ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ត្រូវ​ចរចា​ជា​មួយ​ថៃ​អំពីការ​ដក​ទ័ព​ចេញ​ពី​តំបន់​មាន​ជម្លោះ​នៅ​ព្រះ​វិហារ


ទាហ៊ានខ្មែរ អង្គុយនៅប្រាសាទព្រះវិហារ​។
ទាហ៊ានខ្មែរ អង្គុយនៅប្រាសាទព្រះវិហារ​។
ខេត្ត​ព្រះ​វិហារ៖ ប្រទេស​កម្ពុជា ​គ្រោង​នឹង​បើក​ការ​ចរចាបន្ថែម​ទៀត​ជាមួយ​ប្រទេស​ថៃ ជុំ​វិញ​សំណុំ​រឿង​ប្រាសាទ​ព្រះ​វិហារ​និង​តំបន់​ភ្នំ​ទ្រព្យ ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ មិន​បាន​ធ្វើ​ការ​កាត់​សេចក្តី។

ថ្លែង​ទៅ​កាន់​កង​ទ័ព​ចំនួន​ជាង​២​ពាន់​នាក់​នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​ទី​បញ្ជាការ​កង​អង្គរក្ស​ក្នុង​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២០គីឡូម៉ែត្រ​ពី​ប្រាសាទ​ព្រះ​វិហារ ក្នុង​ខេត្ត​ព្រះវិហារ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​នឹង​ត្រូវចរចារ​ជាមួយ​ប្រទេស​ថៃ​បន្ត​ទៀត ដើម្បី​ឲ្យ​ប្រទេស​នេះ ដក​កង​ទ័ព​របស់ខ្លួន​ចេញ​ពី​តំបន់​ដែល​មាន​ជម្លោះ​និង​ដើម្បី​ឲ្យ​មាន​ការ​ទទួលស្គាល់​ភ្នំ​ទ្រព្យ​ជា​ផ្លូវការ​ថា​ជា​ដែន​ដី​របស់​កម្ពុជា។

«ចរចា​ទី​មួយ​អំពី​ការ​ដក​កង​ទ័ព​ចេញ​ពី​តំបន់​ដែ​លតុលាការ​សម្រេច​ឲ្យ​ដក។ ទៅ​ថ្ងៃ​មុខ​ទៀត​ចរចា​អំពី​ភ្នំ​ទ្រព្យ។ ហើយ​ការ​ចរចា​ទាំង​ពីរ​នេះ ផ្អែក​លើ​ផ្លូវ​ច្បាប់​»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​ប្រមុខ​ការទូត​ខ្មែរ​មិន​បាន​បញ្ជាក់ថា​តើ​ការ​ចរចារវាង​ប្រទេស​ទាំង​ពីរ​នឹង​អាច​ចាប់​ផ្តើម​នៅ​ពេល​ណា​នោះ​ទេ។

«យើង​អាចចរចា​នៅ​ពេល​ណា​ក៏​បាន​ដែរ​ដើម្បី​ឲ្យ​ថៃ​ដក​ទ័ព។ យើង​កំពុង​តែ​រក​អ្នក​ជំនាញ​អន្តរជាតិ​ឲ្យគេ​ជួយ​ធ្វើការ​បកស្រាយ​លើ​ផែន​ទី​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​ចរចា​ជាមួយ​ថៃ»។

កាលពីថ្ងៃ​ទី​១១​វិច្ឆិកា​ឆ្នាំ​២០១៣ តុលាការ​យុត្តធម៌អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡាអេ​ប្រទេស​ហូឡង់ បាន​ចេញ​សាល​ដីការ​បកស្រាយ​លើ​សាល​ក្រម​ចាស់​កាល​ពី​ឆ្នាំ​១៩៦២ ដែល​បង្គាប់​ឲ្យ​ប្រទេស​ថៃ​ដក​ទ័ព​និង​កង​ប្រដាប់​អាវុធ​រូម​ទាំង​ឆ្មាំចេញ​ពីតំបន់​អធិបតេយ្យ​នៃ​ប្រាសាទ​ព្រះ​វិហារ។ សាល​ដីកា​ដដែល​នោះ​បាន​សម្រេច​បន្ថែម​ទៀត​ថាប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ដែន​ដី​អធិបតេយ្យ​របស់​កម្ពុជា។

ប៉ុន្តែ​តុលាការ​ក្រុង​ឡាអេ មិន​បាន​បញ្ជាក់ឲ្យ​បាន​ច្បាស់ថា​ភ្នំ​ទ្រព្យ​ជា​ដែន​ដី​របស់​កម្ពុជា​ទេ ដោយ​តុលាការ​នេះ សំអាង​ថា​អតីត​ចៅហ្វាយ​ខេត្ត​ព្រះ​វិហារ​ជំនាន់​មុន បាន​អះអាង​ថា​ភ្នំ​ទ្រព្យ​មិន​ស្ថិត​ក្នុង​តំបន់​ភូមិសាស្ត្រ​នៃ​ប្រាសាទ​ព្រះវិហារ​ទេ៕
XS
SM
MD
LG