ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ទេសចរណ៍៖ ក្រោយ​ពេល​បើក​ប្រទេស​៦​ខែ​ ទេសចរ​បរទេស​មក​កម្ពុជា​ផ្តើម​មាន​កំណើន តែ​នៅ​បារម្ភ​ពី​កត្តា​ខាង​ក្រៅ​​​​​​​​​​​​​​


មគ្គុទេសក៍​ទេសចរណ៍​ម្នាក់​ថត​រួប​ឱ្យ​ភ្ញៀវ​ទេសចរ​នៅ​ប្រាសាទ​អង្គរវត្ត​ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២២។
មគ្គុទេសក៍​ទេសចរណ៍​ម្នាក់​ថត​រួប​ឱ្យ​ភ្ញៀវ​ទេសចរ​នៅ​ប្រាសាទ​អង្គរវត្ត​ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២២។

ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​នា​ពេល​ថ្មីៗ​នេះ​ថា​ ការ​មក​ដល់​របស់​ទេសចរ​បរទេស​នៅ​កម្ពុជា​មាន​សន្ទុះ​ឡើង​វិញ​ ក្រោយ​កម្ពុជា​បាន​បើក​ប្រទេសក្នុង​រយៈ​ពេល​៦​ខែ​ចុង​ក្រោយ​នេះ។

កាល​ពី​ចុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ រដ្ឋាភិបាល​បាន​សម្រេច​បើក​ប្រទេស​លើ​គ្រប់​វិស័យ​ឡើង​វិញ​ ដោយ​មិន​មាន​វិធាន​ការបិទ​ខ្ទប់​ប្រទេស​ ឬ​បិទ​តំបន់​ណា​មួយ​ក្នុង​ប្រទេស​ នៅ​ពេល​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ​១៩​បាន​ចុះ​ថម​ថយ​ ដល់​កម្រិត​ក្រោម​៥០នាក់​ក្នុង​មួយ​ថ្ងៃ។

ប្រធាន​នាយក​ដ្ឋាន​ស្ថិតិ​ទេសចរណ៍​នៃ​ក្រសួង​ទេស​ចរណ៍​លោក ​គង់ សុភារក្ស​ ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ នៅ​ក្នុង​រយៈ​ពេល​៥​ខែ​នៃ​ឆ្នាំ​២០២២​នេះ​ ចំនួន​ទេសចរ​អន្តរជាតិ​មក​កាន់​កម្ពុជា​បាន​កើន​ដល់​ជាង​៣៤​ម៉ឺន​នាក់​ ដែល​មាន​កំណើន​២៧៥​ភាគ​រយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២១។ ហើយ​នៅ​ក្នុង​រយៈពេល​៦ខែ​នៃ​ឆ្នាំ​២០២២​នេះ​ ចំនួន​ទេសចរ​បរទេស​អាច​កើន​ដល់​ជាង៥០​ម៉ឺន​នាក់​ ដែល​មាន​អត្រា​កំណើន​ប្រមាណ​៣៩០​ភាគ​រយ​ ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២១។

លោក​បន្ថែម​ថា៖ «ដូច្នេះ​ជា​សរុប​រួម​ យើង​ឃើញ​ថា​ ក្រោយ​ពី​ការ​បើក​ប្រទេស​ឡើង​វិញ​ យើង​ឃើញ​ថា​ កំណើន​ទេសចរ​ល្អ​ ហើយ​ស្ថានភាព​អ្នក​ធ្វើ​ដំណើរ​ក៏​ល្អ​ដែរ»។

បើ​តាម​លោក គង់ សុភារក្ស​ ​ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​១៩​ក្នុង​សហគមន៍​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ នឹង​មិន​បង្អាក់​នៃ​ការ​មក​ដល់រ​បស់​ភ្ញៀវ​នៅកម្ពុជា​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​បារម្ភ​នោះ​ គឺ​កត្តា​ពី​ខាង​ក្រៅ​ប្រទេស។

លោក​និយាយ​ថា៖«នេះ​មិន​មែន​ជា​បញ្ហា​សំខាន់​ សម្រាប់​វិស័យ​ទេសចរណ៍​យើង​ទេ​បាទ​ ព្រោះ​ដោយសារ​រាជរដ្ឋាភិបាល​ មិន​មាន​ចេញ​ជា​សារាចរ​រឹត​បន្តឹង​នៃ​ការ​ធ្វើ​ដំណើរ​គឺ​អត់​មាន​ទេ​បាទ។ ប៉ុន្តែ​នៅ​ក្នុង​ហ្នឹង​ គឺ​វា​អាស្រ័យ​ទៅ​លើ​បញ្ហា​ខាង​ក្រៅ​ស្រុក​វិញ​ ដោយសារ​ស្ថាន​ភាព​សកល​លោក​រាល់​ថ្ងៃ​ វា​ពុំ​ទាន់​ច្បាស់​លាស់​ ជាក់​ស្តែង​យើង​ឃើញ​ប្រទេស​មួយ​ចំនួនមិន​ទាន់​បើក​ទូលាយ​នៃ​ការ​ធ្វើ​ដំណើរ​នៅ​ឡើយ​ នេះ​ហើយ​ជា​បញ្ហា​ធំ​ទី​មួយ​បាទ»។

មន្ត្រី​ទទួល​បន្ទុក​ស្ថិតិ​ទេសចរណ៍រូប​នេះ​ បន្ថែម​ទៀត​ថា​ គោល​នយោបាយរបស់​ចិន​ដែល​មិន​ឲ្យ​មាន​ការ​ឆ្លង​ទាល់​តែ​សោះ​នៃ​ជំងឺ​កូវីដ​១៩​ ក៏​ជា​ឧបសគ្គ​មួយ​ ក្នុង​ការជំរុញ​កំណើន​ទេសចរ​នៅ​កម្ពុជា​ ដោយ​សារ​ទេសចរ​ចិន​បាន​រួម​ចំណែក​ដល់​កំណើន​ទេសចរ​ចំនួន​៣៥​ភាគ​រយ​នៃ​ទេសចរ​សរុប។ មួយ​វិញ​ទៀត​ ភាព​មិន​ច្បាស់​លាស់​ផ្សេងៗ​ ដែល​កើត​ចេញ​ពី​វិបត្តិ​នៅ​អ៊ុយក្រែន បាន​កំពុង​ជំរុញ​ឲ្យ​ថ្លៃ​ថាមពល​ និង​អតិផរណា​កើន​ឡើង​ខ្ពស់​ ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ទេសចរ​ដែល​មាន​បំណង​មក​ទស្សនា​ប្រទេស​កម្ពុជា។

​ស្ថិតិ​ទេសចរ​ផ្លូវការ​រយៈ​ពេល​៥​ខែ​របស់​ក្រសួង​ទេសចរណ៍​បាន​បង្ហាញ​ថា​បន្ទាប់​ពី​កម្ពុជា​បើក​ប្រទេស​ឡើងវិញ​នោះ​ ទេសចរ​ប្រទេស​វៀតណាម​បាន​នាំ​មុ​ខ​គេ​ និង​តាម​ពី​ក្រោយ​ជា​បន្តបន្ទាប់ដោយ​ប្រទេស​ថៃ​ ចិន សហរដ្ឋ​អាមេរិក​ ឥណ្ឌូណេស៊ី​ បារាំង​ កូរ៉េ ម៉ាឡេស៊ី ចក្រភព​អង់គ្លេស​ និង​អូស្រ្តាលី។

អ្នក​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​បាន​វាយ​តម្លៃ​កន្លង​មក​ថា​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ​១៩ បាន​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​ជួប​ស្ថាន​ភាព​អាក្រក់​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ។​ អំឡុង​ពេល​កម្ពុជា​កំពុង​រង​ការ​វាយ​ប្រហារ​ខ្លាំង​ដោយ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នេះ​ អ្នក​ពឹង​លើ​ចំណូល​បាន​មក​ពី​វិស័យ​ទេសចរណ៍​រាប់​ម៉ឺន​នាក់​បាន​បាត់​បង់​ការងារ​ធ្វើ​ ហើយ​សណ្ឋាគារ​នៅ​ជាង​៣.៦០០​ទីតាំង​បាន​បិទ​ទ្វារ។

ប្រធាន​សមាគម​ទី​ភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា​ អ្នក​ស្រី​ ឆាយ​ ស៊ីវលីន កត់​សម្គាល់​ថា​កម្ពុជា​បាន​ឃើញ​រំហូរ​ចូល​នៃ​ទេសចរ​បរទេស តែ​ចំនួន​មិន​ទាន់​ហក់​ឡើង​ខ្លាំង​នៅ​ឡើយ​ ព្រោះ​ការ​ដក​ចេញ​នូវ​របាំង​ផ្សេង​ៗ​នៃ​ការ​ធ្វើ​ដំណើរ ត្រូវ​បាន​ធ្វើ​ឡើង​តាម​ដំណាក់​កាល​ ហើយ​សេវា​កម្ម​ទទួល​ទេសចរ​ក៏​នៅ​ខ្វះ។

អ្នក​ស្រី​ថ្លែង​ថា៖ «បើ​សិន​ថា​ភ្ញៀវ​ហក់​មក​ខ្លាំង​ ក៏​យើង​មាន​ការ​លំបាក​ដែរ​ ដោយ​អ្នក​ផ្គត់​ផ្គង់​សេវា​កម្ម​របស់​យើង​ហ្នឹង​ ក៏​នឹង​ពិបាក​ងើប​ឡើង​វិញ​បាន​ទាំង​អស់។​ អ៊ីចឹង​ ឃើញ​ថា​សេវាកម្ម​យើង​នៅ​ខ្វះ​មួយ​ចំនួន​ផង​ដែរ​គឺ​ថា​ ភ្ញៀវ​កាល​ណា​តែ​គេ​ចូល​មក​ហើយ​ គឺ​គេ​ត្រូវ​ការ​សេវាកម្ម​ហ្នឹង​ឱ្យ​សម្បូរ​បែប​បន្តិច​ បើ​ប្រៀប​ធៀប​ជាមួយ​ប្រទេស​ដទៃ​ ឃើញ​ការ​បើក​ទ្វារ​ មាន​ការ​ចូល​រួម​ទាំង​អស់​គ្នា​តែ​ម្តង​ គឺ​សេវាកម្ម​សម្បូរ​បែប»។

អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា​សេវាកម្ម​ទេស​ចរណ៍​សំខាន់ៗ​ ដែល​មិន​ទាន់​ស្តា​បាន​ទាំង​ស្រុង​ឡើង​វិញ​នោះ​ រួមមាន​សេវា​ដឹក​ជញ្ជូន​ទាំង​តាម​ជើងអាកាស​ ជើង​គោក​ និង​ជើងទឹក សេវា​ផ្តល់​ការ​ស្នាក់នៅ​ និង​ផ្តល់​ម្ហូប​អាហារ​ និង​មគ្គុទេសក៍​ សេវា​កម្ម​នៅ​តាម​សហគមន៍​ទេស​ចរណ៍​ និង​ក្លឹប​កម្សាន្ត​រាត្រីជាដើម។

អ្នក​ស្រី​និយាយ​ថា៖ «ភ្ញៀវ​ចូល​មក​គាត់​មិន​ចង់​មើល​តែ​ប្រាសាទ​ អង្គរវត្ត​មួយ​ទេ។ អ៊ីចឹង​គាត់​មើល​រយៈ​ពេល​ប៉ុន្មាន​ពីរ​បី​ថ្ងៃ​ហើយ​អ៊ីចឹង​ គាត់​ត្រូវ​ការ​មើល​អ្វី​បន្ថែម​ទៀត សេវា​កម្ម​ដឹក​ សេវាកម្ម​ទៅ​កន្លែង​សប្បាយ​អី​ផ្សេង​ៗ​ទៀត​ផង​ដែរ»។

បើតាម​អ្នកស្រី ឆាយ ស៊ីវលីន​ អ្នកផ្គត់​ផ្គង់​សេវា​កម្ម​ក្នុង​វិស័យ​ទេសចរណ៍​កំពុង​វិល​មក​ចាប់​ផ្តើម​អាជីវកម្ម​របស់​ពួក​គេ​វិញទៅ​តាម​លទ្ធភាព ដោយ​ខ្លះ​បាន​ខ្ចី​ប្រាក់​ពី​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ ឬ​លក់​ទ្រព្យ​សម្បតិ្ត​ដែល​មាន​ស្រាប់​ដើម្បី​ទ្រទ្រង់​ដល់​អាជីវកម្ម​របស់​ពួក​គេ​ រីឯ​ខ្លះ​ទៀត​កំពុង​រង់​ចាំ​ការ​ផ្តល់​ប្រាក់​កម្ចី​ហិរញ្ញប្បទាន។

អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា​សេវាកម្ម​ផ្តល់​ការ​ស្នាក់​នៅ​ដែល​ផ្អាក​កន្លង​មក​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ឡើង​វិញ​បាន​ប្រមាណ​៤០​ភាគរយ​ ក្រោយ​មាន​យន្តការ​ជំរុញ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG