ដោយ៖ ស៊ុយ ហ៊ាមខេមរា
ភ្នំពេញ៖ ធនាគារតៃវ៉ាន់ថ្មីមួយនឹងចាប់ផ្តើមដំណើរការនៅកម្ពុជានៅក្នុងរយៈប្រាំមួយខែទៀត។ នេះបើយោងតាមប្រភពពីមន្ដ្រីផ្លូវការកម្ពុជា។
លោកស្រី ងួន សុខា អគ្គនាយកធនាគារជាតិកម្ពុជាបានឲ្យដឹងថា ធនាគារ Taiwan Cooperative Bank បានទទួលការយល់ព្រមពីធនាគារកណ្តាលកម្ពុជារួចហើយ។ ប៉ុន្តែធនាគារកណ្តាលត្រូវការពេលវេលាដើម្បីពិនិត្យឲ្យបានលម្អិតបន្ថែមមុននឹងប្រគល់អាជ្ញាប័ណ្ណ។
«យើងបានចេញជា Approval in Principles។ មានន័យថាបានទទួលឯកភាពជាគោលការណ៍ ប៉ុន្តែវាមិនមែនជាអាជ្ញាប័ណ្ណទេ»។
ធនាគារ Taiwan Cooperative Bank នឹងក្លាយជាធនាគារទី៣របស់កោះតៃវ៉ាន់ដែលដំណើរការនៅកម្ពុជាបន្ទាប់ពីធនាគារ First Commercial Bank និងធនាគារ Mega International Commercial Bank Co Ltd។
ប៉ុន្តែ លោកស្រី ងួន សុខា មិនទាន់អាចបញ្ជាក់បាននៅឡើយថា តើធនាគារតៃវ៉ាន់ថ្មីនេះនឹងអាចចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនៅពេលណានោះទេ។
ទីភ្នាក់ងារព័ត៌មានជាតិតៃវ៉ាន់ CNA បានឲ្យដឹងថា ធនាគារ Taiwan Cooperative Bank អាចនឹងចាប់ផ្តើមដំណើរការរបស់ខ្លួនក្នុងរង្វង់ប្រាំមួយខែទៀត។ ហើយប្រតិបត្តិការនោះនឹងផ្តោតលើសេវាកម្មរួមមានការតំកល់លុយសម្រាប់ធុរកិច្ច ផ្តល់កម្ចី និងបណ្តូរពាណិជ្ជកម្មអន្តរជាតិជាដើម។
ធនាគារ Taiwan Cooperative Bank គឺជាធនគារធំមួយរបស់តៃវ៉ាន់ដែលមានសាខាក្នុងក្រុងហុងកុង ចិន ហ្វ៊ីលីពីន សហរដ្ឋអាមេរិក និងនៅអឺរ៉ុប។
លោកបណ្ឌិត កង ចាន់តារារ័ត្ន នាយកវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាមានប្រសាសន៍ថា វត្តមានធនាគារថ្មីនេះបានបង្ហាញពីស្ថិរភាពសេដ្ឋកិច្ចនៅកម្ពុជា។
«សម្រាប់អ្នកបោះទុនទៅលើធនាគារវិញ គេយល់ឃើញថា សេដ្ឋកិច្ចមានស្ថិរភាព នេះគឺជារឿងចាំបាច់ក្នុងការសម្រេចចិត្តបើធនាគារមួយ។ កាលដែលគេយល់ឃើញថាមានការរីកចម្រើនលើវិស័យផ្សេងៗ វាជាឱកាសមួយសម្រាប់អ្នកបោះទុនក្នុងវិស័យធនាគារយកប្រាករបស់ខ្លួនទៅវិនិយោគ»។
បច្ចុប្បន្នកម្ពុជាមានធនាគារពាណិជ្ជចំនួន៣២ ធនគារឯកទេសចំនួន៧ ហើយគ្រឹះស្ថានហិរញ្ញវត្ថុបានកើនឡើងដល់៦១ស្ថាប័ន។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋកម្ពុជាមានចំនួនតិចតួចនៅឡើយដែលមានគណនីក្នុងធនាគារ។ តាមការឲ្យដឹងរបស់អ្នកស្រី ងួន សុខា អគ្គនាយកធនគារ នៃធនាគារជាតិកម្ពុជា គិតត្រឹមឆ្នាំ ២០១២ នេះចំនួនប្រជាពលកម្ពុជាសរុបដែលមានគណនីយក្នុងធនគារមានប្រហែល១លាន៤សែននាក់៕