ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កម្ពុជា​ស្នើ​ឲ្យ​អាស៊ាន​ប្រឹងប្រែង​បញ្ចៀស​ផ្សែង​បំពុល​បរិយាកាស


រូបឯកសារ៖ ផ្សែង​ពី​ភ្លើង​ឆេះ​ព្រៃ​គ្របដណ្តប់​លើ​ភូមិ​ដែល​នៅ​តាម​បណ្តោយ​ទន្លេ Kahayan នៅ​ក្នុង​ក្រុង Palangkaraya នៃ​ខេត្ត Central Kalimantan ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ ទី ២០ ខែកញ្ញា ឆ្នាំ ២០១៩។
រូបឯកសារ៖ ផ្សែង​ពី​ភ្លើង​ឆេះ​ព្រៃ​គ្របដណ្តប់​លើ​ភូមិ​ដែល​នៅ​តាម​បណ្តោយ​ទន្លេ Kahayan នៅ​ក្នុង​ក្រុង Palangkaraya នៃ​ខេត្ត Central Kalimantan ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ ទី ២០ ខែកញ្ញា ឆ្នាំ ២០១៩។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ នៅ​ថ្ងៃ​ពុធ​នេះ បាន​ទទូច​ឲ្យ​បណ្ដា​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​ថា​អាស៊ាន ឲ្យ​ប្រឹង​ប្រែង​បន្ថែម​ទៀត ​ដើម្បី​ទប់​ស្កាត់​​ផ្សែង​អ័ព្ទ​​ឆ្លង​ដែន​​ដែល​បង្ក​ឲ្យ​មាន​ជាតិ​ពុល

ក្រុមរដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន បាន​បញ្ចប់​កិច្ចប្រជុំ​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​ខេត្ត​សៀមរាប​នៃ​ប្រទេស​កម្ពុជា ក្រោយពី​បាន​ពិភាក្សាគ្នា​ស្ដីពី​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ការការពារ​បរិស្ថាន​នៅ​ក្នុង​តំបន់។ រដ្ឋមន្ត្រី​បរិស្ថាន​កម្ពុជា បាន​ស្នើ​ឲ្យ​សមាជិក​អាស៊ាន​ទាំង​ដប់​ប្រទេស​ពង្រឹង​ការខិតខំ​បន្ថែម​ទៀត ដើម្បី​លុប​បំបាត់​ការបំពុល​បរិស្ថាន​តាមរយៈ​ការសាយ​ភាយ​នៃ​ផ្សែង​អ័ព្ទ​ឆ្លង​ប្រទេស។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​១៥​នៃ​រដ្ឋមន្ត្រី​បរិស្ថានរបស់​ប្រទេស​ទាំង​១០​ក្នុង​ខេត្ត​សៀម​រាប ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា លោក ​សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថានកម្ពុជា ​បាន​លើក​ឡើង​ថា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​ត្រូវ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ទប់​ស្កាត់​កង្វល់​នេះ។

«ទស្សន:​នៃ​អាស៊ាន​គ្មាន​ផ្សែង​អ័ព្ទ​ត្រឹម​ឆ្នាំ​២០២០ ជិត​ដល់​ពេល​ហើយ។ ខណ:​ដែល​ជិត​ដល់​ពេល​វេលា​នេះ យើង​ត្រូវការ​បង្កើន​នូវ​កិច្ចប្រឹងប្រែង​របស់​យើង និង​ធ្វើការ​ជាមួយគ្នា​ឲ្យ​បាន​រីក​ចម្រើន​ក្នុង​ការ​ការពារ​ការ​បំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន»។

ប្រទេស​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​លើក​ទី១៥ រដ្ឋមន្រ្តី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី៧ ដល់​ថ្ងៃ​ទី១០ ខែតុលា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)
ប្រទេស​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​លើក​ទី១៥ រដ្ឋមន្រ្តី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី៧ ដល់​ថ្ងៃ​ទី១០ ខែតុលា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)

ក្រុម​ប្រទេស​សមាជិក​អាស៊ាន​ដែល​រួម​មាន​កម្ពុជា​ វៀតណាម ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ ប្រ៊ុយណេ ​និង​ហ្វីលីពីន បាន​ចុះ​កិច្ច​ព្រម​ព្រាង​លើ​ការ​លុប​បំបាត់ផ្សែង​អ័ព្ទបំពុល​បរិយាកាស​ឆ្លង​ប្រទេស ​កាល​ពី​ឆ្នាំ​២០០២ និង​ដាក់គោល​ដៅ​លុប​បំបាត់ផ្សែង​អ័ព្ទ​ឆ្លង​ប្រទេស​នេះ​ ឲ្យ​បាននៅ​ត្រឹម​ឆ្នាំ​២០២០ ខណៈ​ដែល​ភ្លើង​ឆេះ​ព្រៃ​នៅ​កោះ​ស៊ូម៉ាត្រា នៃ​ប្រទេស​ឥណ្ឌូណេស៊ី បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហបុរី ដែល​នៅ​ក្បែរ​ខាង​នោះ។ ​ភ្លើង​ឆេះ​ព្រៃ​នេះ​ បាន​បង្ក​ឲ្យ​មាន​កង្វល់​រួម​របស់​ប្រទេស​ជា​សមាជិក​អំពី​ការ​បំពុល​បរិស្ថាន​ និង​បានក្លាយ​ជា​ប្រធាន​បទ​ពិភាក្សា​យ៉ាង​សំខាន់​មួយ​របស់​ក្រុម​រដ្ឋ​មន្ត្រី​បរិស្ថាន​អាស៊ាន​ក្នុង​កិច្ច​ប្រជុំ​ដែល​បាន​បញ្ចប់​នៅ​ថ្ងៃ​ពុធ​នេះ។

លោក Raffles Panjaitan ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ភ្លើង​ឆេះ​ព្រៃ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ថ្លែង​ថា​ភ្លើង​ឆេះ​ព្រៃ​បាន​ធ្លាក់​ចុះ​ពី​២,៦​លាន​ហិកតា នៅ​ឆ្នាំ​២០១៥ មក​ត្រឹមប្រមាណ​៤៤ម៉ឺន​ហិកតា​វិញ​នៅ​ឆ្នាំ​២០១៦​ និង​ឆ្នាំ​បន្តបន្ទាប់។

«វា​មាន​ន័យ​ថា​ឥណ្ឌូណេស៊ី​ពិត​ជា​បាន​ប្ដេជ្ញា​ដោះស្រាយ​និង​បំបាត់​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូណេស៊ី​។ យើង​បាន​ពន្យល់​ទៅ​ពួកគេ​ហើយ​ពួកគេ​បាន​ទទួល។ អ្វី​ដែល​សំខាន់ គឺ​របៀប​នៃ​ការ​សហការ​ក្នុង​តំបន់»។

លោក​បញ្ជាក់​បន្ថែម​ថា​រដ្ឋាភិបាល​របស់​លោក​បាន​ធ្វើ​សកម្មភាព​ជាច្រើន​ក្នុង​នោះ​មាន​ការ​អនុវត្ត​ច្បាប់​ដោយ​តឹងរ៉ឹង និង​ជា​បន្តបន្ទាប់​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន​របស់​ថៃ លោក Varawut Silpa-archa បាន​ថ្លែង​ថា​ប្រទេស​ថៃ បាន​កំពុង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ផ្សែង​អ័ព្ទ​ដែល​កំពុង​កើត​ឡើង​នៅ​ភាគ​ខាង​ជើង​ប្រទេស។ លោក​បន្ថែម​ថា​ក្រុមមន្ត្រី​ថៃ ​នឹង​ចុះ​ទៅ​ពិនិត្យ​តំបន់​នោះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ថា​តើ​វា​ទាក់ទង​នឹង​បញ្ហា​កសិកម្ម​ឬ​ក៏​ការ​បំពុល​ផ្សេងៗ។

«យើង​ត្រូវ​យល់​អំពី​របៀប​នៃ​ការ​រស់​នៅ​របស់​ពួកគេ​និង​ទំនៀមទម្លាប់​របស់​ពួកគេ។ ប្រទេស​ថៃ មាន​មធ្យោបាយ​របស់​ខ្លួន និង​ប្រតិបត្តិ​ការ​ជាក់លាក់​របស់​ខ្លួន។ ប៉ុន្តែ​បញ្ហា​អ័ព្ទ មិន​អាស្រ័យ​លើ​ទំនៀម​ទម្លាប់ និង​វប្បធម៌​នោះ​ទេ។ វា​មាន​សារៈសំខាន់​ណាស់​ដែល​ប្រទេស​នីមួយៗ ត្រូវ​អប់រំ​ក៏​ដូចជា​ប្រាប់​ទៅ​កសិករ​របស់​ខ្លួន និង​ផ្នែក​កសិកម្ម អំពី​គ្រោះថ្នាក់​ដែល​កើត​ចេញ​ពី​ការបំពុល​ផ្សែង​អ័ព្ទ»។

​ដោយឡែកប្រទេស​កម្ពុជា​ក៏​បា​ន​ជួប​ប្រទះ​នឹង​ភ្លើង​ឆេះ​ព្រៃ ប៉ុន្តែ​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​បាន។ នេះ​បើ​យោង​តាម​លោក នេត្រ ភក្រ្តា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​កម្ពុជា។

លោក ​នេត្រ​ ភក្ត្រា​ បន្ថែម​ថា​កម្ពុជា​មាន​វិធានការ​ក្នុង​ការ​អប់រំ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ដុត​កាកសំណល់​ព្រៃឈើ ហើយ​ប្រើ​វិធីសាស្ត្រ​ក្នុង​ការ​កប់​កាកសំណល់​ទាំង​នោះ៕

XS
SM
MD
LG