ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ជា​ថ្មី​ទៀត​បដិសេធ​ថា មិន​មាន​យោធា​ចិន​នៅ​មូលដ្ឋាន​យោធា​សមុទ្រ​រាម ហើយ​ចង់​ធ្វើ​​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក


រូបឯកសារ៖ ទាហានជើងទឹកកម្ពុជាអបអរសាទរទូកល្បាតរបស់កងទ័ពជើងទឹកចិនក្នុងពិធីប្តូរវេននៅមូលដ្ឋានកងទ័ពជើងទឹកកម្ពុជានៅតំបន់រាមក្នុងខេត្តព្រះសីហនុថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៧ ។ (REUTERS/Chor Sokunthea)
រូបឯកសារ៖ ទាហានជើងទឹកកម្ពុជាអបអរសាទរទូកល្បាតរបស់កងទ័ពជើងទឹកចិនក្នុងពិធីប្តូរវេននៅមូលដ្ឋានកងទ័ពជើងទឹកកម្ពុជានៅតំបន់រាមក្នុងខេត្តព្រះសីហនុថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៧ ។ (REUTERS/Chor Sokunthea)

ប្រទេស​កម្ពុជា​មិន​បាន​អនុញ្ញាត​ហើយ​ក៏​នឹង​មិន​អនុញ្ញាត​ឲ្យ​កងទ័ព​បរទេស​ណា​មួយ​ប្រើប្រាស់​មូលដ្ឋាន​យោធា​របស់​កម្ពុជា​ផ្តាច់​មុខ​នោះ​ឡើយ។ នេះ​គឺ​ជា​ការ​បញ្ជាក់​ឡើង​វិញ​ម្តង​ទៀត​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

ក្រោយ​ពី​ខាន​ថ្លែង​ជា​សាធារណៈ​អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​កន្លង​មក​នេះ​ លោក​ហ៊ុន​ សែន​បានមាន​ប្រសាសន៍​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​នៅ​ថ្ងៃ​ទី​១​ខែ​មិថុនា​ឆ្នាំ​២០២០​ថា៖​ ​«កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​និង​អធិបតេយ្យ​ភាព។ កម្ពុជា​មិន​ចូលរួម​ជាមួយ​អ្នក​នេះ​ប្រឆាំង​ជា​មួយ​អ្នក​នោះ និង​មិន​អនុញ្ញាត​ឲ្យ​មាន​ទីតាំង​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន»។​

លោក ហ៊ុន សែន​ថ្លែង​បែប​នេះ ដោយ​សារ​លោក​អះអាង​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​មាន​ការ​ផ្ញើ​សារ​ពី​ឯកអគ្គរដ្ឋ​ទូត​បរទេស​មួយ​ដែល​លោក​ស្នើ​សុំ​មិន​បង្ហាញ​ឈ្មោះ​ថា​កម្ពុជា​«បាន​អនុញ្ញាត​ឲ្យ​កំពង់​ផែ​យោធា​រាម​ទៅ​ឲ្យ​ចិន​ប្រើប្រាស់​ផ្តាច់​មុខ»។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន​ចុងក្រោយ​បំផុត​នេះ​ធ្វើ​ឡើង ​បន្ទាប់​ពី​មាន​របាយ​ការណ៍​និង​ការ​សង្ស័យ​កន្លង​មកថា ចិន​កំពុង​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​យោធា​នៅ​ក្នុង​តំបន់ជាប់មាត់​សមុទ្រ​របស់​កម្ពុជា​រួមទាំង​កំពុងផែ​សមុទ្រ​រាម​ផង​ដែរ​ដើម្បី​ឲ្យចិន​អាច​ប្រើប្រាស់យោធា​របស់​ខ្លួន​បាន​នៅ​ពេល​ណា​មួយ​ដែល​ចាំ​បាច់។​

ប៉ុន្តែ លោក ហ៊ុន សែនថ្លែង​ថា​ ​កំពង់​ផែសមុទ្រ​រាម​របស់​កម្ពុជាគឺ​សម្រាប់​«មិត្ត​ភក្ត​បរទេស​ទាំង​ឡាយ»។​

«មូលដ្ឋាន​ជើង​ទឹក​រាម​នឹង​ទទួល​ស្វាគមន៍​គ្រប់​ប្រទេស​ទាំង​អស់​ដែល​មាន​បំណង​ចូល​នាវា​ចម្បាំង​របស់​ខ្លួន​មក​សុំ​ចត​ឈប់​សម្រាក​ ឬ​ក៏​ចូល​រួម​ធ្វើ​សម​យុទ្ធ​ជា​មួយ​កម្ពុជា។ យើង​មិនមែន​ធ្វើ​តែ​ជា​មួយ​ចិន​ទេ។ អាមេរិក​ចង់​ធ្វើ ក៏​សូម​អញ្ជើញ!»៕

XS
SM
MD
LG