឹង​របស់​ពលករ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ និង​មន្ត្រី​នៃ​ក្រសួង​ការបទេស​ក្នុង​កម្ពុជា។

លោក ​ឱម យ៉ិនទៀង ថ្លែង​ថា៖ ​«[ក្នុង]​៤៨​ម៉ោង​នេះ សូម​ជម្រាប​ថា យើង​បាន​បញ្ជូន​ទៅ​តុលាការ​ជាមួយ​ខ្លួន​មនុស្ស​នូវ​ពីរ​បទល្មើស​មុន។ ហើយ​តុលាការ​បាន​ទទួល​ហើយ ឃើញ​ជាក់ស្តែង​ ឃើញ​ភស្តុតាង ស្តាប់​សួរ​ចម្លើយ លោក ស៊ុត ឌីណា ព្រឹក​មិញ​ក៏​ទទួល​ធ្វើ​ការ​ចោទ​ប្រកាន់​ បញ្ជូន​ខ្លួន​ទៅ​ដល់​ម១​ហើយ តាម​យើង​ខ្ញុំ​ដឹង‍»។​

លោក​បន្ត​ថា៖​«អញ្ចឹង​ទី១​ សូម​ជម្រាប​ថា យើង​បាន​សុំ​ឲ្យ​ទៅ​តុលាការ​ចោទ​ប្រកាន់​គាត់​អំពី​បទល្មើស​ ដែល​គាត់​បាន​ប្រព្រឹត្ត​ដោយ​យើង​យក​ភស្តុតាង​ពីរ​រឹងមាំ ​ហើយ​អំពី​ការ​កេង​យក​ផល​ប្រយោជន៍​ដោយ​ខុស​ច្បាប់។ ទី​២ យើង​បាន​ប្រមូល​ភស្តុតាង​ ហើយ​បាន​សុំ​ឲ្យ​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​អំពី​បទល្មើស​រំលោភ​អំណាច​ដោយ​មាន​ប្រសិទ្ធភាព​ទៀត»។​

លោក ឱម យ៉ិនទៀង ពន្យល់​ថា ​ការ​ចោទ​គឺ​ដោយ​សារ​តែ​លោក ឌីណា​ កិបកេង​លុយ​ពី​ការ​លក់​តែម VISA (ទិដ្ឋាការ) ​កម្ពុជា​រាប់​សិប​ម៉ឺន​ដុល្លារ ​ការ​ចាយ​វាយ​ខុស​គោលការណ៍ និង​ការ​កេង​ទុក​លុយ​រដ្ឋ​ដែល​សរុប​មាន​ជាង​១០ម៉ឺន​ដុល្លារ​អាមេរិក។

ចំពោះ​ការ​ចោទ​ទី២​លើ​ការ​«រំលោភ​អំណាច​ដោយ​មាន​លទ្ធផល»​លោក​ ឱម យ៉ិនទៀង​ ថា​ លោក ​ស៊ុត ឌីណា​ បាន​ប្រើ​អំណាច​ខ្លួន​ ដើម្បី​កិបកេង​ និង​យក​ផល​ចំណេញ​ពី​ប្រាក់​សំណង​ដល់​គ្រួសារ​សព ពលករ​ខ្មែរ​ដែល​រងគ្រោះថ្នាក់​នានា​ក្នុង​ប្រទេស​កូរ៉េ ដែល​រួម​មាន​ប្រហែល​ជាង​២៨នាក់។​

​លោក ​ស៊ុត ​ឌីណា ​អតីត​មន្ត្រី​គណ​បក្សហ្វ៊ុស៊ិនប៉ិច​ ដែល​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​តែង​តាំង​ជា​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤។​ លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ដើម​សប្តាហ៍​នេះ ខណៈ​ពេល​ដែល​លោក​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា។​

ក្រោយ​ពី​ការ​ចាប់​ខ្លួន​របស់​លោក​ ស៊ុត ឌីណា មាន​ការ​បង្ហោះ​ហ្វេសប៊ុក​រិះគន់​អង្គភាព​ប្រឆំាង​អំពើ​ពុក​រលួយ​ ដោយ​ចោទ​ថា​ ចាប់​ខ្លួន​មន្ត្រី​ល្អ​ ដែល​មិន​សូវ​មាន​ទ្រព្យ​ធន​នោះ​ទេ។ ស្រប​គ្នា​នោះ​ដែរ ​ឪពុក​ជរា​របស់​លោក​ ស៊ុត ឌីណា​ ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ជួយ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ក្នុង​ការ​ជួយ​ដោះ​លែង​កូន​ប្រុស​របស់​លោក​ផងដែរ។​

​ទាក់​ទិន​នឹង​ការ​រិះគន់​លើ​អង្គភាព​ខ្លួន ​លោក ឱម យ៉ិនទៀង​ ថ្លែង​ថា៖​«យប់​មិញ​(ថ្ងៃ​ពុធ) ​យើង​ខ្ញុំ​បើក​ឲ្យ​បង​ប្អូន​គាត់​មក​ទៀត គាត់​មក​ប្រាំ ប្រាំមួយ​នាក់។ ក្នុង​នោះ​សុទ្ធ​តែ​ជា​អ្នក​មេ​មេ Facebook អ្នក​មេ​បញ្ជា​ក្រុម​ Facebook មក។ ឮ​យើង​ខ្ញុំ​និយាយ​រឿង​១១​ម៉ឺន​ហ្នឹង ម៉ោង​៧ (ម៉ោង)៨​ភ្លឺ​ គាត់​ចាប់​ផ្តើម​បុក​ផាំង​មក​ហើយ​ តាម​បញ្ជា ​គាត់​បញ្ជា​ពី​នេះ​ទៅ។ មិត្តភក្តិ​របស់​គាត់ គាត់​អត់​ដឹង​ថា ​យើង​អត់​ដឹង​រឿង​ហ្នឹង​អ្វី​ទាំង​អស់។ នៅ​ពេល​ក្នុង​សារ​របស់​គាត់​ជូន​មក​សម្តេច​ ហ៊ុន សែន ឲ្យ​ជួយ​រក​យុត្តិធម៌​របស់​គាត់ ក៏​គាត់​និយាយ​ដែរ​ថា​ ពីរ​ឆ្នាំ​ហ្នឹង​ គាត់​យក​លុយ​ហ្នឹង​១០​ម៉ឺន​ហ្នឹង​ បម្រើ​បក្ស​ប្រជាជន​ទៀត។ រឿង​បក្ស​មិន​បក្ស​ជា​រឿង​ផ្សេង សូម​ជម្រាប។ នេះ​ជា​ច្បាប់ នេះ​ជា​រដ្ឋ»។

លោក​បន្ត​ថា អង្គភាព​របស់​លោក​មាន​ភស្តុតាង​លើស​ពី​បទ​ចោទ​ទាំង​ពីរ​ករណី​នោះ ​ដែល​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ត​ទៀត។ ​ហើយ​អង្គភាព​លោក​ធ្វើ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​លោក​ ស៊ុត ឌីណា រួម​ទាំង​ផ្ទះ​វីឡា​ពីរ​កន្លែង នៅ​ក្រុង​ភ្នំពេញ ដីធ្លី​មួយ​ចំនួន​ផ្សេង​ទៀត​នា​ពេល​ខាង​មុខ។ លោក​ថា លុយ​សុទ្ធ​ចំនួន​៣លាន​ដុល្លារ​ដែល​ជា​កំណើន​ដ៏​ឆាប់​របស់​លោក​ ឌីណា ក៏​នឹង​ត្រូវ​រឹប​អូស​ផង​ដែរ​ នៅ​ពេល​បញ្ចប់​រឿង​ក្តី។

​លោក​ សន ជ័យ​ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ដែល​បាន​ចូលរួម​សន្និសីទ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ បាន​ប្រាប់ ​VOAថា ​ករណី​នេះ​វា​ហាក់​ដូច​ជា​«ចម្លែក»​ និង​អាច​មាន​«ចរិត​នយោបាយ» ​ដោយ​សារ​តែ​លោក​ ស៊ុត ឌីណា នេះ​គឺ​ជា​អតីតមន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ហើយ​នឹង​មិនមាន​ការ​ចុះ​សម្រុង​ជាមួយ​មន្ត្រី​នៅ​ក្នុង​ក្រសួង​ការបរទេស​នោះ។

លោក​បន្ត​ថា ស្រដៀង​នឹង​ករណី​លោក​ ស៊ុត ឌីណា​ ផង​ដែរ​ កាល​ពី​ឆ្នាំ​២០០៨​ លោក ​ណាន់​ ស៊ី​ ដែល​ជា​មន្ត្រី​ទូត​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​ទោស​ពី​បទ​«ការ​កេង​យក​ផល​ប្រយោជន៍​ដោយ​ខុស​ច្បាប់»​ចំពោះ​ការ​កេង​ថវិកា​ប្រមាណ​ជាង​៤០ម៉ឺន​ដុល្លារ​ពី​ការ​ជួសជុល​ស្ថានទូត​កម្ពុជា​នា​ប្រទេស​ប្រ៊ុយណេ​នោះ។

«បើ​ខ្ញុំ​មើល​ទៅ ខ្ញុំ​ចាំ​បាន​ លោក ណាន់ ស៊ី​ គាត់​ក៏​មាន​រឿង​បែប​ហ្នឹង​ដែរ ដែល​តុលាការ​ផ្តន្ទា​ទោស​គាត់​ ហើយ​គាត់​កំពុង​តែ​រត់​គេច​ខ្លួន។ ហើយ​ឥឡូវ​នេះ​មាន​រឿង​ដល់​លោក ស៊ុត ឌីណា ទៀត។ ខ្ញុំ​មើល​ឃើញ​ទិដ្ឋភាព​នេះ​ជា​ទិដ្ឋភាព​មួយ​ជុំវិញ​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​ ដែល​ចេញ​ពី​ក្រសួង​ការ​បរទេស ​ហើយ​ដែល​បាន​ទៅ​កាន់​ទូត​ហ្នឹង»។

លោក​បន្ត​ថា៖​«យើង​នៅ​មើល​ឃើញ​ទិដ្ឋភាព​មួយ​ទៀត​ គឺ​នៅ​ក្នុង​ផ្នត់​គំនិត ​និង​អារម្មណ៍​នៃ​អ្នក​គាំទ្រ​លោក​ ស៊ុត ឌីណា ក្តី អ្នក​រិះគន់​លោក​ ស៊ុត ឌីណា ក្តី ក៏​នៅ​តែ​មន្ទិល​លើ​បញ្ហា​ហ្នឹង​ថា ​ជា​បញ្ហា​នយោបាយ​ដែរ ព្រោះ​លោក​ ស៊ុត ឌីណា​ បាន​លើកឡើង​ច្រើន​អំពី​ការ​កាច់​កុង​ ការ​មិន​សូវ​ចុះ​សម្រុង​គ្នា​រវាង​មន្ត្រី​នៅ​ក្នុង​ក្រសួង​ការ​បរទេស​ហ្នឹង ហើយ​និង​ការ​អនុវត្ត​ការងារ​របស់​លោក ស៊ុត ឌីណា ហ្នឹង»។​

យ៉ាង​ណាក៏​ដោយ​លោក​ថា ​លោក​ ឱម យ៉ិនទៀង​ មិន​បាន​បកស្រាយ​ឲ្យ​ច្បាស់​លាស់​អំពី​ចម្ងល់​របស់​អ្នក​សារព័ត៌មាន ​ទាក់ទិន​នឹង​ប្រភព​កំណើន​សាច់​ប្រាក់​៣លាន​ដុល្លារ​ដែល​អង្គភាព​លោក​ចោទ​ថា ​អាច​ទាក់​ទិន​នឹង​អំពើ​ពុក​រលួយ​នោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក ​ស៊ុត ឌីណា​ គឺ​ជា​មន្ត្រី​នៃ​ក្រសួង​ការបរទេស​ទី២ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាក់​ទិន​នឹង​អពើ​ពុក​រលួយ​ក្នុង​រយៈពេល​មិន​ដល់​១សប្តាហ៍​ផង។​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​លោក ​អ៊ា សែ​ វ័យ៤២​ឆ្នាំ ​ប្រធាន​ការិយាល័យ​អូស្ត្រាលី​ នូវែលហ្សេឡង់ នៃ​ក្រសួង​ការបរទេស​ពី​បទ​«វីតិក្រម»​តាម​ក្រម​ព្រហ្មទណ្ឌ​ ក្រោយ​ពី​ជន​ជាប់​ចោទ​រូប​នេះ​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។​

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ ឱម យ៉ិនទៀង​ ក៏​បាន​បញ្ជាក់​ថា​ អង្គភាព​របស់​លោក​ក៏​កំពុង​តែ​«ធ្វើការ»​លើ​ករណី​ឯកសារ​សម្ងាត់​បែក​ធ្លាយ​ពី​ប្រទេស​ប៉ាណាម៉ា​ ដែល​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Panama Papers ​ដ៏​ល្បីល្បាយ ដែល​ឯកសារ​នោះ​ក៏​បង្ហាញឈ្មោះ​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កម្ពុជា​ផង​ដែរ៕

XS
SM
MD
LG