លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបាននិយាយកាលពីថ្ងៃច័ន្ទក្នុងកម្មវិធីហេឡូវីអូអេថា បញ្ហាថវិកានាំឲ្យមានភាពតានតឹងក្នុងចំណោមបុគ្គលិកជាតិចាប់តាំងពីខែធ្នូមកម្ល៉េះ ប៉ុន្តែលោករំពឹងថាពួកគេនឹងទទួលបានប្រាក់ខែក្នុងរយៈពេលមួយឬពីរសប្តាហ៍ទៀតដោយសារមានជំនួយបន្ថែមពីសហភាពអឺរ៉ុប។
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមដដែលបញ្ជាក់ថា បញ្ហាថវិកាអាស្រ័យលើសហគមន៍អន្តរជាតិដែលជាម្ចាស់ជំនួយ។ រីឯបញ្ហាសុខភាពរបស់ជនជាប់ចោទគឺជាគន្លឹះដែលនឹងនាំឲ្យមានការពន្យារពេល ឬលើកពេលសវនាការដោយសារតែវិធានផ្ទៃក្នុងនៃសាលាក្តីខ្មែរក្រហមតម្រូវឲ្យជនជាប់ចោទមានវត្តមានក្នុងសវនាការ។
សាលាក្តីខ្មែរក្រហមបានលើកពេលសវនាការមួយចំនួនកន្លងមកហើយ ដោយសារតែបញ្ហាសុខភាពរបស់ នួន ជា និង អៀង សារី។
អតីតប្រធានសភាខ្មែរក្រហមទើបតែចេញពីមន្ទីរពេទ្យកាលពីថ្ងៃទី១៩ខែកុម្ភៈបន្ទាប់ពីសម្រាកព្យាបាលអស់រយៈពេល១៧ថ្ងៃ៕
តើអ្នកគិតថាការជំនុំជម្រះអតីតមេដឹកនាំខ្មែរក្រហមនឹងបានធ្វើចប់សព្វគ្រប់ទេ?