ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​ប្រាប់​នាយករដ្ឋមន្ត្រី​ជប៉ុន​ថា​នឹង​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត


លោក Shinzo Abe​ នាយករដ្ឋមន្ត្រី​ជប៉ុន ដើរ​ត្រួត​ពល​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​អំឡុង​ពេល​​បំពេញ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៣។
លោក Shinzo Abe​ នាយករដ្ឋមន្ត្រី​ជប៉ុន ដើរ​ត្រួត​ពល​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​អំឡុង​ពេល​​បំពេញ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៣។
មេដឹកនាំ​គណបក្ស​ជំទាស់​ និង​អ្នក​វិភាគ​ឯករាជ្យ​បាន​ដាក់ការ​សង្ស័យ​ចំពោះ​ការ​សន្យា​របស់​មេដឹក​នាំ​កម្ពុជា​និង​ជប៉ុន​ទាក់ទង​នឹងការ​ធ្វើកំណែរ​ទម្រង់ប្រព័ន្ធ​បោះឆ្នោត​ទោះ​ជា​មាន​ការ​សន្យា​រួមគ្នា​ក្តី។​ ការ​អះអាង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា មាន​បទពិសោធន៍​ អនុសាសន៍​សហគមន៍​អន្តរជាតិ​និង​ការ​សន្យា​កន្លង​មក​មិន​ត្រូវ​បាន​គេ​ធ្វើ​កំណែ​ទម្រង់​នោះ​ទេ។​ ​មេដឹកនាំ​គណបក្ស​ជំទាស់​ចង់​ឃើញ​ការ​ដោះ​សា្រយ​បញ្ហា​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​ដែល​កើតឡើង​កាល​ពី​ខែកក្កដា​សិន​ មុន​នឹង​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​សន្យា​ថ្មី។​

ទោះបី​ជា​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​ប្រទេស​ជប៉ុន​ព្រម​ព្រៀងគ្នា​ថា​ នឹង​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ដែល​គេ​ចាត់​ទុក​ថា​ ធ្វើឲ្យ​មាន​ការ​ជាប់​គាំង​នយោបាយ​នោះក្តី​ មេដឹកនាំ​គណបក្ស​ជំទាស់​និង​អ្នក​វិភាគខ្លះ​ក្នុង​ប្រទេស​ បាន​ស្នើ​ថា ​មុនពេល​ដោះស្រាយ​បញ្ហា​កែ​ទម្រង់ប្រព័ន្ធ​បោះឆ្នោត​ថ្មីណា​មួយ​ទៅ​ថ្ងៃ​អនាគត​ គេ​ត្រូវ​ដោះស្រាយ​បញ្ហា​ដែល​បាន​កើតឡើង​ជាមុន​សិន​ បើពុំ​ដូច្នោះ​ទេ​ ការ​សន្យា​ថ្មី​នោះ​នឹង​គ្រាន់តែ​ជា​លេស​និង​គ្មាន​ន័យ។​

លោក ​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​អះអាង​ថា ​គណបក្ស​គ្រប់គ្រង​ប្រទេស​ចង់​បង្ហាញ​មតិ​ជាតិ​ និង​អន្តរជាតិ​ថា​ ខ្លួន​ចង់កែ​ទម្រង់ តែ​ គណបក្ស​នេះ​មិន​ដែល​ហ៊ាន​ធ្វើ​ឲ្យ​បាន​ពិតប្រាកដ​នោះទេ។

«ខ្ញុំថា​មុន​នឹង​ឈាន​ទៅ​រក​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​ទៅ​មុខ​ទៀត​ ទាល់តែ​រកឲ្យ​ឃើញ​កំហុស​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​កន្លង​មក​សិន។​ បើអត់​រកភាព​មិន​ប្រក្រតី​កន្លង​មក​ទេ​ ការ​កែ​ទម្រង់ទៅ​មុខ​នឹង​មិន​ចំ​ទិសដៅ​ទេ​ នេះទី១។​ ទី២​ បើ​សិន​ណា​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចេតនា​ចង់កែ​ទម្រង់ទៅមុខ​មែន​ ទាល់តែ​គាត់​ហ៊ាន​ទទួល​ខុសត្រូវ​ចំពោះ​ការ​បោះឆ្នោត​កន្លង​មក​ដែល​មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នេះ ​ទើប​យើង​មាន​ជំនឿ»។​

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា ​បាន​ដាក់​ចម្ងល់​ទៅ​លើ​មូលហេតុ​ដែល​រដ្ឋាភិបាល​កម្ពុជា​ស្នើឲ្យ​ជប៉ុន​ជួយ​ដោះស្រាយ​នៅ​ពេល​ដែល​លោក​អះអាង​ថា​ កម្ពុជា​មាន​សមត្ថភាព​អាច​ធ្វើ​បាន។​

«តើ​យើង​សុំគេ​នេះ​ដោយ​សុទ្ធ​ចិត្ត​ទេ?​ តើ​នេះ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ពន្យារ​ ឬ​មិនកែ​ទម្រង់?​ ព្រោះ​យ៉ាង​ម៉េច? ​គឺ​វា​មាន​សឹងតែ​ទាំងអស់​ទៅ​ហើយ។​ ខ្មែរ​យើង​ធ្វើបាន​ហើយ។​ មានអ្វី​ពិបាក​ដែល​ចាំបាច់​មាន​អ្នក​ជំនាញ​ណា​មក​ទៀត។​ នេះ​បើ​តាម​ខ្ញុំយល់»។​

ទាំង​មេដឹកនាំ​គណបក្ស​ជំទាស់​និង​អ្នក​វិភាគ​បាន​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា ​កម្ពុជា​ធ្លាប់​ត្រូវ​សហភាព​អឺរ៉ុប ​អង្គការ​ជាតិ​ និង​អន្តរជាតិ​ មន្ត្រី​អ.ស.ប.​ផ្តល់​អនុសាសន៍​ជា​ច្រើន​មុន​បោះឆ្នោត​កាលពី​ថ្ងៃទី២៨​ ខែកក្កដា​ឆ្នាំ២០១៣​ តែ​កម្ពុជា​មិន​បាន​ទទួល​យក​មក​កែទម្រង់ទេ។​

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​រងការ​ចោទ​ប្រកាន់​ថា ​បាន​ប្រើប្រាស់​ប្រព័ន្ធ​បោះឆ្នោត ​ជា​ពិសេស​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​ដើម្បី​យក​ឈ្នះ​ ការ​បោះឆ្នោត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ថា ​មាន​ការ​គៃ​បន្លំ ​និង​មាន​ភាព​មិន​ប្រក្រតី​ដ៏​ធ្ងន់ធ្ងរ​នោះ។ ​គណបក្ស​ជំទាស់​បាន​អះអាង​ថា​ ខ្លួន​ជាអ្នក​ឈ្នះ​ ការ​បោះ​ឆ្នោត​រហូត​ដល់​៦៣​អាសនៈ​ ហើយ​បាន​ទាមទារ​ឲ្យ​មាន​ការ​រក​យុត្តិធម៌​ ស៊ើប​អង្កេត​លទ្ធផល​ការ​បោះឆ្នោត​ និង​កែទម្រង់ប្រព័ន្ធ​បោះឆ្នោត​និង​ស្ថាប័ន​ជាតិ​សំខាន់ៗ​ផង​ដែរ។​ តែ​ការ​ទាមទារ​ទាំងនេះ​មិនត្រូវ​បាន​ទទួល​យកពី​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ ហើយ​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ជាប់គាំង​ផ្នែក​នយោបាយ​ដែល​បង្ក​ឲ្យ​មាន​បាតុកម្ម​តវ៉ា​មិន​ចេះ​ចប់​នោះ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​នៃ​ប្រទេស​កម្ពុជា​ និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ស៊ីហ្ស៊ូ អាបេ​ (Shinzo Abe) ​ដែល​បាន​បំពេញ​ ទស្សនៈ​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ១៦​ដល់​ថ្ងៃទី​១៧​ វិច្ឆិកា​ មេ​ដឹកនាំ​ទាំង​ពីរ​ ប្តេជ្ញា​ពង្រឹង​ឲ្យ​ប្រសើរ​ឡើង​ថែម​ទៀត​នូវ​វិស័យ​ជាច្រើន​ រួមទាំង​លទ្ធិ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ។​

លោក​ Abe ​បាន​បញ្ជាក់​ថា​ ប្រទេស​ជប៉ុន​នឹង​ត្រៀមខ្លួន​រួចជា​ស្រេច​ដើម្បី​ជួយ​ ជ្រោម​ជ្រែង​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ លទ្ធិ​ប្រជាធិប​តេយ្យ​ និង​នីតិរដ្ឋ។​

តែ​លោក​កឹម សុខា​បាន​អះអាង​ថា​ ប្រទេស​ជប៉ុន​នឹងជួប​បញ្ហា​ដូច​សហគមន៍​ អន្តរជាតិ​មួយ​ចំនួន​ដែល​ធ្លាប់​បាន​ទាម​ទារ​ឲ្យ​កម្ពុជា​កែទម្រង់ប្រព័ន្ធ​បោះឆ្នោត។​

«ដូច្នេះ​ហើយ​ រឿង​ជាមួយ​ជប៉ុន​នេះ​វាអត់​មាន​អី​ប្លែក​ទេ។​ បើសិន​ជា​ជប៉ុន​ចូលរួម​មក​កែ​ ហើយ​ជប៉ុន​ចង់កែ​អញ្ចេះៗ​ ហើយគណបក្ស​ប្រជាជន​កម្ពុជា​អត់​ទទួល​យក​ទៅ​កែ​ ទៅ​អនុវត្ត​ដដែល។ ​វា​អត់​ប្រយោជន៍​ទេ»។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​បណ្ឌិត​ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ ឃ្លាំ​មើល​ការ​បោះឆ្នោត​និចហ៊្វិច ​បាន​ប្រាថ្នា​ចង់​ឃើញ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ទទួល​បាន​ជោគជ័យ​សម្រាប់ការ​បោះឆ្នោត​ពេល​ខាង​មុខៗ។​

«ខ្ញុំ​យល់​ថា ​នេះ​ជា​ការ​សន្យា​មួយ។​ តែ​យើង​ពុំទាន់​អាច​ជឿ​បាន​ថា ​តើ​ការ​សន្យា​នេះ​ពិត​ជា​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​កែទម្រង់ដំណើរការ​បោះឆ្នោត​នៅ​ឡើយ​ទេ​ សម្រាប់គណបក្ស​នយោបាយ​ទាំងអស់ ​ហើយនឹង​ភាគី​ជប៉ុន​ផងដែរ។​ តែខ្ញុំ​គិត​ថា​ យ៉ាងហោច​ណាស់​សម្តី​ (ការសន្យា) ​នេះ​ជា​ជំហ៊ាន​ដំបូង»។​

លោក​ពុទ្ធា ហង្ស​បានកត់​សម្គាល់​ឃើញ​ថា​ មាន​ការ​អនុញ្ញាត​ពី​គណបក្ស​គ្រប់ គ្រង​ប្រទេស​ដើម្បីឲ្យ​មាន​សហគមន៍​អន្តរជាតិ​ចូលរួម​ក្នុង​ដំណើរ​ការកែ​ទម្រង់​ ប្រព័ន្ធ​បោះឆ្នោត​នេះ។​

ដោយ​បាន​បញ្ជាក់​ថា​ រឿង​កែទម្រង់ប្រព័ន្ធ​បោះឆ្នោត​ត្រូវ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ស្នើ​ទៅ​ប្រទេស​ជប៉ុន​ ដើម្បី​ធ្វើ​កំណែ​ទម្រង់​នោះ​ លោក​ទេព នីថា​ អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​(គ.ជ.ប.)​បាន​អះអាង​ថា​ គ.ជ.ប.​ត្រៀម​ខ្លួនជា​ស្រេច​ដើម្បី​ចូលរួម​ក្នុង​ការ​កែទម្រង់ប្រព័ន្ធ​បោះឆ្នោត​នេះ។​

លោក​សង្កត់​ធ្ងន់ទៀត​ថា​ ទោះជា​ការងារ​បោះឆ្នោត​ជា​ការងារ​បច្ចេកទេស​ ហើយ​ការ​កែ​ទម្រង់នានា​ជា​រឿង​ធម្មតា​មែន​សម្រាប់ប្រទេស​នីមួយៗ​ តែ​ការ​សម្រេចមួយ​ចំនួន​ជារឿង​នយោបាយ​ ឧទាហរណ៍​ដូចជា​រឿង​ធ្វើ​វិសោធន​កម្ម​ច្បាប់​ជា​ដើម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG