សហរដ្ឋអាមេរិកជាថ្មីម្ដងទៀតបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដោយអះអាងថាបទចោទនោះគឺជាបទចោទ«គ្មានមូលដ្ឋាន»។
ការអំពាវនាវរបស់សហរដ្ឋអាមេរិកធ្វើឡើងមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយពីខួបគម្រប់ពីរឆ្នាំនៃការចាប់ឃុំខ្លួនលោក កឹម សុខា។
លោកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានលើកឡើងក្នុងខ្សែអាត់វីដេអូមួយនៅថ្ងៃអង្គារនេះថាការចាប់ខ្លួន និងបទចោទប្រកាន់«ដែលគ្មានមូលដ្ឋាន»នេះហើយ ត្រូវបានរដ្ឋាភិបាលប្រើប្រាស់ជាឧបករណ៍រំលាយគណបក្សប្រឆាំង និងដកហូតដំណែងរបស់ក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សនេះចំនួនជាង៥០០០នាក់នៅទូទាំងប្រទេស។ សកម្មភាពទាំងនេះ គឺជា«ការបំផ្លាញលទ្ធិប្រជាធិបតេយ្យ»។
លោកស្រី Morgan Ortagus លើកឡើងថាលោក កឹម សុខា ត្រូវឃុំខ្លួនដោយមិនមានការកាត់ទោស ហើយសហរដ្ឋអាមេរិកសុំឲ្យរដ្ឋាភិបាលទម្លាក់ចោលរាល់ការចោទប្រកាន់លើរូបលោក។
«សហរដ្ឋអាមេរិកសូមអំពាវនាវម្ដងទៀត ដល់រដ្ឋាភិបាលកម្ពុជា ឲ្យទម្លាក់រាល់ការចោទប្រកាន់ទាំងឡាយ ទៅលើលោកកឹម សុខា ប្រគល់ឡើងវិញនូវសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋជូនគាត់ និងដោះលែងនូវអ្នកទាំងឡាយណា ដែលត្រូវបានឃុំខ្លួនតាមអំពើចិត្ត»។
អ្នកនាំពាក្យក្រសួងការបរទេសដដែលបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាប្រកាន់យក «ជំហានជាក់ស្ដែង ដើម្បីជំរុញការផ្សះផ្សាឡើងវិញ ដោយអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ដំណើរការដោយគ្មានការភ័យខ្លាច ការគំរាមកំហែង ឬការសងសឹក ដោយសារការអនុវត្តន៍សិទ្ធិរបស់គេក្នុងការបញ្ចេញមតិ និងការជួបជុំនៅក្រោមច្បាប់»។
លោក កឹម សុខា ត្រូវចាប់ខ្លួននៅគេហដ្ឋានរបស់លោកក្នុងខណ្ឌទួលគោក កាលពីរំលងអាធ្រាត្រថ្ងៃទី២ ឈានចូលថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៧ ពោលគឺពីរខែមុននឹងគណបក្សសង្គ្រោះជាតិត្រូវរំលាយ។ លោកត្រូវចោទប្រកាន់ពីបទសន្ធិដ្ឋិភាពជាមួយបរទេសតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទចោទនេះអាចឲ្យលោកប្រឈមនឹងទោសជាប់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ ប្រសិនបើតុលាការរកឃើញថាលោកមានកំហុស។
លោក កឹម សុខា ត្រូវបានយកទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ អស់រយៈពេលជាងមួយឆ្នាំ មុននឹងត្រូវប្តូរមកឃុំខ្លួនក្នុងផ្ទះក្រោមការឃ្លាំមើល។
លោកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបន្ថែមថារដ្ឋាភិបាលកម្ពុជាមិនមានភស្តុតាងគួរឲ្យជឿជាក់បានដើម្បីគាំទ្របទចោទប្រឆាំងលោកកឹមសុខា នោះទេ។
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចាត់ទុកថាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ជាសារនយោបាយច្រំដែល ហើយថា អាមេរិកក៏កំពុងជាន់ឈ្លីច្បាប់អន្តរជាតិផ្សេងៗ រួមមានច្បាប់ការទូតផងដែរ។
«សេចក្ដីថ្លែងការណ៍ ការលើកឡើងរបស់គាត់ ដូចអត់មានអីថ្មីទេ វាជារឿងដដែលដែលទូត អាមេរិកតែងតែធ្វើ ហើយជាអំពើមួយដែលខុសទៅនឹងគោលការណ៍ច្បាប់ការទូត និងទំនាក់ទំនងអន្តរជាតិ ដែលជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុង និងរដ្ឋអធិបតេយ្យ»។
ទោះយ៉ាងណា អ្នកស្រី ម៉េង សុភារី សហមេធាវីការពារក្តីឲ្យលោក កឹម សុខា យល់ថា សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក គឺស្របគ្នានឹងការទាមទាររបស់ក្រុមមេធាវីឲ្យមានការទម្លាក់ចោលបទចោទប្រឆាំងលោក កឹម សុខាដែរ។មូលហេតុគឺដោយសារបទចោទប្រឆាំងអតីតមេបក្សប្រឆាំងនេះ«មិនមានធាតុផ្សំ គ្រប់គ្រាន់»។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបង្ហោះសារមួយលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយចាត់ទុកថាលោក កឹម សុខា«ជាមនុស្សស្អាតស្អំ» ។
ហើយភ្លាមៗនោះ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានចេញសេចក្ដីថ្លែងការណ៍តបវិញ ដោយបានហៅការអធិប្បាយរបស់ស្ថានទូតអាមេរិកថា ជាទង្វើមួយរំលោភអធិបតេយ្យភាពកម្ពុជា ដែលជារដ្ឋឯករាជ្យ៕