ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​លុប​បំបាត់​វប្បធម៌​និទណ្ឌភាព​​នៅកម្ពុជា​អាស្រ័យ​លើ​ចលនា​ប្រជាជន


សាលាឧទ្ធរណ៍-មហាអយ្យការនៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)
សាលាឧទ្ធរណ៍-មហាអយ្យការនៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)

ក្រុម​មន្រ្តី​អង្គការ​ក្រៅរដ្ឋាភិបាល​ និង​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​លើក​ឡើង​ថា​ គន្លឹះ​នៃ​ការ​បញ្ចប់​និទណ្ឌភាព​ ឬ​ភាព​មិន​ជាប់​ទោស​ទណ្ឌ​នៅកម្ពុជា​ គឺស្ថិត​នៅ​លើ​ការ​ចូលរួម​ពី​សំណាក់ប្រជាពលរដ្ឋ។​

នៅឯ​វេទិកាជាតិ​មួយ​ស្តី​ពី​ «ការបញ្ចប់​និទណ្ឌ​ភាព​នៅ​កម្ពុជា»​ ដែល​គេរៀបចំ​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​នេះ​លោក​នី ចរិយា ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្សអាដហុក​ បាន​មាន​ប្រសាសន៍​នៅក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ ​ថា កម្លាំង​ប្រជាជន​នឹង​ក្លាយ​ជា​កត្តា​កំណត់​ក្នុង​ការ​ផ្លាស់​ប្តូរ​ស្ថានភាពនិទណ្ឌភាព​នៅ​កម្ពុជា​បច្ចុប្បន្ន។​

«កាលណា​ប្រជាជន​នៅ​តែ​មាន​ចិត្ត​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ ចង់​ឲ្យ​មាន​ការ​កែ​ទម្រង់​ក្នុង​ប្រទេស​ខ្មែរ​ ខ្ញុំ​សង្ឃឹម​ថា នឹង​សម្រេច​បាន​ ​ទោះបីប្រើ​រយៈ​ពេល​ណាក៏​ដោយ គោល​បំណង​ហ្នឹង​នឹង​ទៅ​ដល់។​

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ប្រព័ន្ធ​ដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​ទំនង​ជា​មិន​អាច​បញ្ចប់​បញ្ហា​និទណ្ឌ​ភាព​នេះ​បាន​ទេ។​

«ប្រសិន​បើ​របៀប​ដឹកនាំ​ដូចបច្ចុប្បន្ន ​និង​ក្រុម​ដឹកនាំ​បច្ចុប្បន្ន ​ខ្ញុំ​មិន​សង្ឃឹម​ថា​ ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ទេ​ ទៅ​រក​ការ​រីកចម្រើន​ខាង​យុត្តិធម៌​ហ្នឹង​ ព្រោះ​ថា ​របៀប​ដឹកនាំ​និង​ក្រុម​ដឹកនាំ​បច្ចុប្បន្ន​យក​ប្រព័ន្ធតុលាការ​ធ្វើ​ជាឧបករណ៍​សម្រាប់​ធ្វើ​ការ​គាប​សង្កត់​ទៅ​លើ​ក្រុម​ផ្សេងៗ ឬ​សហគមន៍​ កុំ​ឲ្យ​ធ្វើ​ការ​តវ៉ា»។​

បញ្ហា​និទណ្ឌ​ភាព​ ឬ​ភាព​មិន​ដាក់​ទោស​ទណ្ឌ​ចំពោះ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ខុស​គឺ​ជា​បញ្ហា​ដ៏​រសើប​មួយដែល​កំពុង​តែ​ញាំញី​ប្រទេសកម្ពុជា។​

ជានិច្ច​ជាកាល​ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​អ្នក​វិភាគ​បាន​រិះគន់​ថា ​អ្នក​មាន​លុយ​ និង​មាន​អំណាច ​ឬ​អ្នក​មាន​ខ្នង​ការពារ​នៅពី​ក្រោយ ​ភាគច្រើន​តែងរួច​ផុត​ពី​ការ​ជាប់​ទោស ​ទោះ​បី​ជា​ពួក​គេបាន​ប្រព្រឹត្ត​បទ​ល្មើស ឬ​ត្រូវ​តុលាការ​កាត់​ទោស​រួច​ហើយ​ក៏ដោយ។​

តួយ៉ាង ​ដូច​ក្នុងករណី​លោក ឈូក បណ្ឌិត ​អតីត​អភិបាល​ក្រុង​បាវិត​ ​ដែល​ត្រូវ​តុលាការ​ខេត្ត​ស្វាយរៀង​បាន​រក​ឃើញ​ថា​ មាន​ទោស​ពីបទ​បាញ់​ប្រហារ​ទៅលើ​កម្មការិនី​រោងចក្រ​កាត់ដេរ​ចំនួន​៣នាក់​ឲ្យ​រង​របួស​នៅ​ក្នុង​ខេត្ត​នោះកាល​ពី​ពីរ​ឆ្នាំមុន​ជាដើម រហូត​មក​ដល់​ពេលនេះ ជនល្មើស​នៅ​មាន​សេរីភាព​នៅ​ឡើយ។​

លោក​ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​ថា ​បញ្ហា​និទណ្ឌភាព​នេះ​នឹង​បង្ក​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ការ​រំលោភ​អំណាច ​និង​អំពើ​ពុករលួយ ហើយ​ជាលទ្ធផល​ អយុត្តិធម៌​សង្គម​នឹង​នៅ​តែ​បន្តមាន ​ហើយ​ប្រជាពល​រដ្ឋ​នឹង​នៅតែរងគ្រោះ ដោយ​សា​បញ្ហា​នេះ​ដដែល។​

«បើសិន​ជា​អ្នក​ប្រព្រឹត្ត​ខុស​រួច​ទោស​ ដោយសារ​តែ​មាន​លុយ​ទៅ​សូក​តុលាការ ដោយសារ​តែ​មាន​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ ​ដោយសារ​តែ​ប្រព័ន្ធ​តុលាការ​ពុករលួយ អញ្ចឹង​គាត់​ចង់​ប្រព្រឹត្ត​ខុស​ទៀត​ជា​រឿង​ធម្មតា។ គាត់​យក​លុយ​គាត់​ទៅ​ប្រើ គាត់​អាង​អ្នក​នៅ​ពី​ក្រោយ គាត់​អាង​ប្រព័ន្ធ​តុលាការ​ គាត់​អាច​ជ្រៀត​ចូល​បាន។ ​អញ្ចឹង​បញ្ហា​ពុករលួយ​នៅ​កម្ពុជា​មិន​អាច​ដោះស្រាយ​បាន​ទេ បើ​សិនជា​មាន​វប្បធម៌​និទណ្ឌ​ភាព​នេះ»។​ ​

ដូច្នេះ​ លោក​មាន​ប្រសាសន៍​បន្ត​ថា ​ប្រជា​ពលរដ្ឋ​គឺ​ជាតួ​អង្គសំខាន់​ក្នុង​ការ​ចូលរួម​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​វប្បធម៌​និទណ្ឌភាព​នេះ។​

«ប្រជា​ពលរដ្ឋ​ត្រូវ​យល់​ដឹង​អំពី​សារៈ​សំខាន់​នៃ​បញ្ហា​នេះ ​ហើយ​ចូល​រួម​ទាមទារ​ជាមួយ​គ្នា​ ព្រោះ​គាត់​មាន​សិទ្ធិ​នៅក្នុង​ការ​ជ្រើស​រើស​អ្នក​ដឹកនាំ មាន​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត មាន​សិទ្ធិ​ដាក់​ពិន្ទុ​ទៅលើគោល​នយោបាយ​អ្នក​ដឹកនាំ»។​

លោក​ផៃ​ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​បាន​និង​កំពុង​ពង្រឹង​សមត្ថភាព​មន្ត្រី​របស់​ខ្លួន​ និង​ការ​ចូល​រួម​ពី​សាធារណជន​ ដើម្បី​ចូលរួម​ដោះ​ស្រាយ​បញ្ហា​និទណ្ឌ​ភាព​នេះ។​

«ដំណាក់​កាល​នេះ​ យើង​កំពុង​តែ​ពង្រឹង​ ​ការ​ដឹង ការ​យល់​និង​ការ​ចូលរួម​ ហើយអ្វី​ដែល​លើក​ឡើង​នោះ​គឺ​គ្រាន់​តែជា​ការ​លើក​ឡើង​ដោយ​អសមានចិត្ត ហើយមាន​ទិសដៅ​វាយ​ប្រហារ​តែ​ប៉ុណ្ណោះ ​មិន​មែន​ជា​ការ​ចូលរួម​នៅ​ក្នុង​ការ​លុប​បំបាត់​និទណ្ឌ​ភាព​នេះ​ទេ»។​

លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ ពលរដ្ឋ​គួរ​ចូលរួម​ជា​មួយ​អាជ្ញាធរ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​នានា​ដែល​ឈាន​ទៅ​ដល់​ការ​នាំ​ខ្លួន​ជន​ល្មើស​ទាំង​ឡាយ​ណា​ដែល​កំពុង​រត់​គេច​ខ្លួន។​

«រដ្ឋាភិបាល​បើក​ចំហ។​ បើ​ជនណា​ឃើញ​មនុស្ស​ណា​ដែល​ជាប់​ទណ្ឌ​កម្ម ​ទទួល​បានការ​វិនិច្ឆ័យ​ពី​តុលាការ​ហើយ​ ជន​ហ្នឹង​គឺ​ត្រូវ​ផ្តល់​ការ​សហការ​ជាមួយ​មន្ត្រី​ដែល​មាន​សមត្ថកិច្ច​ ក្នុង​ការ​នាំ​ខ្លួន​ចូលមក​ទទួល​ទោស​ទណ្ឌ​របស់​គេ»។​

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត​កែម ឡី ដែល​កំពុង​ធ្វើការ​សិក្សា​អំពី​និទណ្ឌ​ភាព​ និង​អំពើពុក​រលួយនៅ​ក្នុង​ប្រទេស​កម្ពុជា ​មាន​ប្រសាសន៍​ថា ​មហា​ជន​ចាំបាច់​ត្រូវ​ចូល​រួម ​នៅ​ក្នុង​សកម្មភាព​នយោបាយ​ និង​សង្គម​ឲ្យ​បាន​ពេញ​លេញ ទើបពួកគេ​អាច​ក្លាយ​ជា​ចលនា​មួយ​ដែល​អាចដាក់​សម្ពាធលើអ្នក​នយោបាយប្រកួត​ប្រជែង​គ្នា​ឲ្យ​ធ្វើការ​ដើម្បី​បញ្ចប់​និទណ្ឌភាព​នេះ​បាន។​

«ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​លក្ខណៈ​នយោបាយ​ ហើយ​មាន​សមត្ថ​ភាព​ប្រហាក់​ប្រហែល​គ្នា​វា​ធ្វើ​ឲ្យ​មាន​ការ​កែ​ទម្រង់»។​

ដូច​គ្នា​ដែរ​ លោក​សន ជ័យ​តំណាង​ប្រចាំ​កម្ពុជា​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​មាន​ប្រសាសន៍​ថា​មាន​តែ​អំណាច​ពលរដ្ឋ​ទេ ​ទើប​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ស្ថានភាព​និទណ្ឌ​ភាព​បច្ចុប្បន្ន​នេះ​បាន។​

«ពួកគេ​ត្រូវតែ​ទាម​ទារ​ឲ្យ​រដ្ឋ​ អ្នក​ដឹកនាំ​រដ្ឋ ឲ្យ​កាន់​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ឬ​ហៅ​ថា ​គណនេយ្យភាព​ហ្នឹង ​ជា​ចំណុច​មួយ​ដែល​ធ្វើ​ទៅ​បាន។ ពេល​នោះ អ្នក​ដឹកនាំ​ត្រូវ​រៀបចំ​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​ប្រជា​ពលរដ្ឋ​ពិត​ប្រាកដ»។​

លោក​បន្ថែម​ថា ប្រសិន​បើ​និទណ្ឌ​ភាព​នេះ​នៅតែ​បន្ត​ នោះ​វា​នឹង​ធ្វើ​ឲ្យ​កំហឹង​របស់​ប្រជា​ជនកាន់តែ​ខ្លាំងក្លា​ឡើង​ ដែល​អាច​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​នៅក្នុង​សង្គម។​ ដូច្នេះ​លោក​មាន​ប្រសាសន៍​ថា​ ការ​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​រងគ្រោះ​គឺ​ជា​ជម្រើស​មួយ​ដែល​មិន​អាច​មើលរំលង​បាន​ឡើយ៕​

XS
SM
MD
LG