ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​ ២០២២ នឹង​ចាប់​ផ្តើម​នា​ព្រឹកថ្ងៃ​អាទិត្យស្អែក​នេះ


ព្រះសង្ឃនិមន្តកាត់បន្ទប់បោះឆ្នោត ខណៈបុរសម្នាក់ផ្ទៀងផ្ទាត់ឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅមណ្ឌលបោះឆ្នោតមួយកន្លែង មួយថ្ងៃមុនថ្ងៃបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ នៅសង្កាត់ផ្សារកណ្តាលទី ១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី ៤ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

ចាប់​ពី​ម៉ោង​៧​ព្រឹក​ ដល់​ម៉ោង​៣​រសៀល​ នា​ថ្ងៃ​អាទិត្យ ទី​ ៥ ខែ​មិថុនា​ ស្អែកនេះ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិ​ទី​ ៥ ដែល​នឹង​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស នឹង​ចាប់​ផ្តើម ​បន្ទាប់ពី​គណបក្សទាំង ១៧ ​បាន​ឃោសនា​ទាក់ទាញ​រក​សំឡេងឆ្នោត​ពី​ប្រជាពលរដ្ឋ​ចំនួន​២ សប្តាហ៍ ​ជាទ្រង់​ទ្រាយ​តូច​និង​ទ្រង់​ទ្រាយ​ធំ ​ជាមួយ​នឹង​ការបង្ហាញ​និង​ផ្សព្វផ្សាយ​នូវ​កម្មវិធី​នយោបាយ​និង​គោល​នយោបាយ​រៀងៗខ្លួន។

ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​អាណត្តិ​ទី​ ៥ ​នេះ ជា​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​សរុប​ជាង​ ១ ​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេ​ស ដែល​ក្នុង​នោះ​មាន​មេឃុំ​ចៅ​សង្កាត់១.៦៥២ នាក់។

គណបក្ស​នយោបាយសរុប​ចំនួន​ ១៧ ​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នេះ ប៉ុន្តែ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​គ្រប់​ឃុំ​សង្កាត់​សរុប​ចំនួន​ ១.៦៥២​ នៅ​ទូទាំង​ប្រទេស។ ចំណែក​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ គឺ​គណបក្ស​ភ្លើង​ទៀន ដែល​ដឹកនាំ​ដោយ​អតីត​មន្រ្តី​ជាន់​ខ្ពស់​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ ក្នុង​ឃុំ​សង្កាត់​សរុប​ចំនួន​១.៦២៣។ ដូច្នេះ​មាន​ន័យ​ថា​ ក្នុង​ឃុំ​សង្កាត់​មួយ​ចំនួន មិន​មាន​គណបក្ស​ភ្លើង​ទៀន​នៅ​លើ​សន្លឹក​ឆ្នោត​ឡើយ។ គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ក្នុង​ឃុំ​សង្កាត់​សរុប​ចំនួន​ ៦៨០ ​ឃុំ​សង្កាត់ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ចំនួន​ ៥៩៦ ​ឃុំ​សង្កាត់ និង​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ចំនួន​ ៣១៥ ​ឃុំ​សង្កាត់។

នៅ​រាជធានី​ភ្នំពេញ គណបក្ស​ភ្លើង​ទៀន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ក្នុង​ ៩៥ ​សង្កាត់ ក្នុង​ចំណោម​សង្កាត់​សរុប​ចំនួន​ ១០៥។

នៅ​រាជធានី​ភ្នំពេញ កាល​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​ ២០១៧ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​គាំទ្រ​ប្រមាណ​ ៣៥ ​ម៉ឺន​សំឡេង​ឆ្នោត ស្មើ​ប្រមាណ​ ៤៤%។ ចំណែក​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​វិញ​ទទួល​បាន​ប្រមាណ​ ៤២ ​ម៉ឺន​សំឡេង ស្មើ​នឹង​ប្រមាណ​ ៥២%។ បើ​គិត​ជា​ចំនួន​ចៅ​សង្កាត់​វិញ​ គណបក្ស​សង្រ្គោះ​ជាតិ​ទទួល​បាន​ចៅ​សង្កាត់​ចំនួន​ ៥៧ ទល់​នឹង​ ៤៨​ របស់​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នក​នាំពាក្យ​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នាត​ លោក ហង្ស ពុទ្ធា វាយ​តម្លៃ​ជា​បឋម​ថា ការ​បោះ​ឆ្នោតក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិ​ទី ៥ ​នេះ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដោយ​សង្កត់​ធ្ងន់​ពី​ការ​រក្សា​បាន​នូវ​សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ។

នៅ​ក្នុង​ដំណើរ​ការ​ឆ្ពោះ​ទៅ​កាន់​ថ្ងៃ​បោះ​ឆ្នោត​ផ្លូវការ មន្រ្តី​ប្រចាំ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​រូប​នេះ​លើក​ឡើងពី​កិច្ចប្រឹងប្រែងរបស់​ គ.ជ.ប នៅ​ក្នុង​ការដោះ​ស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ និងដឹកជញ្ជូនហឹបដាក់​សន្លឹក​ឆ្នោត​ទៅ​កាន់​ការិយាល័យ​ប្រមាណ​ជាង​ ២០​ ការិយាល័យ​នៅ​ក្នុង​ប្រទេស។

លោក​ថ្លែង​ថា៖ «ការ​លំបាក​ត្រង់​ថា​ផ្លូវ​ទៅ​កាន់​ការិយា​ល័យ​ក្នុង​ការ​ដឹកជញ្ជូន​សម្ភារៈ​មាន​ចម្ងាយ​ឆ្ងាយ​ពាក់​ព័ន្ធ​នឹង​ទឹក ត្រូវ​ការ​ឆ្លង​កាត់​ទឹក​ដូចជា ៨ កន្លែង​ ឡើង​ភ្នំ​ជា​ដើម។ នេះ​ជា​ការ​លំបាក​មួយ​ដែល​ឥឡូវ​នេះ​យើង​មាន​ដំណោះស្រាយ​ហើយ​ គឺ​ប្រើ​ប្រាស់​ឧទ្ធម្ភាគចក្រ ដើម្បី​ដឹក​នូវ​សម្ភារៈ​ចាំបាច់​ដូចជា ហឹប​ឆ្នោត​បញ្ជី​បោះឆ្នោត​ ទឹកខ្មៅ​ជ្រលក់​លុប​មិន​ជ្រះ ហើយ​និង​ឧបករណ៍​ផ្សេង​ទៀត។ បច្ចុប្បន្ន​យើង​បាន​ដោះស្រាយ​រួចហើយ​អស់​ហើយ»។

លោក ហង្ស ពុទ្ធា អំពាវនាវ​ដល់ពលរដ្ឋ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ជាង​ ៩​ លាន​នាក់ ​ឱ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ និង​ប្រកាន់​ខ្ជាប់​វិធានការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ផ្សេងៗនៅ​តាម​ការិយាល័យ​បោះ​ឆ្នោត។

បើ​តាម​ប្រតិទិន​របស់ គ.ជ.ប ការ​រាប់​សន្លឹក​ឆ្នោត បិទ​ផ្សាយ​លទ្ធផល​នៅ​ការិយាល័យ​បោះ​ឆ្នោត នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ដដែល ហើយ​ការ​ប្រកាស​ផ្សាយ​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោតដោយ​ គ.ជ.ប នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ និងនៅថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​ទី​ ៦ ខែ​មិថុនា ឆ្នាំ​ ២០២២។

នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត គ.ជ.ប បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ ដោយ​ជំរុញ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​បង្ការ និង​ទប់​ស្កាត់​នូវ​រាល់​សកម្មភាព និង​បាតុភាព​ទាំង​ឡាយ «ដែល​មាន​បំណង​បំផ្លាញ​ការ​បោះ​ឆ្នោត» «រារាំង​ប្រជាពលរដ្ឋ​មិន​ឱ្យ​ទៅ​បោះ​ឆ្នោត» «ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ នាំ​ឱ្យ​បាត់​បង់​ទំនុក​ចិត្ត​លើ​ការ​បោះ​ឆ្នោត» «បង្ក​ការ​រំខាន​មិន​ឱ្យ​ដំណើរ​ការ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​បាន»។

មន្រ្តី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល​ លោក កន សាវាង្ស ថ្លែង​ថា​ អង្គការ​របស់​លោក និង​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត​នឹង​តាម​ដាន​ពិនិត្យ​មើលក្នុង​ករណីមាន​ភាព​មិន​ប្រក្រតី​ផ្សេងៗ​នៃ​ការ​បោះឆ្នោត។

លោក​ថែ្លង​ថា៖ «យើង​មាន​ការ​ចូលរួម​ គឺ​ថាចូល​រួម​ដាក់​ពង្រាយ​អ្នកសង្កេត​ការណ៍​នេះ​ហើយ​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​គេ​មាន​ធន​ធាន​មនុស្ស​ហ្នឹង ដែល​គេ​បាន​ផ្តល់​ជូន។ យើង​បាន​ដាក់​ធន​ធាន​មនុស្ស​ទាំង​អស់​ហ្នឹង សម្រាប់​ចូលរួម​លើក​ទឹកចិត្ត​ទៅ​ដល់​ប្រជា​ពលរដ្ឋ។ ពិសេស​ យើង​បាន​ធ្វើការ​ឃ្លាំ​មើល​នូវ​សកម្ម​ភាព​ ការ​គំរាម​កំហែង​ និង​ភាព​មិន​ប្រក្រតី​ទាក់​ទង​នឹង​ការ​ចូលរួម ឬ​ក៏​ការ​សម្រេច​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​បោះឆ្នោត​ហ្នឹង»។

បើតាម​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ​ អង្គការ​ខុមហ្វ្រែល​បាន​ដាក់​អ្នក​សង្កេត​ការណ៍​នៅ​ទូទាំង​ប្រទេស​ប្រមាណ​ ២ ពាន់នាក់។ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ដែលដឹកនាំ​ដោយ​កូន​ប្រុស​នាយក​រដ្ឋមន្រ្តី គឺ​លោក ហ៊ុន ម៉ានី ​បាន​ដាក់​អ្នក​សង្កេតការណ៍​ប្រមាណ​ ៤ ម៉ឺន​នាក់។

អង្គការ​សិទ្ធិ​មនុស្ស​លី​កា​ដូ​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ឃ្លាំមើល​ស្ថានភាព​សិទ្ធិមនុស្ស ​អំឡុង​ពេល​បោះ​ឆ្នោត​ឃុំសង្កាត់​នេះ។

គួរ​រំឭក​ផង​ដែរ ព្រះ​មហាក្សត្រ​ ព្រះ​បាទ​ នរោត្តម​ សីហមុនី​ បាន​អំពាវ​នាវ​ឱ្យប្រជាពលរដ្ឋ​ខ្មែរទៅបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដោយកុំ​ឱ្យ​មាន​ក្តី​បារម្ភ​អំពី​ការ​គំរាម​កំហែង​អ្វី​ឡើយ៕

XS
SM
MD
LG