មន្រ្តីជាន់ខ្ពស់នៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃអង្គារ បានជួបជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីមធ្យោបាយនៃការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមអ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
លោក ប្រាក់ សុខុន ដែលទើបឡើងកាន់តំណែងជារដ្ឋមន្រ្តីការបរទេសជាថ្មី បានជួបជាមួយភារធារីស្តីទីនៃស្ថានទូតអាមេរិក អ្នកស្រី Bridgette L. Walker នៅទីស្តីការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ប្រាប់វីអូអេថា៖ «ភារធារីស្តីទីនៃស្ថានទូតអ្នកស្រី Walker បានជួបប្រជុំលើកដំបូងប្រកបដោយផ្លៃផ្កាជាមួយរដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន នៅថ្ងៃទី ១០ ខែធ្នូ។ អ្នកទាំងពីរបានពិភាក្សាគ្នាអំពីអាទិភាពគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនិងកម្ពុជា និងមធ្យោបាយ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងការចូលរួមសម្រាប់ឆ្នាំ ២០២៥ និងស្របពេលប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី ៧៥ នៃទំនាក់ទំនងទ្វេភាគីរបស់យើង»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានគូសបញ្ជាក់ទៅមន្រ្តីទូតអាមេរិកអំពី «ការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលសហរដ្ឋអាមេរិកថ្មី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ» ព្រមទាំងសម្តែងការពេញចិត្តចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានការចូលរួមកម្រិតខ្ពស់ រួមមានដំណើរទេស្សនកិច្ចថ្មីៗមកកម្ពុជារបស់ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងអ្នកស្រី Samantha Power នាយិកានៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។
លោក ប្រាក់ សុខុន និងអ្នកស្រី Walker បានក៏សាទរចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរវាងយោធានិងយោធា និងការបន្តកិច្ចសន្ទនាគោលនយោបាយការពារជាតិសហរដ្ឋអាមេរិកនិងកម្ពុជាផងដែរ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យដែលជាផលប្រយោជន៍ទៅវិញទៅមក មានពាណិជ្ជកម្ម និងទេសចរណ៍ ដែលមានវឌ្ឍនភាពយ៉ាងល្អ»។
បើតាមក្រសួងការបរទេសកម្ពុជា ភាគីទាំងពីរក៏បានពិភាក្សាអំពីជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងការបញ្ជូនវត្ថុបុរាណខ្មែរជាង ១៥០ ត្រឡប់មកប្រទេសកម្ពុជា ការផ្តល់អាហារូបករណ៍ ការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាម និងបេសកកម្មដោះមីនជាដើម។
ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកហាក់មានភាពរកាំរកូសជាបន្តបន្ទាប់។ កាលពីពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបង្ខំឲ្យធ្វើពលកម្មដោយខុសច្បាប់និងការបោកប្រាស់តាមអនឡាញ។ ក្រសួងការបរទេសកម្ពុជាចាត់ទុកថា ការដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ ដែលជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត «មានចេតនានយោបាយ និងផ្ទុយទាំងស្រុងពីស្មារតីនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជឿទុកចិត្តគ្នាទៅវិញទៅមក»រវាងប្រទេសទាំងពីរ។
ជាមួយគ្នានោះ ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាកាន់តែស្និទ្ធនឹងប្រទេសចិន ដែលបង្កក្តីបារម្ភដល់សហរដ្ឋអាមេរិក។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងអាមេរិកមានបញ្ហារកាំរកូសឡើង ចាប់ពីតាំងពេលដែលរដ្ឋាភិបាលកម្ពុជារំលាយគណបក្សសង្គ្រោះជាតិ។ លោកថា សកម្មភាពនេះពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ ហើយការដែលសហរដ្ឋអាមេរិកបានលើកឡើងពីក្តីបារម្ភអំពីលទ្ធភាពនៃការដាក់ទ័ពចិននៅមូលដ្ឋានទ័ពជើងទឹករាម កាន់តែធ្វើឲ្យភាពរកាំរកូសនេះអូសបន្លាយ។
លោកថ្លែងថា៖ «ទំនាក់ទំនងកម្ពុជាអាមេរិ កគឺត្រូវការពេលវេលាស្តារជជែកគ្នាឲ្យស៊ីជម្រៅ គិតអំពីយន្តការរួម។ កម្ពុជាគួរតែមិនឈរលើគោលការណ៍ច្បាប់ដែលកម្ពុជាគិតថាត្រឹមត្រូវទេ គិតទៅលើបរិបទ បរិយាកាសអន្តរជាតិទើបអាចនិយាយគ្នាត្រូវ។ ទស្សនៈខ្ញុំ»។
លោកសាស្ត្រាចារ្យរូបនេះបានលើកឡើងថា កម្ពុជាគួរឈប់ប្រកាន់យកលទ្ធិប្រជាធិតេយ្យបែបកម្ពុជាដោយការខ្លាចបាត់បង់អធិបតេយ្យ ហើយឈរលើគោលការណ៍រួម ឬច្បាប់អន្តរជាតិនានា ដែលកម្ពុជាបានចុះហត្ថលេខា។ លោកបន្ថែមថា ការមានយន្តការតែមួយនឹងអាចបើកផ្លូវឲ្យភាគីទាំងពីរនិយាយគ្នាបាន។
កាលពីកន្លងទៅ សហរដ្ឋអាមេរិកបានបង្ហាញក្តីព្រួយបារម្ភអំពីការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ក្រោមជំនួយរបស់ចិន។ សហរដ្ឋអាមេរិកបានបង្ហាញក្តីសង្ស័យថា ចិនអាចនឹងប្រើប្រាស់មូលដ្ឋានទ័ពរាមនេះដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់។ ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាបានបដិសេធម្តងហើយម្តងទៀតថាកម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ។
កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ វិទ្យាស្ថាន Lowvy បានផ្សាយអត្ថបទស្រាវជ្រាវមួយដោយលើកឡើងថា មូលដ្ឋានកងទ័ពជើងទឹករាមនៅកម្ពុជាមិនទំនងនឹងក្លាយជាមូលដ្ឋានយោធាចិន ឬជាទីតាំងទ័ព ដូចនៅ Djibouti ដែលដំណើរការទាំងស្រុងដោយកងទ័ពរំដោះប្រជាជននោះទេ។ អត្ថបទស្រាវជ្រាវនោះបន្តថា ក៏ប៉ុន្តែប្រទេសចិនអាចទទួលបានសិទ្ធិចូលប្រើប្រាស់មូលដ្ឋាន ឬប្រើប្រាស់ឧបករណ៍របស់ខ្លួននៅទីនោះ ដើម្បីប្រមូលព័ត៌មានសម្ងាត់ប្រឆាំងនឹងរដ្ឋផ្សេងទៀត។
ចំណែកលោក ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្រនៃបញ្ជាការដ្ឋានកងទ័ពជើងទឹក ប្រាប់វីអូអេថា ការធ្វើទំនើបកម្មនៅមូលដ្ឋានសមុទ្ររាមមិនទាន់រួចរាល់ទាំងស្រុងនោះទេ ហេតុនេះមិនទាន់ធ្វើពិធីប្រគល់ឡើយ។
ពាក់ព័ន្ធនឹងការលើកឡើថា មូលដ្ឋានទ័ពអាចត្រូវបានចិនប្រើប្រាស់ដើម្បីស៊ើបការណ៍លោក ម៉ី ឌីណា បានបញ្ជាក់ថា ករណីនៃការស្រាវជ្រាវនិងការចោទប្រកាន់ផ្សេងៗ លោកថាជាសិទ្ធិរបស់អ្នកអត្ថាធិប្បាយ។
គួរបញ្ជាក់ថា ក្រោយពីលោក ដូណាល់ ត្រាំ (Donald Trump) បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសារជាថ្មី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភាមួយរូប បានស្នើសុំរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកកុំទាញកម្ពុជាចូលក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ហើយថា កម្ពុជាចង់រក្សាទំនាក់ទំនងល្អជាមួយប្រទេសមហាអំណាច៕
វេទិកាបញ្ចេញមតិ