ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី ៤ ប្រព្រឹត្តទៅដោយរលូន
នាព្រឹកថ្ងៃអាទិត្យ ទី ២៦ ខែឧសភានេះ គេសង្កេតឃើញថា មន្ត្រីនៃក្រុមប្រឹក្សាឃុំសង្កាត់បានប្រមូលផ្តុំគ្នានៅមណ្ឌលបោះឆ្នោតក្នុងវិទ្យាល័យវត្តភ្នំ រាជធានីភ្នំពេញ ដោយមានរបៀបរៀបរយ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ ឬហៅថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាដែលធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង។ គណបក្សនយោបាយចំនួន ៥ ចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតមួយនេះ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ គណបក្សឆន្ទៈខ្មែរតំណាងឱ្យគណបក្សភ្លើងទៀន។ ក្រុមប្រឹក្សានេះមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិ ហើយសិទ្ធិពិសេសមួយទៀតរបស់ក្រុមប្រឹក្សាគឺធ្វើសំណើទៅរដ្ឋាភិបាលក្នុងការដកហូតតំណែងគណៈអភិបាល ឧទាហរណ៍ដូចជាក្រុមប្រឹក្សាខេត្តមានសិទ្ធិស្នើដកអភិបាលខេត្ត ឬអភិបាលរងខេត្តជាដើម។ នេះបើតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕