ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បន្ត​ទាត់ចោល​ការទាមទារ​របស់​អាមេរិក​ឲ្យ​ដោះលែង​លោក កឹម សុខា


រូបឯកសារ៖ លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពិធី​ជួបជុំ​បេក្ខនារី​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ នៅ​ទី​ស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ​​ នៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (VOA)

បន្ទាប់​ពី​​សហរដ្ឋ​អាមេរិក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ការ​ចោទ​ប្រកាន់​​និង​ដោះ​លែង​លោក កឹម សុខា អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្រសួង​ការបរទេស​កម្ពុជា​បាន​ឆ្លើយ​តប​ភ្លាមៗ ដោយ​ការពារ​ការ​ចាប់​និង​ឃុំ​ខ្លួន​លោក កឹម សុខា។

ក្រសួង​ការបរទេស​កម្ពុជា​បានច្រាន​ចោល​ការ​ទាម​ទារ​របស់​សហរដ្ឋ​អាមេរិក​ដែល​ស្នើ​ឲ្យ​ទម្លាក់រាល់​ការ​ចោទ​ប្រកាន់ ​និង​ស្នើ​ឲ្យ​ដោះ​លែងលោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បានរំលាយ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។

​ការ​បដិសេធ​នេះ​ធ្វើ​ឡើងតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​ក្រោយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទូច​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​ប្រឆាំង​លោក​ កឹម សុខា និង​ដោះ​លែង​រូប​លោក​ឲ្យ​មាន​សេរីភាព​ពី​ការ​ឃុំ​ឃាំង​ក្នុង​គេហដ្ឋាន ស្រប​ពេល​ដែលលោក កឹម សុខា ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​ដោយ​មិន​មាន​ការ​កាត់​ទោស។

ក្នុងសេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន អ្នកនាំពាក្យក្រសួង​ការបរទេស​កម្ពុជា​ពន្យល់​ថា​ការ​បន្ត​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ​ក្នុង​ផ្ទះ​របស់​លោកគឺជា​ការ​អនុវត្ត«​គោល​ការណ៍​មនុស្សធម៌​»​និង​ស្ថិត​ក្រោម​នីតិវិធី​របស់​តុលាការ ហើយ «រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​សិទ្ធិ​អធិបតេយ្យ​ពេញ​លេញ ក្នុង​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចាំបាច់​ចំពោះ​បុគ្គល និង​អង្គភាព​ទាំងឡាយ​ណា​ដែល​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​ជា​ធរមាន​ផ្សេង​ទៀត សំដៅ​ការពារ​សន្តិសុខ​ជាតិ និង​នីតិរដ្ឋ​របស់​ខ្លួន»។

លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌ​ទួល​គោក កាល​ពី​យប់រំលង​អាធ្រាត្រ​ ថ្ងៃ​ទី​២​ ឈាន​ចូល​ថ្ងៃ​ទី​៣​ ខែ​កញ្ញា ឆ្នាំ​២០១៧។ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ស្មើ​នឹង​បទ​ «ក្បត់ជាតិ»។ តាមរយៈ​បទ​ចោទ​នេះ​ ​លោក កឹម សុខា អាចប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​១៥ ទៅ​៣០​ឆ្នាំ ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​លោក​មាន​ទោស។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួនក្រោយ​ពីការ​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​ថា ​រូប​លោក​បាន​ទទួល​យោបល់​ពី​អ្នក​ជំនាញ​អាមេរិក​ដើម្បី​ធ្វើ​នយោបាយ​នៅ​ប្រទេស​កម្ពុជា។ អាជ្ញាធរ​កម្ពុជា​បាន​យក​វីដេអូ​នោះ​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ចោទ​ប្រកាន់​រូប​លោក ថា​មាន​ចេតនា​ផ្ដួល​រំលំ​រដ្ឋាភិបាល។ លោក​ត្រូវ​បាន​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ​ឯ​ខេត្ត​ត្បូងឃ្មុំ ​ដែល​ជា​ពន្ធនាគារ​ឧក្រិដ្ឋ​ អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ មុន​នឹង​ត្រូវ​ប្តូរ​មក​ឃុំ​ក្នុង​ផ្ទះ ​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​។

អ្នកស្រី Morgan Ortagus អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ម្សិលមិញ ដោយហៅ​ការ​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់លោក កឹម សុខា ថា​ធ្វើ​ឡើង​ «​ដោយគ្មាន​មូលដ្ឋាន» ហើយ​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ តាមរយៈ​ការ​ប្រើប្រាស់​ការ​ចោទ​ប្រកាន់​នេះ​ជា​ឧបករណ៍​រំលាយ​គណបក្ស​ប្រឆាំង​ និង​ដកហូត​ដំណែងក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​នេះ​ចំនួន​ជាង​៥០០០​ ​នៅ​ទូទាំង​ប្រទេស។

​ដោយឡែក អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​សង្កត់​ធ្ងន់ក្នុង​សេចក្ដី​ថ្លែងការណ៍របស់​ខ្លួនដោយ​មិន​បញ្ជាក់​ចំៗ​ថា៖ «ការបរាជ័យ​ក្នុង​ការប៉ុនប៉ង​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​របប តាមរយៈ​មធ្យោបាយ​មិនមែន​ប្រជាធិបតេយ្យ មិនមែន​ជា​ការអនុវត្ត​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ»។

​អ្នក​នាំ​ពាក្យ​ដដែល​បញ្ជាក់​ថា​«កម្ពុជា​ទាមទារ​ឱ្យ​អ្នក​នយោបាយ និង​រដ្ឋ​ការ​បរទេស​ទាំងអស់​ ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោល​ការណ៍​ប្រព័ន្ធ​ពហុភាគី​និយម» និង «គោរព​អធិបតេយ្យភាព​កម្ពុជា និង​ចៀស​វាង​ពី​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា ដោយ​យក​លេស​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ»។

លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho) លើក​ឡើង​ថា សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ដែល​មាន​បទ​ពិសោធន៍​ផ្នែកប្រជាធិបតេយ្យ​រឹង​មាំ។ ហើយ​អាមេរិកមើល​ឃើញ​អំពី​ភាព​ខ្វះ​ចន្លោះ​របស់​ប្រទេស​កម្ពុជា។

យ៉ាងណា​ក៏​ដោយ​លោក អំ សំអាត យល់​ថា ករណី​លោក កឹម សុខា នឹង​ត្រូវ​ដោះ​ស្រាយ​បាន​តាម​ផ្លូវ​នយោបាយ។

«នៅ​ពេល​ដែល​កិច្ច​ចរចា​ផ្នែក​នយោបាយ​នេះ​វា​មាន​ទំនោរ​ត្រូវ​រ៉ូវ​គ្នា អាហ្នឹង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ហ្នឹង​គឺ​ជា​ការ​ស្រួល​ទេ»។

លោក អំ សំអាត បន្ថែម​ថា លោក​ចង់​ឃើញ​អ្នក​នយោបាយ​កម្ពុជា​ចូល​តុ​ចរចា​គ្នា​ឡើង​វិញ ​ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​ដែល​កំពុង​វិលវល់​ដូច​សព្វថ្ងៃ​នេះ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG