ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​សម្រេច​ឱ្យ​លោក​ សម រង្ស៊ី​បង់​សំណង​លោក​ ​ហ៊ុន សែន​មួយ​លាន​​ដុលា្លរ​​ពី​បទ​បរិហារ​កេរ្តិ៍


រូបឯកសារ៖ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។​
រូបឯកសារ៖ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។​

នៅ​ថ្ងៃពុធ​នេះ​​តុលាការ​កំពូល​តម្រូវ​ឲ្យ​លោក​សម រង្ស៊ី​​ ​សង​លោក​ ​ហ៊ុន សែន​ចំនួន​១​លាន​ដុលា្លរ​ស​ហ​រដ្ឋ​អាមេរិក​ ​ក្រោយ​លោក​សម រង្ស៊ី​ថ្លែង​ថា​ ​លោក​​ហ៊ុន​ ​សែន​ឲ្យ​លុយ​កញ្ញា​​​ធី សុវណ្ណ​ថា​ ​ដែល​ជា​​សកម្មជន​នយោ​បាយ​ម្នាក់​​​ចំនួន​១​លាន​ដុល្លារ​ ​ជា​ថ្នូរ​នឹង​ការ​វាយ​ប្រហារ​គណបក្ស​ប្រឆាំង។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​តុលាការ​កំពូល​បានសម្រេច​ឲ្យ​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​បង់​សំណង​ជំងឺ​ចិត្ត​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ចំនួន​១លាន​ដុលា្លរ​អាមេរិក​ពី​បទ​បរិហារ​កេរ្តិ៍។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្រ្តី​ជាន់​ខ្ពស់​តុលាការ​កំពូល។​

កាលពី​ថ្ងៃ​ទី​១៨ខែ​មករា​ឆ្នាំ​២០១៨​ ​លោក​ ​ហ៊ុន សែន​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​លោក​ ​សម រង្ស៊ីពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ​ក្រោយ​ពី​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​បក្ស​ជំទាស់​ ​ដែល​កំពុង​រស់​នៅ​នីរទេសឯ​ក្រៅ​ប្រទេស​ បាន​ថ្លែង​តាម​បណ្តាញ​អ៊ីនធឺណិត ទៅ​កាន់​សកម្មជន​របស់​លោក​ ​ដោយ​និយាយ​ថា​ ​លោក​ ​ហ៊ុន សែន​សូក​ប៉ាន់​កញ្ញា​ ​ធី សុវណ្ណថា​ ​សកម្មជន​នយោបាយ​ម្នាក់​ចំនួន​១​លាន​ដុល្លារ​ ​ជា​ថ្នូរ​នឹង​ការ​វាយ​ប្រហារ​គណបក្ស​ប្រឆាំង​ ​បន្ទាប់ពី​នាង​ឈប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ហើយ​ងាក​មក​ស្និទ្ធ​នឹង​លោក​ហ៊ុន សែន។​

ក្រោយ​ការ​ប្តឹង​នោះ​ ​ទាំង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​និង​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ឲ្យ​លោក​សម រង្ស៊ីចាញ់ក្តី​ជាបន្តបន្ទាប់​ ​ដោយ​តម្រូវ​ឲ្យ​លោកសម រង្ស៊ី​បង់​សំណង​ចូល​រដ្ឋ​ចំនួន​១០​លាន​រៀល​ ​និង​បង់​សំណង​ជំងឺចិត្ត​ដល់​លោក​ហ៊ុន សែនចំនួន​៤​ពាន់​លាន​រៀល​ ​ឬ​ស្មើ​នឹង​១​លាន​ដុលា្លរ​សហ​រដ្ឋ​អាមេរិក។​

លោកអ៊ុក គឹមសិទ្ធិ​ ​អ្នក​នាំពាក្យ​តុលាការ​កំពូល​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​ ​ការ​សម្រេច​របស់​តុលាការ​កំពូល​ដែល​តម្រូវ​ឲ្យ​លោក​សម រង្ស៊ី​បង់​សំណង​ជំងឺ​ចិត្ត​ដល់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ ​សែនចំនួន​១លាន​ដុល្លារ​នេះគឺ​ជា​ការ​សម្រេច​បិទផ្លូវ​តវ៉ា។​ ​លោក​បន្ថែម​ថា​ ​ភាគី​ ដែល​ជា​ដើម​បណ្តឹង​ អាច​ប្តឹង​ទៅ​សាលា​ដំបូង​ដើម្បី​ឲ្យ​ចុងចោទ​បង់​សំណង​នោះ។

លោក​មាន​ប្រសាសន៍​ថា៖​

«ជា​គោល​ការណ៍ ​សាលដីកា​ចូល​ជាស្ថាពរ​ហើយ​ ​ឯ​ការ​អនុវត្ត​គឺ​ភាគី​ដែល​ទទួល​បាន​ការ​សម្រេច​របស់​តុលាការ​កំពូល​ គាត់​អាច​ប្តឹង​សុំ​ឲ្យ​អនុវត្ត​សាលដីកា​នេះ​បាន។​ ​អាហ្នឹង​អាស្រ័យ​លើ​ការ​ប្តឹង​សុំ​របស់​មេធាវី​ភាគី​ឈ្នះ​ក្តី។​ ​លោក​ប្តឹង​ទៅ​តុលាការ ​ព្រះរាជអាជ្ញា​នៃ​តុលាការ​ជាន់​ទាប​ដើម្បី​អនុវត្ត​ប្តឹង​ចំពោះ​សាល​ដីកា​តុលាការ​កំពូល»។​

VOA​ ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ​សម រង្ស៊ី​ ​និង​មេធាវី​ការពារក្តី​របស់​លោក​គឺ​លោកសំ សុគង់​ ​តែរ​ហូត​មក​ដល់​ល្ងាច​ថ្ងៃពុធ​នេះ​មិនទាន់​មាន​ការ​ឆ្លើយតប​នៅ​ឡើយ។​

កាលពី​ថ្ងៃ​ទី​២៦​ខែ​កុម្ភៈឆ្នាំ​២០១៨​ ​ចៅក្រម​សាលា​ដំបូង​រាជធានី​លោក​រស់ ពិសិដ្ឋ​ ​បាន​ចេញដីកា​សម្រេច​រឹបអូស​ជា​បណ្តោះ​អាសន្ន​នូវ​ទ្រព្យ​សម្បត្តិ​ជា​ដី​ ​និង​អគារ​ ​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចាក់​អង្រែ​លើ​ ​ខណ្ឌ​មានជ័យ​ ​រាជធានី​ភ្នំពេញដើម្បី​ទាមទារ​ឲ្យ​លោកសម រង្ស៊ី​ ​ដែល​ជា​ម្ចាស់ដី​ និង​អគារ​ ​បង់​សំណង​ជំងឺ​ចិត្ត​ជាង​១​លាន​ដុល្លារ​ពាក់ព័ន្ធ​នឹង​បណ្តឹង​បរិហារ​កេរ្តិ៍​នា​ពេល​កន្លង​មក។​ ​ចៅក្រម​អះអាង​ថា​ ​ការ​សម្រេច​នោះ​ធ្វើ​ឡើង​ដោយ​យោង​លើ​ពាក្យសុំ​ដីកា​សម្រេច​រក្សា​ការពារ​របស់​អ្នក​តំណាងលោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ ​សែន​ ​ដែល​ជា​ម្ចាស់​បំណុល​ ​ដោយ​ថា​ ​ពួក​គេ​ព្រួយ​បារម្ភ​ខ្លាច​មិន​អាច​ទទួល​បាន​ការ​សង​ជំងឺ​ចិត្ត។

VOA​ ​បាន​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​គី តិច​ ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ ​សែន​ ​ប៉ុន្តែ​លោក​ប្រាប់​ថា​ ​កំពុង​ជាប់​រវល់​ចូលរួម​មហា​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា។​

ក្រៅពី​ការ​កាត់ទោស​ពាក់ព័ន្ធ​នឹង​ការ​ប្តឹង​បរិហារ​កេរ្តិ៍​លោក​ ​ហ៊ុន​ ​សែន​ ​ លោក​ ​សម រង្ស៊ីក៏​ត្រូវ​បាន​តុលាការ​កំពូល​បញ្ជា​ឲ្យ​បង់​សំណង​ជំងឺ​ចិត្ត​ដល់​លោក​ហេង​ ​សំរិន​ ​ប្រធាន​រដ្ឋសភា​ ​ចំនួន​១៥០​លាន​រៀល​ ​ឬ​ស្មើ​នឹង​ជិត​៤​ម៉ឺន​ដុល្លារ​ពីបទ​បរិហារ​កេរ្តិ៍​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុ​ក​ (Facebook)​ ​ទាក់​ទង​នឹង​ការ​ថ្លែង​ថា​ របប​ដែល​ដឹកនាំ​ដោយ​លោក​ហេង​ ​សំរិន​បាន​ឲ្យ​តុលាការ​កាត់​ទោស​ប្រហារ​ជីវិត​សម្ដេច​នរោត្តម​សីហនុ​ ​ដោយ​ចោទ​ប្រកាន់​ថា ​ជា​ជន​ក្បត់ជាតិ។

លោក​សម រង្ស៊ីក៏​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ផ្សេងៗ​មួយ​ចំនួន​ទៀត​ ​ដូច​ជា​បណ្ដឹង​បរិហារ​កេរ្តិ៍​លោកហោ​ ​ណាំហុង​ ​អតីត​រដ្ឋមន្រ្តី​ការ​បរទេស​ ​បណ្ដឹង​បរិហារ​កេរ្តិ៍​ពាក់ព័ន្ធ​នឹង​ការ​ចោទ​លោក​ហ៊ុន​ ​សែន​ថា​ ​បាន​ទិញ​ចំនួន​ចូល​ចិត្ត (Like)​លើ​ទំព័រ​ ​Facebook​ ​បណ្ដឹង​បរិហារ​កេរ្តិ៍​ដែល​ថា​ ​រដ្ឋាភិបាល​កម្ពុ​ជា​ជា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម​ ​ឡី​ ​និង​បណ្ដឹង​របស់​មេទ័ព​កម្ពុជា​ពី​បទ​ចោទ​ថា​ ​លោក​ ​សម រង្ស៊ី​ញុះញង់​កងទ័ព​មិន​ឲ្យ​ស្ដាប់​បញ្ជា​មេ​កើយ​ជាដើម៕

XS
SM
MD
LG