ការស្រាវជ្រាវបានបង្ហាញថា អំពើឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរលើជនជាតិចាមមិនមែនគ្រាន់តែជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទេ តែជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលនាំទៅរកការបំបាត់ពូជសាសន៍ចាម។ នេះបើតាមការអះអាងរបស់កញ្ញា សូ ហ្វារីណា អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានថ្លែងក្នុងកម្មវិធីហេឡូវីអូអេ។
កញ្ញាបានបន្ថែមថា បទឧក្រិដ្ឋទាំងនោះកើតឡើងជាប្រព័ន្ធ និងរាលដាលពាសពេញប្រទេស។ ក្នុងនោះ រួមមានអំពើកាប់សម្លាប់ជនជាតិចាម មេដឹកនាំសាសនា ការបំផ្លិចបំផ្លាញសាសនា គម្ពីរ ការផ្លាស់ប្តូរព្រះវិហារទៅជាកន្លែង ចញ្ចឹមសត្វឬមន្ទីរឃុំឃាំង ការបង្ខំឲ្យរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ ការបំបែកកុមារចាម និងបង្ខំឲ្យធ្វើជាទាសករ ការជម្លៀសដោយបង្ខំ ការផ្តល់អាហារដែលសាសនាហាមឃាត់ដូចជាសាច់ជ្រូក។
កញ្ញា សូ ហ្វារីណា ជាអ្នកដឹកនាំការស្រាវជ្រាវរឿងនេះ ចាប់តាំងពីឆ្នាំ២០០៤ ដោយការសម្ភាសសហគមន៍ចាមជាច្រើនដែលនៅរស់រានមានជីវិត។ នាងថ្លែងថាការប្រព្រឹត្តទាំងអស់នេះ គឺវាប៉ះពាល់ខ្លាំងទៅដល់ការរក្សាអត្តសញ្ញាណជនជាតិចាម ហើយអាចឈាន ទៅរកការបាត់បង់ជនជាតិនេះ។
«នេះ ជាអ្វីដែលជនជាតិចាមទទួលរងទាំងផ្នែកសាសនានិងជនជាតិ។ អញ្ចឹងវាចូលទៅក្នុងលក្ខណៈមួយ ដែលយើងអាចទាញភ្ជាប់ជាមួយចេតនារបស់មេដឹកនាំខ្មែរក្រហមនៅក្នុងការលុបបំបាត់ជន ជាតិចាមទាំងស្រុងឬដោយផ្នែក»។
សាលាក្តីខ្មែរក្រហមបានបន្ថែមបទចោទប្រកាន់លើជនជាប់ចោទជាមេដឹកនាំខ្មែរក្រហមពីរនាក់គឺ នួន ជា និងខៀវ សំផន ទាក់ទងនឹងឧក្រិដ្ឋកម្មអន្តរជាតិជាច្រើនក្នុងសំណុំរឿង០០២ វគ្គទី២។ ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍លើជនជាតិចាម និងវៀតណាមស្ថិតក្នុងចំណោមបទចោទថ្មីនោះដែរ។
មានជនជាតិចាមប្រមាណមួយសែនទៅជិត៥សែននាក់ត្រូវខ្មែរក្រហមកាប់សម្លាប់ ក្នុងទសវត្សរ៍ ១៩៧០។ ក្រុមជនជាតិចាមនៅមានការផ្តោតការយកចិត្តទុកដាក់លើការស្វែងរកយុត្តិធម៌ ទោះជា មានការថមថយខ្លះដោយសារតែការយឺតពេលនឹងកាត់ទោសខ្មែរក្រហមនិងការមមាញឹក នឹងជីវភាពប្រចាំថ្ងៃក្តី។ នាង សូ ហ្វារីណាបានថ្លែងថា ការកាត់ទោសខ្មែរក្រហមជាឱកាសសំខាន់សម្រាប់ពលរដ្ឋទាំងអស់ អ្នករស់រានមានជីវិតទាំងអស់ ក្នុងការចូលរួមស្វែងរកការពិតនិងយុត្តិធម៌នេះ។ កញ្ញាជំរុញនិងលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឲ្យចូលរួមតាមដាន ក៏ដូចជាសិក្សាស្រាវជ្រាវ អំពីបញ្ហាប្រវត្តិសាស្ត្រខ្មែរក្រហមនេះ ដើម្បីឲ្យយល់ដឹងកាន់តែច្បាស់ហើយនឹងចូលរួមក្នុងដំណើរការនីតិរដ្ឋនេះ៕