អ្នកនាំពាក្យរបស់រដ្ឋាភិបាលម្នាក់គឺលោក ផៃ ស៊ីផាន បានអះអាងថា ការឈ្លបយកការណ៍របស់សរអាជារឿងមិនអាចទទួលយកបានទេ តែពុំបានផ្តល់ហេតុផលថាចំណាត់វិធានការអ្វីដែលកម្ពុជានឹងប្រកាន់យកដូចប្រទេសក្នុងតំបន់អាស៊ីដទៃទៀតទេ។
ថ្លែងក្នុងកម្មវិធីហេឡូវីអូអេនៅពេលលោកចូលរួមជាវាគ្មិនកាលពីថ្ងៃព្រហស្បតិ៍ លោក ផៃ ស៊ីផាន បានអះអាងថា ការឈ្លបយកការណ៍ពីប្រទេសផ្សេងមិនអាចទទួលយកបានទេ ព្រោះលោកបញ្ជាក់ថា អ្វីដែលសរអាកំពុងធ្វើ រឿងហ្នឹងជាការពិចារណាមួយសម្រាប់យើង ថាតើការធ្វើរបស់គេហ្នឹងប៉ះពាល់ដល់សន្តិសុខកម្ពុជាឬប៉ះពាល់ដល់គោលការណ៍ឯករាជ្យ អព្យាក្រិត អធិបតេយ្យភាពរបស់កម្ពុជាប៉ុណ្ណោះ។ តែគ្រាន់តែជាការសោកស្តាយមួយដែលយើងមានជំនឿថាអ្វីដែលជាភាពឯកជនត្រូវតែទទួលបានការការពារហើយនឹងគោរព។
បណ្តាប្រទេសអាស៊ីនិងអឺរ៉ុបខ្លះកំពុងបង្ហាញការខឹងសម្បានឹងសរអាចំពោះការឈ្លបយកការណ៍សម្ងាត់ក្នុងប្រទេសទាំងនោះដោយចាត់ទុកថា ការធ្វើដូច្នោះជារឿងមិនសមរម្យ ខុសច្បាប់នឹងក្រមសីលធម៌ការទូតអន្តរជាតិ។ នេះបើតាមរបាយការណ៍ទីភ្នាក់ងារព័ត៌មានបរទេសនានាដែលបានផ្សាយឲ្យដឹងនៅទំព័រមុខរបស់គេ។
ទីភ្នាក់ងារព័ត៌មាន សារព័ត៌មាន បណ្តាញសង្គមនិងបណ្តាញព័ត៌មានល្បីៗក្នុងពិភពលោកនិងទស្សនាវដ្ដីអាល្លឺម៉ង់ Der Spiegel បានបោះពុម្ភផ្សាយផែនទីនៅលើគេហទំព័ររបស់ខ្លួន ដោយបង្ហាញឲ្យដឹងថា មានកន្លែងនិងគ្រឿងសម្រាប់ឈ្លបយកការណ៍សម្ងាត់ចំនួន៩០កន្លែងក្នុងស្ថានទូតសរអាដើម្បីលបស្តាប់ការសន្ទនាតាមទូរស័ទ្ទឈ្លបយកការណ៍តាមប្រព័ន្ធអ៊ីនធឺណិតជាដើម។ ក្នុងនោះរួមទាំងស្ថានទូតសរអាក្នុងក្រុងប៉េកាំង ចាកាតា ភ្នំពេញ បាងកក កូឡាឡាំពួ យាំងហ្គូន ញ៉ូវដេលីជាដើម។ បណ្តាញព័ត៌មានទាំងនោះបានដកស្រង់រឿងរ៉ាវនេះចេញពីព័ត៌មានដែលត្រូវទម្លាយដោយលោក Edward Snowden អតីតមន្ត្រីក្រសួងស៊ើបការសម្ងាត់ជាប់កិច្ចសន្យារបស់សរអាដែលជាអ្នកទម្លាយការសម្ងាត់ ហើយលោកជាមនុស្សដែលសរអាកំពុងតាមរកចាប់ខ្លួន។
មេដឹកនាំប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍និងអាល្លឺម៉ង់ គឺអធិការបតី Angela Merkel ត្រូវគេតាមឈ្លបយកការណ៍។ កាសែត Wall Street Journal បាន រាយការណ៍ថា បញ្ហានេះអាចធ្វើឲ្យមានជម្លោះរវាងសរអានិងសម្ព័នមិត្តរបស់ខ្លួន។ ក្រសួងការបរទេសសរអាអះអាងថា ខ្លួនមិនធ្វើការបកស្រាយអំពីការចោទប្រកាន់ណាមួយចំពោះសកម្មភាពឈ្លបយកការណ៍សម្ងាត់ទេ។
កាសែត Jakarta Post បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី Marty Natalegawa មកបញ្ជាក់ថា លោកទាមទារឲ្យឯកអគ្គរដ្ឋទូតសរអាពន្យល់លម្អិតអំពីបញ្ហានេះ។ លោកចាត់ទុកថា នេះជារឿងមិនអាចទទួលយកបានទេ។
បណ្តាញព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត The Malay Mail Online បានដកស្រង់សម្តីរបស់លោក Datuk Seri Ismail Sabri Yaacob រដ្ឋមន្ត្រីកសិកម្មម៉ាឡេស៊ី មកបញ្ជាក់ថា សរអាត្រូវបញ្ឈប់ធ្វើកិច្ចការនេះ និងបញ្ឈប់ការប្រើទីក្រុងកូឡាឡាំពួរដើម្បីធ្វើជាស្ថានីយ៍ឈ្លបយកការណ៍ ហើយការឈ្លបយកការណ៍សម្ងាត់ក្នុងប្រទេសដទៃ គឺជារឿងដែលគ្មានសីលធម៌៕