ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​សម្ពោធ​រូប​សំណាក​ព្រះ​បាទ​នរោត្តម​សីហនុ

  • ហេង រស្មី

សត្វ​ស្លាប​មួយក្បាល បានទំលើព្រះកេស​នៃ​​ព្រះ​បរម​រូប​ ព្រះ​បរម​រតនៈ​កោដ្ឋ​សម្តេច​ឪ​នរោត្តម​សី​ហនុ​ នៅ​ពេល​ដែល​​ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​នេះ​ គឺ​មួយ​ឆ្នាំ​ក្រោយ​ពី​ព្រះ​អង្គ​បាន​សោយ​ទី​វង្គត់​កាល​ពី​ថ្ងៃទី​១៥​ខែ​តុលា​ឆ្នាំ​២០១២។​
ភ្នំពេញ៖ ព្រះ​វិមាន​ព្រះ​បរម​រូប​ ព្រះ​បរម​រតនៈ​កោដ្ឋ​សម្តេច​ឪ​នរោត្តម​សី​ហនុ​ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​នេះ​គឺ​មួយ​ឆ្នាំ​ក្រោយ​ពី​ព្រះ​អង្គ​បាន​សោយ​ទី​វង្គត់​កាល​ពី​ថ្ងៃទី​១៥​ខែ​តុលា​ឆ្នាំ​២០១២។​

ព្រះ​មហាក្សត្រ​សម្តេច​ព្រះ​បរម​នាថ​នរោត្តម​សីហមុនី ​សម្តេច​ព្រះ​វររាជ​មាតា​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​ ព្រះ​សង្ឃ​ និង​ប្រជាពល​រដ្ឋ​ជាច្រើន​នាក់​បាន​យាង​និង​ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​សម្ពោធ​ជាផ្លូវ​ការ​ព្រះ​បរម​រូប​សម្តេច​ឪ។​
ព្រះ​មហា​ក្សត្រ​និង​សម្តេច​ព្រះ​វររាជ​មាតា​មាន​ព្រះ​ភក្រ្ត​ស្រពាប់​ស្រពោន​ក្នុង​ពេល​ដែល​ព្រះ​អង្គ​ស្តេច​យាង​ចូល​រួម​តែ​ព្រះ​មហា​ក្សត្រ​មិន​បាន​ថ្លែង​ព្រះ​រាជ​សារ​អ្វីទេ​ក្រៅ​ពី​លោក​ សុខ អាន​ រដ្ឋមន្ត្រី​នៃទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ និង​ លោក​ នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​តែ​ប៉ុណ្ណោះ។​

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​សុខ អាន​រដ្ឋមន្ត្រី​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​អាន​របាយការណ៍​សាង​សង់​ថា​ព្រះ​វិមាន​ព្រះបរម​រូប​សម្តេច​ឪ​បាន​ចំណាយ​ពេល​សាង​សង់​អស់​រយៈ​ពេល​៨​ខែ​ដោយ​ចំណាយ​ទឹក​ប្រាក់​អស់​ជាង​១​លាន​និង​២​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក។​ លោកបាន​និយាយ​រៀប​រាប់ថា​ ព្រះ​បរម​រូប ​សម្តេច​ព្រះ​នរោត្តម ​សីហនុ ​ធ្វើ​អំពី​ស្ពាន់ ​មាន​កម្ពស់ ​៤,៥ ម៉ែត្រ​ ទ្រង់​ឈរ​មួយ​ជំហរ ​ក្នុង​សម្លៀក​បំពាក់​ខោអាវ​ធំ ​មិនបាន​ទ្រង់គ្រឿង​ជា​ព្រះរាជា ​តាម​ប្រពៃណី​ទេ។

ព្រះអង្គ​អោបដៃ​សំយុង​មក​មុខ ​តម្កល់​លើ​ព្រះ​ភ្នែន ​មាន​កម្ពស់ ​២,៧ ​ម៉ែត្រ​ សាងសង់​នៅលើ​ខឿន​រាង​ចតុកោណកែង ​មាន​បណ្តោយ​ ៥៤ ម៉ែត្រ ​និង​ទទឹង​២៧ ​ម៉ែត្រ។ ព្រះ​បរម​រូប​ព្រះករុណា ​ព្រះ​បរម​រតនៈ​កោដ្ឋ​ត្រូវ​បាន​តម្កល់ ​ដោយ​បែរ​ព្រះភក្ត្រ​ ទៅ​ទិស​ខាងកើត ​បែរ​ខ្នង ​ទៅ​វិមានឯករាជ្យ។​

លោក​នាយក​រដ្ឋ​ហ៊ុន សែន​ បាន​រំឮក​ពី​គុណសម្បត្តិ​សម្តេច​ឪ​ក្នុង​ការ​ទាមទារ​ឯករាជ្យ​និង​សម្តេច​ឪ​មាន​ព្រះ​រាជតួនាទី​ដ៏សំខាន់​ក្នុង​ការ​ផ្សះផ្សារ​ឯកភាព​ជាតិ។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​កំណត់​យក​ថ្ងៃទី​១៥​ខែតុលា​ជារៀង​រាល់​ឆ្នាំ​ ជាថ្ងៃ​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​បរម​រតនៈកោដ្ឋ​សម្តេច​ឪ​នរោត្តម​សីហនុ។​

លោក​ហ៊ុន សែន​ក៏បាន​អំពាវ​នាវ​ឱ្យ​មេដឹក​នាំ​ជំនាន់​ក្រោយ​បន្ត​យក​ថ្ងៃទី​១៥​ខែ​តុលាដើម្បី​បង្កើត​ឱកាស​ឱ្យ​ប្រជា​ពលរដ្ឋគោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​បិតាជាតិ។​

លោក​និយាយ​ថា៖​«​យើង​ជំនាន់​នេះ​កំពុងតែ​ធ្វើ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​អ្នក​ជំនាន់​ក្រោយ។ សង្ឃឹម​ថា​អ្នក​បន្ត​វេន​រាប់​សិប​ឆ្នាំ​ រាប់​រយ​ឆ្នាំ​តទៅ​ទៀត​ នៅ​តែ​បន្ត​រក្សា​ថ្ងៃ​ទី​១៥​ ខែតុលា​រៀង​រាល់​ឆ្នាំ​ដើម្បី​សម្រាប់​ប្រជា​ពលរដ្ឋ​ គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ»។​
សម្តេច​ឪ​នរោត្តម សីហនុ​បាន​សោយ​ព្រះទិវង្គត់​កាល​ពី​ថ្ងៃ​ទី​១៥​ខែតុលា​ឆ្នាំ​២០១២​នៅ​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិនប្រជា​មានិត​ដោយ​ជំងឺ​គាំង​បេះដូង។​

ព្រះ​បរម​សព​សម្តេច​ឪ​ត្រូវ​បាន​ប្រារព្ធ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​កាល​ពី​ថ្ងៃ​ទី​៤​ខែកុម្ភៈ​ឆ្នាំ​២០១៣​ដោយ​មាន​មនុស្ស​ចូល​រួម​ជាច្រើន​រាប់​សែន​នាក់។​

ព្រះ​វិមាន​ព្រះ​បរម​រតនៈ​កោដ្ឋ​បាន​ធ្វើ​ពិធី​បញ្ចុះ​បឋម​សីលា​កាល​ពី​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ​នៅ​លើ​សួន​ច្បារវិមាន​ឯករាជ្យ៕
XS
SM
MD
LG