ប្រទេសកម្ពុជា និងសមភាគីចិននឹងរៀបចំកិច្ចប្រជុំរួមគ្នាមួយនៅសប្តាហ៍ក្រោយដើម្បីពិភាក្សាអំពីវិធានការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយពីរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការឆ្លងរាតត្បាតជំងឺកូវីដ១៩។ នេះបើយោងតាមការផ្សាយព័ត៌មានតាមគេហទំព័ររបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃច័ន្ទនេះ។
របាយការណ៍ព័ត៌មានរបស់បក្សកាន់អំណាចដែលបានដកស្រង់សម្តីលោកហោ ណាំហុងឧបនាយករដ្ឋមន្ត្រីនិងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនបានឲ្យដឹងថារដ្ឋាភិបាលកម្ពុជា នឹងរៀបចំកិច្ចប្រជុំទ្វេភាគីនេះនៅថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០ ជាមួយលោកវ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន។
ការប្រកាសនេះធ្វើឡើង ក្រោយពីកិច្ចប្រជុំផ្ទៃក្នុងរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងសហគមន៍វាសនារួមកម្ពុជា-ចិននៅទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី៨ខែមិថុនានេះ។
របាយការណ៍នេះបញ្ជាក់ថា កិច្ចប្រជុំទ្វេភាគីដែលនឹងធ្វើឡើងតាមសន្និសីទវីដេអូ(Video Conference)នោះគ្រោងផ្តោតលើកិច្ចសហការរវាងកម្ពុជានិងចិនដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិកូវីដ១៩ ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីវិធានការជាក់លាក់ណាមួយនោះទេ។
កម្ពុជាត្រូវបានអ្នកវិភាគមើលឃើញថា បានទោរទន់ទៅរកចិនកាន់តែខ្លាំងឡើង ជាពិសេសក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងទ្វេភាគីរហូតដល់កម្រិត«ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»៕