ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​សម្រេច​រឹបអូស​ស្នាក់ការ​កណ្តាល​គណបក្ស​សង្រ្គោះ​ជាតិ


រូបឯកសារ៖ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (រូបថត៖ Reuters / ឡេង ឡែន/ VOA)
រូបឯកសារ៖ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (រូបថត៖ Reuters / ឡេង ឡែន/ VOA)

តុលាការ​ភ្នំពេញ​ចេញ​ដីកា​​រឹបអូស​ស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​សម រង្ស៊ី ​ដើម្បី​សង​ជំងឺចិត្ត​លោក​ហ៊ុន សែន​និង​លោកហេង សំរិន​ចំនួន​ជាង​១​លាន​ដុល្លារ។

ចៅក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​រឹបអូស​ជា​បណ្តោះ​អាសន្ន ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ចាក់​អង្រែ​លើ ​ដើម្បី​ទាមទារ​ឲ្យ​លោក សម រង្ស៊ី ​ដែល​ជា​ម្ចាស់​ដី​និង​អគារ​ បង់​សំណង​ជំងឺចិត្ត​ជាង​១​លាន​ដុល្លារ​ពាក់ព័ន្ធ​នឹង​បណ្តឹង​បរិហារកេរ្តិ៍​នា​ពេល​កន្លង​មក។ នេះបើ​តាម​ដីកាសម្រេច​ដែល​ VOA ​ទទួល​បាន​នៅ​ថ្ងៃ​អង្គារ​នេះ។​

នៅ​ក្នុង​ដីកា​ចុះ​ថ្ងៃ​ទី​២៦ ​ខែ​កុម្ភៈ ​ចៅក្រម​សាលា​ដំបូង​រាជធានី​លោក​ រស់ ពិសិដ្ឋ​ បញ្ជាក់​ថា ​ចៅក្រមសម្រេច​រឹបអូស​ជា​បណ្តោះ​អាសន្ន​នូវ​ទ្រព្យ​សម្បត្តិរបស់​លោក សម រង្ស៊ី ​ជា​អចលន​វត្ថុ ​ជា​ដី ​និង​អគារ ​ដែល​មាន​បណ្ណ​សម្គាល់​សិទ្ធិ​កាន់​កាប់អចលន​វត្ថុ​លេខ​ភព​០៩៧២៥ ​ចុះ​ថ្ងៃទី​១៥ ​សីហា ​ឆ្នាំ​២០០៧ ​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ ​ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ។​

ដីកា​ដដែល​នោះ​បន្ថែម​ថា ​ការ​សម្រេច​នេះ​ធ្វើ​ឡើង​ដោយ​យោង​លើ​ពាក្យ​សុំ​ដីកា​សម្រេច​រក្សា​ការពារ​របស់​អ្នក​តំណាង​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន​ និង​លោកហេង សំរិន​ ប្រធាន​រដ្ឋសភា ​ដែល​ជា​ម្ចាស់​បំណុល ​ដោយ​ថា ​ពួកគេ​ព្រួយ​បារម្ភ​ខ្លាច​មិន​អាច​ទទួល​បាន​ការ​សង​ជំងឺ​ចិត្ត។

ដីកា​សម្រេច​នោះបញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ដើម្បី​ទទួល​បាន​នូវ​ការ​លុប​ចោល​ការ​អនុវត្ត​ការ​រឹបអូស​ជា​បណ្តោះ​អាសន្ន​នេះ​ កូន​បំណុល​ឈ្មោះ សម រង្ស៊ី​ត្រូវ​ផ្ញើ​ប្រាក់​តម្កល់​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចំនួន​៤ពាន់​២៤០​លាន​រៀល​ជា​ប្រាក់​រំដោះ»។​

លោក ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ ប្រាប់​ VOA​ នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ​ រហូត​មក​ដល់​ពេល​នេះ លោក​មិនទាន់​ទទួល​បាន​ដីកា​រឹបអូស​បណ្តោះ​អាសន្ន​ពី​តុលាការ​នៅ​ឡើយ។ ​ទោះ​យ៉ាង​ណា លោក​ថា ​ក្រសួង​មហាផ្ទៃ​នឹង​អនុវត្ត​តាម​ផ្លូវ​ច្បាប់នៅ​ពេល​ទទួល​បាន​ដីកា​ពី​តុលាការ ​និង​ថា ​អ្នក​ដែល​ស្នាក់​នៅ​ក្នុងអគារ​នោះ​ត្រូវ​តែ​ចាកចេញ ​បន្ទាប់ពី​ការ​អនុវត្ត​ដីកា។​

លោក​មាន​ប្រសាសន៍​ថា៖​

«នេះ​គឺជា​ដីកា​របស់​តុលាការ​សាលា​ដំបូង ​ហើយ​ជា​ផ្លូវ​ច្បាប់​គឺ​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ ​និង​កងរាជ​អាវុធហត្ថ​គឺ​ជា​អ្នក​ដែល​ទទួល​អនុវត្ត​ដីកា​បង្ខំ​ហ្នឹង។​ ដូច្នេះ​យើង​គ្មាន​ហេតុ​ផល​អ្វី​ដែលត្រូវ​មិនអនុវត្ត​តាម​ដីកា​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញហ្នឹងទេ។ ​ធម្មតា​តែ​យើង​រឹបអូស​ហើយ​ វា​ក្លាយ​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ហើយ ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​ហើយ។​ អ្នក​នៅគឺ​ត្រូវ​តែ ​អ្នក​នៅ​ខុស​ច្បាប់​រដ្ឋ​ហើយ»។​

គណបក្ស​ភ្លើងទៀន ​ដែល​ប្តូរ​ឈ្មោះ​មកពី​គណបក្ស​សម រង្ស៊ី​បាន​និង​កំពុង​តាំង​ទីស្នាក់ការ​កណ្តាល​គណ​បក្ស​របស់ខ្លួនក្នុង​អគារ​នោះ ​តាំង​ពី​មុន​ពេល​ដែលគណបក្ស​សិទ្ធិ​មនុស្ស ​និង​គណបក្ស​សម​ រង្ស៊ី​ច្របាច់​បញ្ចូល​គ្នា​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ។​

VOA ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក ទាវ វណ្ណុល ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​បាន​ទេ។​

ដីការឹបអូស​ស្នាក់ការ​គណបក្ស​ប្រឆាំង​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​តុលាការ​កំពូល ​កាល​ពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៧ ​បាន​សម្រេចរំលាយ​គណបក្ស​សង្គ្រោះជាតិ ​និង​បាន​ហាម​ឃាត់មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នេះ​ចំនួន​១១៨​រូប ​មិន​ឲ្យ​ធ្វើ​នយោបាយ​ម្នាក់ៗ​រយៈ​ពេល​៥​ឆ្នាំ ​ដោយ​ចោទ​ថា ​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។​

លោក​ ម៉ៅ មុនីវណ្ណ ​អតីត​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​ព្យួរ​សិទ្ធិ​ធ្វើ​នយោ​បាយ ​បាន​ប្រាប់ ​VOA ​ថា ការ​ចេញ​ដីកា​រឹបអូស​ទីស្នាក់ការគណបក្ស​មិន​មាន​អ្វី​គួរឲ្យ​ឆ្ងល់​នោះ​ទេ ​ដោយ​លោកថា ​តុលាការ​នៅ​កម្ពុជា​តែង​ធ្វើតាម​ការ​ចង់​បាន​របស់​អ្នក​មាន​អំណាច។​

លោក​បញ្ជាក់​ថា៖​

«ប្រព័ន្ធ​តុលាការ​នៅ​ស្រុក​យើង​វា​តែ​ប៉ុណ្ណឹង!​ អ្នក​មាន​ឥទ្ធិពល ​អ្នក​មាន​អំណាច​ចង់​បាន​អី ​វា​បាន​ហ្នឹង​ហើយ!​ ដូច្នេះ​អ្វីៗ​វា​ទៅ​តាម​ដំណើរ​ហ្នឹង​ហើយ!​ ទៅ​តាម​តែ​ដីកា​របស់​តុលាការ​ហ្នឹង​ហើយ»។​

ចាប់​តាំង​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៦​ រហូត​ដល់​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ​ តុលាការ​គ្រប់​ជាន់​ថ្នាក់​បាន​កាត់​ទោស​លោក សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​បង្គាប់​ឲ្យ​លោក​សង​ជំងឺ​ចិត្ត​ទៅ​លោក ហ៊ុន សែន​ចំនួន​៤ពាន់​លាន​រៀល ឬ​ស្មើ​ប្រមាណ​១លាន​ដុល្លារ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ បន្ទាប់ពី​លោក សម រង្ស៊ី​បាន​ថ្លែង​ថា ​លោក​ហ៊ុន សែន សូក​ប៉ាន់​កញ្ញា​ ធី សុវណ្ណថា ​សកម្មជន​នយោបាយ​ម្នាក់​ចំនួន​១​លាន​ដុល្លារ​ ជា​ថ្នូរ​នឹង​ការ​វាយ​ប្រហារ​គណបក្ស​ប្រឆាំង ​បន្ទាប់ពី​នាង​ឈប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ហើយ​ងាក​មក​ស្និទ្ធ​នឹង​លោក​ហ៊ុន សែន។​

តុលាការ​កំពូល​កាលពី​ចុង​ខែ​ធ្នូ ​ឆ្នាំ​២០១៧​កន្លង​ទៅ​បាន​កាត់ទោស​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​រស់នៅ​ឯ​ក្រៅ​ប្រទេស​រូប​នេះ​ ដោយ​បញ្ជា​ឲ្យ​លោក​ សម រង្ស៊ី​សង​សំណង​ជំងឺ​ចិត្ត​ដល់​លោក​ ហេង សំរិន​ចំនួន​១៥០​លាន​រៀល ​ឬ​ស្មើ​នឹង​ជិត​៤​ម៉ឺន​ដុល្លារ ​ពីបទ​បរិហារ​កេរ្តិ៍តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​(Facebook) ​ទាក់ទង​នឹង​ការ​ថ្លែង​ថា ​របប​ដែល​ដឹកនាំ​ដោយ​លោក​ ហេង សំរិន​បាន​ឲ្យ​តុលាការ​កាត់​ទោសប្រហារ​ជីវិត​សម្ដេច​នរោត្តម​សីហនុ ដោយ​មាន​ការ​ចោទ​ប្រកាន់​ថា​ ជន​ក្បត់ជាតិ។​

VOA ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ សម រង្ស៊ី តែ​រហូត​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណាមួយ​នៅ​ឡើយ។​

កាលពី​ខែ​មករា​ឆ្នាំ​២០១៧​ លោក​ នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ បាន​ព្រមាន​បង្កក​ទ្រព្យ​សម្បត្តិ​របស់​លោក​ សម រង្ស៊ី ​និងដាក់​លក់​ឡាយឡុង ​ដើម្បីយក​ប្រាក់មក​សង​ជំងឺលោក។​

លោក សម រង្ស៊ី​ក៏​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ផ្សេងៗ​មួយ​ចំនួន​ទៀត​ ដូច​ជា​បណ្ដឹងបរិហារ​កេរ្តិ៍​លោក ហោ ណាំហុង ​អតីត​រដ្ឋមន្រ្តី​ការ​បរទេស ​បណ្ដឹង​បរិហារ​កេរ្តិ៍ ​ពាក់ព័ន្ធ​នឹងការ​ចោទ​លោក​ហ៊ុន សែន​ថា​ បាន​ទិញ​ចំនួន​ចូល​ចិត្ត​ (Like)​លើ​ទំព័រ​ Facebook ​ បណ្ដឹង​បរិហារ​កេរ្តិ៍ដែលថា ​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម ឡី ​និង​បណ្ដឹង​របស់​មេទ័ព ​ពី​បទ​ចោទថា​ លោក សម រង្ស៊ី​ ញុះញង់​កងទ័ព​មិន​ឲ្យ​ស្ដាប់​បញ្ជា​មេ​កើយ​ជាដើម៕​

XS
SM
MD
LG