ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នៅថ្ងៃសុក្រនេះ បានសម្រេចជាគោលការណ៍នូវកម្មវិធីដង្ហែព្រះបរមសពសម្តេចឪនរោត្តមសីហនុចេញពីព្រះបរមរាជវាំងឆ្ពោះទៅកាន់វាលព្រះមេរុ។
ព្រះបរមសពរបស់សម្តេចឪនឹងចាប់ដង្ហែចេញពីព្រះបរមរាជវាំងនៅក្នុងសប្តាហ៍ទី១ ក្នុងខែកុម្ភៈ មុនចូលឆ្នាំចិន រួចតម្កល់ទុករយៈពេលបីថ្ងៃ នៅវាលព្រះមេរុ មុននឹងធ្វើព្រះរាជពិធីបូជា។
លោកគង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានថ្លែងប្រាប់អង្គប្រជុំនៅថ្ងៃសុក្រនេះថា ការប្រទានភ្លើងមិនទាន់បានកំណត់ថា តើសម្តេចម៉ែនរោត្តមមុន្នីនាថសីហនុ ឬក៏ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តមសីហមុនីជាអ្នកប្រទានទេ។
«នៅពេលដែលយាងដល់ព្រះមេរុ សូមជម្រាបថា យើងតម្កល់បីថ្ងៃ។ ថ្ងៃទី១ ថ្ងៃទី២ ដល់ថ្ងៃទី៣បានយើងថ្វាយព្រះភ្លើង»។
លោក គង់ សំអុលបានមានប្រសាសន៍ទៀតថា ក្បួនដង្ហែព្រះបរមសពសម្តេចឪមានប្រវែងប្រាំបីរយម៉ែតគឺមិនមានសេះ ឬក៏ដំរី ដូចពីសម័យមុនទេ គឺធ្វើឡើងតាមទីនាំងរថយន្ត និងដាក់បញ្ចាំងស្លាយតាមផ្ទាំងកញ្ចក់ធំៗ នៅព្រះបរមរាជវាំងចំនួនពីរផ្ទាំង និងនៅរង្វង់មូលក្បាលថ្នល់មួយផ្ទាំងផ្សេងទៀត ដើម្បីកាត់បន្ថយការលំហូរមនុស្សមកកាន់ព្រះបរមរាជវាំង។
«ពីព្រោះដើម្បីយើងបំបែកម៉ាស់ បំបែកមហាជន ប្រជាជន។ បើឲ្យគាត់អញ្ជើញមកតែមួយកន្លែង មិនដឹងថា គាត់សុខចិត្ត ឬមិនសុខចិត្តទេ។ ហើយខាងផ្នែកខាងច្បារអំពៅ យើងក៏បានដាក់ស្គ្រីនធំដែរ»។
តាមកម្មវិធីដូចបានគ្រោងទុក ដែលវីអូអេសំឡេងសហរដ្ឋអាមេរិកទទួលបាន បានឲ្យដឹងថា ព្រះបរមសពសម្តេចឪនឹងដាក់នៅក្នុងព្រះបរមមញ្ជូលសា (មឈូស) តាមរាជរថតូច ចេញពីព្រះបរមរាជវាំងមកតម្កល់ទុកលើរាជរថបុស្បុក ដែលឋិតនៅពីមុខវេទិកាបុណ្យអុំទូក។
ការដង្ហែព្រះរាជបុស្បុក ដែលមានតម្កល់ព្រះបរមសពសម្តេចឪនរោត្តមសីហនុគឺត្រូវឡើងនៅតាមមហាវិថីព្រះស៊ីសុវត្ថិ រួចដង្ហែឆ្ពោះទៅកាន់វត្តឧណ្ណាលោម ឈប់ត្រង់រូបសំណាកតេជោមាស តេជោយ៉តនិងមានព្រះសង្ឃចំនួន៩០អង្គគង់រង់ចាំបង្សុកូលថ្វាយព្រះរាជកុសល។
ពេលក្បួនដង្ហែព្រះបរមសពនឹងបន្តឆ្ពោះទៅវត្តភ្នំ ឈប់នៅទិសខាងកើតនៃវត្តភ្នំ ហើយនិមន្តព្រះសង្ឃ៩០អង្គទៀតដើម្បីបន្តបង្សុកូលថ្វាយព្រះរាជកុសល។
ក្រោយមក ក្បួនដង្ហែត្រូវធ្វើដំណើរចេញពីវត្តភ្នំតាមបណ្តោយផ្លូវព្រះនរោត្តមទល់មុខវិទ្យាល័យព្រះស៊ីសុវត្ថិ មានព្រះសង្ឃ៩០អង្គទៀត។
ពេលក្បួនដង្ហែបានបន្តទៅវិមានឯករាជ្យនឹងមានព្រះសង្ឃចំនួន៩០អង្គ រួចបន្តធ្វើដំណើរតាមផ្លូវព្រះសីហនុបត់ទៅទីតាំងវាលព្រះមេរុ ដោយតម្កល់ទុករយៈពេលបីថ្ងៃ មុននឹងធ្វើព្រះរាជពិធីបូជា។
សម្តេចឪនរោត្តមសីហនុបានសោយព្រះទិវង្គត់កាលពីថ្ងៃទី១៥កន្លងទៅនេះ នៅទីក្រុងប៉េកាំងប្រទេសចិន ដោយសារជំងឺគាំងបេះដូងក្នុងព្រះជន្ម៩០ព្រះវស្សា។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានសម្រេចជាគោលការណ៍ឲ្យសាងសង់រូបសំណាកសម្តេចឪធ្វើពីស្ពាន់ កម្ពស់ប្រាំពីរម៉ែត ហើយគ្រោងនឹងដាក់តាំងនៅតាមបណ្តោយផ្លូវសួនច្បារផ្នែកខាងកើតវិមានឯករាជ្យ៕