រដ្ឋាភិបាលកម្ពុជាប្រកាសឲ្យដឹងនៅថ្ងៃអង្គារនេះថា ស្ថាប័នរបស់ខ្លួននឹងចាប់ផ្ដើមតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជា ឡើងវិញ បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះជាប់គាំងអស់រយៈពេល១៣ឆ្នាំរួចមក។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់ VOA នៅរសៀលថ្ងៃនេះថាសេចក្ដីព្រាងច្បាប់នេះនឹងចូលរួមចំណែកការពារសិទ្ធិមនុស្សនៅកម្ពុជា«ដោយឯករាជ្យ»។
«ស្ថាប័នហ្នឹងគឺជាស្ថាប័នដែលឯករាជ្យដាច់ចេញពីរដ្ឋាភិបាល។ ជាស្ថាប័នមួយដែលធ្វើការស៊ើបអង្កេតការរំលោភបំពានសិទ្ធិ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលទទួលការរំលោភបំពានពីសំណាក់រដ្ឋាភិបាល ក៏ដូចជា ភាគីពាក់ព័ន្ធផ្សេងៗទៀតផងដែរ»។
កាលពីឆ្នាំ ២០០៦ រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិលតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជានេះតាមសំណើរបស់ពួកគេ ឲ្យស្របតាមគោលការណ៍នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៣។ ប៉ុន្តែក្រោយពីពេលនោះមកសេចក្ដីព្រាងច្បាប់នេះមិនទាន់ចេញជារូបរាងនៅឡើយ។ នេះបើយោងតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។
នៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលជាស្ថាប័នមួយរបស់រដ្ឋាភិបាលបានឲ្យដឹងថាខ្លួនទទួលបន្ទុកធ្វើសេចក្ដីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជានេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះអះអាងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងដាក់សេចក្ដីព្រាងច្បាប់នេះជូនភាគីពាក់ព័ន្ធពិភាក្សាក្រោយពីការតាកតែងចប់សព្វគ្រប់។ ទោះជាយ៉ាងណាលោកមិនបានបញ្ជាក់ថាតើសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ នឹងត្រូវបញ្ចប់នៅពេលណានោះទេ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) បានលើកឡើងថា ជាទូទៅ អង្គការសង្គមស៊ីវិលចង់ឲ្យមានគណៈកម្មាធិការសិទ្ធិមនុស្សមួយដែលឯករាជ្យ ដើម្បីអាចចាត់វិធានការចំពោះអ្នកដែលរំលោភសិទ្ធិ ប៉ុន្តែឯករាជ្យភាពនៃគណៈកម្មាធិការសិទ្ធិមនុស្សនៅតែជាចំណុចជជែកដេញដោលមួយ។
«ប្រសិនបើគណៈកម្មាធិការហ្នឹងវាឯករាជ្យ ដូចអ្វីដែលសង្គមស៊ីវិលចង់បាន អាហ្នឹងយើងនឹងឃើញថា វានឹងមានលទ្ធផលច្រើន។ ប៉ុន្តែបើការបង្កើតឲ្យតែមានឈ្មោះ ឲ្យតែមាន ហើយមិនទាន់ឈានទៅដល់ស្តង់ដារឯករាជ្យ អាហ្នឹងក៏វានៅតែជួបនឹងបញ្ហាដែរ»។
ក្នុងកិច្ចប្រជុំនៃការពិនិត្យជាសាកលតាមការកំណត់ (Universal Periodic Review ឬ UPR)កាលពីដើមឆ្នាំ២០១៩នេះ បណ្ដាប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិបានផ្ដល់អនុសាសន៍ឲ្យកម្ពុជាធ្វើឲ្យប្រសើរឡើងវិញនូវការគោរពសិទ្ធិមនុស្សនិងសិទ្ធិនយោបាយក្នុងប្រទេស។
សូមបញ្ជាក់ថាការសម្រេចរបស់រដ្ឋាភិបាលកម្ពុជាក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ ធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ មុននឹងគណៈកម្មការសិទ្ធិមនុស្ស Tom Lantos របស់សភាសហរដ្ឋអាមេរិក នឹងធ្វើសវនាការពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនិងសិទ្ធិពលកម្មនៅប្រទេសកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ម៉ោងនៅកម្ពុជា។ សវនាការនោះ ធ្វើឡើងដើម្បីពិនិត្យមើលស្ថានភាពលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាដែលបានធ្លាក់ចុះយ៉ាងខ្លាំង៕