ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ ឬហៅថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា បានចាប់ផ្តើមនាព្រឹកថ្ងៃអាទិត្យ ទី ២៦ ខែឧសភា ឆ្នាំ២០២៤។
គណបក្សនយោបាយចំនួន ៥ បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតមួយនេះ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ គណបក្សឆន្ទៈខ្មែរតំណាងឱ្យគណបក្សភ្លើងទៀន។
អង្គបោះឆ្នោតនៅថ្ងៃអាទិត្យនេះ គឺជាក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ដែលមានប្រមាណ ១២.០០០ នាក់ ដែលត្រូវបានប្រជាពលរដ្ឋបោះឆ្នោតឱ្យកាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ ២០២២។
កាលពីឆ្នាំ ២០២២ គណបក្សភ្លើងទៀនឈ្នះបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ២.១៩៨។ ចំណែកគណបក្សកាន់អំណាចទទួលបាន ៩.៣៧៦ អាសនៈ។
សមាជិកព្រឹទ្ធសភា និងជាអគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លោក គង់ មូនីកា អះអាងថា គណបក្សរំពឹងទទួលបានអាសនៈក្រុមប្រឹក្សារាជធានីខេត្តប្រមាណ ៥២អាសនៈ និងស្រុក ខណ្ឌប្រមាណជាង ៣០០ អាសនៈ។ ប៉ុន្តែលោកថា ប្រសិនបើអង្គបោះឆ្នោតទាំងអស់សរុបចំនួន ២.១៩៨ នាក់ របស់គណបក្សភ្លើងទៀនបោះឱ្យគណបក្សឆន្ទៈខ្មែរ ១០០% នោះគណបក្សនឹងទទួលបានអាសនៈក្រុមប្រឹក្សាខេត្តរាជធានីប្រមាណជិត ១០០ អាសនៈ ហើយក្រុមប្រឹក្សាក្រុង ស្រុកខណ្ឌអាចបានជិតទៅដល់ ៦០០ អាសនៈ។
លោក គង់ មុនីកា លើកឡើងទៀតថា នៅមុនការបោះឆ្នោតក្រុមប្រឹក្សានេះ មានការចាប់ខ្លួនបេក្ខជនឈរឈ្មោះមួយចំនួន ដែលលោកថា ការណ៍នេះប៉ះពាល់ដល់ការបោះឆ្នោតគាំទ្រគណបក្សរបស់លោក។
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានអំពាវនាវឱ្យអង្គបោះឆ្នោតទាំងអស់បោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរដែលតំណាងឱ្យគណបក្សភ្លើងទៀន។
លោកថ្លែងក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៤ ថា៖ «បោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌខាងមុខនេះ សុំអំពាវនាវឱ្យអស់លោក លោកស្រីបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរឱ្យបានទទួលជោគជ័យដូចអ្វីដែលយើងបានគ្រោងទុក»។
លោកបន្ថែមថា គណបក្សជំទាស់មានគោលដៅដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យសម្រាប់កម្ពុជាឱ្យបានពិតប្រាកដ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាដែលធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តង មានអាសនៈសម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ចំនួន ៤.២០០ នៅទូទាំង ២៥ ខេត្តរាជធានី។ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ ត្រូវធ្វើជាតំណាង និងធ្វើសកម្មភាពក្នុងនាមជាប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយត្រូវបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្រុមប្រឹក្សាមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិ ហើយសិទ្ធិពិសេសមួយទៀតរបស់ក្រុមប្រឹក្សាគឺធ្វើសំណើទៅរដ្ឋាភិបាលក្នុងការដកហូតតំណែងគណៈអភិបាល ឧទាហរណ៍ដូចជាក្រុមប្រឹក្សាខេត្តមានសិទ្ធិស្នើដកអភិបាលខេត្ត ឬអភិបាលរងខេត្តជាដើម។ នេះបើតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕
វេទិកាបញ្ចេញមតិ