វ៉ាស៊ីនតោន —
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនិងអ្នកតាមដានសភាពការណ៍ប្រទេសកម្ពុជាបានស្នើថា ប្រទេសជប៉ុនគួរតែប្រើប្រាស់ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីស្ស៊ិនហ្សូ អាបេ (Shinzo Abe) ទៅប្រទេសកម្ពុជានៅចុងសប្តាហ៍នេះដើម្បីជួយទម្លុះទម្លាយភាពជាប់គាំងនយោបាយដែលមានរយៈពេលជាងបីខែមកនេះ។
អង្គការ Human Rights Watch បានសរសេរលិខិតមួយទៅនាយករដ្ឋមន្ត្រីជប៉ុន ស្ស៊ិនហ្សូ អាបេ ស្នើសុំឱ្យលោកប្រើប្រាស់ទស្សនកិច្ចទៅប្រទេសកម្ពុជាដើម្បីអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យនិងមានការជួយពីអន្តរជាតិទៅលើភាពមិនប្រក្រតីដែលកើតចេញពីការបោះឆ្នោតជាតិកន្លងមក។
នៅក្នុងលិខិតដែលបានផ្សាយជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ អង្គការ Human Rights Watch បានបញ្ជាក់ថា៖ «ជាញឹកញាប់ មេដឹកនាំជប៉ុនតែងតែចូលរួមជាមួយនឹងរដ្ឋាភិបាលដែលរំលោភសិទ្ធិមនុស្សដោយមិននិយាយដល់បញ្ហាសិទ្ធិមនុស្សទេ ហើយការដាក់ការគាបសង្កត់លើលោកហ៊ុន សែនលើការបោះឆ្នោតដែលមានរឿងរ៉ាវមិនល្អជាមូលដ្ឋានដូចនេះ គឺលោកនាយករដ្ឋមន្ត្រីអាបេមានឱកាសបង្ហាញថា ប្រទេសជប៉ុនពិតជាធ្វើតាមអ្វីដែលខ្លួននិយាយនៅលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ»។
នៅក្នុងសេចក្តីសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថាលោកនាយករដ្ឋមន្ត្រីជប៉ុននឹងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពីរថ្ងៃគឺនៅថ្ងៃទី១៦និង១៧ខែវិច្ឆិកាខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មាននោះបានបន្ថែមទៀតថា ក្នុងអំឡុងទស្សនកិច្ចនេះនឹងមានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលជប៉ុនស្តីពីកិច្ចសហប្រតិបត្តិការលើការអប់រំ និងបណ្តុះបណ្តាលក្នុងវិស័យប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ។
លោកគុជ ចាន់លី សកម្មជនសហគមន៍និងជាអ្នកវិភាគនយោបាយម្នាក់នៅរដ្ឋម៉ារីឡែនសហរដ្ឋអាមេរិកបានយល់ស្របដែរថា ជប៉ុនគួរតែផ្តោតការយកចិត្តទុកដាក់លើនយោបាយកម្ពុជាផងដែរ។
«ខ្ញុំយល់ថាប្រទេសជប៉ុនគួរណាស់លើកយកការដែលប្រជាពលរដ្ឋខ្មែរយើងកំពុងតែទាមទារស្រែករកយុត្តិធម៌ជាពិសេសនៅក្នុងការបោះឆ្នោតកាលពីខែកក្កដាកន្លងផុតទៅនេះផងដើម្បីឱ្យប្រទេសជប៉ុនមានមុខមាត់ជាប្រទេសមួយដែលគេអាចទទួលបានថាស្រឡាញ់យុត្តិធម៌និងស្រឡាញ់ដល់សិទ្ធិមនុស្សនៅក្នុងពិភពលោកមួយនេះដែរ»។
ប្រទេសកម្ពុជាកំពុងជាប់គាំងនយោបាយរយៈពេលជាងបីខែមកហើយបន្ទាប់ពីការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ខែកក្កដា។ លទ្ធផលផ្លូវការបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឈ្នះបានអាសនៈចំនួន៦៨ ដែលអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងហើយគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខាឈ្នះបានតែ៥៥អាសនៈប៉ុណ្ណោះប៉ុន្តែគណបក្សប្រឆាំងយល់ថាមានភាពមិនប្រក្រតីច្រើនក្នុងការបោះឆ្នោតនេះហើយធ្វើពហិការការប្រជុំសភាជាតិនិងទាមទារឱ្យមានការស៊ើបអង្កេតដោយគណៈកម្មការឯករាជ្យមួយមុននឹងពួកគេចូលរួមប្រជុំសភា។
សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបនៅមិនទាន់ទទួលស្គាល់លទ្ធផលឆ្នោតនេះនៅឡើយទេក្នុងខណៈពេលដែលមានប្រទេសមួយចំនួនដូចជាបារាំង អូស្រ្តាលី និងជប៉ុនបានចាប់ផ្តើមបង្ហាញជំហរចង់ទទួលស្គាល់រដ្ឋាភិបាលថ្មីជាបណ្តើរៗ។
លោកគុជ ចាន់លីបានបន្ថែមទៀតថា៖ «យើងបានសង្កេតឃើញរួចមកហើយថាមានប្រទេសមួយចំនួនបានទទួលស្គាល់ហើយនឹងស្វាគមន៍ដល់សម្តេចតេជោហ៊ុន សែនក្នុងការបោះឆ្នោតនេះទោះបីប្រទេសទាំងអស់នោះយល់ថា ការបោះឆ្នោតនោះមិនប្រកបដោយយុត្តិធម៌ សេរី និងពហុបក្សក៏ដោយ ក៏ប៉ុន្តែយើងអាចយល់ថាបានថានេះជាការស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនរបស់គេ។ ចំណែកសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកដែលគេពុំឃើញប្រយោជន៍អ្វីចំពោះប្រទេសគេនោះទេ គឺថាគេនៅតែមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដដែលដែរ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សក៏អំពាវនាវសុំឱ្យលោកស្ស៊ិនហ្សូ អាបេ ជួបជាមួយនឹងមេដឹកនាំគណបក្សសង្គ្រោះជាតិ និងធានាថាជំនួយអភិវឌ្ឍន៍របស់ជប៉ុនជួយលើកកម្ពស់និងការពារសិទ្ធិមនុស្សផងដែរ។
លោកស្រីខេណេ ដូយ នាយកអង្គការ Human Rights Watch ប្រចាំប្រទេសជប៉ុនបានបញ្ជាក់ថា ប្រទេសជប៉ុនគឺជាម្ចាស់ជំនួយទ្វេភាគីឈានមុខគេសម្រាប់ប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩១ ប៉ុន្តែមិនបាននិយាយចេញអ្វីនោះទេ នៅពេលដែលការបោះឆ្នោតមួយដែលប្រឡាក់ប្រឡូសដោយរឿងអាក្រក់ហើយរដ្ឋាភិបាលរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ លោកស្រីបញ្ជាក់បន្ថែមថា ការខកខានមិនបានលើកយកបញ្ហានោះមកនិយាយ គឺជាការមើលស្រាលដល់ពលរដ្ឋកម្ពុជារាប់លាននាក់ដែលត្រូវការជ្រើសរើសមេដឹកនាំរបស់គេតាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។
នៅមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេពីរដ្ឋាភិបាលប្រទេសជប៉ុនប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាគឺលោកឈាង វុន ធ្លាប់បានបញ្ជាក់ប្រាប់វីអូអេថា ដំណើរទស្សនកិច្ចនេះគឺមិនផ្តោតលើការជាប់គាំងនយោបាយនេះទេហើយវាជាការបាក់មុខដល់កម្ពុជាដែលត្រូវឱ្យប្រទេសផ្សេងមកលូកដៃដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ជាតិនោះ៕