រដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានមួយចំនួន ដែលនឹងផ្តល់ប្រាក់កម្ចីជាង ១.៨០០ លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍសេដ្ឋកិច្ច និងការពង្រីកប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីនៅខេត្តព្រះសីហនុ និងការកសាងស្ពានភ្ជាប់ពីតំបន់ផ្សារចាស់នៃរាជធានីភ្នំពេញទៅជ្រោយចង្វារ និងពីជ្រោយចង្វារទៅកាន់អរិយក្សត្រស្ថិតក្នុងខេត្តកណ្តាល។
ការចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅក្នុងទីក្រុងភ្នំពេញ នាព្រឹកថ្ងៃសុក្រនេះ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក ប៉ាក ហឹងឃ្យង (Park Heung-Kyeong)។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន រដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាលើកិច្ចសម្របសម្រួលក្របខណ្ឌស្តីពីការផ្តល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២២ដល់ឆ្នាំ ២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១.៥០០ លានដុល្លារ គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន ៧០ លានដុល្លារ និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េ (ពីផ្សារចាស់ទៅជ្រោយចង្វារ និងពីជ្រោយចង្វារទៅអរិយក្សត្រ) ដែលមានទំហំទឹកប្រាក់ជិត ២៤៦ លានដុល្លារ។
នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា៖ « ឥណទានសម្បទានដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អ ដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ»។
វីអូអេបានព្យាយាមសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី តែលោកថានឹងមានការចេញសេចក្តីបំភ្លឺមួយនាពេលខាងមុខ។
ការចុះកិច្ចព្រមព្រៀងលើគម្រោងហិរញ្ញប្បទានរវាងរដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូងនេះកើតមានឡើង នៅក្រោយការចេញរបាយការណ៍របស់ធនាគារពិភពលោកដែលព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាមានកំណើន ៤,៨ ភាគរយ នៅក្នុងឆ្នាំ ២០២២ ក្នុងនោះការងើបឡើងវិញនៃសេដ្ឋកិច្ចមានសន្ទុះឡើង ក្រោយសម័យមានជំងឺរាតត្បាត មួយផ្នែកទៀតដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។
ក៏ប៉ុន្តែធនាគារឱ្យដឹងថា សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍ ដូចជាកម្ពុជាងាយរងគ្រោះណាស់ ជាពិសេសនៅពេលអតិផរណាកើន ពិភពលោកមានកំណើនសេដ្ឋកិច្ចយឺត ការផ្គត់ផ្គង់ថាមពលធ្លាក់ចុះ និងអត្រាការប្រាក់ឡើងកាន់តែខ្ពស់។ មួយវិញទៀត វិស័យផលិតកម្មរបស់កម្ពុជាពឹងផ្អែកលើទីផ្សារនាំចេញដើម្បីរីកចម្រើន ហើយវានឹង រងផលប៉ះពាល់ជាអវិជ្ជមានខ្លាំង កាលណាកំណើនយឺតៗកាន់តែអូសបន្លាយនៅក្នុងទីផ្សារនាំចេញដ៏ធំបំផុតពីររបស់ខ្លួន គឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ជាមួយគ្នានេះដែរ ការវិនិយោគ និងលំហូរមូលធនទំនងជានឹងថយចុះ ដោយសារការធ្លាក់ចុះ បន្តិចម្តងៗនូវទុនពីប្រទេសចិន ដែលជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសធំបំផុតរបស់កម្ពុជាមកទល់ពេលនេះ៕