ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនិញឡើងថ្លៃ សន្តិសុខសង្គម ទីផ្សារកសិកម្ម ធនធានធម្មជាតិ និងបក្សពួកនិយម គួរត្រូវបានដោះស្រាយបន្ថែម


រូបឯកសារ៖ កសិករកាត់ត្រកួនពីដំណាំនៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៩។
រូបឯកសារ៖ កសិករកាត់ត្រកួនពីដំណាំនៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៩។

អ្នកស្រី ថោង គា ​ដែល​ជា​អ្នក​លក់ប្រហិត​ចៀន​នៅសង្កាត់ផ្សារ​ថ្មីទី ៣​ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ ​ត្អូញត្អែរថា​ សាំងនិង​ទំនិញ​ឡើង​ថ្លៃ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​អ្នកស្រី​យ៉ាង​ខ្លាំង។

ស្រ្តី​វ័យ​ ៥០ ​ឆ្នាំ​រូបនេះ​បញ្ជាក់​ប្រាប់ VOA ថា ចាប់​តាំង​ពី​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួច​មក ​តម្លៃ​ប្រេងសាំង និង​ទំនិញ​ផ្សេងៗ​បន្ត​ឡើងថ្លៃដោយ​មិន​មាន​ចុះ​ទាល់តែសោះ។

«ទំនិញ​តែឡើង​ហើយ​មិនងាយ​ចុះ​ទេ។ តែឡើង​ហើយ​បាន​ដៃ​ហើយ ស្អី​ក៏​ឡើង​ដែរ។ ផ្សារឥលូវ​កុំ​លូក ស្អីក៏​ថ្លៃៗដែរ។ ​ហើយមួយៗ​គេ​ត្អូញ​ថា សាំង​ឡើង​ថ្លៃ​ប៉ះពាល់​គេ​ជិះ​ទៅទិញ​អ៊ីវ៉ាន់ ជិះ​អី​អ៊ីចឹង»។​

សាំង និង​ទំនិញ​ឡើង​ថ្លៃ

ចាប់​តាំង​ពី​ដើម​ឆ្នាំ​ ២០២២​ មក តម្លៃ​ប្រេង​សាំង​តាម​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​នីមួយៗឡើង​ថ្លៃ​ជាបន្ត​បន្ទាប់​គួរ​ឲ្យ​កត់​សម្គាល់ ចំណែក​តម្លៃ​ទំនិញ​ក៏​ឡើង​ថ្លៃ​ជាបន្ត​បន្ទាប់ផង​ដែរ។ ក្នុង​សប្តាហ៍​នេះ ប្រេង​សាំង​ធម្មតាក្នុង​មួយ​លីត្រ មាន​តម្លៃ៥,៦០០រៀល។​

អ្នកស្រី ថោង គា បន្ថែម​ថា អ្នកស្រី​មិន​រំពឹង​ថា​ មាន​អ្នក​សម្រួល​ឲ្យ​តម្លៃ​ទំនិញ​ដែល​បន្ត​ឡើង​ថ្លៃ​បែបនេះ ចុះ​ថ្លៃ​បាន​នោះទេ។​

«គិត​តែគ្មាននរណា​គេ​ជួយ​យើង​ទេ។ សម័យ​ឥលូវ​គ្មានអាណា​គេ​ជួយ​យើង​ទេ។ លក់​អ៊ីចឹង​មាន​តែ​គេ​កោសកៀរ​រកលុយ​យើង​ថែម។ ដាច់មិនដាច់​ក៏​គេនៅ​តែ​រក​លុយ​យើងថែមដែរ។ បើ​ថា​ជួយ​គ្មាន​អាណា​ជួយ​យើង​ទេ មីង​មិន​ជឿ​គ្មាន​ពីណាគេ​ជួយ​យើង​បាន​ទេ»។

ទីផ្សារ​កសិផល

ជារឿយៗ កសិករ​តែង​រអ៊ូរទាំ​អំពីផលិត​ផល​កសិកម្ម​របស់​ពួកគេ​ថា​មាន​តម្លៃ​ទាប និងមិនមាន​ទីផ្សារ ជាពិសេស​នៅ​រដូវ​ប្រមូល​ផល។ កសិករ​មួយ​ចំនួន​មាន​ទាំង​ឈូស​សាលាដ ស្ពៃ​ដែល​ពួកគេ​ដាំ​តែ​មាន​តម្លៃ​ថោក​ខ្លាំងចោល ​អ្នក​ខ្លះ​ទុក​ស្វាយ​ដែល​ដាំ​បាន​ផល​ច្រើន​ចោល​ ​ដោយសារលក់​មិនចេញ​ក៏​មាន។​

​លោក ហម ដារិន​ អ្នករត់ PassApp លើ​បណ្តោយ​មហាវិថីព្រះ​នរោត្តម​ លើកឡើង​ដែរ​ថា កង្វះ​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម គឺ​ជា​បញ្ហា​ដែល​ប្រជា​ពលរដ្ឋ​តែង​ជួប​ប្រទះ តែ​មិនមានការ​ដោះ​ស្រាយ​ដោយ​ប្រសិទ្ធភាព។ លោកថា ចំណូល​ដែល​ប្រជាពលរដ្ឋរក​បាន​ មាន​ចំនួន​តិច​ ប៉ុន្តែតម្លៃ​ទំនិញលើ​ទីផ្សារ​កើន​ឡើង មិន​សមស្របនឹង​ចំណូល។​

«ឡើង​ថ្លៃ​រហូត ឡើង​ថ្លៃ​តាម​មាត់​អ្នក​លក់​អ៊ីចឹងហា៎។ វាអត់​មានតុល្យភាព​ថា​កំណត់​ទីផ្សារ​ប៉ុន្មាន អីប៉ុន្មាន។ ថ្លៃជី​ ថ្លៃ​កសិកម្ម ហើយ​និង​ផលិត​ផល​ដែលប្រជាពលរដ្ឋ​បាន​ផលិត​មក វាបាន​តុល្យភាព​ ធៀប​គ្នា​ទៅ​ កសិកម្ម​បាន​ផល​ច្រើន​ទៅ លក់​បាន​ទីផ្សារ​ទៅ ប្រជាជន​ចេះ​តែមាន​កម្លាំងចិត្ត​ធ្វើ​ទៀត​ទៅ។ ​ដល់​ពេល​យើង​អត់​មាន​ទីផ្សារអ៊ីចឹង ប្រជាជន​អត់​មាន​លទ្ធភាពនឹងធ្វើ​ទៀត ខ្លះ​ចំណាក​ស្រុក​ទៅ​ប្រទេស​គេ​អ៊ីចឹង​ទៅ»។

រូបឯកសារ៖ កសិករហាលស្រូវក្នុងរដូវប្រមូលទិន្នផលកសិកម្មនៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១។
រូបឯកសារ៖ កសិករហាលស្រូវក្នុងរដូវប្រមូលទិន្នផលកសិកម្មនៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១។

លោក ហម ដារិន ចង់​ឃើញ​ស្ថាប័ន​ពាក់​ព័ន្ធ​ដូច​ជា​ក្រសួង​កសិកម្ម និង​ក្រសួង​សេដ្ឋកិច្ច ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទំនិញ​ឡើង​ថ្លៃ និង​ទីផ្សារ​កសិកម្ម​ដែល​លោក​បាន​លើកឡើង។​

ទាំងនេះ​ជា​បញ្ហា​ខ្លះៗ​ក្នុង​ចំណោម​បញ្ហា​ជាច្រើន​ទៀត​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​បាន​លើកឡើង និង​ចង់​ឲ្យ​មាន​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាង​មុន ខណៈដែល​កម្ពុជា​នឹង​រៀប​ចំការ​បោះ​ឆ្នោតជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់អាណត្តិទី ៥ នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២​ ខាងមុខ​នេះ។

ក្រៅ​ពី​បញ្ហា​ដែល​ប្រជាពលរដ្ឋ​បាន​លើកឡើង ក៏​មាន​បញ្ហា​សំខាន់ៗ​ផ្សេងទៀត​ដែល​កំពុង​ជា​កង្វល់ និងគួរ​យក​ចិត្ត​ទុក​ដាក់ផងដែរ។ បញ្ហាទាំង​នោះ​មាន​ដូច​ជា បញ្ហា​សន្តិសុខ បញ្ហា​ផ្លូវ​ថ្នល់​តាម​មូលដ្ឋាន ទឹក​ស្អាត និងអគ្គិសនី ធនធាន​ធម្មជាតិ គ្រឿង​ញៀន និង​បញ្ហា​បក្សពួក​ជាដើម។

សន្តិសុខ

បញ្ហា​សន្តិសុខ​នៅ​កម្ពុជា ជាពិសេស​សន្តិសុខ​នៅ​តាម​បណ្តា​ខេត្ត នៅ​តែ​មាន​ការ​លើកឡើង​អំពីការ​ព្រួយ​បារម្ភ​ពី​សំណាក់​ប្រជាពលរដ្ឋ​ ជាពិសេស​ពាក់​ព័ន្ធនឹង​ការ​ប្រើប្រាស់​គ្រឿងញៀន បងតូច​បង​ធំ ការប្រើ​អំពើ​ហិង្សា ការ​លួចប្លន់​ និង​ការ​រំលោភ​បំពាន​ផ្សេងៗ​ជាដើម។

លោក ​អ៊ូ វីរៈ​ ប្រធាន​អង្គការវេទិការ​អនាគត ដែល​ជាស្ថាប័ន​ស្រាវជ្រាវ​គោល​នយោបាយ លើក​ឡើង​ថា បញ្ហា​សន្តិសុខ​ដែល​កើត​មាន​ដោយសារ​គ្រឿង​ញៀន និង​បងតូច​បង​ធំ​ គួរ​តែ​ត្រូវ​បាន​លើក​យក​មក​ជជែក និង​ដោះស្រាយ​ សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់នេះ។ លោក អ៊ូ វីរៈ បន្ថែម​ថា កម្ពុជា​មិន​ទាន់​មានការជជែកគ្នា​ស៊ីជម្រៅ​ពាក់​ព័ន្ធ​នឹង​គោល​នយោបាយនៃការ​ប្រើប្រាស់​គ្រឿង​ញៀននៅ​ឡើយ។​

«​ក្នុងពិភព​លោកគេ​ចាប់​ផ្តើម​ជជែក​គ្នា​ច្រើន​ ដោយសារវា​ប៉ះពាល់លើបញ្ហា​គ្រប់​ទាំងអស់ ទាំង​សេដ្ឋកិច្ច ទាំង​សុវត្ថិភាព សន្តិសុខ​មូលដ្ឋាន ទាក់ទង​រឿង​ទាំងសុខា​ភិបាល ប្រព័ន្ធ​សុខភាព​របស់​ប្រជាពល​រដ្ឋ​ដែល​ប្រើប្រាស់ ឬ​ក្មេងៗ​ដែល​គាត់​ប្រើប្រាស់ ការ​អប់រំ អនាគត​នៃ​ប្រទេស​ជាតិ​ទាំងមូល វាពាក់ព័ន្ធ​ដែរ​ទៅ​លើ​បញ្ហា​គ្រឿង​ញៀន»។

លោកបន្ថែមថា៖ «នៅ​ស្រុក​យើង ​យើង​បន្ទោស​អ្នកប្រើគ្រឿងញៀន តែ​យើង​អត់​មើល​ពី​បញ្ហា​សង្គម​ទាំងមូល ដល់អ៊ីចឹងទៅ​វា​ពិបាក។ ខ្ញុំ​មើល​ទៅ​អ្នក​នយោបាយ​មិន​ទាន់បាន​ប្រកួត​ប្រជែងគ្នា​បែបគំនិត​គោល​នយោបាយ​ស៊ីជម្រៅគ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ ពាក់​ព័ន្ធ​រឿង​បញ្ហា​សន្តិសុខ​ ឬ​បញ្ហា​គ្រឿង​ញៀន​នៅ​ឡើយ»។

បើតាម​លោក អ៊ូ វីរៈ បញ្ហា​មួយ​ចំនួន​ទៀត​ដែល​លោក​សង្កេត​ឃើញ​ក្នុង​កម្រិត​ឃុំ​សង្កាត់​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ជាពិសេស​នៅ​តាម​បណ្តា​ខេត្ត​មាន​ដូចជា ផ្លូវថ្នល់​ ភ្លើង​អគ្គិសនី ទឹក​ស្អាត និង​ការ​ផ្តល់​សេវា​សាធារណៈ​ដោយ​ប្រកាន់​បក្ស​ពួក​ជាដើម។

រូបឯកសារ៖ ស្ត្រីម្នាក់ជិះម៉ូតូនៅតាមផ្លូវលំមួយ នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០។
រូបឯកសារ៖ ស្ត្រីម្នាក់ជិះម៉ូតូនៅតាមផ្លូវលំមួយ នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០។

ធនធាន​ធម្មជាតិ

នៅ​កម្ពុជា បញ្ហា​ពាក់​ព័ន្ធនឹងការបំផ្លាញ​ធនធាន​ធម្មជាតិ ដូចជា​ការ​កាប់​ព្រៃឈើ ការ​លុប​បឹង​បួរ ការ​ចាក់​ខ្សាច់​ចូល​ទន្លេ និង​សមុទ្រ ព្រមទាំង​ការ​បូម​ខ្សាច់ជាដើម ​តែងជាក្តី​បារម្ភ​របស់​ប្រជា​ពលរដ្ឋ។

លោកបណ្ឌិត មាស នី អ្នក​សិក្សាពីការ​វិវត្ត​សង្គម​ និង​ជាអ្នក​វិភាគ​នយោបាយ​លើកឡើង​ថា រដ្ឋាភិបាល​នៅ​មាន​ចន្លោះ​ប្រហោង​ក្នុងការ​គ្រប់គ្រង និង​ការពារ​ធនធាន​ធម្មជាតិនៅ​ឡើយ។​

«គណបក្ស​កាន់​អំណាច​នៅ​តែមាន​ភាព​ចន្លោះ​ប្រហោង​ច្រើន​ទៅ​លើ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ទោះបី​ជា​មាន​ភាព​ប្រសើរ​ឡើងខ្លះក៏​ដោយ ក៏​ប៉ុន្តែ​វិបត្តិ​នៃ​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​តែ​ជារឿង​ធំ​ដែល​គណបកល្ស​កាន់​អំណាច​មិនអាច​ធ្វើ​ឲ្យ​បាន​ជោគ​ជ័យ​ក្នុង​រយៈពេលកន្លង​មក​ហើយ។​ អ៊ីចឹង​គណបក្ស​នានា​ក៏​ត្រូវ​តែពិនិត្យ​មើល​លើ​រឿង​ហ្នឹង​ ហើយ​បង្កើត​នូវ​គោល​នយោបាយរបស់​ខ្លួន»។

បើតាម​របាយការណ៍​របស់អង្គការ​លើកលែង​ទោស​អន្តរជាតិ ចេញ​កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២២ ​កម្ពុជា​មាន​អត្រា​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់​ជាង​គេ​បំផុត​មួយ​នៅ​លើ​សាកល​លោក ដោយ​បាត់​បង់​គម្រប​ព្រៃឈើ (ព្រៃឈើ​ដែល​បាត់បង់គិត​ថា​ផ្ទៃដី) ​អស់​ប្រមាណជា​៦៤​ភាគ​រយ​ចាប់​តាំង​ពី​ ២០១១ ​មក។

បក្សពួកនិយម

​លោកបណ្ឌិត​ មាស នី​ លើកឡើងថា ការអនុវត្ត​ការងារ និង​ការ​ផ្តល់​សេវា​សាធារណៈ​ដោយរើស​អើង​និន្នាការ​នយោបាយ ​នៅ​តែ​មាន​សភាព​ធ្ងន់​ធ្ងរតាម​ឃុំ​សង្កាត់ ដែល​គួរ​តែ​ត្រូវ​បាន​កែ​ប្រែ​ជា​ចាំបាច់។

«កាលណា​យើង​គិត​ថា​យើង​ជាក្រុម​ប្រឹក្សា​ឃុំ​របស់​រដ្ឋាភិបាល គឺ​ត្រូវ​ធ្វើ​ម៉េច​កាត់​បន្ថយ​នូវ​ការ​រើស​អើង​នយោបាយ។ រឿង​រើស​អើង​នយោបាយ​នៅ​តាម​មូលដ្ឋាននេះ​គឺមាន​សភាព​ធ្ងន់ធ្ងរមែន​ទែន នេះ​សម្រាប់​ខ្ញុំ​ដែល​ជា​អ្នក​ស្រាវជ្រាវ​ដែល​ខ្ញុំ​មើល​ឃើញ។ តាំងពី​រឿង​ការ​ប៉ះពាល់​ដល់​ការ​ជ្រើស​រើស​បណ្ណ​សមធម៌​អីហ្នឹង ​ក៏​មាន​អំពើ​មិន​គប្បីមួយ​ចំនួន​ដែល​កើត​ឡើង​ដោយសារ​ការ​រើស​អើង​នយោបាយ​ហ្នឹង​ផង​ដែរ»។

ការ​បោះ​ឆ្នោត​ក្រុម​បឹ្រក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​៥ ​ខែ​មិថុនា​ ឆ្នាំ​២០២២ ​ខាង​មុខ​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​១៧ បាន​និង​កំពុង​ត្រៀម​ចូលរួម​ប្រកួត​ប្រជែង។

អ្នក​ឃ្លាំមើល​ការ​វិវត្ត​សង្គមលើកឡើងថា ​ការ​បោះឆ្នោត​ឃុំ​សង្កាត់អាណត្តិ​ទី​៥​នេះ នឹង​មិន​ធ្វើ​ឲ្យ​បញ្ហា​ដែល​កំពុង​ត្រូវ​បាន​លើកឡើង​ មាន​ភាព​ប្រសើរ​ឡើង​នោះទេ។

​លោក អ៊ូ វីរៈ បាន​បញ្ជាក់ថា ​ការ​ដោះស្រាយបញ្ហា​ក្នុង​ឃុំ​សង្កាត់​ដែល​បាន​នឹង​កំពុង​កើត​ឡើងឲ្យមាន​ប្រសិទ្ធភាព លុះ​ត្រា​តែ​មេឃុំ​ចៅ​សង្កាត់​ទាំង​នោះជាមនុស្ស​ឯករាជ្យ​ពីគណបក្ស​នយោបាយ និង​ត្រូវ​បោះ​ឆ្នោត​ជ្រើសរើស​ដោយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ។

«ការ​បង្វែរ​អំណាច​ទទួល​ខុសត្រូវ​ទៅលើ​ប្រជាពលរដ្ឋ បាន​ន័យ​ថា ​តម្រូវ​ឲ្យ​ការ​បោះឆ្នោតឃុំ​សង្កាត់​ គួរ​តែកុំ​ឲ្យមានពាក់​ព័ន្ធ​គណបក្សនយោបាយ​ទៅវិញ។ ចំពោះខ្ញុំ គឺជាគន្លឹះ​ដែលល្អ​បំផុត។ បានន័យ​ថា គួរ​តែ​ជា​ឯកត្តនាម​ហើយ​អត់​ឲ្យមានភ្ជាប់​ជាមួយ​គណបក្សនយោបាយ ដើម្បី​ឲ្យ​គាត់​ទៅជា​មនុស្ស​ឯករាជ្យ បុគ្គល​ឯករាជ្យ មន្រ្តីឯករាជ្យ»៕

XS
SM
MD
LG