កំណត់និពន្ធ៖ ប្រទេសកម្ពុជាទទួលបានពិន្ទុថែមមួយទៀតក្នុងតារាងសន្ទស្សន៍យល់ឃើញពីអំពើពុករលួយសម្រាប់ឆ្នាំ២០១៤ ដោយបានពិន្ទុ២១ក្នុង១០០ប៉ុន្តែនៅតែស្ថិតនៅបាតតារាងទន្ទឹមគ្នានឹងប្រទេសភូមាក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០។
របាយការណ៍សន្ទស្សន៍នៃការយល់ដឹងពីអំពើពុករលួយដែលបានចេញផ្សាយកាលពីថ្ងៃពុធបានដាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់១៥៦ក្នុងចំណោមប្រទេសទាំង១៧៥នៅលើពិភពលោកដែលអង្គការនេះពិនិត្យមើល។
តទៅនេះជាបទសម្ភាសរវាងលោកម៉ែន គឹមសេងនៃវីអូអេជាមួយនឹងលោក Daniel Dudis នាយកជាន់ខ្ពស់ខាងផ្នែកគោលនយោបាយរបស់អង្គការតម្លាភាពអន្តរជាតិ៖
VOA៖ សូមអរគុណខ្លាំងណាស់លោក Dudis ដែលផ្តល់បទសម្ភាសដល់យើងខ្ញុំ។ សូមក្រឡេកមកមើលតំបន់ដែលកម្រិតនៃការយល់ដឹងពីអំពើពុករលួយមានភាពខុសគ្នាយ៉ាងខ្លាំងវិញម្តង។ ក្នុងករណីនេះគឺប្រទេសកម្ពុជា ដែលឆ្នាំនេះគឺបានកើនឡើងបន្តិចនៅក្នុងកម្រិតនៃការយល់ឃើញពីអំពើពុករលួយដោយឡើងពី២០ពិន្ទុមក២១ពិន្ទុ។ តាមបទពិសោធរបស់លោកតើប្រទេសនេះត្រូវធ្វើយ៉ាងណាទៀតដើម្បីឱ្យបានប្រសើរឡើងនៅក្នុងឆ្នាំបន្ទាប់?
Daniel Dudis៖ ខ្ញុំគិតថាកត្តាគន្លឹះនៅគ្រប់រដ្ឋាភិបាលទាំងអស់ការធ្វើឱ្យប្រសើរឡើងកម្រិតនៃអភិបាលកិច្ចបាន វានឹងជួយកាត់បន្ថយកម្រិតនៃអំពើពុករលួយ។ ដូច្នេះត្រូវមាននីតិរដ្ឋ។ នៅក្នុងប្រទេសកម្ពុជាគឺមានគណបក្សតែមួយដែលបានដឹកនាំប្រទេសយ៉ាងយូរ ហើយមានការជឿថាកងកម្លាំងប៉ូលិសនិងតុលាការមិនឯករាជ្យទេ។ ការមានកងកម្លាំងប៉ូលិសនិងតុលាការដែលឯករាជ្យពិតប្រាកដហើយអាចស៊ើបអង្កេតការប្រព្រឹត្តិអំពើពុករលួយនៅគ្រប់កម្រិតទាំងអស់រាប់តាំងពីគណបក្សកាន់អំណាចនិងមេដឹកនាំប្រទេសគឺពិតជាអាចធ្វើឱ្យអ្វីៗបានប្រសើរឡើង។
VOA៖ នៅក្នុងប្រទេសកម្ពុជាមានច្បាប់ដែលល្អ មានការអនុវត្តច្បាប់ដោយមានការចាប់ខ្លួនមនុស្សមួយចំនួន ហើយមានការចូលរួមពីអង្គការសង្គមស៊ីវិល។ ប៉ុន្តែដូចដែលសន្ទស្សន៍ការយល់ឃើញអំពើពុករលួយរបស់លោកបង្ហាញហើយថាប្រទេសនេះស្ទើរតែនៅបាតតារាង?
Daniel Dudis៖ បញ្ហានៃការអនុវត្តច្បាប់មានមែនប៉ុន្តែត្រូវតែអនុវត្តដោយមិនប្រកាន់បក្សពួក។ បើសិនជាលោកមើលករណីប្រទេសចិនឃើញថាមានការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយក្នុងពេលថ្មីៗនេះ។ ប៉ុន្តែមានការជឿថាការងារទាំងអស់នេះធ្វើឡើងដោយមានចរិតនយោបាយ។ ដូច្នេះហើយអ្នកដែលនៅក្បែរខ្លួនលោកប្រធានាធិបតីស៊ី ជីនពីង គឺមិនត្រូវបានគេស៊ើបអង្កេតទេដោយសារនៅ ជិតអ្នកកាន់អំណាច។ គេស៊ើបអង្កេតតែអ្នកដែលបក្សលែងទុកចិត្តប៉ុណ្ណោះ។ អញ្ចឹងហើយអ្នកត្រូវតែមានកងកម្លាំងប៉ូលិសឯករាជ្យ តុលាការឯករាជ្យ ដើម្បីស៊ើបអង្កេតអំពើពុករលួយនៅកន្លែងណាក៏ដោយដែលគេរកឃើញគឺមិននៅ ក្រោមគណបក្សកាន់អំណាចឬមេដឹកនាំទេ។
VOA៖ ដូច្នេះអ្វី ដែលលោកចង់បញ្ជាក់ប្រាប់គឺថាស្ថាប័នដែលគេមានគឺត្រូវតែធ្វើការកែទម្រង់និងអនុវត្តឱ្យបានត្រឹមត្រូវ?
Daniel Dudis៖ ពិតប្រាកដហើយប្រទេសណាក៏ដោយដែលចង់រីកចម្រើនត្រូវតែឱ្យកងកម្លាំងប៉ូលិសឯករាជ្យ តុលាការឯករាជ្យ និងនីតិរដ្ឋដែលជាកត្តាគន្លឹះក្នុងការបំបាត់អំពើពុករលួយ។
VOA៖ តើលោកបញ្ចូលបញ្ហានៃការអភិវឌ្ឍទេនៅ ក្នុងការធ្វើរបាយការណ៍វាយតម្លៃព្រោះតាមធម្មតារដ្ឋាភិបាលអះអាងថា គេមានការធ្វើផ្លូវ ធ្វើស្ពាន និងជីវភាពរស់នៅ កាន់តែប្រសើរជាងមុន។ ហើយគេអះអាងថារបាយការណ៍របស់លោកមិនឆ្លុះបញ្ចាំងពីការពិតនៅក្នុងប្រទេស?
Daniel Dudis៖ របាយការណ៍របស់យើងគឺមានលក្ខណៈចង្អៀតបន្តិចដោយយើងមើលតែលើការយល់ឃើញពីអំពើពុករលួយនៅក្នុងប្រទេស។ ជីវភាពរស់នៅអាចប្រសើរឡើង អាចមានហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើង សេដ្ឋកិច្ចប្រសើរឡើងប៉ុន្តែរបាយការណ៍របស់យើងគឺមើលតែលើការយល់ឃើញពីអំពើពុករលួយប៉ុណ្ណោះ។
VOA៖ សូមអរគុណលោក Dudis ដែលផ្តល់បទសម្ភាសដល់យើងខ្ញុំ។
Daniel Dudis៖ ជាការរីករាយដែលបានជួបសម្ភាស៕