ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បញ្ចប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា ខណៈ​គណបក្ស​ជំទាស់​ទទួល​បាន​អាសនៈ​មួយ​ចំនួន


មន្រ្តី​រៀបចំ​ការ​បោះឆ្នោត​បាន​ចាក់​សន្លឹក​ឆ្នោត​ដើម្បី​រាប់ក្រោយ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី៤ នៅ​មណ្ឌល​បោះឆ្នោត​វិទ្យាល័យ​ឬស្សីកែវ ខណ្ឌ​ឬស្សីកែវ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤។ (ស៊ឹម ចាន់សំណា/វីអូអេ)
មន្រ្តី​រៀបចំ​ការ​បោះឆ្នោត​បាន​ចាក់​សន្លឹក​ឆ្នោត​ដើម្បី​រាប់ក្រោយ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី៤ នៅ​មណ្ឌល​បោះឆ្នោត​វិទ្យាល័យ​ឬស្សីកែវ ខណ្ឌ​ឬស្សីកែវ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤។ (ស៊ឹម ចាន់សំណា/វីអូអេ)

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី៤ ឬ​ហៅ​ថា​ការ​បោះ​ឆ្នោត​ជ្រើស​រើសក្រុម​ប្រឹក្សា បាន​ចាប់​ផ្តើម​នា​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤។ គណបក្ស​ជំទាស់ គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​តំណាងឱ្យ​គណបក្ស​ភ្លើង​ទៀន ​ទទួល​បាន​អាសនៈ​មួយ​ចំនួន បន្ទាប់​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះ​លើស​លប់​ ក្នុង​ចំណោម​អាសនៈ​សរុប​៤២០០។​

អ្នក​ជាប់​ឆ្នោត​មក​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ​ នឹង​ធ្វើការ​ជាមួយ​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​អាណត្តិ​មុន ​មិន​មាន​វត្តមាន​គណបក្ស​ជំទាស់​ឡើយ។

លោក ស្រី ប៊ុនឃីន ចៅ​សង្កាត់​រង​ទី២​នៃ​សង្កាត់​ជ័យ​ជំនះ ​ក្នុង​ខណ្ឌដូនពេញ​នៃ​គណបក្ស​ភ្លើងទៀន​ បាន​ចូលរួម​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​នេះ។ លោក​ប្រាប់​វីអូអេ​ថា ​លោកចង់​ឃើញ​ក្រុមប្រឹក្សា​ខណ្ឌ​ជាប់ឆ្នោត​ដោយ​មកពី​ចម្រុះ​គណបក្ស ​អាច​ធ្វើ​ការងារ​រួមគ្នា​ ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ។

លោក​ថ្លែង​ថា៖​«ខ្ញុំចង់​ថា​បោះ​ឆ្នោតជ្រើស​រើស​តំណាង​ហ្នឹង ​ឱ្យ​តំណាង​ចេះ​ឯកភាព​គ្នាក្នុង​គោល​ការណ៍​ច្បាប់​ មិន​មែន​ប្រកាន់​បក្ខពួក​ថា​អា​នេះ បក្ស​នោះ​ អានោះ​បក្ស​នោះ​ អត់ទេ។ យើង​ខ្មែរតែមួយ​ឱ្យ​ចេះ​ដោះ​ស្រាយ​នូវ​រាល់​បញ្ហាអ្វីៗ​ជាមួយ​ប្រជា​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​ កុំ​ប្រកាន់​បក្ខ​ពួក។ ចង់​និយាយ​អ៊ីចឹង​ហ្ហា»។

លោក ស្រី ប៊ុនឃីន ចៅ​សង្កាត់​រង​ទី២​នៃ​សង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូនពេញនៃ​គណបក្ស​ឆន្ទៈខ្មែរ លើក​ដៃ​បង្ហាញ​ដៃ​ដែល​ជ្រលក់​ទឹក​ថ្នាំ​នៅ​មណ្ឌល​បោះឆ្នោត​វិទ្យាល័យ​ប៊ុនរ៉ានី​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
លោក ស្រី ប៊ុនឃីន ចៅ​សង្កាត់​រង​ទី២​នៃ​សង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូនពេញនៃ​គណបក្ស​ឆន្ទៈខ្មែរ លើក​ដៃ​បង្ហាញ​ដៃ​ដែល​ជ្រលក់​ទឹក​ថ្នាំ​នៅ​មណ្ឌល​បោះឆ្នោត​វិទ្យាល័យ​ប៊ុនរ៉ានី​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

នៅ​ក្នុង​ខណ្ឌ​ដូនពេញ គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​សំឡេង​៨២​ទល់​នឹង​៧​សំឡេង​នៃ​គណបក្ស​ឆន្ទៈ​ខ្មែ​រ។ ដូច្នេះ​គណបក្ស​ជំទាស់​នឹង​ទទួល​បាន​អាសនៈ​១​ឬ​២​ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​១៩​។ ចំណែក​នៅ​ខណ្ឌ​ឬស្សី​កែវ​ដែល​អ្នក​យក​ព័ត៌មាន​របស់​វីអូអេ​បាន​តាមដាន​លទ្ធផល គណ​បក្ស​ឆន្ទៈ​ខ្មែរ​ទទួល​បាន​៥​សំឡេង​ឆ្នោត ក្នុង​ចំណោម​៦៥​សំឡេង ​ដូច្នេះ​គណបក្ស​ជំទាស់​ទទួល​បាន​អាសនៈ​១ឬ​២​ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​២១។

ចំណែក​ក្នុង​ខណ្ឌពោធិ៍​សែន​ជ័យវិញ មន្រ្តី​គណបក្ស​ឆន្ទៈ​ខ្មែរ អះអាង​ថា​ខ្លួន​ឈ្នះ​បាន​៤អាសនៈ ទល់​នឹង​១៧​អាសនៈ​ ឈ្នះ​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​។ ​

លោក នល់ ពង្សធិរិទ្ធ ដែល​ឈរ​លេខ​រៀង​ទី១​សម្រាប់​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ ​មកពី​គណបក្ស​ឆន្ទៈ​ខ្មែរ អះអាងថា​លោក​នឹង​បម្រើ​ប្រជា​ពល​រដ្ឋ​ឱ្យអស់​ពី​សមត្ថ​ភាព​។

លោក​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​នឹង​ប្រើ​តួនាទី ដែល​ជា​ក្រុម​ប្រឹក្សា​ខណ្ឌនេះ ទៅ​នឹង​អ្វីដែល​គណបក្ស​បានស​ន្យា​ជាមួយ​ប្រជា​ពលរដ្ឋ ទៅ​តាម​គោលនយោបាយ​របស់​ឆន្ទៈ​ខ្មែរ​ពួក​យើង​ខ្ញុំ»​។

លោក គង់ មុនីកា អគ្គលេខាធិការ​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ អះអាង​ថា​គណបក្ស​ឈ្នះ​អាសនៈ​មួយ​ចំនួន ប៉ុន្តែ​លោកមិន​ទាន់​អាច​បញ្ជាក់​ទិន្នន័យ​សរុប​បាននៅ​ឡើយ​ទេ។

លោក សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ជំនឿ​ថា​គណបក្ស​កាន់​អំណាច​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន តាម​រយៈ​អង្គ​បោះឆ្នោត​របស់​ខ្លួន​ដែល​មាន​ចំនួន​ច្រើស​លើស​លប់​។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ ​អះអាង​ថា​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​នឹង​អនុវត្ត​ស្រប​តាម​ឆន្ទៈ​របស់​ពលរដ្ឋ និងច្បាប់ ហើយ​ធ្វើការ​ជាមួយ​អ្នក​ជាប់​ឆ្នោត​មក​ពី​គណបក្ស​ជំទាស់​។

លោក​ប្រាប់​វីអូអេ​ថា៖ «គ្មាន​ជម្រើស​អ្វី​ក្រៅពី​អនុវត្ត​ទៅ​តាម​ឆន្ទៈប្រជាពលរដ្ឋ​ទេ។ យើង​អនុវត្ត ​ឧបមា​ថា​នៅ​ក្នុង​ស្ថាប័នណា​ នៅ​ក្នុង​ក្រុមប្រឹក្សា​រាជធានីខេត្ត ​ស្រុក ខណ្ឌ​ហ្នឹង ​អាហ្នឹងត្រូវ​តែ​ក្រុមប្រឹក្សា​ហ្នឹង​ចេះ​ធ្វើការ​ឱ្យ​ស្រប​ទៅ​តាម​គោលការណ៍ច្បាប់​ដែល​បាន​កំណត់»។

អង្គបោះឆ្នោត​លើក​ដៃ​ជ្រលក់​ទឹក​ថ្នាំ ក្រោយ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី៤នៅ​មណ្ឌល​បោះឆ្នោត​វិទ្យាល័យ​ប៊ុនរ៉ានី​វត្តភ្នំ ក្នុង​ខណ្ឌ​ដូនពេញ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
អង្គបោះឆ្នោត​លើក​ដៃ​ជ្រលក់​ទឹក​ថ្នាំ ក្រោយ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី៤នៅ​មណ្ឌល​បោះឆ្នោត​វិទ្យាល័យ​ប៊ុនរ៉ានី​វត្តភ្នំ ក្នុង​ខណ្ឌ​ដូនពេញ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

អង្គ​បោះ​ឆ្នោតនា​ថ្ងៃ​អាទិត្យ​នេះ​ជាក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំង​អស់​ដែល​មាន​ប្រមាណ​១២.០០០​នាក់ ​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ឱ្យ​ កាល​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​២០២២។ កាល​ពី​ឆ្នាំ​២០២២ គណ​បក្ស​ភ្លើង​ទៀន​ឈ្នះ​បាន​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ប្រមាណ​២.២០០។ ចំណែក​គណ​បក្ស​កាន់​អំណាច​ទទួល​បាន​៩.៤០០​អាសនៈ។

ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កម្លាំង​ជាតិ គណ​បក្ស​ហ៊្វុន​ស៊ិនប៉ិច និង​គណ​បក្ស​ខ្មែរ​រួបរួម​ជាតិ​ ក៏​ចូលរួម​ការ​បោះ​ឆ្នោត​នេះ​ដែរ។

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ដែល​ធ្វើ​ឡើង​រៀង​រាល់​៥​ឆ្នាំ​ម្តង មាន​អាសនៈ​សម្រាប់​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត ​ក្រុង ​ស្រុក​ និង​ខណ្ឌ ចំនួន​៤.២០០​នៅ​ទូទាំង​២៥​ខេត្ត​រាជធានី​។ ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត​ ក្រុង​ ស្រុក ខណ្ឌ​នីមួយៗ​ត្រូវ​ធ្វើ​ជា​តំណាង និង​ធ្វើ​សកម្ម​ភាព​ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ​ដោយ​ត្រូវ​បង្កើត​ ជំរុញ ​និង​ធ្វើ​ឱ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ក្រុម​ប្រឹក្សា​មាន​សិទ្ធិ​អំណាច​ធ្វើ​សេចក្តី​សម្រេច​ខាង​បញ្ញត្តិ និង​សេចក្តី​សម្រេច​ខាង​ប្រតិបត្តិ ហើយ​សិទ្ធិ​ពិសេស​មួយ​ទៀត​របស់​ក្រុម​ប្រឹក្សា ​គឺ​ធ្វើ​សំណើ​ទៅ​រដ្ឋាភិបាល​ក្នុង​ការ​ដក​ហូត​តំណែង​គណៈ​អភិបាល​ជាដើម​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG