ភ្នំពេញ៖ រដ្ឋបាលសាលាក្តីខ្មែរក្រហមកាលពីព្រឹកថ្ងៃអង្គារនេះបានចាប់ផ្តើមចរចាឡើងវិញជាមួយនឹងក្រុមបុគ្គលិកផ្នែកបកប្រែភាសាខណៈដែលក្រុមអ្នកតវ៉ាទាំងនេះបន្ទន់ជំហរបន្តិចមកវិញ។
កាលពីថ្ងៃចន្ទបុគ្គលិកផ្នែកបកប្រែភាសាបារាំងនិងអង់គ្លេសដែលតំណាងឲ្យបុគ្គលិកផ្នែកភាគីកម្ពុជាសរុបចំនួន២៨នាក់ធ្វើពហិការភ្លាមៗមិនបំពេញការងារក្នុងបន្ទប់សវនាការនៅពេលដែលសវនាការបានចាប់ផ្តើមបើកទ្វារបានបន្តិច។ ពួកគេបានទាមទារឲ្យសាលាក្តីខ្មែរក្រហមបើកប្រាក់ខែឲ្យពួកគេសម្រាប់ខែធ្នូ ខែមករា និងខែកុម្ភៈ បើពុំនោះទេពួកគេនឹងបន្តធ្វើកូដកម្មតទៅទៀត។
លោកនេត្រ ភក្ត្រា ឲ្យដឹងថា ក្នុងការចរចាកាលពីព្រឹកមិញនេះក្រុមអ្នកបកប្រែសុខចិត្តចូលបំពេញការងារវិញប្រសិនបើពួកគេទទួលប្រាក់ខែសម្រាប់ខែធ្នូ។
«នៅថ្ងៃនេះពួកគាត់បន្ទន់ជំហរបន្តិចគឺពេលដែលគាត់ទទួលបានប្រាក់ខែ ខែធ្នូពួកគាត់នឹងចូលបំពេញការងារ។ មានន័យថាការធ្វើពហិការរបស់គាត់នឹងត្រូវព្យួរសិននៅពេលដែលនឹងទទួលបានប្រាក់ខែ»។
ទោះជាយ៉ាងណាក្រុមបុគ្គលិកបកប្រែភាសាបានដាក់លក្ខខណ្ឌថាពួកគេនឹងបន្តការធ្វើកូដកម្មតទៅទៀតប្រសិនបើរហូតដល់ដំណាច់ខែមិនានេះពួកគេនឹងមិនបានកិច្ចសន្យាបន្តអាណត្តិការងារសម្រាប់ឆ្នាំ២០១៣នោះទេ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមឲ្យដឹងថា រដ្ឋបាលសាលាក្តីខ្មែរក្រហមកំពុងពិចារណាបញ្ហានេះ។ លោករំពឹងថា ក្រុមបុគ្គលិកខ្មែរនឹងទទួលបានប្រាក់ខែខែធ្នូក្នុងពេលឆាប់ៗនេះដែលជាសាច់ប្រាក់បានមកពីសហភាពអឺរ៉ុបចំនួន៣០ម៉ឺនដុល្លារអាមេរិក។
«យើងខ្ញុំសូមអំពាវនាវដល់សហភាពអឺរ៉ុបសូមមេត្តាជួយទម្លាក់សាច់ប្រាក់នេះឲ្យបានលឿនតាមតែអាចធ្វើទៅបានដើម្បីភាគីជាតិអាចយកទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារនេះមកដោះស្រាយក្នុងការបង់ប្រាក់ខែដល់មន្ត្រីបុគ្គលិកថ្នាក់ជាតិសម្រាប់ខែធ្នូដើម្បីឲ្យពួកគាត់ចូលធ្វើការវិញ ជៀសវាងការរាំងស្ទះដល់ដំណើរការតុលាការ»។
ក្រុមអ្នកបកប្រែភាសាគឺជាផ្នែកមួយយ៉ាងសំខាន់របស់សាលាក្តីខ្មែរក្រហមដែលសាលាក្តីកូនកាត់នេះ ត្រូវប្រើភាសាជាផ្លូវការចំនួនបីក្នុងគ្រប់ដំណាក់កាលនៃការកាត់ទោសគឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង។
ក្នុងការចរចាអំពីប្រាក់ខែកន្លងមកក្រុមបុគ្គលិកបកប្រែបញ្ជាក់ថា បានទទួលរងការគំរាមពីរដ្ឋបាលថ្នាក់ជាតិថានឹងជ្រើសរើសបុគ្គលិកបកប្រែពីខាងភាគីអន្តរជាតិជំនួសវិញនិងបានគំរាមថា ពួកគេអាចប្រឈមការបាត់បង់ការងារ។ នេះបើយោងតាមលិខិតចំហរបស់ក្រុមអ្នកតវ៉ាដែលវីអូអេសំឡេងសហរដ្ឋអាមេរិកទទួលបានកាលពីថ្ងៃចន្ទ។
សមាជិកក្រុមអ្នកបកប្រែភាសាម្នាក់ដែលស្នើសុំមិនបញ្ចេញអត្តសញ្ញាណបានឲ្យដឹងថា ការចរចាអំពីប្រាក់ខែមិនបានធ្វើជាចំហទេនៅថ្ងៃនេះគឺធ្វើឡើងតាមរយៈប្រធានអង្គភាពបកប្រែភាសាតែប៉ុណ្ណោះ ហើយក្រុមអ្នកតវ៉ាត្រូវការប្រាក់ខែរបស់ពួកគេនៅត្រឹមសប្តាហ៍ក្រោយ។
ប្រភពដដែលបញ្ជាក់ថា ផ្នែករដ្ឋបាលជាតិបានគំរាមកាត់ប្រាក់ខែដល់ក្រុមអ្នកបកប្រែដោយសារតែការធ្វើកូដកម្ម។ ក៏ប៉ុន្តែក្រុមអ្នកបកប្រែតវ៉ាថា ការធ្វើកូដកម្មឬធ្វើពហិការមិនចូលធ្វើការមិនមែនជាកំហុសរបស់ពួកគេនោះទេ។
សមាជិកក្រុមបកប្រែដដែលនេះឲ្យដឹងបន្ថែមថា រដ្ឋបាលចាត់ទុកពួកគេជាអ្នកបង្កហេតុប៉ុន្តែក្រុមអ្នកបកប្រែនិយាយថា «យើងមិនចង់ឲ្យតុលាការជាប់គាំងនោះទេ» ។
ក្រុមបុគ្គលិកនៅក្នុងការិយាល័យចៅក្រមស៊ើបអង្កេតនិងការិយាល័យក្រឡាបញ្ជីមិនទាន់បានបង្ហាញជំហរថ្មីទេកាលពីថ្ងៃអង្គារនេះនៅពេលដែលក្រុមអ្នកបកប្រែបន្ទន់ជំហរបន្តិចមកវិញ៕