ក្រុមអ្នកវិភាគនិយាយថា យកល្អពលរដ្ឋកម្ពុជាគួរតែរកមធ្យោបាយសងបំណុលនេះជាដំណាក់កាលៗទៅវិញ ដែលអាចធ្វើឲ្យការសងនេះ មានលក្ខណៈងាយស្រួលជាង។ ប៉ុន្តែ លោក ហ៊ុន សែន នៅតែសូត្រហើយរំឭកម្ដងហើយម្ដងទៀតជាសាធារណៈអំពីបញ្ហាបំណុលនេះ ចាប់តាំងពីលោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុន។
លុយដែលកម្ពុជាខ្ចី ភាគច្រើន គឺសម្រាប់ទិញអាវុធ
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «យើងពិបាកក្នុងការប្រាប់ពលរដ្ឋខ្មែរឲ្យទទួលយកបំណុល ដែលយកទៅទិញគ្រាប់បែកនិងគ្រាប់កាំភ្លើង ដើម្បីសម្លាប់ប្រជាជនខ្មែរ»។ លោក ហ៊ុន សែន រំឭកបែបនេះម្ដងទៀត ពេលចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុង Davos កាលពីពេលកន្លងទៅថ្មីៗនេះ។
ប្រទេសកម្ពុជា បានខ្ចីប្រាក់ពីអាមេរិកចំនួន២៧៨លានដុល្លារ ក្នុងសម័យលោក លន់ នល់ ដែលការប្រឹងប្រែងរបស់លោកក្នុងការផ្ដួលក្រុមខ្មែរក្រហម ត្រូវបានធ្វើឲ្យខ្សោយដោយសារអំពើពុករលួយដ៏សុះសាយក្នុងរដ្ឋាភិបាលរបស់លោកផ្ទាល់។
ប៉ុន្តែ ចំនួនទឹកប្រាក់កម្ចីនេះ បានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយសារអត្រាការប្រាក់។
បំណុលដ៏ថ្លៃ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូឆ្នាំ ២០១៦នេះ ប្រទេសកម្ពុជា បានជំពាក់បំណុលសហរដ្ឋអាមេរិកចំនួន៥០៥លានដុល្លារ ដោយគិតបញ្ចូលទាំងការប្រាក់សម្បទាន៣ភាគរយ ដែលជាអត្រាទាបជាងអត្រាការប្រាក់ក្នុងទីផ្សារ។
លោក Jay Raman មន្ត្រីកិច្ចការសាធារណៈនៃស្ថានទូតអាមេរិកប្រចាំនៅរាជធានីភ្នំពេញ បានថ្លែងថា៖ «យើងជឿជាក់ថា ការដោះស្រាយបញ្ហាបំណុលនេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ សហរដ្ឋអាមេរិក បានលើកទឹកចិត្តកម្ពុជាឲ្យធ្វើការជាមួយយើងក្នុងការស្វែងរកដំណោះស្រាយមួយចំពោះបញ្ហាបំណុលនេះ ចាប់តាំងពីក្រោយការចរចានៅទីក្រុងប៉ារីស ឬ Paris Club កាលពីឆ្នាំ១៩៩៥មកម្ល៉េះ» ។
លោក Raman មានប្រសាសន៍ថា ធ្លាប់មានការជជែកគ្នាបន្តិចដែរអំពីបំណុលផ្លូវការរបស់កម្ពុជា ដែលជំពាក់សហរដ្ឋអាមេរិក នៅក្នុងការសន្ទនាអំពីកំណើននិងលក្ខណៈប្រកួតប្រជែងខាងសេដ្ឋកិច្ចរវាងកម្ពុជានិងសហរដ្ឋអាមេរិកកាលពីខែវិច្ឆិកាឆ្នាំ២០១៥ ក្រោយពីមានការពិភាក្សាលម្អិតអំពីបញ្ហានេះ បានធ្វើឡើងនៅឆ្នាំ២០១១ ដែលនៅពេលនោះ ប្រតិភូអាមេរិកមួយក្រុម បានមកបំពេញទស្សនកិច្ចនៅក្នុងទីក្រុងភ្នំពេញ។
សភាអាមេរិក ត្រូវតែយល់ព្រមចំពោះការលុបចោលបំណុល
អ្វីដែលសំខាន់គឺនៅត្រង់ថា រដ្ឋាភិបាលអាមេរិក មិនមានអំណាចផ្លូវច្បាប់ក្នុងការលុបចោលបំណុលចំពោះប្រទេសទាំងឡាយណាដែលមានលទ្ធភាពសងដូចជាកម្ពុជាជាដើម ដោយមិនឆ្លងកាត់សភាបានទេ។
ប្រទេសកម្ពុជា លែងរងគ្រោះដោយសារកម្រិតនៃភាពក្រីក្រ ដូចដែលប្រទេសនេះធ្លាប់ឆ្លងកាត់តទៅទៀតហើយ។ ថ្មីៗនេះ ប្រទេសនេះត្រូវបានដំឡើងឋានៈទៅជាប្រទេសដែលមានប្រាក់ចំណូលទាបមធ្យម ហើយសូម្បីតែមានឋានៈបែបនេះហើយក៏ដោយ ក៏សហរដ្ឋអាមេរិក នៅតែបរិច្ចាគថវិកាឲ្យជាមធ្យមប្រមាណ៧០លានដុល្លារអាមេរិកក្នុងមួយឆ្នាំជាជំនួយបរទេសដោយផ្ទាល់។ សហរដ្ឋអាមេរិកបានសន្យាថា ខ្លួននឹងផ្ដល់ជំនួយដល់កម្ពុជាចំនួន៧៨លានដុល្លារសម្រាប់ឆ្នាំ២០១៧។
លោក Billy Chia-Lung Tai ទីប្រឹក្សាឯករាជ្យខាងសិទ្ធិមនុស្សនៅក្រុមហ៊ុនផ្ដល់ប្រឹក្សា CL Consulting បានទទូចឲ្យពលរដ្ឋកម្ពុជាគិតពិចារណាឲ្យបានហ្មត់ចត់ចំពោះបញ្ហាបំណុលនេះ។
លោកថ្លែងថា ពលរដ្ឋកម្ពុជាពិតជាមានសីលធម៌ខ្ពស់នៅពេលដែលពួកគេនិយាយដល់របៀបដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានចំណាយថវិកាក្នុងសម័យលោក លន់ នល់។
លោកមានប្រសាសន៍ថា៖ «និយាយដោយស្មោះត្រង់ទៅ ខ្ញុំរាងស្រងាកចិត្តបន្តិចដែរ។ ខ្ញុំគិតថា ប្រសិនបើទង្វើរបស់អ្នក មិនមានផលវិបាកអ្វីសោះនោះ អញ្ចឹងវាហាក់ដូចជាធ្វើឲ្យប្រព័ន្ធបំណុលទាំងមូល រាងគ្មានបានផលអ្វីទេ»។
ការជំរុញឲ្យមានវិធីសាស្ត្រ «ស្ងប់ស្ងាត់»
លោក Billy Chia-Lung Tai ថ្លែងថា «ខ្ញុំគិតថា ការស្រែកដាក់អាមេរិកាំង មិនបានផលទេ។ ខ្ញុំយល់ស្របម្យ៉ាងថា អាមេរិកាំងពិតជាមិនមានសីលធម៌ខ្ពស់ទេ បើគិតពីអ្វីដែលពួកគេបានធ្វើនៅដើមទសវត្សរ៍ឆ្នាំ៧០នៅក្នុងតំបន់នោះ ហើយពិតណាស់ គឺលុយដែលពួកគេប្រើ ដើម្បីលើកបន្តុបរបបមួយ ដែលពួកគេចង់ឲ្យគ្រប់គ្រងប្រទេសកម្ពុជាដោយស្របច្បាប់នៅក្នុងពេលសង្គ្រាមវៀតណាម»។
លោកបន្តថា៖ «ដូច្នេះ ខ្ញុំថាការប្រើវិធីសាស្ត្រទន់ភ្លន់តាមបែបការទូតជាងនេះ ប្រហែលជាល្អ»។
លោក ហ៊ុន សែន បានចាប់ផ្ដើមជំរុញឲ្យអាមេរិកលុបចោលបំណុលនេះកាលពីឆ្នាំ២០០២ នៅពេលប្រទេសចិន បានលុបចោលបំណុលដែលក្រុមខ្មែរក្រហមបានជំពាក់ ក្នុងអំឡុងពេលដែលក្រុមនេះ គ្រប់គ្រងប្រទេសកម្ពុជាចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩នោះ។
ប៉ុន្តែ ប្រទេសរុស្សី ក៏បានបដិសេធមិនលុបចោលបំណុលចំនួន១៣០០លានដុល្លារ ដែលកម្ពុជាខ្ចី ក្នុងពេលវៀតណាមកាន់កាប់ប្រទេសកម្ពុជានៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០នោះដែរ។
ការប្រឹងប្រែងពីមុនៗមកដើម្បីសុំឲ្យអាមេរិកលុបចោលបំណុលដែលកម្ពុជាបានជំពាក់ក្នុងសម័យលន់ នល់នោះ សុទ្ធតែមិនបានផលទាំងអស់ ក្នុងរដ្ឋបាលអតីតប្រធានាធិបតីអាមេរិកលោក ចច ដាប៊ិលយូ ប៊ូស (George W. Bush ) និងលោក បារ៉ាក់ អូបាម៉ា (Barack Obama)។
តើជំនួយបែបណាត្រូវបានបញ្ជូនទៅប្រទេសកម្ពុជា?
លោក សម្បូរ ម៉ាណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រនៅសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា មានប្រសាសន៍ថា គេនៅមិនទាន់ច្បាស់ទេថាតើលុយអាមេរិកនោះ គឺជាបំណុលឬជាជំនួយមនុស្សធម៌ ដោយសារតែលុយនោះ បានមកដល់ក្នុងគ្រាដ៏លំបាកក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានេះ។ នៅពេលនោះសង្គ្រាមស៊ីវិលមានលក្ខណៈស្រួចស្រាវ ហើយក្រុមខ្មែរក្រហមមានលក្ខណៈគួរឲ្យព្រឺព្រួច។
លោកសួរជាសំណួរថា៖ «កត្តាសំខាន់ដែលត្រូវពិចារណានោះគឺថា តើលុយនេះគឺសម្រាប់ជំនួយមនុស្សធម៌ឬសម្រាប់ទំនាក់ទំនងការទូត។ តើវាជាបំណុលឬជំនួយមនុស្សធម៌?»
លោក សម្បូរ ម៉ាណារ៉ា បន្តថា៖ «ច្បាស់ណាស់ដែលថាសហរដ្ឋអាមេរិកត្រូវតែទទួលស្គាល់ថានេះគឺជាការចាប់ផ្ដើមសម្រាប់ពួកគេ ក្នុងការប្រើធនធានគ្រប់បែបយ៉ាង ដើម្បីប្រកួតក្នុងសង្គ្រាម។ ហេតុដូច្នេះ លុយនេះ មិនអាចជាបំណុលទេ ដោយសារការផ្ដល់លុយនេះ គឺជាទង្វើមួយ ដើម្បីដោះស្រាយភាពតានតឹងក្នុងសង្គ្រាមត្រជាក់រវាងគោលគំនិតនៃមហាអំណាចពីរគឺ លទ្ធិប្រជាធិបតេយ្យនិងលទ្ធិកុម្មុយនិស្ត»។
ក្រុមអ្នកវិភាគ និយាយថា មានមូលហេតុជាច្រើនទៀត ដែលលោកប្រធានាធិបតី ត្រាំ ទំនងជានឹងមិនស្ដាប់ យ៉ាងហោចណាស់ ដោយសារលោក ហ៊ុន សែន ច្រឡំនៅពេលនិយាយថា ឧស្ម័នបង្ហូរទឹកភ្នែក គឺជាអាវុធជីវសាស្ត្រនោះ។
អ្នកវិភាគម្នាក់ដែលបដិសេធមិនបង្ហាញឈ្មោះ ដោយសារខ្លាចធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែនមិនសប្បាយចិត្តនោះ និយាយថា «ទឹកប្រាក់នេះ មានចំនួនច្រើនណាស់ ប៉ុន្តែ ខ្ញុំគិតថា ចំណុចសំខាន់នោះ គឺថា អាមេរិកាំង តែងតែមានទំនោរប្រកាន់យកភាពមិនអាចរំលោភបាននៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ»។
អ្នកវិភាគរូបនេះ បន្ថែមថា «ខ្ញុំប្រាកដណាស់ថា នៅមានផ្លូវក្នុងការរៀបចំសងបំណុលនេះ ដោយការបង់ជាដំណាក់កាលៗ ក្នុងរយៈពេលវែង ប៉ុន្តែគេត្រូវតែធ្វើសកម្មភាពហើយចរចាគ្នាក្នុងក្របខ័ណ្ឌនៃប្រព័ន្ធនេះ»៕
ប្រែសម្រួលដោយ សាយ មុន្នី