ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​បរិស្ថាន​​អាស៊ាន​ជជែក​អំពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូណេស៊ី


ប្រទេស​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​លើក​ទី១៥ រដ្ឋមន្រ្តី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី៧ ដល់​ថ្ងៃ​ទី១០ ខែតុលា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​​កម្ពុជា ឲ្យ​ដឹង​ថា​ក្រុម​រដ្ឋ​មន្ត្រី​ និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​អាស៊ាន​ទាំង​១០ ​នឹង​រិះ​រក​វិធាន​ការ​រួម​គ្នា ​ដើម្បី​ត្រៀម​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​ និង​ការ​បំផ្លាញ​ព្រៃ​នៅ​ពេល​ខាង​មុខ។

ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​នៅ​ឆ្នេរនៃ​កោះ​ស៊ូម៉ាត្រា​ភាគ​ខាង​លិច​នៃ​ប្រទេស​ឥណ្ឌូណេស៊ី នឹង​ក្លាយ​ជា​ប្រធាន​បទ​សំខាន់​ក្នុង​កិច្ច​ពិភាក្សា​របស់​ក្រុម​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថានរបស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នៅ​ក្នុង​សប្ដាហ៍​នេះ ​ក្នុង​ខេត្ត​សៀម​រាប។

ភ្លើង​ឆេះ​ព្រៃ​នៅ​ឆ្នេរ​ភាគ​ខាង​កើត​របស់​កោះ​ស៊ូម៉ាត្រា​នេះ​ បង្កើត​ឲ្យ​មាន​ផ្សែង​អ័ព្ទ​ដែល​ភាយ​ចេញ​បំពុល​បរិយាកាស និងបាន​រីក​រាល​ដាល​ដល់​ប្រទេស​ជិត​ខាង​ដូចជា​ប្រទេស​សិង្ហបុរី និង​ម៉ាឡេស៊ី ជាដើម។

ក្រុម​មន្ត្រី​ផ្លូវ​ការ​របស់ក្រសួង​បរិស្ថាននៃ​បណ្ដា​ប្រទេស​អាស៊ាន​នេះ បាន​ចាប់​ផ្ដើម​កិច្ច​ពិភាក្សាជំហាន​ដំបូង​នៅ​ថ្ងៃ​ចន្ទ​នេះ ​មុន​នឹង​កិច្ច​ប្រជុំ​នៃ​ក្រុម​រដ្ឋ​មន្ត្រី​បរិស្ថាន ​ចាប់​ផ្ដើម​បើក​កិច្ច​ប្រជុំ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​សម្រាប់​រយៈ​ពេលបួន​ថ្ងៃ។

​អ្នកនាំពាក្យ​របស់​ក្រសួង​បរិស្ថាន លោក នេត្រ ភក្រ្តា បាន​ប្រាប់​វីអូអេ​ថា បញ្ហា​នៃ​ផ្សែង​អ័ព្ទ​ឆ្លង​ដែន​គឺ​ជា​បញ្ហា​សំខាន់​ដែល​នឹង​ត្រូវ​លើក​មកជជែក​ក្នុង​កិច្ច​ប្រជុំ​នេះ។

«វិស័យ​អ័ព្ទ​ឆ្លងដែន​គឺជា​បញ្ហា​មួយ​ត្រូវ​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ។ បញ្ហា​នេះ​នឹង​លើក​ដាក់​ចូល​កិច្ច​ប្រជុំ​លើក​ទី១៥​របស់​រដ្ឋ​មន្ត្រី​បរិស្ថាន ដើម្បី​ពិនិត្យ​ថា​តើ​យើង​ត្រូវ​រក​យន្តការ​យ៉ាងម៉េច ដើម្បី​គ្រប់គ្រង​ឲ្យ​បាន​ល្អ​ទៅ​លើ​ការ​បំពុល​ផ្សែង​អ័ព្ទ​ឆ្លង​ដែន​នេះ»។

ភ្លើង​ឆេះ​ព្រៃ​នៅ​កោះ​ស៊ូម៉ាត្រា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ​បាន​ចាប់​ផ្ដើមជា​ច្រើន​សប្ដាហ៍​មក​ហើយ។ ផ្សែង​នៃចំហេះ​ព្រៃ​បាន​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ទាំងមូល​ក្នុង​តំបន់​ឡើង​ក្រហម ហើយ​ក្រុម​ប្រជាពលរដ្ឋ​តម្រូវ​ឲ្យ​ពាក់​ម៉ាស ​ដើម្បី​បង្ការ​ជាតិ​ពុលដែល​ភាយ​ចេញ​ពី​ផ្សែង​ដ៏​ក្រាស់​នេះ។​ រហូត​មក​ដល់​ដើម​ខែ​តុលា​នេះ អគ្គិភ័យ​បានបំផ្លាញ​ព្រៃឈើ​អស់​ប្រមាណ​៣២៨០០០​ហិកតា​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​របស់​ឥណ្ឌូណេស៊ី។

មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​បរិស្ថាន​ ​លោក នេត្រ ភក្រ្តា ​បន្ថែម​ថាបទ​ពិសោធន៍​នៃ​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ​នឹង​នាំ​ឲ្យ​ក្រុម​រដ្ឋ​មន្ត្រី​បរិស្ថានអាស៊ាន ពិភាក្សា​រិះរក​មធ្យោបាយ​គ្រប់​គ្រង ​និង​ពន្លត់​គ្រោះ​មហន្តរាយ​នេះ។

ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្ត Central Kalimantan នៃ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៩។
ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្ត Central Kalimantan នៃ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៩។

ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី តែងតែ​កើត​មាន​ឡើង​ស្ទើរតែ​រៀង​រាល់​ឆ្នាំ។ ការ​ឆេះ​ព្រៃ​នេះ​មាន​ប្រភព​ចេញ​ពី​សកម្មភាព​កសិកម្ម តាមរយៈ​ការ​កាប់ឆ្ការ រាន និង​ដុត​ព្រៃ​ដោយ​ខុស​ច្បាប់។

លោក​បណ្ឌិត Mohd Yusoff Ishak ជា​អ្នក​ជំនាញ​ផ្នែក​បរិស្ថាន​នៃ​សាកលវិទ្យាល័យUniversiti Putra Malaysia (UPM) នៃ​ប្រទេស​ម៉ាឡេស៊ី បាន​ថ្លែង​ប្រាប់​VOAថា​គួរតែ​មាន​ចំណាត់​ការ​ឲ្យ​បាន​ខ្លាំង​ជាង​មុន ដើម្បី​ដោះស្រាយ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

«យើង​គួរតែ​ចាត់​ទុក​បញ្ហា​ផ្សែង​អ័ព្ទ​ដូចជា​គ្រោះ​ធម្មជាតិ​ផ្សេង​ទៀត ដូចជា​ស៊ូណាមី និង​រញ្ជួយ​ដី ដែល​អនុញ្ញាត​ឲ្យ​មាន​ជំនួយ​បរទេស។ បើ​ទោះ​វា​ជា​គ្រោះថ្នាក់​ដោយសារ​តម្រូវការ​របស់​មនុស្ស ប៉ុន្តែ​ការ​សម្លាប់​មាន​ទំហំ​ធំ​ណាស់ ហើយ​វា​ប៉ះពាល់​ប្រទេស​ជិត​ខាង​ទៀត​ផង»។

លោក​បញ្ជាក់​បន្ថែម​ថា​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ឥណ្ឌូណេស៊ី ប្រឈម​នឹង​បញ្ហា​បរិស្ថាន​ធ្ងន់ធ្ងរ​ជាងគេ ក្នុង​នោះ​ប្រទេស​ម៉ាឡេស៊ី ប្រឈម​នឹង​សំណល់​ប្លាស្ទិក​ដែល​នាំ​ចូល​ពី​សហភាព​អឺរ៉ុប។

លោក នេត្រ ភក្រ្តា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី១៥ រដ្ឋមន្រ្តី​បរិស្ថាន​អាស៊ាន។ (ស៊ុន ណារិន/VOA Khmer)
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី១៥ រដ្ឋមន្រ្តី​បរិស្ថាន​អាស៊ាន។ (ស៊ុន ណារិន/VOA Khmer)


​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​កម្ពុជា លោក នេត្រ ភក្ត្រា ឲ្យ​ដឹង​ទៀត​ថា​ក្រៅ​ពី​កិច្ច​ពិភាក្សា​អំពី​ការ​សាយ​ភាយ​នៃ​ផ្សែង​អ័ព្ទ​ឆ្លង​ប្រទេស​ ក្រុម​រដ្ឋ​មន្ត្រី​បរិស្ថាន​អាស៊ាន ​ក៏​នឹង​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​បម្រែបម្រួល​អាកាសធាតុ និរន្តរភាព​បរិស្ថាន​ទីក្រុង ការ​អភិរក្ស​ជីវចម្រុះ បរិស្ថាន​តំបន់​ឆ្នេរសមុទ្រ ការងារ​អប់រំ​បរិស្ថាន ការ​គ្រប់គ្រង​ធនធាន​ទឹក ការគ្រប់គ្រង​សារធាតុ​គីមី និង​ពិភាក្សា​អំពី​សំណល់​គ្រោះថ្នាក់​ផង​ដែរ។

នៅ​ចុង​បញ្ចប់​នៃ​កិច្ចប្រជុំ​លើ​វិស័យ​បរិស្ថាន​រយៈ​ពេល​បួន​ថ្ងៃ​នេះ នឹង​មាន​សេចក្ដីថ្លែងការណ៍​រួម​គ្នា​រវាង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ដើម្បី​ចូលរួម​ក្នុង​ការ​ការពារ​បរិស្ថាន។

គួរ​បញ្ជាក់​ថា​កិច្ច​ប្រជុំ​នៅ​សប្ដាហ៍​នេះ ក៏​នឹង​មាន​កិច្ចប្រជុំ​លើក​ទី​១៦​នៃ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន បូក​ប្រទេស​៣​ផ្សេង​ទៀត រួម​មាន​ ចិន ជប៉ុន និង​កូរ៉េខាងត្បូង ដែល​ផ្ដោត​សំខាន់​ទៅលើ​វិស័យ​បរិស្ថាន៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG