ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Global Witness ថា វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ក្រុង Davos មិន​គួរ​ឱ្យ​លោក​ហ៊ុន សែន​ចូល​រួម​ទេ


រូប​ភាពពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ «Samdech Hun Sen, Cambodian Prime Minister»។ (រូបថត៖ Screenshot)
រូប​ភាពពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ «Samdech Hun Sen, Cambodian Prime Minister»។ (រូបថត៖ Screenshot)

កិច្ច​ប្រជុំ​នៃ​វេទិការ​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៧​បាន​ដំណើរការ​ពី​ថ្ងៃទី​១៧​រហូត​ដល់​ថ្ងៃទី​២០ ខែ​មករា​។ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​កំពុង​តែ​ចូលរួម​កិច្ច​ប្រជុំ​នេះ​ដែល​មាន​អ្នក​ចូលរួម​ជា​អ្នក​សេដ្ឋកិច្ច​លំដាប់​ពិភពលោក​និង​មេដឹកនាំ​ប្រទេស​ជា​ច្រើន។

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ក្រុង Davos មិន​គួរ​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ធ្វើ​ជា​ម្ចាស់​នៃ​កម្មវិធី​មួយ​ដែល​មាន​គោលបំណង​ទាក់ទាញ​ការ​វិនិយោគ​ថ្មី​ពី​បរទេស​នោះ​ទេ។ នេះ​បើ​យោង​តាម​អង្គការ Global Witness។ ក្នុង​លក្ខណៈ​ទូលំទូលាយ​ជាង​នេះ កិច្ចប្រជុំ​នៃ​បណ្តា​វរជន​នៅ​ក្នុង​ពិភពលោក​មួយ​នេះ មិន​គួរ​ផ្តល់​ជា​វេទិកា​មួយ​ដល់​ជន​ផ្តាច់ការ​សាហាវ​ឃោរឃៅ​ដើម្បី​ស្វែងរក​ដៃគូ​ជំនួញ​អន្តរជាតិ​ថ្មីៗ​នោះ​ទេ។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​VOA ទទួលបាន​នៅ​ថ្ងៃ​ពុធ​បាន​បញ្ជាក់ថា​ការ​ដែល​លោក​ហ៊ុន សែន​ខិតខំ​រក​ដៃគូ​អន្តរជាតិ​ថ្មី​ទៀត​គឺ​ដើម្បី​យក​មក​បំពេញ​ពាណិជ្ជកម្ម​ដ៏​កខ្វក់​របស់​ខ្លួន​ប៉ុណ្ណោះ។

អ្នកស្រី​ Alice Harrison ទីប្រឹក្សា​ផ្នែក​សារ​គមនាគមន៍​របស់​អង្គការ​ Global Witness ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖

«វាមិនមែន​ជា​ការ​ភ្ញាក់ផ្អើល​ទេ​ដែល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ទាក់ទាញ​ក្រុម​អ្នកមាន​ទ្រព្យ​ធននៅ​ទីក្រុង​ដាវ៉ូស។ លោក​ ហ៊ុន សែន​និង​ក្រុម​គ្រួសារ​បាន​ក្តោបក្តាប់​សេដ្ឋកិច្ច​ជាប់​ដែល​ការវិនិយោគថ្មី​ណា​ក៏​អាចនឹង​ធ្លាក់​ចូល​ក្នុង​ហៅប៉ៅ​របស់​ពួក​គេ​ដែរ‍»។

អ្នកស្រី​Alice Harrison បានបន្ត​ថា​៖

«កិច្ចប្រជុំ​កំពូល​អះអាង​ថា​ប្តេជ្ញា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ស្ថានភាព​ពិភពលោក​។ ប្រសិនបើ​ពិត​ប្រាកដមែន​កិច្ច​ប្រជុំនេះ​គួរតែ​បិទទ្វារ​មិនឱ្យចូលនូវ​ក្រុម​ចោរ​លួចជាតិដែល​បាន​លួច​ទ្រព្យ​ធន​ប្រទេស​ជាតិ​ដោយ​ហិង្សានិង​ជា​ប្រព័ន្ធ​ដោយ​ធ្វើ​ឱ្យ​វេទនាដល់​ពលរដ្ឋ​ខ្លួនឯង‍»។

កិច្ច​ប្រជុំ​នៃ​វេទិការ​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៧​បាន​ដំណើរការ​ពី​ថ្ងៃទី​១៧​រហូត​ដល់​ថ្ងៃទី​២០ ខែ​មករា​។ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​កំពុង​តែ​ចូលរួម​កិច្ច​ប្រជុំ​នេះ​ដែល​មាន​អ្នក​ចូលរួម​ជា​អ្នក​សេដ្ឋកិច្ច​លំដាប់​ពិភពលោក​និង​មេដឹកនាំ​ប្រទេស​ជា​ច្រើន។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​បាន​ហៅ អ្នកស្រី​Alice Harrison ​ថា ជា​ជន​ពាល​អន្តរជាតិ​ដែល​ញុះញង់​និង​ប្រឌិត​ព័ត៌មាន​ខុស​ពី​ការ​ពិត។

នៅ​ក្នុង​សារ​បង្ហោះ​តាម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ជា​ការ​ឆ្លើយ​តប​ លោក ផៃ ស៊ីផានអះ​អាង​ថា៖

«កម្ពុជា​ទទួល​បាន​ការគោរព​ និង​ឃើញ​ថា​ជា​ខ្លា​សេដ្ឋកិច្ច​មួយ​ប្រចាំ​អាស៊ាន​ ASEAN ​ដែល​មាន​ផលិតផល​សរុប​ក្នុង​ស្រុក​ក្នុង​រង្វង់​ជាង ​៧ ភាគរយ ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ ​កម្ពុជា ​ក៏​ជា​ទិសដៅ ​ដល់​អ្នកបណ្តាក់​ទុន​អន្តរជាតិ ​ដែល​មាន​ភាពកក់​ក្តៅ ​និង​បរិមាណ​ខ្ពស់​ប្រចាំ​តំបន់‍។ ស្រទាប់​កណ្តាល​ របស់​សង្គម​កម្ពុជា ​បាន​រីក​ធំធាត់​ប្រកប​ដោយ​ផាសុខភាព ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ នៃ​ថាមពល​សេដ្ឋកិច្ច»។

អង្គការ​Global Witness ​អះអាង​ថា​ក្នុង​ការកាន់អំណាច​រយៈពេល​ជាង៣០ឆ្នាំ​នេះ​លោក​ហ៊ុន សែន​បាន​ពង្រីក​ទ្រព្យ​ធន​របស់​ខ្លួន​ដោយ​មាន​ក្រុមហ៊ុន​ជាច្រើន​ដែល​ក្រុមគ្រួសារ​ត្រកូលហ៊ុន​ជាម្ចាស់​និង​មាន​ភាគហ៊ុន​ហើយ​ក្រុមហ៊ុន​ទាំងនោះ​មាន​ទំនាក់ទំនង​នឹង​ក្រុមហ៊ុន​លក់​ផលិតផល​ម៉ាក​ល្បីៗ​ដូចជា​ Apple, Nokia, Visa, Procter & Gamble, Nestle និង​ Honda ​ជាដើម។ ក្នុងខណៈពេល​ដែល​ពលរដ្ឋ​រស់​នៅក្នុង​ស្ថានភាព​ក្រីក្រ​ជាខ្លាំង។

អ្នកស្រី​Alice Harrison បន្ថែមថា៖

«អ្នកវិនិយោគទុន​ឬ​ក្រុមហ៊ុន​ណា​ដែល​ចង់​ទៅ​ធ្វើ​វិនិយោគ​នៅកម្ពុជា​គួរតែ​គិត​ឱ្យ​បាន​ច្បាស់​លាស់​អំពី​ការប្រថុយ​ប្រថាន​យ៉ាងខ្លាំង​ខាងផ្នែក​ផ្លូវច្បាប់​ ហិរញ្ញវត្ថុ​និង​ការខូចឈ្មោះ​ក្នុង​ការ​រកទទួលទាន​ក្នុង​បរិយាកាស​ជំនួញ​ដែល​ពុលកខ្វក់​នេះ‍»៕

XS
SM
MD
LG