ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អូបាម៉ា​ចាត់​ទុក​ការ​ដាក់​គុក​លោក​ម៉ម សុណង់ដូរ​ជាកង្វល់​សិទ្ធិមនុស្ស

  • គង់ សុឋានរិទ្ធ

អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក​សន ម៉ាគីនតូស។ ដោយ៖⁣ គង់ សុឋានរិទ្ធ
ភ្នំពេញ៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ចាត់ទុក​ការផ្តន្ទាទោស​លោក​ម៉ម សុណង់ដូ ជា​កង្វល់​មួយផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា។
លោក​សន ម៉ាគីនតូស អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​របស់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ខេមរ​ភាសា​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ នៅ​ក្នុង​ជំនួប​កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​លោក​ប្រមុខ​រដ្ឋមន្ត្រី​ខ្មែរ លោកអូបាម៉ា បាន​លើក​ពី​កង្វល់​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ជាច្រើន​ហើយ​ក្នុង​នោះ​លោក​ក៏​បាន​សង្កត់​លើ​ការ​ផ្តន្ទាទោស​លោក​ម៉ម សុ​ណង់​ដូ​ចំពោះ​មុខ​លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។
«លោក​ប្រធានាធិបតី​បាន​លើក​ជាពិសេស​បញ្ហា​លោក​ម៉ម សុណង់ដូ។ កង្វល់​របស់​យើង​គឺ​ថា​លោក​ម៉ម សុ​ណង់​ដូ ត្រូវ​បាន​ដាក់គុក​ដោយ​សារ​សេរីភាព​បញ្ចេញមតិ​របស់គាត់ ដោយសារតែ​គាត់​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ដែល​យើង​ឃើញថា​ក្នុងករណីនេះ​កើតឡើង​ដោយសារ​ហេតុផល​នយោបាយ​ជាជាង​ដោយសារ​ការយោង​ទៅ​មូលហេតុ​នីតិរដ្ឋ​នោះ»។
លោក​ម៉ម សុ​ណង់​ដូ អាយុ​៧១​ឆ្នាំ​ត្រូវ​តុលាការ​ក្រុងភ្នំពេញ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​កាលពី​ថ្ងៃទី១ ខែ​តុលា​ក្រោម​ការ​ចោទ​ប្រកាន់​ថា ប៉ុនប៉ង​ធ្វើ​អបគមន៍​ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ទោះ​ជា​មាន​ការ​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​ករណី​លោក​ម៉ម សុណង់ដូ ដោយ​ប្រធានាធិបតី​អាមេរិក​ដូច្នេះ​ក៏​មន្ដ្រី​សង្គម​ស៊ីវិល​កម្ពុជា​គិតថា​ការ​លើកឡើង​នេះ​ទំនងជា​មិនមាន​ឥទ្ធិពល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​កែ​សម្រួល​សំណុំ​រឿង​នាយក​វិទ្យុ​ដ៏​មាន​ប្រជាប្រិយភាព​នេះ​ទេ។
លោក​សុខ សំអឿន មេធាវី​របស់​លោក​ម៉ម សុ​ណង់ដូ​នៅ​សាលា​ដំបូង និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ហាក់​ដូចជា​ចង់​ផ្តោត​លើ​ឯករាជ្យភាព​របស់​តុលាការ​ក្នុង​ស្រុក​ច្រើន​ជាង​ឥទ្ធិពល​នៃ​ការ​លើក​ឡើង​ពី​ករណី​លោក​ម៉ម សុ​ណង់ដូ​របស់​ប្រធានាធិបតី​អាមេរិក។
«នៅ​ស្រុក​ខ្មែរ​ទាយ​មិនត្រូវ​ទេ។ វា​អាច​ជួយ​លើក​ទឹកចិត្ត​ខ្លះ​ប៉ុន្តែ​រឿង​ក្តី​លោក​ម៉ម សុណង់ដូ បើ​តុលាការ​កាត់​ទោស​ផ្នែក​លើ​ភស្តុតាង​ច្បាស់លាស់​មិន​អី​ទេ»។
លោក​ស្រី​ពង្ស ឈីវហ្គិក ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​មាន​ប្រសា​ស៍​ថា ការ​ផ្តោតលើ​បញ្ហា​សិទ្ធិ​មនុស្ស​របស់​លោក​អូបាម៉ា និង​ការ​លើក​ឡើង​ចំៗ​ពី​ករណី​លោក​ម៉ម សុណង់ដូ​គឺ​ជា​ការ​លើក​ទឹកចិត្ត​សម្រាប់​ជនរងគ្រោះ​នៅ​កម្ពុជា​ប៉ុន្តែ​ការសម្រេច​គឺ​ផ្សេងៗ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​ប្រទេស​កម្ពុជា។
ក្នុងការ​នាំពាក្យ​ក្រោយពី​ជំនួប​រវាង​លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន​កាលពី​ថ្ងៃ​ច​ន្ទ័​លោក​ប្រាក់ សុខុន រដ្ឋលេខាធិការ​ទីស្តីការគណរដ្ឋមន្ដ្រី​បញ្ជាក់ថា​លោក​អូ​បា​ម៉ា បាន​លើក​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មែន​ប៉ុន្តែ​លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ពន្យល់​ទៅវិញ​ដោយ​ផ្អែក​ថា​បញ្ហា​ដែល​កើតឡើង​ទាក់ទង​នឹង​គោលការណ៍​ច្បាប់។
«សម្តេច​បញ្ជាក់​ថា​បុគ្គល​ទេ​ដែល​ត្រូវ​ប្រឈមមុខ​នឹង​ច្បាប់​ពីព្រោះ​បុគ្គល​នោះ​ធ្វើ​ខុស​ចំពោះ​ច្បាប់​ហេតុ​ដូច្នេះ​បុគ្គល​នោះ​ត្រូវតែ​ដោះស្រាយ​បញ្ហា​របស់​ខ្លួន​ជាមួយ​នឹង​ច្បាប់។ សម្តេច​មាន​ប្រសាសន៍​ថា នៅ​កម្ពុជា​មិនមាន​អ្នក​ទោស​នយោបាយ​ទេ ប៉ុន្តែ​មាន​អ្នក​នយោបាយ​ដែល​មាន​ទោស មាន​អ្នក​នយោបាយ​ដែល​ធ្វើ​ខុសច្បាប់»។
ប៉ុន្តែ​ភរិយា​លោក​ម៉ម សុ​ណង់​ដូ លោក​ស្រី​ឌីន ផាន់ណារ៉ា ក្នុង​បទ​សម្ភាស​ក្នុង​វីដេអូ​របស់​វីអូអេ​បាន​រំពឹង​ថា​សហ​រដ្ឋ​អាមេរិក​នឹង​ជួយ​ដល់​ប្តី​របស់​គាត់។
មេធាវី​លោក​លោក​ម៉ម សុ​ណង់​ដូ បាន​ប្តឹង​សារទុក្ខ​ទៅកាន់​សាលាឧទ្ធរណ៍​ក៏ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​គេ​នៅ​មិនទាន់​ដឹង​ថា​ការ​ជម្រះ​ក្តី​ករណី​របស់​លោក​អាច​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ពេល​ណា​នោះ​ទេ៕
XS
SM
MD
LG