ប្រធានប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា មានមនុស្សកំពុងរត់ការ ជួយមន្ត្រីក្រសួងការបរទេសម្នាក់ ដែលជាប់ចោទពីបទប្រព្រឹត្តអំពើពុករលួយ។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់ VOA កាលពីថ្ងៃអាទិត្យថា លោក អ៊ា សែ ដែលត្រូវបានចោទប្រកាន់ពីបទវីតិក្រមនោះ កំពុងមាន «អ្នករត់ការ» ដើម្បីជួយជនជាប់ចោទរូបនេះ។
«យើងខ្ញុំគិតថា គាត់នេះមានខ្សែ មានបក្សពួកច្រើន កំពុងរត់ការជួយគាត់។ ដូច្នេះយើងខ្ញុំចាំមើលបន្តទៀតដែរបាទ»។
លោក ឱម យិនទៀង បន្តថា លោក អ៊ា សែ នៅមានរឿងរ៉ាវជាច្រើនទៀត ប៉ុន្តែ សម្រាប់ពេលនេះ អង្គភាពប្រឆាំងអំពើពុករលួយនឹងផ្ដោតតែទៅលើករណីពុករលួយនេះសិន។
«បាទ ខ្ញុំគិតថា គាត់នៅមានរឿងច្រើន។ ប៉ុន្តែយើងធ្វើតែមួយរឿងហ្នឹងសិនទេបាទ»។
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ លោក អ៊ា សែ វ័យ៤២ឆ្នាំ ដែលជាប្រធានការិយាល័យអូស្ត្រាលី នូវែលហ្សេឡង់ នៅនាយកដ្ឋានអាស៊ី២នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីបទ«វីតិក្រម»តាមក្រមព្រហ្មទណ្ឌ ក្រោយពីជនជាប់ចោទរូបនេះត្រូវបានឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ក្រោមការសង្ស័យថា លោកបានប្រព្រឹត្តអំពើពុករលួយ។ នេះបើយោងតាមការបញ្ជាក់ពីចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីជាន់ខ្ពស់នៃអង្គភាពប្រឆាំងអំពើពុករលួយ។
វីតិក្រមគឺជាអំពើរបស់អ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែល ១)ទាមទារ ឬទទួលជាសិទ្ធិជាពន្ធ ជាអាករ នូវចំនួនប្រាក់ដែលខ្លួនបានដឹង ថាមិនត្រូវបង់ ឬដែលលើសពីចំនួនដែលគេត្រូវបង់ និង ២)យល់ព្រមក្រោមរូបភាពណាមួយ និងដោយមូលហេតុណាមួយក៏ដោយ ធ្វើការលើកលែង ឬការលោះលាចំពោះការបង់ពន្ធ ឬអាករដែលខ្លួនដឹងថាខុសច្បាប់។ នេះបើយោងទៅតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
ប្រសិនបើមានទោស ជនជាប់ចោទរូបនេះនឹងត្រូវជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល។
លោក ឃី ឆៃ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់ VOA ថា តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់លោក អ៊ា សែ តែលោកសុំមិនធ្វើការអធិប្បាយបន្ថែម អំពីការចោទប្រកាន់នេះទេ ពីព្រោះសំណុំរឿងនេះកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ។
«ទេ កុំមកសួរអង្គហេតុ កំពុងតែសួរអញ្ចឹង ចាំមើលថ្ងៃច័ន្ទ»។
ក្រោយពីមានការឃាត់ខ្លួនជនសង្ស័យរូបនេះកាលពីថ្ងៃព្រហស្បតិ៍ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់មន្ត្រីនៅក្នុងក្រសួងការបរទេសនោះ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស បានចេញសេចក្ដីជូនដំណឹងដល់មន្ត្រីបម្រើការនៅក្នុងក្រសួងនេះ ឲ្យរក្សាភាពស្ងៀមស្ងាត់ ដោយលោកលើកឡើងថា ការចាប់ខ្លួននេះគឺត្រូវបានធ្វើឡើង ដោយសារមាន«ភស្តុតាងច្បាស់លាស់ អំពីការទទួលយកលុយពីក្រុមហ៊ុនបរទេស ដើម្បីប្រថាប់ត្រាបញ្ជាក់លើឯកសារ ដែលមិនពាក់ព័ន្ធនឹងក្រសួងការបរទេសទេ»។
VOA ពុំអាចទាក់ទងលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្នើសុំការអត្ថាធិប្បាយបន្ថែមបានទេ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ៕