តុលាការកំពូលនៅថ្ងៃច័ន្ទនេះ បានចេញដីកាឲ្យចាប់ និងឃុំខ្លួនអ្នកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំង បន្ទាប់ពីតុលាការសម្រេចកាត់ទោសអ្នកស្រីឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែពាក់ព័ន្ធនឹងការថ្លែងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអ្នកនៅពីក្រោយការស្លាប់របស់លោកបណ្ឌិត កែម ឡី។ នេះបើតាមការបញ្ជាក់ពីអគ្គព្រះរាជអាជ្ញារងតុលាការកំពូល។
លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារងតុលាការកំពូល ប្រាប់ VOA នារសៀលថ្ងៃច័ន្ទនេះថា លោក ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល បានតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ និងប្រកាសបិទផ្លូវតវ៉ា។ លោកបន្តថា តុលាការសម្រេចកាត់ទោសអ្នកស្រីថាក់ ឡានីឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែ និងពិន័យជាប្រាក់៨លានរៀល ព្រមទាំងបញ្ជាឲ្យផ្តល់សំណងទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនចំនួន១០០រៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តអំពើដែលបង្កឲ្យមានភាពវឹកវរក្នុងសង្គម។
លោកបញ្ជាក់ថា៖
«តុលាការកំពូលតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលដីកា[សាលក្រម]របស់សាលាដំបូងរាជធានីភ្នំពេញ ដោយមានទណ្ឌកម្ម១ឆ្នាំ៦ខែ ពិន័យជាប្រាក់៨លានរៀល និងសងជំងឺចិត្តទៅដល់ដើមបណ្តឹងរដ្ឋប្បវេណី១០០រៀល។ ជាគោលការណ៍គឺសម្រេចនៅសាលាឧទ្ធរណ៍ជាសេចក្តីសម្រេចចុងក្រោយហើយ គេចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន»។
អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដែលទើបប្តូរឈ្មោះមកជាគណបក្សភ្លើងទៀន គឺអ្នកស្រី ថាក់ ឡានី ត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្ដឹងកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ តាមរយៈមេធាវីតំណាងរបស់លោក បន្ទាប់ពីវីដេអូមួយត្រូវបានបង្ហោះកាលពីចុងខែកក្កដា ដោយអង្គភាពព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលដែលផ្សាយថា អ្នកស្រីថាក់ ឡានីបានថ្លែងថា លោកហ៊ុន សែន នៅពីក្រោយការសម្លាប់លោក កែម ឡី។
អ្នកស្រី ថាក់ ឡានី បានចាកចេញពីប្រទេសកម្ពុជាភ្លាម ក្រោយពីដឹងថា អ្នកស្រីត្រូវរងបណ្តឹងរបស់លោកនាយករដ្ឋមន្រ្តី។
ក្រៅពីបានប្ដឹងអ្នកស្រី ថាក់ ឡានី លោក ហ៊ុន សែន ក៏បានប្ដឹងលោកសម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយ ពាក់ព័ន្ធនឹងការចោទថា រដ្ឋាភិបាលលោកហ៊ុន សែនជាអ្នកនៅពីក្រោយឃាតកម្មលើលោកកែម ឡី។ ចំណែកលោកគឹម សុខ អ្នកវិភាគនយោបាយមួយរូបក៏ត្រូវរងបណ្តឹងរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងការថ្លែងថា រដ្ឋអំណាចជាអ្នកនៅពីក្រោយឃាតកម្មលើលោកបណ្ឌិត កែម ឡី៕