ប្រទេសកម្ពុជា និងបណ្ដាប្រទេសតាមដងទន្លេមេគង្គក្រោមផ្សេងទៀត នឹងទទួលរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំងចាប់ពីពេលនេះរហូតដល់ខែមករា ឆ្នាំ២០២០ ដោយសារតែភ្លៀងធ្លាក់មិនគ្រប់គ្រាន់ក្នុងរដូវវស្សាកន្លងទៅនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។
គណៈកម្មការទន្លេមេគង្គដែលមានមូលដ្ឋានក្នុងទីក្រុងវៀងចន្ទប្រទេសឡាវ បានព្រមានថា ប្រទេសកម្ពុជានិងប្រទេសថៃ នឹងរងការវាយប្រហារដោយសារគ្រោះរាំងស្ងួតនេះ ធ្ងន់ធ្ងរជាងប្រទេសឡាវនិងប្រទេសវៀតណាម។
សេចក្ដីប្រកាសព័ត៌មាន បានរៀបរាប់ថា គ្រោះរាំងស្ងួតដែលបណ្ដាលមកពីបរិមាណទឹកភ្លៀងមិនគ្រប់គ្រាន់នេះ គឺដោយសារការធ្លាក់ភ្លៀងមូសុងយឺត និងការឈប់ធ្លាក់ភ្លៀងមូសុងនេះមុនពេលកំណត់ ព្រមទាំងមានបាតុភាពអែលនីណូ ដែលបង្កឱ្យមានកម្ដៅនិងរំហួតខ្ពស់ខុសប្រក្រតីទៀតផង។
អ្នកជំនាញនៃគណៈកម្មការទន្លេមេគង្គ ដែលជាស្ថាប័នអន្តររដ្ឋាភិបាលមួយនេះ បាននិយាយថាភាពរាំងស្ងួតនេះ អាចបង្កផលប៉ះពាល់អវិជ្ជមានដល់ដំណាំ ផលិតផលកសិកម្មនានា និងកង្វះទឹកប្រើប្រាស់៕