ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​មិន​ឲ្យ​ក្រុម​អាវ​ក្រហម​ថៃ​បង្កើត​រដ្ឋាភិបាល​និរទេស​នៅ​កម្ពុជា


លោក Thaksin Shinawatra អតីត​នាយករដ្ឋមន្ត្រី​ថៃ​បក់ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​​ខណៈ​ដែល​ពួក​គេ​ត្រូវ​បាន​គេ​បាញ់​ទឹក​ប្រសិទ្ធពរ​នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​និង​ថៃ​នៅ​ប្រាសាទ​អង្គរវត្ត​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១២។
លោក Thaksin Shinawatra អតីត​នាយករដ្ឋមន្ត្រី​ថៃ​បក់ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​​ខណៈ​ដែល​ពួក​គេ​ត្រូវ​បាន​គេ​បាញ់​ទឹក​ប្រសិទ្ធពរ​នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​និង​ថៃ​នៅ​ប្រាសាទ​អង្គរវត្ត​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១២។
អាជ្ញាធរ​កម្ពុជា​អះអាងនៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​កំពុង​តាម​ឃ្លាំមើល​ចលនា​ក្រុម​មេដឹក​នាំ​អាវ​ក្រហម​ថៃ​និង​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​យោធា​ថៃ​ផ្តល់​បញ្ជី​ឈ្មោះ​ជន​ដែល​អាច​ស្ថិត​ក្នុង​ការ​សង្ស័យបង្កើត​រដ្ឋាភិបាលនិរទេស​ប្រឆាំង​នឹង​ទី​ក្រុង​បាងកក។

លោក ចក្រភព ផេនកៃរ (Jakrapob Penkair) អតីត​អ្នក​នាំពាក្យ​របស់​លោក​ថាក់​ស៊ីន ស៊ីណាវ៉ាត់​នាយក​រដ្ឋ​មន្ត្រី​ត្រូវ​បាន​បណ្តេញ​ចេញ​និង​ជា​ស្ថាបនិក​ម្នាក់​នៃ​ចលនា​ក្រុម​អាវ​ក្រហមនៅ​ក្រៅ​ប្រទេសបាន​ប្រកាស​ក្នុង​ពេល​ថ្មីៗ​នេះ​ថា សកម្មជន​នយោបាយ អ្នក​នយោបាយ សាស្ដ្រាចារ្យ សរុប​ចំនួន​ជាង​១០​នាក់បាន​ចាក​ចេញ​ពី​ប្រទេស​ថៃ​ក្រោយ​ពី​រដ្ឋ​ប្រហារ​យោធា​ទម្លាក់​លោក​ស្រី​នាយក​រដ្ឋមន្ត្រី​យីងឡាក់ ស៊ីណាវ៉ាត់ កាល​ពី​ថ្ងៃ​ទី ២២ ខែ​ឧសភា។​

​លោក ចក្រភព ផេនកៃរ ត្រូវ​បាន​ស្រង់​សម្តី​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ដែល​ថា លោក​បាន​ថ្លែង​ក្នុង​ទីក្រុង​ភ្នំពេញ​ថា ក្រុម​នេះ​នឹង​បង្កើត​ចលនា​រដ្ឋាភិបាល​និរទេស​មួយ​នៅ​ក្រៅ​ប្រទេស​ដើម្បី​តស៊ូ​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​ដែល​កើត​ចេញ​ពី​រដ្ឋ​ប្រហារ​យោធា ហើយ​ចលនា​នេះ​នឹង​ចេញ​ជា​រូបរាង​ក្នុង​ខែ​មិថុនា​នេះ។

ប៉ុន្តែ​លោក ចក្រភព ផេនកៃរ បញ្ជាក់​ថា រដ្ឋា​ភិបាល​និរទេស​នោះ​នឹង​មិន​ស្ថិត​ក្នុង​កម្ពុជា​នោះ​ទេ។​

លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ្រ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​តាមដាន​ការ​ចេញ​ចូល​របស់​លោក ចក្រភព ផេនកៃរ ប៉ុន្តែ​មិន​បាន​រកឃើញ​នោះ​ទេ។

«យើង​បាន​ឆែក​មើល​ការ​ចេញ​ចូល​របស់​ឈ្មោះ ចក្រភព ផេនកៃរ ប៉ុន្តែ​យើង​មិន​បាន​ឃើញ​ក្នុង​បញ្ជី​ចូល​ផ្លូវ​ការ​តាម​ច្រក​ទ្វារ​នោះ​ទេ»។

កាល​ពី​ខែ​ឧសភា លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា កម្ពុជា​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើប្រាស់​ទឹកដី​របស់​ខ្លួន​ដើម្បី​ប្រឆាំង​នឹងប្រទេស​ថៃ​នោះ​ទេ។

លោក​ឧត្តម​សេនីយ៍ ខៀវ សុភ័គ្រ បញ្ជាក់​ថា កម្ពុជា​កំពុង​ត្រៀម​ខ្លួនសហការ​ទប់​ស្កាត់​ចលនា​ប្រឆាំង​នឹង​ទីក្រុង​បាងកក​បើ​សិន​ជា​មាន​សំណើ​ជា​ផ្លូវ​ការ។

«ប្រសិនបើ​អាជ្ញាធរ​ថៃ​ចង់​ហាមឃាត់​អ្នក​ណាម្នាក់​មិន​ចង់​ឲ្យ​ចូល​ក្នុង​ទឹកដី​កម្ពុជា​ សូម​ឲ្យសហការ​ជាមួយ​យើង ហើយ​យើង​នឹង​ខិត​ខំ​ផ្តល់នូវ​កិច្ច​សហការ​នោះ។​ បើ​មាន​ឈ្មោះ​នេះ​ ឈ្មោះ​នោះ​មិន​ឲ្យ​ចូល​ស្រុក​ខ្មែរ យើង​នឹង​រាយការណ៍​ជូន។ ​យើង​នឹង​សប្បាយ​រីករាយ​នឹង​ផ្តល់​កិច្ច​សហការ។»

លោក កុយ គួង អនុ​រដ្ឋលេខា​ធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ក៏​បាន​អះអាង​ដូចគ្នា​ដែរ​ថា អាជ្ញាធរ​កម្ពុជា​បាន​តាម​ស្វែង​រក​ក្រុម​អាវ​ក្រហម ជា​ពិសេស​មេដឹក​នាំក្រុម​អាវ​ក្រហម​លោក​ចក្រភព ផេនកៃរ ហើយ​អាជ្ញាធរ​មិន​បាន​រក​ឃើញ​នោះ​ទេ។ លោក កុយ គួង ចាត់​ទុក​ថា វត្តមាន​របស់​ក្រុម​អាវ​ក្រហម​ក្នុង​ទីក្រុង​ភ្នំពេញ​គឺ​ជា​ពាក្យ​ចចាម​អារ៉ាម។

«នៅ​លើ​ទឹក​ដី​យើង​ហ្នឹង​សមត្ថកិច្ច​បាន​ពិនិត្យ​រួចរាល់​ហើយ​ដែល​តាម​ព័ត៌មាន​ចចាម​អារ៉ាម​ថា មាន​មេ​ដឹកនាំ​ក្រុម​អាវក្រហម​មាន​បំណង​ចង់​បង្កើត​អង្គការ​និរទេស​ឬ​រដ្ឋា​ភិបាលនិរទេស​នោះ​គឺ​អត់​មាន​ទេ​ក្រោយ​ពី​ការ​ពិនិត្យ​រួច»។

លោក ចក្រភព ផេនកៃរ និយាយ​ថា រដ្ឋាភិបាល​និរទេស​របស់​ក្រុម​អាវ​ក្រហម​នឹង​មិន​បង្កើត​មូលដ្ឋាន​នៅ​កម្ពុជា​ទេ ប៉ុន្តែ​នឹង​បង្កើត​នៅ​ប្រទេស​ណា​មួយ​ក្នុង​ទ្វីប​អឺរ៉ុប។

ប្រទេស​ថៃ​មាន​រដ្ឋ​ប្រហារ​យោធា​១៩​លើក ដែល​ក្នុង​នោះ​នាយករដ្ឋមន្ត្រី​ជា​បង​ប្អូន​បង្កើត​ដែល​បន្ត​តំណែង​ពី​ការ​បោះឆ្នោត​ត​គ្នា​គឺ​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់ និងលោកថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវ​ទម្លាក់​ពី​អំណាច​ដោយ​ក្រុម​យោធា​ជាប់ៗ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក។

ក្រុម​អាវ​ក្រហម​ថៃ​ដែល​គាំ​ទ្រ​អតីត​នាយក​រដ្ឋ​មន្ត្រី​ទាំងពីរ​បាន​ហៅ​រដ្ឋាភិបាល​យោធា​ថៃ​ថា​ជា​រដ្ឋាភិបាល​ខុស​ច្បាប់ ​ហើយ​ក្រុម​មេដឹកនាំ​នៃ​ចលនា​នេះ​គ្រោង​នឹង​ធ្វើ​ការ​ប្រឆាំង​តាម​ការទូត​ពី​ក្រៅ​ប្រទេស។

ក្រុម​អាវ​ក្រហម​របស់​ថៃ​ធ្លាប់​បាន​នាំ​គ្នា​រាប់​ពាន់​នាក់​មក​ទទួល​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ក្នុង​ខេត្ត​សៀមរាប​ ក្រោយ​ពេល​ដែល​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​រូប​នេះ​ត្រូវ​ទម្លាក់​ចេញ​ពី​តំណែង។ នៅ​ពេល​នោះ លោក ថាក់​ស៊ីន បាន​ទទួល​ងារ​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ អ្នកវិភាគ​ឯករាជ្យ​យល់​ថា ដោយសារ​ភាព​ធូរលុង​និង​មិត្តភាព​រវាង​លោក​ថាក់ស៊ីន ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្រុម​អាវក្រហម​ថៃ​អាច​មាន​ឱកាស​មួយ​ផ្នែក​ប្រើ​ប្រាស់​ទឹកដី​កម្ពុជា​ជា​ទី​ណាត់​ជួប​គ្នា។

«មិន​អាច​ថា មិន​ទៅ​រួច​នោះ​ទេ។ ទី១ ការគ្រប់គ្រង​ប្រហែលជា​មិន​បាន​ដិតដល់​ទេ។ ទី២ ប្រហែល​ជា​មាន​មិត្តភាព​រវាង​អ្នក​ទាំង​នោះ​ជាមួយ​អ្នក​មុខ​អ្នក​ការ​ប្រទេស​ខ្មែរ​យើង​ម្ល៉ោះ​ហើយ​អាច​មាន​បែប​ផែន​ទ្រង់​ទ្រាយ​ផ្សេងៗ​ណាមួយ»។

ទោះជា​បែបនេះ​ក្តី​លោក​បណ្ឌិត ឡៅ ម៉ុងហៃ គិត​ថា ក្រុម​អាជ្ញាធរ​កម្ពុជា​អាច​នឹង​បិទ​ភ្នែក​នៅ​ពេល​ដែល​ក្រុម​អាវក្រហម​ថៃ​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​សម្ងាត់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​ក្រុម​បង្កើត​រដ្ឋាភិបាល​និរទេស​ថៃ​នេះនឹង​មិន​អាច​បង្កើត​ទីស្នាក់​ការ​ជា​ផ្លូវការ​បាន​ឡើយ​ដោយសារ​ថា​វា​នឹង​បង្ក​ឲ្យ​ខុស​ច្បាប់​របស់​កម្ពុជា ហើយ​អាច​បង្ក​ជា​ឡេស​ឲ្យ​មាន​ការ​បង្រ្កាប​បាន៕
XS
SM
MD
LG